Sunday, September 6, 2015

កំហុស​​ធំៗ​ទាំង​៦ ​របស់​យុវជន​​នៅ​មុន​អាយុ​៣០

តើ​ប្រិយមិត្ត​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​មុន​អាយុ​៣០? តើ​លោក​អ្នក​មាន​ការ​ស្តាយក្រោយ​ដែរ​ឬ​ទេ​​ក្រោយ​​ពេល​ឆ្លង​ផុត​ពី​វ័យ​នេះ? ពិត​មែន​ហើយ​ទោះបី​ជា​ចម្លើយ​បែប​ណា​ក៏ដោយ ​ចម្លើយ​​តែ​មួយ​គត់​ដែល​​លោក​អ្នក​​ចង់​បាន គឺ​ជា​​សមិទ្ធផល​ដ៏​ល្អ​​ដែល​គ្មាន​ពាក្យ​ថា​ស្តាយក្រោយ។ ឥឡូវ​នេះ​ សម្រាប់​ប្រិយមិត្ត ដែល​​មិន​ទាន់​ឆ្លងកាត់​ក្តី កំពុង​ឆ្លងកាត់​ក្តី ឬ ឆ្លង​ផុត​វ័យ​នេះ​ហើយក្តី សូម​សាកល្បង​​ស្វែង​យល់​អំពី​ចំណុច​​ទាំង​៦យ៉ាងខាងក្រោម ​ទាំង​អស់​គ្នា​ ថាតើ​កំហុស​ភាគ​ច្រើន​របស់​យុវជន​នៅ​ក្រោម​អាយុ​៣០ ​មាន​អ្វី​ខ្លះ?

១) មើល​រំលង​ឱកាស​ពង្រឹង​អាជីព​ការងារ​​របស់​ខ្លួន

មនុស្ស​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ​ទៅ​ហើយ​ នៅ​ពេល​​ឈាន​ជើង​ចូល​ក្នុង​វ័យ​រាង​ជ្រេ​បន្តិច​ ​ហើយ​ពោល​ពាក្យ​ថា​ស្តាយក្រោយ​​ដែល​មិន​បាន​ស្វែង​រក​ធនធាន​អ្វី​ ឬ មូលដ្ឋាន​គ្រឹះ​នានា​មក​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​កាល​ពី​​អាយុ​ក្រោម​៣០។ ការពិត​នៃ​កំហុស​ដ៏​ធំ​របស់​មនុស្ស​នៅ​ក្នុង​វ័យ​នេះ គឺ​ការ​ឲ្យ​តម្លៃ​លើ​លុយ​ជាជាង​ស្វែងរក​​ការងារ​ណា​មួយ​ដែល​ត្រូវ​នឹង​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន។ ​​
ការងារ​បែប​នេះ​​ពិត​ជា​មិន​អាច​ឆ្លើយ​តប​តាម​មហិច្ឆតា​របស់​ខ្លួន​​នោះ​ឡើយ ​ហើយ​ទី​បំផុត​មាន​តែ​ពាក្យ​បរាជ័យ​ប៉ុណ្ណោះ។ បើ​សិន​ជា​អ្នក​ចង់​​បើក​អាជីវកម្ម ឬ គម្រោង​អ្វី​មួយ ​ក្នុង​ដំណាក់​កាល​​បន្ទាប់​ពី​នេះ​​ វា​ច្បាស់​ជា​កាន់តែ​ពិបាក​​​ ដោយហេតុ​ថា​​បាតគ្រឹះ​របស់​ខ្លួន​មិន​រឹងមាំ ប្រៀបបាន​នឹងអគារមួយ​ដែល​មិន​បាន​បុកគ្រឹះឲ្យ​រឹងមំា​ពីក្រោម​មក សួរថា​តើ​វា​អាច​ទ្រ​ទម្ងន់​អគារកម្ពស់​ច្រើន​ជាន់​ម្ដេចបាន? មនុស្ស​យើ​ង​ក៏ដូចគ្នា តែ​កាលណា​គ្មាន​បាតគ្រឹះ​រឹងមាំ​ពីក្រោម​មក ច្បាស់​ជា​មាន​គោល​ជំហរឃ្លេងឃ្លោង មិន​ដឹង​ចាប់អី ស្រវា​អីទេ ហើយ​រ៉ាប់រងបន្ទុក​ក៏​កាន់​តែ​ច្រើន​ឡើងៗ។ ដំណោះស្រាយ​ដ៏​ល្អ លោក​អ្នក​ត្រូវ​សម្លឹង​មើល​​ការងារ​ដែល​ខ្លួន​ស្រលាញ់ ជាជាង​​លើក​យក​ប្រាក់ខែ​ធ្វើ​ជា​ត្រី​មុខ និង ត្រូវ​ស្វះស្វែង​បង្កើន​​ធនធាន​នានា​​យក​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់​អាជីព​ការងារ​​របស់​ខ្លួន​​ឲ្យ​បាន​រឹងមាំ​​ជា​មុន ទើប​​​ជា​ការ​ប្រសើរ​។​​​​

