គ្មានអ្នកណាម្នាក់អាចមានអាយុ ២០ ឆ្នាំ ឬ ៣០ឆ្នាំ ពីរដងនោះឡើយ ក្នុងមួយឆាកជីវិតរបស់មនុស្ស តែអ្វីដែលសំខាន់ត្រង់ថា តើបានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯងនៅក្នុងវ័យនេះ? មនុស្សមួយចំនួនបានឆ្លងកាត់វ័យនេះទាំងមិនដឹងខ្លួន ខណៈមនុស្សមួយចំនួនទៀតបានត្រៀមខ្លួនយ៉ាងល្អខិតខំក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗធ្វើឲ្យពួកគេទទួលបានផ្លែផ្កាត្រចះត្រចង់នៅមជ្ឈិមវ័យ។
ឥឡូវនេះ សម្រាប់ប្រិយមិត្ត ជាពិសេសលោកអ្នកដែលមានអាយុក្រោម ៣០ឆ្នាំ ដែលចង់ឲ្យជីវិតរបស់ខ្លួនមានគុណភាព និងរស់រវើកជានិច្ច គួរស្វែងយល់ចាប់យកគុណតម្លៃទាំង ១១ យ៉ាងខាងក្រោមនេះ មកអនុវត្តវិញឲ្យបានឆាប់រហ័សបំផុត ដើម្បីជៀសវាងភាពស្តាយក្រោយដោយប្រការណាមួយ។
១) ផ្ដោតយកចិត្តទុកដាក់ (Focus)
«ភាពស្ងប់ស្ងៀម គឺជាពេលវេលាដ៏សមគួរសម្រាប់អ្នកដើម្បីផ្ដោតយកចិត្តទុកដាក់លើផែនការអ្វីមួយ»។ លោក Stephen Richards អ្នកនិពន្ធសៀវភៅអង់គ្លេស។
«ភាពស្ងប់ស្ងៀម គឺជាពេលវេលាដ៏សមគួរសម្រាប់អ្នកដើម្បីផ្ដោតយកចិត្តទុកដាក់លើផែនការអ្វីមួយ»។ លោក Stephen Richards អ្នកនិពន្ធសៀវភៅអង់គ្លេស។
ការផ្ដោតយកចិត្តទុកដាក់ គឺជាគុណសម្បត្តិមួយដែលមនុស្សគ្រប់រូប ជាពិសេសយុវជនត្រូវមានសម្រាប់បណ្ដុះប្រាជ្ញាស្មារតី និងដាស់តឿនខ្លួនឯងប្រមូលផ្តុំធនធានផ្សេងៗសម្រាប់បាញ់ឆ្ពោះទៅរកគោលដៅដែលបានកំណត់។ ការស្ងប់ស្ងៀម គឺជាផ្លូវដែលល្អប្រសើរដើម្បីផ្ដោតយកចិត្តទុកដាក់ទៅអ្វីដែលអ្នកចង់បាន ហើយត្រូវធ្វើជានិច្ច មិនថានៅកាលៈទេសៈណានោះទេ ព្រោះថាការយកចិត្តទុកដាក់កាន់តែច្រើន ភាគរយនៃភាពជោគជ័យលើសកម្មភាពមួយក៏មានច្រើនទៅតាមនោះដែរ។
២) ទេពកោសល្យ (Talent)
«មនុស្សគ្រប់គ្នាមានទេពកោសល្យ។ មនុស្សដែលចេះប្រើទេពកោសល្យរបស់ខ្លួន នឹងអាចហែលផុតពីភាពខ្មៅងងិតបានយ៉ាងងាយស្រួល»។ អ្នកស្រី Erica Jong អ្នកនិពន្ធសៀវភៅប្រលោមលោករបស់អាមេរិក។
«មនុស្សគ្រប់គ្នាមានទេពកោសល្យ។ មនុស្សដែលចេះប្រើទេពកោសល្យរបស់ខ្លួន នឹងអាចហែលផុតពីភាពខ្មៅងងិតបានយ៉ាងងាយស្រួល»។ អ្នកស្រី Erica Jong អ្នកនិពន្ធសៀវភៅប្រលោមលោករបស់អាមេរិក។
