នៅក្នុងឆ្នាំ ១៩៩៧ លោក Steve Jobs បានវិលមកក្រុមហ៊ុន Apple វិញបន្ទាប់ពីលោកបានអវត្តមានពីក្រុមហ៊ុននេះអស់រយៈពេល ១២ ឆ្នាំបន្ទាប់ពីក្រុមហ៊ុនដែលមានស្ថាបនិករួមមួយនេះបានអស់លុយ ហើយត្រូវបានបិទ និង ដួលរលំទៅវិញ។ ក្នុងស្ថានភាពបែបនេះ លោក Job បានកោះប្រជុំជាបន្ទាន់ជាមួយក្រុមការងាររបស់លោក និងបានពន្យល់ថា មហិច្ឆតា នឹងដើរតួយ៉ាងសំខាន់ធ្វើឲ្យក្រុមហ៊ុនរបស់លោកមានដង្ហើមឡើងវិញ។
«ក្រុមហ៊ុន Apple មិនមែនជាប្រអប់មួយសម្រាប់ឲ្យបុគ្គលិកគ្រប់គ្នាធ្វើការឲ្យចប់សព្វគ្រប់នោះឡើយ ហើយយើងក៏មិនទាន់ធ្វើបានល្អបំផុតនោះដែរ។ Apple មានអ្វីត្រូវធ្វើជាច្រើនទៀត។ គុណតម្លៃមួយរបស់ក្រុមហ៊ុននោះគឺ យើងជឿជាក់ថា មនុស្សដែលងប់ងុលខ្លាំងទៅនឹងអ្វីមួយ (Passion) អាចធ្វើឲ្យពិភពលោកមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើង»។ នេះជាប្រសាសន៍របស់លោក Steve Jobes កាលនៅរស់។
គេអាចសង្ខេបបានដោយខ្លីថា៖ « មនុស្សដែលងប់ងុល អាចធ្វើឲ្យពិភពលោកផ្លាស់ប្តូរបាន ហើយនោះគឺ អាថ៌កំបាំងដែលធ្វើឲ្យមនុស្សមួយចំនួនជោគជ័យ»។ មួយទសវត្សក្រោយមក ពោលគឺនៅក្នុងឆ្នាំ ២០០៥ លោក Jobes បានលើកឃ្លាមួយនេះទៅថ្លែងនៅក្នុងសន្ទរកថាដ៏ល្បីមួយនៅសាកលវិទ្យាល័យ Stanford។
នៅក្នុងសន្ទរកថានោះ លោកបានបង្ហាញទស្សនៈជាដំបូន្មានរបស់លោកយ៉ាងក្បោះក្បាយថា៖ « អ្នកទាំងអស់គ្នាត្រូវស្វែងរកអ្វីមួយដែលអ្នកស្រលាញ់បំផុត! មធ្យោបាយតែមួយគត់ដើម្បីធ្វើការងារមួយឲ្យអស្ចារ្យ គឺស្រលាញ់អ្វីដែលយើងកំពុងធ្វើ។ បើអ្នកទាំងអស់គ្នាមិនទាន់រកវាឃើញទេនោះ ត្រូវបន្តរកវាឲ្យទាល់តែឃើញ កុំបញ្ឈប់វាឲ្យសោះ! ធ្វើការចេញពីបេះដូងរបស់អ្នក អ្នកទាំងអស់គ្នានឹងដឹងពីតម្លៃរបស់វានៅពេលដែលអ្នកទាំងអស់គ្នារកវាឃើញ»។
ភាពងប់ងុល គឺជាអ្វីៗគ្រប់យ៉ាងទាំងអស់។ មនុស្សដែលមានភាពងប់ងុលទៅនឹងអ្វីមួយដែលខ្លួនស្រលាញ់ពេញចិត្តបំផុត គឺជាជ័យជំនះដ៏អាថ៌កំបាំងមួយសម្រាប់ខ្លួនឯង ខណៈដែលមនុស្សផ្សេងទៀតមើលរំលង។ វាជាសមាសធាតុដ៏សំខាន់បំផុតមួយ អាចកសាងបណ្ដាញទំនាក់ទំនងដ៏ជោគជ័យ។
បើគេនិយាយពីអ្នករកស៊ីដែលជោគជ័យវិញ គឺជាបុគ្គលដែលងប់ងុលខ្លាំងទៅលើការងារ ឬ មុខរបររបស់ខ្លួន។ ប៉ុន្តែមិនផ្តោតតែលើសេវាកម្ម ឬ ផលិតរបស់ដែរខ្លួនដាក់ចេញទៅលើអតិថិជនតែមួយមុខនោះឡើយ។ ពួកគេជាបុគ្គលដែលមានងប់ងុលលើបេសកកម្មរបស់ខ្លួន។ ភាពងប់ងុលរបស់ពួកគេគឺថា ផលិតផល ឬ សេវាកម្មរបស់ខ្លួន អាចធ្វើឲ្យមនុស្សម្នាឈានទៅរកបច្ចុប្បន្នភាពមួយមិនចេះស្កប់ស្កល់ អាចផ្លាស់ប្ដូរពីពិភពលោកដែលអន់ថយ ឈានទៅរកពិភពលោកមួយមានទាន់សម័យគ្មានដែនកំណត់។
ជាឧទាហរណ៍ កាលលោក Jobs នៅរស់ លោកមិនសូវចាប់អារម្មណ៍ខ្លាំងលើប្រព័ន្ធ Hardware របស់កុំព្យូទ័រប៉ុន្មាននោះឡើយ។ ផ្ទុយទៅវិញ លោកបានងប់ងុលគិតតែពីការបង្កើតធួល ឬ ឧបករណ៍ (Tool) ជាច្រើនដែលអាចជួយឲ្យមនុស្សគ្រប់គ្នាចេះបង្កើតភាពច្នៃប្រឌិតសម្រាប់ខ្លួនឯងឡើង។
ជុំវិញប្រធានបទនេះ លោកស្រី Maxine Clark ដែលជាស្ថាបនិកបង្កើតវេទិកាសិក្ខាសាលាល្បីៗ Build-A-Bear Workshop បានមានប្រសាសន៍ដូច្នេះថា « បុគ្គលដែលមានភាពងប់ងុលទៅនឹងអ្វីមួយដែលខ្លួនស្រលាញ់បំផុត នឹងជ្រមុជខ្លួនឯងឲ្យកាន់តែជ្រៅចូលទៅក្នុងមុខជំនាញឯកទេសមួយយ៉ាងស្ទាត់ជំនាញ។ នេះក៏ដោយសារតែពួកគេចង់ដឹងពីវា និង ចង់ស្រាវជ្រាវឲ្យឃើញពីរបកគំហើញថ្មីៗ។ របកគំហើញថ្មីៗនេះ វាកើតចេញពីភាពងប់ងល់នេះដែលអាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបាន»៕
No comments:
Post a Comment