២) ឲ្យ​តម្លៃ​ការងារ​ខ្ពស់​ ​មិន​យកចិត្ត​ទុកដាក់​​គ្រួសារ

ការ​ស្រលាញ់​ការងារ​​គឺ​ជា​រឿង​ល្អ តែ​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ​ប្រសិន​បើ​នៅ​ក្នុង​​អារម្មណ៍​របស់​អ្នក​ដក់​ជាប់​តែ​ការងារ មិន​​បាន​បែងចែក​ពេលវេលា​មួយ​ចំនួន​ មក​​យក​ចិត្ត​ទុកដាក់​ដល់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ អ្នក​ដែល​​មិន​ទាន់​មាន​គ្រួសារ​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ណា​​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​​គ្រួសារ​រួចហើយ​ ពិត​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុភមង្គល​របស់​ខ្លួន។
អ្នក​មិន​គួរ​ប្រកាន់​យក​ទស្សនៈ «ឲ្យ​តែ​មាន​លុយ​​ ទោះបី​អាយុចាស់​ប៉ុណ្ណា ក៏មាន​សេចក្ដី​សុខ​» ​នោះ​ឡើយ។ ដូច្នេះ​ សូម​មាន​ការ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់​​ពី​ស្ថានភាព​ការងារ និង គ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​សម្រេច​ចិត្ត​អនុវត្ត​ផែនការ​របស់​អ្នក ព្រោះ​មិន​ប្រាកដ​ថា​លុយ​តែ​មួយ​មុខ​អាច​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​មាន​សុភមង្គល​បាន​នោះ​ទេ។​​​

៣) មិន​យក​ចិត្ត​ទុកដាក់​​ថែទាំ​សុខភាព

ក្នុង​វ័យ​នេះ​ យុវជន​​មួយ​​ចំនួន​ ​ចូលចិត្ត​ទំនាក់ទំនង​​ និង​ ជួបជុំ​ជា​មួយ​មិត្តភក្ដិ ឬ ចូលរួម​កម្មវិធី​សប្បាយៗ ជា​ច្រើន​ដែល​នេះ​​ជៀស​មិន​ផុត​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ដែរ​យុវជន​​ផ្សេង​ទៀត ប្រឹងធ្វើការមិន​ខ្លាចនឿយហត់ មិន​ថា​យប់ថ្ងៃ ធ្វើ​យ៉ាងដូចម្ដេងក៏​ដោយឲ្យ​តែ​បាន​លុយ ​​ដើម្បី​ឲ្យ​អនាគត​របស់​ខ្លួន​ល្អ​ប្រសើរ​ឡើង​ រហូត​ដល់​ភ្លេច​បាយ​​ភ្លេច​ទឹក ជា​ពិសេស​សុខភាព​របស់​ខ្លួន​តែម្តង។ មើលទៅ​ ប្រហែល​ជា​បុគ្គល​ទាំង​នេះ​យល់​ថា របស់​ទាំងអស់​​នេះ​សុទ្ធតែ​មាន​​តម្លៃ​ខ្លាំង​ណាស់​​ហើយ​សម្រាប់​ខ្លួន។
តាម​ការ​ពិត​ សុខភាព​ឯណេះ​ទេ ​ដែល​​​មាន​តម្លៃ​​ជាង​នេះ​ទៅទៀត ព្រោះ​ថា បើ​សុខភាព​របស់​អ្នក​មិន​ល្អ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​​បាន​ទៅ? ដូច្នេះ​ហើយ ទន្ទឹម​នឹង​ការងារ ឬ ទទួល​ទាន​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​​ គួរ​ពិចារណា​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​របស់​ខ្លួន​ផង​ដែរ​ ដូច​ជា​ធ្វើ​លំហាត់​ប្រាណ (physical exercise) លេង​កីឡា (sports) ឬ ជជែក​កម្សាន្ត​ជា​មួយ​មិត្តភក្ដិ ដើម្បី​កាត់​បន្ថយ​​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែល​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព។