ទេពកោសល្យពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប។ បុគ្គលណាក៏ដោយ ដែលប្រើប្រាស់ទេពកោសល្យរបស់ខ្លួនបានកាន់តែច្រើន គឺកាន់តែមានទំនុកចិត្ត និងកាន់តែជោគជ័យ។ មនុស្សម្នាក់ៗ មិនត្រូវមើលរំលងចំណុចនេះឡើយ ព្រោះថា អ្នកដែលចេះប្រើទេពកោសល្យរបស់ខ្លួនបាន គឺជាអ្នកដែលដឹងពីភាពខ្លាំង និង ភាពខ្សោយខ្លួនឯង។
៣) ការអត់ធ្មត់ (Patience)
«ធ្វើខ្លួនឲ្យដូចទឹកទន្លេតែទឹកហូរយឺតៗ និងទៅមុខជានិច្ច»។ លោក A.A. Milne អ្នកនិពន្ធសៀវភៅរបស់អង់គ្លេស។
ការអត់ធ្មត់គឺជាកាយវិការមួយក្នុងការរង់ចាំ ឬ ការបើកចិត្តទទួលយកស្ថានការណ៍មួយយ៉ាងចំហដោយមិនចេះតក់ក្រហល់។ មនុស្សដែលមានការអត់ធ្មត់ខ្ពស់ គឺជាមនុស្សដែលមានភាពជឿជាក់ ឲ្យតម្លៃលើតថភាព (ភាពពិត) ដែលនឹងអាចទទួលបានសមិទ្ធផលជាវិជ្ជមានទោះក្នុងស្ថានការណ៍ណាក៏ដោយ។ បើលោកអ្នកមិនមានការអត់ធ្មត់ខ្ពស់ គួររៀនសូត្រចំណុចនេះឲ្យបានច្រើនភ្លាមទៅ ព្រោះថា វាជាដំណើរនាំមកនូវសន្តិភាពផ្លូវចិត្ត និង ផ្លូវកាយសម្រាប់ខ្លួនឯង និង អ្នកដទៃ។
៤) ភាពវិជ្ជមាន (Positivity)
«ទោះជាដុំពពកនាំភ្លៀង ឬ ខ្យល់ព្យុះមកជាមួយ យ៉ាងហោចណាស់វាក៏បានជួយបន្ថែមពណ៌ឲ្យផ្ទៃមេឃដែរ»។ លោក Rabindranath Tagore អ្នកអក្សរសាស្ត្រនិយមមកពីតំបន់បេងហ្គាល់ (Bengal)
«ទោះជាដុំពពកនាំភ្លៀង ឬ ខ្យល់ព្យុះមកជាមួយ យ៉ាងហោចណាស់វាក៏បានជួយបន្ថែមពណ៌ឲ្យផ្ទៃមេឃដែរ»។ លោក Rabindranath Tagore អ្នកអក្សរសាស្ត្រនិយមមកពីតំបន់បេងហ្គាល់ (Bengal)
អរគុណដល់លោក Tagore ដែលបានផ្តល់ដំបូន្មាននេះ ព្រោះថាបើយោងតាមស្ថានភាពជាក់ស្តែង មនុស្សមួយចំនួនបានគិតអវិជ្ជមានចំពោះខ្លួនឯងដែរ។ ដូច្នេះហើយ វាគួរតែមានអ្វីម្យ៉ាងសម្រាប់ឲ្យមនុស្សប្រភេទនេះស្វែងយល់ហើយ។
យុវជនដែលជាទំពាំងស្នងឫស្សី គួរណាស់តែមានគំនិតសុទិដ្ឋិនិយមចំពោះខ្លួនឯង និង អ្វីៗដែលមាននៅជុំវិញខ្លួន។ បញ្ហា គឺជារឿងធម្មតាសម្រាប់មនុស្ស តែអ្វីដែលសំខាន់ត្រូវមានគំនិតវិជ្ជមាន ផ្ដោតលើដំណោះស្រាយជាសំខាន់ ទើបអ្នកអាចគេចផុតពីក្រញាំទុក្ខព្រួយបាន។
…សិល្បៈចាយលុយ ៤ របៀប ចំណាយលុយកាន់តែច្រើន កាន់តែមានចំណូល…
៥) បទពិសោធន៍ (Experiences)
«បរាជ័យ គឺជាបទពិសោធន៍ផ្តល់រសជាតិជីវិតឲ្យមានភាពជោគជ័យ»។ លោក Truman Capote អ្នកនិពន្ធសៀវភៅអាមេរិក។