៤) មិន​​សន្សំ​ប្រាក់​​សម្រាប់​អនាគត​របស់​ខ្លួន

ពិត​ណាស់​ដែល​ថា យុវជន​ភាគ​ច្រើន​នៅ​ក្នុង​វ័យ​​នេះ​ត្រូវ​ការ​ប្រាក់ ឬ ​រាង​ខ្ជះខ្ជាយ​ប្រាក់​ច្រើន​បន្តិច​ សម្រាប់​ចំណាយ​លើ​ការ​ស្លៀកពាក់ ស្នាក់​នៅ ហូបចុក ឬ ចូលរួម​​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជា​មួយ​មិត្តភក្ដិ​ជា​ដើម ហាក់​ដូច​ជា​មិន​សូវ​សល់​ប្រាក់​ច្រើន​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត វា​ជា​ដំណាក់​កាល​មួយ​ដែល​យុវជន​នៅ​មាន​បទពិសោធ​ស្តួចស្តើង​ ជា​ពិសេស​លើ​ជំនាញ​​​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ​តែម្តង​ សម្រាប់​​គម្រោង​នានា​​នៅ​ថ្ងៃ​ខាងមុខ។
ទោះបី​ជា​យ៉ាង​នេះ​ក្តី ការ​សន្សំ​ប្រាក់​​ទុក ​លោក​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ដាច់ខាត​ក្នុង​ពេល​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ព្រោះ​ថា​​ភាព​ធ្វេសប្រហែស​នេះ​នឹង​នាំ​ឲ្យ​លោកអ្នក​មាន​​ភាព​ស្តាយក្រោយ​មិន​ខាន ត្បិតអី​ជីវិត​នៅ​មាន​ដំណើរ​វែងឆ្ងាយ​ទៅ​មុខ​ទៀត។ ស្រប​ពេល​ដែល​ទំនូល​ខុសត្រូវ​របស់​អ្នក​កាន់តែ​​ធំ​ឡើង​ជា​លំដាប់​ លោក​អ្នក​នៅ​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ និង​​​ចំណាយ​​​​ដូច​ជា ការ​ពង្រីក​អាជីព មុខរបរ​របស់​ខ្លួន គ្រួសារ ឬ ស្ថានភាព​ផ្សេងៗ​ទៀត​ដែល​កើត​ឡើង​ជា​យថាហេតុ។

៥) មិន​ឲ្យ​តម្លៃ​ដល់​​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​

លោក​អ្នក​ច្បាស់​ជា​​ធ្លាប់​ឮ​​គេ​និយាយ​ថា “ក្មេង​ឈាម​រាវ​” ជា​ពិសេស​ពី​មនុស្ស​វ័យ​ចំណាស់ ដែល​យល់​ថា យុវជន​​ភាគ​ច្រើន​ធ្វើ​អ្វីៗ​ដោយ​​គ្មាន​ហេតុផល ឬ ឆាប់​ឆេវឆាវ​ ខ្វះ​ការ​ពិចារណា​ឲ្យបាន​ល្អិតល្អន់។ ​នេះ​ពិត​ជា​រឿង​ត្រឹមត្រូវ ហើយ​លោក​អ្នក​អាច​វាស់​ស្ទង់​​ចិត្តសាស្ត្រ​ខ្លួនឯង​បាន​ ពេល​​​ឆ្លងកាត់​ក្នុង​វ័យ​នេះ។ ​មាតា បិតា ឬ អាណាព្យាបាល ​គឺ​ជា​បុគ្គល​ដែល​រង​គ្រោះ​លើ​បញ្ហា​នេះ​​ជាងគេ ដែល​​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​​ល្អ​ប្រសើរ​ជាង​នេះ ត្បិតអី​យុវជន​ប្រព្រឹត្ត​​អំពើ​ឆ្គាំឆ្គង​ច្រើន​ក្នុង​វ័យ​នេះ។
ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា យុវជន​​គ្រប់រូប​អាច​ស្គាល់​ខ្លួន​ឯង​ និង យល់​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ដល់​កម្រិត​ណា?​ មាន​យុវជន​មិន​តិច​ទេ ​បាន​​បោះបង់​ និង មិន​ឲ្យ​តម្លៃ​គ្រួសារ ឬ មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​​ព្រោះ​ការ​សម្រេចចិត្ត​​ដ៏​គ្មាន​ហេតុផល​មួយ​ តែ​បាន​​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅ​ពេល​ដល់​វ័យ​កាន់តែ​ចាស់ ជា​ពិសេស​នៅ​ពេល​ដែល​ក្លាយ​ជា​ឪពុក​ម្តាយ​របស់​គេ។ រឿង​ដែល​ល្អ ​ជៀសវាង​បញ្ហា​នេះ លោកអ្នក​គ្រាន់តែ​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ហេតុផល​បន្តិច ពោល​គឺ​គិត​ឲ្យ​បាន​​ទូលំទូលាយ​មុន​នឹង​​សម្រេចចិត្ត​ធ្វើ​កិច្ចការ​នោះ​ ទើប​លទ្ធផល​​​អាច​ប្រសើរ​ឡើង​​ជាង​នេះ។​

៦) ធ្វើ​ឲ្យ​ជីវិត​​មាន​ភាព​ទុក្ខព្រួយ​ច្រើន

គ្មាន​អ្នកណា​ម្នាក់​នៅ​លើ​លោក​យើង​នេះ​ អាច​គេច​ផុត​ពី​ភាព​ទុក្ខសោក ឬ រឿងរ៉ាវ​លំបាកៗ​ជា​ច្រើន​នោះ​ឡើយ​​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។ ​បើ​មិន​លំបាក​ផ្លូវកាយ ក៏​លំបាក​ផ្លូវ​ចិត្ត​ដែរ។ ទោះបី​ជា​រឿង​​រ៉ាង​ទាំង​នោះ​​ធ្វើ​ឲ្យ​លោក​អ្នក​ខកចិត្ត​​មិន​អាច​​ដូច​ក្តី​ប្រាថ្នា​របស់​ខ្លួន​យ៉ាង​ណា​ក្តី អ្នក​ត្រូវ​មាន​ហេតុផល និង​ ក្តី​សង្ឃឹម​ដោយ​​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ថា អ្វីៗ​នឹង​មាន​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​​ចាកចេញ​ពី​កន្លែង​នេះ​បាន​។
ហេតុដូច្នេះ ចូរ​ញញឹម​ឡើង​ហើយ​​ប្រើ​ខ្សែជីវិត​របស់​អ្នក​ឲ្យ​សប្បាយ​រីករាយ​ឡើង កុំ​​ដាក់ខ្លួន​ឲ្យ​ស្ថិត​នៅ​​ក្រោម​ទាសករ​នៃភាព​ទុក្ខព្រួយ​ឲ្យ​សោះ។ ត្រូវ​​​ធ្វើ​ការងារ​ដែល​មាន​តម្លៃ ​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង បង្កើត​ភាព​សប្បាយៗ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ។ អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត និង ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​ថា​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​​អាច​ជួយ​ខ្លួន​ឯង​​បាន ហើយ​ត្រូវ​ខ្សឹប​ប្រាប់​ខ្លួនឯង​​ថា លទ្ធផល​វិជ្ជមាន​មួយ​នឹង​​កើត​ឡើង បើ​អ្នក​បាន​ប្ដេជ្ញា​ចិត្ត​​ថា​នឹង​ធ្វើ​វា​ឲ្យ​បាន​ជោគជ័យ​ហើយ​នោះ៕

Tuesday, September 1, 2015

គុណ​តម្លៃ១១យ៉ាង​ ដែល​​យុវជន​​ត្រូវ​មាន​​​​មុន​អាយុ​៣០!

គ្មាន​អ្នកណា​ម្នាក់​អាច​មាន​​​អាយុ ​២០ ឆ្នាំ ឬ ៣០​ឆ្នាំ​ ពីរ​ដង​នោះ​ឡើយ ​​ក្នុង​មួយ​ឆាកជីវិត​របស់​​​មនុស្ស​ តែ​អ្វី​ដែល​សំខាន់​ត្រង់​ថា ​តើ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​វ័យ​នេះ? មនុស្ស​មួយចំនួន​បាន​ឆ្លងកាត់​វ័យ​នេះ​ទាំង​មិន​ដឹង​ខ្លួន ខណៈ​មនុស្ស​មួយចំនួន​ទៀត​បាន​ត្រៀម​ខ្លួន​​យ៉ាង​ល្អ​ខិតខំ​​​ក្រេប​យក​ចំណេះដឹង និងបទពិសោធន៍​ល្អៗ​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ផ្លែផ្កា​ត្រចះត្រចង់​នៅ​មជ្ឈិមវ័យ។

ឥឡូវ​នេះ​ សម្រាប់​ប្រិយមិត្ត ជា​ពិសេស​លោក​អ្នក​ដែល​មាន​អាយុ​ក្រោម ​៣០​ឆ្នាំ​ ដែល​ចង់​​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​​គុណភាព​ និង​រស់រវើក​​ជានិច្ច​ គួរ​ស្វែងយល់​​ចាប់​យក​គុណ​តម្លៃ​ទាំង​ ១១ យ៉ាង​ខាងក្រោម​​នេះ ​​​មក​អនុវត្ត​វិញ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ ដើម្បី​ជៀសវាង​ភាព​ស្តាយក្រោយ​​ដោយ​ប្រការ​ណា​មួយ។​​​​​​


១) ​ផ្ដោត​យកចិត្តទុកដាក់ (Focus)

«​ភាព​ស្ងប់ស្ងៀម​ គឺ​ជា​ពេលវេលា​ដ៏​សមគួរ​សម្រាប់​អ្នក​ដើម្បី​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​ផែនការ​អ្វី​មួយ»។ លោក Stephen Richards អ្នកនិពន្ធ​សៀវភៅ​អង់គ្លេស។​