៥) បទពិសោធន៍ (Experiences)
«បរាជ័យ គឺជាបទពិសោធន៍ផ្តល់រសជាតិជីវិតឲ្យមានភាពជោគជ័យ»។ លោក Truman Capote អ្នកនិពន្ធសៀវភៅអាមេរិក។
បទពិសោធន៍គ្មានទីបញ្ចប់នោះឡើយ ដរាបណាអ្នកមិនទាន់ស្លាប់។ ប៉ុន្តែភាពបរាជ័យ គឺជាបទពិសោធន៍ដ៏ល្អផ្តល់ទំនុកចិត្តអាចធ្វើឲ្យមនុស្សម្នាក់រឹងមាំបាន។ បើអ្នកបរាជ័យ អ្នកមិនត្រូវបន្ទោស ឬ ដាក់កំហុសខ្លួនឯងនោះឡើយព្រោះថា វាជួយបញ្ជាក់ប្រាប់អ្នកថា សមត្ថភាពរបស់អ្នកនៅមានកម្រិត។ ដូច្នេះ ត្រូវអរគុណដល់ភាពបរាជ័យ ហើយព្យាយាមបង្កើតបទពិសោធន៍ល្អៗឲ្យបានកាន់តែច្រើន មិនថា បទពិសោធន៍សិក្សា ការងារ ឬ សកម្មភាពប្រចាំថ្ងៃរបស់ខ្លួននោះទេ។
៦) មហិច្ឆតា (Ambition)
« ប្រាជ្ញាដែលគ្មានមហិច្ឆតា ប្រៀបដូចបក្សីមានស្លាប តែមិនចេះហើរ»។ លោក Salvador Dali វិចិត្រករអេស្ប៉ាញ។
« ប្រាជ្ញាដែលគ្មានមហិច្ឆតា ប្រៀបដូចបក្សីមានស្លាប តែមិនចេះហើរ»។ លោក Salvador Dali វិចិត្រករអេស្ប៉ាញ។
មហិច្ឆតា គឺជាសកម្មភាពយ៉ាងស្វាហាប់នៅពេលព្រឹកព្រលឹម ផ្ដោតយ៉ាងយកចិត្តទុកដាក់ទៅលើអ្វីមួយដែលនឹងត្រូវធ្វើដោយក្តីអន្ទះសា។ នេះអាចជាការ ចាប់អារម្មណ៍ទៅលើការសិក្សា ការស្រាវជ្រាវ ការងារ ឬ ជាការប៉ុនប៉ងបង្កើតសមិទ្ធផលមួយក្នុងពេលខាងមុខ។
វ័យក្រោម ៣០ គឺជាវ័យមួយដែលមនុស្សគ្រប់រូបត្រូវបង្កើតមហិច្ឆតាឲ្យបានធំទៅលើអ្វីដែលខ្លួនចង់បាន ពីព្រោះថា នៅពេលអនាគត វានឹងធ្វើឲ្យអ្នកអាចសម្រេចបានគោលដៅនោះដោយមិនសោកស្តាយ។ បើអ្នកគ្មានមហិច្ឆតាទេ ត្រូវរកឲ្យឃើញពីអ្វីដែលជាគោលដៅរបស់អ្នក ហើយបង្កើតមហិច្ឆតាធ្វើសកម្មភាពឈោងចាប់គោលដៅនោះ។
…បុគ្គលគំរូ១០រូប អភិវឌ្ឍខ្លួនពីជនក្រីក្របំផុតទៅជាមហាសេដ្ឋីពិភពលោក…
…បុគ្គលគំរូ១០រូប អភិវឌ្ឍខ្លួនពីជនក្រីក្របំផុតទៅជាមហាសេដ្ឋីពិភពលោក…
៧) ស្គាល់ខ្លួនឯង (Self-awareness)
«ជីវិតដែលគ្មានការត្រួតពិនិត្យ គឺជាជីវិតដែលគ្មានតម្លៃ»។ លោក Socrates ទស្សនវិទូក្រិក។
«ជីវិតដែលគ្មានការត្រួតពិនិត្យ គឺជាជីវិតដែលគ្មានតម្លៃ»។ លោក Socrates ទស្សនវិទូក្រិក។