ការ​ផ្ដោត​យក​ចិត្ត​ទុកដាក់ ​គឺ​ជា​គុណសម្បត្តិ​មួយ​ដែល​មនុស្ស​គ្រប់រូប ជា​ពិសេស​យុវជន​ត្រូវ​​​​មាន​​សម្រាប់​បណ្ដុះ​ប្រាជ្ញា​ស្មារតី​​ និង​ដាស់តឿន​ខ្លួនឯង​​ប្រមូល​ផ្តុំ​ធនធាន​ផ្សេងៗ​សម្រាប់​បាញ់​ឆ្ពោះទៅ​រក​គោលដៅ​​ដែល​បាន​​កំណត់។ ការ​​ស្ងប់ស្ងៀម គឺ​ជា​​​​ផ្លូវ​​ដែល​​​ល្អ​ប្រសើរ​​​ដើម្បី​​​ផ្ដោត​យក​ចិត្ត​ទុកដាក់​​ទៅ​​អ្វី​ដែល​អ្នក​​​ចង់​បាន ហើយ​​ត្រូវ​ធ្វើ​​​ជានិច្ច​ មិន​ថា​​នៅ​កាលៈទេសៈ​ណា​នោះ​ទេ ព្រោះ​ថា​ការ​យក​ចិត្ត​ទុកដាក់​កាន់តែ​ច្រើន ភាគរយ​នៃ​ភាព​ជោគជ័យ​​​លើ​សកម្មភាព​​មួយ​ក៏​​មាន​ច្រើន​ទៅ​តាម​​នោះ​ដែរ។


​​​​​​​២) ទេពកោសល្យ (Talent)

«មនុស្ស​គ្រប់គ្នា​មាន​ទេពកោសល្យ។ ​មនុស្ស​ដែល​ចេះ​ប្រើ​ទេពកោសល្យ​របស់​ខ្លួន នឹង​អាច​ហែល​ផុត​ពី​ភាព​ខ្មៅ​​ងងិត​បាន​យ៉ាង​ងាយស្រួល»។​ អ្នកស្រី Erica Jong អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក​​របស់​អាមេរិក។

ទេពកោសល្យ​ពិត​ជា​មាន​សារសំខាន់​ណាស់​ សម្រាប់​មនុស្ស​គ្រប់រូប។ បុគ្គល​ណា​ក៏ដោយ ដែល​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​បាន​​កាន់តែ​ច្រើន គឺ​កាន់តែ​មាន​ទំនុក​ចិត្ត និង​កាន់​តែ​ជោគជ័យ។ មនុស្ស​ម្នាក់ៗ ​មិន​ត្រូវ​មើល​រំលង​ចំណុច​​នេះ​ឡើយ ព្រោះ​ថា​ អ្នក​​ដែល​ចេះ​ប្រើ​ទេពកោសល្យ​​របស់​ខ្លួន​បាន គឺ​ជា​អ្នក​ដែល​ដឹង​​ពី​ភាព​ខ្លាំង និង ភាព​ខ្សោយ​ខ្លួនឯង។



៣) ការ​អត់ធ្មត់ (Patience)


«​ធ្វើ​ខ្លួន​ឲ្យ​ដូច​ទឹកទន្លេ​​តែ​​​ទឹកហូរ​យឺតៗ ​និង​​​ទៅមុខ​ជា​និច្ច»។ លោក A.A. Milne អ្នកនិពន្ធ​​​សៀវភៅ​របស់​អង់គ្លេស។

ការ​អត់ធ្មត់​គឺ​ជា​កាយវិការ​មួយ​ក្នុង​ការ​រង់ចាំ ឬ ការ​​បើក​ចិត្ត​ទទួល​យក​ស្ថានការណ៍​មួយ​យ៉ាង​ចំហ​ដោយ​មិន​ចេះ​តក់ក្រហល់។ ​មនុស្ស​ដែល​មាន​ការ​អត់ធ្មត់​ខ្ពស់ គឺ​ជា​មនុស្ស​ដែល​មាន​​ភាព​ជឿជាក់ ឲ្យ​តម្លៃ​លើ​​តថភាព​ (ភាព​ពិត) ដែល​នឹង​អាច​ទទួល​បាន​សមិទ្ធផល​​​ជា​វិជ្ជមាន​ទោះ​ក្នុង​ស្ថានការណ៍​ណា​ក៏ដោយ។ បើ​លោក​អ្នក​មិន​មាន​ការ​អត់ធ្មត់​ខ្ពស់ ​គួរ​រៀនសូត្រ​ចំណុច​នេះ​ឲ្យ​បាន​ច្រើន​ភ្លាម​ទៅ ព្រោះ​ថា វា​ជា​ដំណើរ​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត និង​ ផ្លូវកាយ​សម្រាប់​​ខ្លួន​ឯង និង អ្នក​ដទៃ។

៤) ភាព​វិជ្ជមាន (Positivity)

«ទោះជា​​ដុំ​ពពក​​​​​នាំ​ភ្លៀង ឬ ខ្យល់ព្យុះ​​​មក​ជាមួយ​ ​យ៉ាងហោចណាស់​វា​​ក៏​បាន​ជួយ​​បន្ថែម​ពណ៌​ឲ្យ​ផ្ទៃមេឃ​ដែរ»។ លោក Rabindranath Tagore អ្នក​អក្សរសាស្ត្រ​និយម​​​មក​ពី​តំបន់​បេងហ្គាល់​ (Bengal)​​

​អរគុណ​ដល់​លោក Tagore ​ដែល​បាន​ផ្តល់​ដំបូន្មាន​នេះ ព្រោះ​ថា​បើ​យោង​តាម​ស្ថានភាព​ជាក់ស្តែង ​មនុស្ស​​មួយចំនួន​​បាន​គិត​អវិជ្ជមាន​ចំពោះខ្លួន​ឯង​ដែរ​។ ដូច្នេះ​ហើយ ​វា​គួរតែ​មាន​អ្វី​ម្យ៉ាង​សម្រាប់​ឲ្យ​មនុស្ស​ប្រភេទ​នេះ​ស្វែង​យល់​ហើយ។

យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ​គួរណាស់តែ​មាន​គំនិត​​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង និង អ្វីៗ​ដែល​មាន​នៅ​ជុំវិញ​ខ្លួន។ បញ្ហា​​ គឺ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស តែ​អ្វី​ដែល​សំខាន់​ត្រូវ​មាន​​គំនិត​វិជ្ជមាន​ ផ្ដោត​លើ​ដំណោះស្រាយ​ជា​សំខាន់ ទើប​អ្នក​អាច​គេច​ផុត​ពី​ក្រញាំ​​​ទុក្ខព្រួយ​បាន​។​​​​​

…សិល្បៈ​ចាយ​លុយ​ ៤​ របៀប ចំណាយ​​លុយ​កាន់តែ​ច្រើន ​​​កាន់តែ​មាន​ចំណូល​…



៥)​ បទពិសោធន៍ (Experiences)


«បរាជ័យ​ គឺ​ជា​បទពិសោធន៍​​ផ្តល់​រសជាតិ​ជីវិត​​ឲ្យ​​មាន​ភាព​ជោគជ័យ»។ លោក Truman Capote អ្នក​និពន្ធ​​សៀវភៅ​​អាមេរិក។

បទពិសោធន៍​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ ដរាបណា​អ្នក​មិន​ទាន់​ស្លាប់។ ប៉ុន្តែ​ភាព​បរាជ័យ គឺ​ជា​បទពិសោធន៍​ដ៏​ល្អ​ផ្តល់​ទំនុកចិត្ត​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រឹងមាំ​បាន។ បើ​អ្នក​បរាជ័យ​​ ​អ្នក​មិន​ត្រូវ​បន្ទោស ឬ ដាក់​កំហុស​​ខ្លួនឯង​នោះ​ឡើយ​ព្រោះ​ថា វា​​ជួយ​បញ្ជាក់​ប្រាប់​អ្នក​ថា ​សមត្ថភាព​របស់​អ្នក​នៅ​មាន​កម្រិត។ ដូច្នេះ​ ត្រូវ​អរគុណ​ដល់​ភាព​បរាជ័យ ហើយ​​ព្យាយាម​បង្កើត​បទពិសោធន៍​ល្អៗ​​​ឲ្យ​បាន​កាន់តែ​ច្រើន មិន​ថា​ បទពិសោធន៍​​សិក្សា ​ការងារ ​ឬ សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នោះ​ទេ។

៦) មហិច្ឆតា (Ambition)

​​​​« ប្រាជ្ញា​ដែល​គ្មាន​មហិច្ឆតា ប្រៀប​ដូច​បក្សី​​​មាន​ស្លាប​ តែ​មិន​ចេះ​ហើរ​»។ លោក Salvador Dali វិចិត្រករ​អេស្ប៉ាញ។

​​មហិច្ឆតា គឺ​ជា​​សកម្មភាព​យ៉ាង​ស្វាហាប់​នៅ​ពេល​​ព្រឹកព្រលឹម​​ ផ្ដោត​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​អ្វី​មួយ​ដែល​នឹង​ត្រូវ​ធ្វើ​​​​ដោយ​​ក្តី​អន្ទះសា​។ នេះ​អាច​ជា​ការ​ ចាប់​អារម្មណ៍​ទៅ​​លើ​​ការ​សិក្សា ការ​ស្រាវជ្រាវ ការងារ ឬ ជា​​ការ​ប៉ុនប៉ង​បង្កើត​សមិទ្ធផល​មួយ​​ក្នុង​ពេល​​ខាងមុខ។

វ័យ​ក្រោម​ ៣០ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​បង្កើត​មហិច្ឆតា​ឲ្យ​បាន​​ធំ​ទៅ​​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន ពីព្រោះ​ថា នៅ​ពេល​អនាគត វា​នឹង​ធ្វើ​ឲ្យ​​អ្នក​អាច​សម្រេច​បាន​គោលដៅ​នោះ​ដោយ​​មិន​សោកស្តាយ។ បើ​អ្នក​គ្មាន​មហិច្ឆតា​ទេ ត្រូវ​រក​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ជា​គោលដៅ​របស់​អ្នក ​ហើយ​បង្កើត​មហិច្ឆតា​ធ្វើ​សកម្មភាព​ឈោង​ចាប់​គោលដៅ​នោះ។