ការស្គាល់ខ្លួនឯង គឺជារឿងអាទិភាពមុននឹងអ្នកស្គាល់អ្នកដទៃ។ អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ មានន័យថា អ្នកកាន់តែមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនកាន់តែច្រើន ហើយនេះគឺជាអ្វីដែលអ្នកត្រូវជួសជុលឡើងវិញ ឬ ត្រូវបំពេញបន្ថែមទើបជីវិតរបស់អ្នកមានតម្លៃ។ ដើម្បីស្គាល់ខ្លួនឯង អ្នកត្រូវប្រុងប្រយ័ត្នរាល់កាលសម្រេចចិត្តរបស់ខ្លួនដោយ បញ្ចប់វប្បធម៌យកលេសដោយគ្មានហេតុផល ហើយត្រូវស្វែងគន្លឹះជាដំណោះស្រាយវិញរាល់បញ្ហាដែលកើតមានឡើង។
៨) ទំនុកចិត្ត (Trustworthiness)
«ខ្ញុំមិនអន់ចិត្តនោះទេដែលអ្នកកុហកខ្ញុំ។ តែអ្វីដែលខ្ញុំអត់ចិត្តគឺថា ចាប់ពីថ្ងៃនេះតទៅអ្នកលែងបានកុហកខ្ញុំតទៅទៀតហើយ»។ លោក Friedrich Nietzsche ទស្សនវិទូអាល្លឺម៉ង់។
«ខ្ញុំមិនអន់ចិត្តនោះទេដែលអ្នកកុហកខ្ញុំ។ តែអ្វីដែលខ្ញុំអត់ចិត្តគឺថា ចាប់ពីថ្ងៃនេះតទៅអ្នកលែងបានកុហកខ្ញុំតទៅទៀតហើយ»។ លោក Friedrich Nietzsche ទស្សនវិទូអាល្លឺម៉ង់។
ទំនុកចិត្តទៅវិញទៅមកក្នុងសកម្មភាពទំនាក់ទំនងប្រចាំថ្ងៃ ពិតជាសំខាន់ និងមានតម្លៃខ្លាំងណាស់សម្រាប់ពិភពលោកទាំងមូល។ អ្នកត្រូវកសាងទំនុកចិត្តនេះឲ្យបានកាន់តែច្រើនពីអ្នកដទៃចំពោះអ្វីដែលអ្នកគិតថា ទំនាក់ទំនងរវាងអ្នកនឹងមនុស្សទាំងនោះនឹងផ្តល់មកវិញដែលនោះ គឺគុណតម្លៃជីវិត។ រឿងសាមញ្ញមួយចំនួនដែលត្រូវធ្វើនៅក្នុងចំណុចនេះ គឺកុំសន្យានូវអ្វីដែលអ្នកមិនអាចធ្វើបាន និង សូមទោសប្រសិនបើអ្នកមិនអាចធ្វើទៅរួច ឬ មិនត្រូវដាក់មន្ទិលសង្ស័យខ្ពស់ពេកទៅអ្នកដទៃ។ ពិនិត្យមើលឲ្យច្បាស់ៗ និង មានភាពប្រកដប្រជា ទើបទទួលបានលទ្ធផលល្អបំផុត។
៩) ភាពជឿជាក់ (Confidence)
«សុទិដ្ឋិនិយម គឺជាជំនឿដែលនាំទៅរកភាពជោគជ័យ។ គ្មានអ្វីមួយអាចសម្រេចបានដោយគ្មានក្តីសង្ឃឹម និងភាពជឿជាក់នោះឡើយ»។ អ្នកស្រី Hellen Keller សកម្មជននយោបាយអាមេរិក។
៩) ភាពជឿជាក់ (Confidence)
«សុទិដ្ឋិនិយម គឺជាជំនឿដែលនាំទៅរកភាពជោគជ័យ។ គ្មានអ្វីមួយអាចសម្រេចបានដោយគ្មានក្តីសង្ឃឹម និងភាពជឿជាក់នោះឡើយ»។ អ្នកស្រី Hellen Keller សកម្មជននយោបាយអាមេរិក។
ក្រៅតែពីកម្លាំងកាយ ប្រាជ្ញស្មារតីភាពជឿជាក់ គឺជាលក្ខណសម្បត្តិដ៏ពិសេសមួយទៀតសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសយុវវ័យ។ វាជាជំនឿមួយបែបដែលប្រឆាំងទៅភាពទន់ខ្សោយផ្លូវចិត្ត និង ទស្សនៈមួយដែលយល់ថា ខ្លួនជាជនរងគ្រោះបាត់បង់ក្តីសង្ឃឹម។ ការបណ្ដុះឡើងភាពជឿជាក់ក្នុងវ័យនេះ ជាពេលស័ក្តិសមបំផុតដើម្បីត្រៀមបំពេញបេសកកម្មការងារសម្រាប់ជីវិតរបស់ខ្លួន។ ដូច្នេះ ត្រូវចាប់ផ្តើមបង្កើតភាពជឿជាក់សម្រាប់ខ្លួនឯង និង ដាក់តាមខ្លួនជានិច្ចគ្រាប់ជំហានទាំងអស់ ទើបអ្នកទទួលបានទំនុកចិត្តពីអ្នកដទៃ។
១០) ទំនួលខុសត្រូវ (Responsibility)
«សូមទុកពេលឲ្យគណបក្សសាធារណរដ្ឋ ឬ គណបក្សប្រជាធិបតេយ្យឆ្លើយសំនួរនេះ ប៉ុន្តែជាសំនួរដែលត្រឹមត្រូវ។ សូមកុំទុកពេលឲ្យពួកយើងជួសជុលកំហុសអតីតកាល តែត្រូវទុកពេលឲ្យពួកយើងទទួលខុសត្រូវនៅពេលអនាគត»។ លោក John F. Kennedy ប្រធានាធិបតីទី ៣៥ របស់អាមេរិក។

ទំនួលខុសត្រូវ គឺជាទង្វើមួយដែលអ្នកត្រូវមានភាពស្មោះត្រង់សម្រាប់ខ្លួនឯង ព្រមទទួលស្គាល់លទ្ធផលមួយដែលកើតចេញពីសកម្មភាពរបស់ខ្លួន។ មិនចំពោះថាក្នុងវ័យក្រោម ៣០ នោះឡើយ គឺមនុស្សគ្រប់រូបត្រូវទទួលខុសត្រូវរាល់លទ្ធផលទាំងឡាយណាដែលកើតចេញពីសកម្មភាពរបស់ខ្លួននៅពេលកន្លងមក។ នេះពិតជារឿងមួយសំខាន់ទៅហើយ តែអ្វីដែលកាន់តែមានសារសំខាន់ជាងនេះទៅទៀត គឺការរៀនសូត្រពីលទ្ធផលនោះសម្រាប់ជៀសវាងនៅពេលអនាគត។
១១) ភាពច្នៃប្រឌិត (Creativity)
«ទោះជាលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែបន្តឡើងកាត់ច្រាំងថ្មឱ្យដល់កំពូលភ្នំ ហើយត្រូវដាក់ស្លាបពេលចុះមកវិញ»។ លោក Kurt Vonnegut អ្នកនិពន្ធសៀវភៅអាមេរិក។
«ទោះជាលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែបន្តឡើងកាត់ច្រាំងថ្មឱ្យដល់កំពូលភ្នំ ហើយត្រូវដាក់ស្លាបពេលចុះមកវិញ»។ លោក Kurt Vonnegut អ្នកនិពន្ធសៀវភៅអាមេរិក។
ភាពច្នៃប្រឌិត គឺជាសិល្បៈមួយដែលនាំមកការបង្កើតសមិទ្ធផលថ្មីប្លែកខុសពីអ្នកដទៃ តាមរយៈការស្រាវជ្រាវច្នៃចេញចំណេះដឹងរបស់ខ្លួនពីប្រភពផ្សេងគ្នា។ ក្នុងវ័យនេះ អ្នកត្រូវបង្កើតភាពច្នៃប្រឌិតឲ្យកាន់តែច្រើនឡើងដូចជានៅក្នុងវិស័យការងារ ទំនាក់ទំនង ឬ ការស្រាវជ្រាវជាដើម ព្រោះថា វាជាគុណសម្បត្តិមួយដែលធ្វើឲ្យអ្នកមានប្រៀបជាងអ្នកដទៃ និងអាចកែប្រែសកម្មភាពដ៏សាមញ្ញមួយទៅជាជីវិតដ៏ភ្លឺស្វាងបាន៕
No comments:
Post a Comment