…បុគ្គល​គំរូ១០រូប ​​​​អភិវឌ្ឍ​​ខ្លួន​ពី​ជន​ក្រីក្រ​​​​​បំផុត​ទៅ​ជា​មហាសេដ្ឋី​ពិភពលោក…

៧) ស្គាល់​ខ្លួន​ឯង (Self-awareness)

«ជីវិត​ដែល​គ្មាន​ការ​ត្រួតពិនិត្យ គឺ​ជា​ជីវិត​ដែល​គ្មាន​តម្លៃ»។​ លោក Socrates ទស្សនវិទូ​​ក្រិក។

ការ​ស្គាល់​ខ្លួនឯង គឺ​ជា​រឿង​អាទិភាព​មុន​នឹង​អ្នក​ស្គាល់​អ្នក​ដទៃ។ អ្នក​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​ មានន័យ​ថា អ្នក​កាន់តែ​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​កាន់តែ​ច្រើន ហើយ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជួសជុល​ឡើងវិញ ឬ ត្រូវ​បំពេញ​បន្ថែម​ទើប​ជីវិត​របស់​អ្នក​មាន​តម្លៃ​​។ ដើម្បី​ស្គាល់​ខ្លួនឯង អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​រាល់​កាល​សម្រេចចិត្ត​របស់​ខ្លួន​ដោយ ​បញ្ចប់​វប្បធម៌​យកលេស​ដោយ​គ្មាន​ហេតុផល ហើយ​ត្រូវ​ស្វែង​គន្លឹះ​ជា​ដំណោះស្រាយ​វិញ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង។​​​

៨) ទំនុកចិត្ត​​ (Trustworthiness)

«ខ្ញុំ​មិន​អន់​ចិត្ត​នោះ​ទេ​ដែល​អ្នក​កុហក​ខ្ញុំ។ តែ​អ្វី​ដែល​ខ្ញុំ​អត់​ចិត្ត​គឺ​ថា ចាប់​ពី​ថ្ងៃ​នេះ​តទៅ​​អ្នក​លែង​បាន​​កុហក​ខ្ញុំ​តទៅ​ទៀតហើយ»។ លោក Friedrich Nietzsche ទស្សនវិទូ​អាល្លឺម៉ង់។

ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក​ក្នុង​សកម្មភាព​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ ពិត​ជា​សំខាន់ និង​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ពិភពលោក​ទាំងមូល។ អ្នក​ត្រូវ​កសាង​ទំនុកចិត្ត​នេះ​ឲ្យ​បាន​​កាន់តែ​ច្រើន​ពី​​​​​​អ្នក​ដទៃ​ចំពោះ​​អ្វី​ដែល​អ្នក​គិត​ថា ទំនាក់ទំនង​រវាង​អ្នក​នឹង​​មនុស្ស​ទាំងនោះ​នឹង​ផ្តល់​មក​​វិញ​ដែល​នោះ ​គឺ​គុណ​តម្លៃ​​ជីវិត។ រឿង​សាមញ្ញ​មួយ​​ចំនួន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ចំណុច​នេះ​ គឺ​កុំ​សន្យា​នូវ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន និង សូមទោស​ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​ទៅ​រួច ឬ មិន​ត្រូវ​ដាក់​មន្ទិល​សង្ស័យ​ខ្ពស់​ពេក​ទៅ​អ្នក​ដទៃ។ ពិនិត្យ​មើល​ឲ្យ​ច្បាស់ៗ និង​ មាន​ភាព​ប្រកដប្រជា ទើប​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។​​​​



​៩) ភាព​ជឿជាក់ (Confidence)

«សុទិដ្ឋិនិយម គឺ​ជា​ជំនឿ​ដែល​នាំទៅរក​ភាព​ជោគជ័យ។ គ្មាន​អ្វី​មួយ​អាច​សម្រេច​បាន​ដោយ​គ្មាន​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​នោះ​ឡើយ»។ អ្នកស្រី Hellen Keller សកម្មជន​នយោបាយ​អាមេរិក។

ក្រៅ​តែ​ពី​កម្លាំង​​កាយ ប្រាជ្ញ​ស្មារតី​​​​ភាព​ជឿជាក់ គឺ​ជា​លក្ខណសម្បត្តិ​ដ៏​ពិសេស​មួយ​ទៀត​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​ជា​ពិសេស​​យុវវ័យ។ វា​ជា​ជំនឿ​មួយ​បែប​ដែល​ប្រឆាំង​ទៅ​​ភាព​ទន់ខ្សោយ​ផ្លូវចិត្ត និង ទស្សនៈ​មួយ​ដែល​យល់​ថា ខ្លួន​ជា​ជនរងគ្រោះ​​បាត់បង់​ក្តី​សង្ឃឹម។ ការ​បណ្ដុះ​ឡើង​ភាព​ជឿជាក់​ក្នុង​​វ័យ​នេះ ​ជា​ពេល​ស័ក្តិសម​បំផុត​ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ការងារ​​សម្រាប់​ជីវិត​របស់​ខ្លួន។ ដូច្នេះ ត្រូវ​ចាប់​ផ្តើម​បង្កើត​ភាព​ជឿជាក់​សម្រាប់​ខ្លួន​ឯង និង ដាក់​តាម​ខ្លួន​ជានិច្ច​គ្រាប់​ជំហាន​ទាំងអស់ ទើប​អ្នក​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកដទៃ។


​​​១០) ទំនួលខុសត្រូវ (Responsibility) 

«សូម​ទុក​ពេល​ឲ្យ​គណបក្ស​សាធារណរដ្ឋ ឬ គណបក្សប្រជាធិបតេយ្យ​ឆ្លើយ​សំនួរ​នេះ ប៉ុន្តែ​ជា​សំនួរ​ដែល​ត្រឹមត្រូវ។ សូម​កុំ​ទុក​ពេល​ឲ្យ​ពួក​យើង​ជួស​​ជុល​កំហុស​អតីតកាល តែ​ត្រូវ​ទុក​ពេល​ឲ្យ​ពួក​យើង​ទទួលខុសត្រូវ​​នៅ​ពេល​អនាគត»។ លោក John F. Kennedy ​ប្រធានាធិបតី​ទី ​៣៥ ​របស់​អាមេរិក។

ទំនួលខុសត្រូវ​ គឺ​ជា​ទង្វើ​មួយ​ដែល​អ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​សម្រាប់​ខ្លួន​​ឯង ​ព្រម​ទទួល​ស្គាល់​លទ្ធផល​​មួយ​ដែល​​កើត​ចេញ​ពី​សកម្មភាព​របស់​ខ្លួន។ មិន​​ចំពោះ​ថា​ក្នុង​វ័យ​​ក្រោម ​៣០ នោះ​ឡើយ គឺ​មនុស្ស​គ្រប់រូប​ត្រូវ​​ទទួល​​ខុសត្រូវ​​រាល់​លទ្ធផល​ទាំងឡាយ​ណា​ដែល​កើត​ចេញ​ពី​សកម្មភាព​របស់​ខ្លួន​​នៅ​ពេល​កន្លង​មក​។ នេះ​ពិត​ជា​រឿង​​មួយ​សំខាន់​ទៅ​ហើយ តែ​អ្វី​ដែល​​កាន់តែ​មាន​សារសំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​​​ការ​រៀនសូត្រ​ពី​លទ្ធផល​នោះ​សម្រាប់​ជៀសវាង​នៅ​ពេល​អនាគត។

១១) ​ភាព​ច្នៃប្រឌិត (Creativity)

«ទោះជា​លំបាក​យ៉ាងណា​ក៏ដោយ យើង​ត្រូវតែ​បន្ត​​ឡើង​កាត់​​​ច្រាំង​ថ្ម​​ឱ្យ​ដល់​កំពូល​ភ្នំ ហើយ​ត្រូវ​​ដាក់​ស្លាប​ពេល​​ចុះ​មកវិញ»។ លោក Kurt Vonnegut អ្នកនិពន្ធ​សៀវភៅ​​អាមេរិក។

ភាព​ច្នៃប្រឌិត គឺ​ជា​សិល្បៈ​​មួយ​ដែល​នាំ​មក​​​ការ​បង្កើត​សមិទ្ធផល​​ថ្មី​ប្លែក​​ខុស​ពី​អ្នក​ដទៃ​ តាម​រយៈ​ការ​​ស្រាវជ្រាវ​ច្នៃ​ចេញ​ចំណេះដឹង​របស់​ខ្លួន​ពី​ប្រភព​ផ្សេង​គ្នា។​ ក្នុង​វ័យ​នេះ អ្នក​ត្រូវ​បង្កើត​ភាព​ច្នៃប្រឌិត​ឲ្យ​​​កាន់តែ​ច្រើន​ឡើង​ដូច​ជា​នៅ​​ក្នុង​​វិស័យ​ការងារ ទំនាក់ទំនង ឬ ការ​ស្រាវជ្រាវ​ជា​ដើម​ ព្រោះ​ថា​ វា​ជា​គុណសម្បត្តិ​មួយ​ដែល​ធ្វើឲ្យ​អ្នក​មាន​​ប្រៀប​​ជាង​អ្នក​ដទៃ ​និង​អាច​កែប្រែ​សកម្មភាព​ដ៏​សាមញ្ញ​មួយ​​ទៅ​ជា​ជីវិត​ដ៏​ភ្លឺស្វាង​បាន៕​​