Tuesday, December 15, 2015

10ចាប់​ផ្ដើម​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​មាន​ទេពកោសល្យ
នៅ​ពេល​ដែល​អ្នក​រស់​នៅ​ដោយ​ព័ទ្ធ​ជុំវិញ​ដោយ​មនុស្ស​ដែល​មាន​ទេពកោសល្យ​ នោះ​គឺ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​មាន​ពន្លឺ​ ជាមួយ​នឹង​ការ​ចែក​រំលែក​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ជាក់​ស្ដែង​នៅ​ពេល​ដែល​ជុំ​វិញ​ខ្លួន​អ្នក​ពោរពេញ​ដោយ​អ្នក​មាន​ទេពកោសល្យ​ គឺ​បញ្ហា​ផ្នត់​គំនិត​ ដែល​អ្នក​អាច​ទទួល​បាន​ពី​របៀប​នៃ​ការ​គិត និង ទម្លាប់​រវាង​អ្នក​មាន និង អ្នក​ក្រ មនុស្ស​ឆ្លាត និង មនុស្ស​ល្ងង់។

២) ចាប់​ផ្ដើម​ទទួល​ធ្វើ​ការងារ​ក្រៅ​ម៉ោង
ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​ចំណូល​ទាំង​ហិរញ្ញវត្ថុ​ និង ចំណេះ​ដឹង​ ដំណោះ​ស្រាយ​ដ៏​ធម្មតា​គឺ​ការ​ទទួល​ធ្វើ​ការងារ​ក្រៅ​ម៉ោង នោះ​អ្នក​អាច​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ជាង​ចំណូល​របស់​អ្នក​ទៅ​ទៀត។ លើស​ពី​នេះ​ទៅទៀត​ អ្នក​ក៏​អាច​បង្កើន​ជំនាញ​របស់​អ្នក​ឲ្យ​កាន់​តែ​ខ្លាំង ដោយ​អ្នក​បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​កំពុង​ធ្វើ​ការ​តែ​មួយ​តែ​ក្នុង​បរិបទ​ផ្សេង​គ្នា ថែម​ទាំង​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​កាន់​តែ​ធំ​ឡើង​ផង​ដែរ។

៣) លះបង់​ពេល​វេលា​ដើម្បី​អាន​សៀវភៅ
មនុស្ស​ទាំង​ឆ្លាត​ទាំង​មាន ជា​អ្នក​ដែល​មាន​ការ​អប់រំ​ខ្លួន​ឯង​ច្រើន​ ជាង​ការ​កម្សាន្ត​ឥត​ប្រយោជន៍ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ខ្លួន​ដូច​ជា​ពួក​គេ​ អ្នក​គួរ​ចំណាយ​ពេល និង ថវិកា​ខ្លះ​ដើម្បី​ទិញ​សៀវភៅ​ល្អៗ​ដែល​ណែនាំ​ដោយ​បុគ្គល​ជោគជ័យ។ ជា​ទូទៅ​មហាសេដ្ឋី​ដែល​ជោគជ័យ​ភាគ​ច្រើន តែង​តែ​បង្កើត​នូវ​បណ្ណាល័យ​មួយ​ក្នុង​ផ្ទះ​ខ្លួន​ឯង​ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ចំណាយ​ពេល​វេលា​ខ្លះ ក្នុង​ការ​អប់រំ​ខ្លួន​ឯង បន្ទាប់​ពី​ចាក​ចេញ​ពី​មហាវិទ្យាល័យ។

៤) ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​ដែល​លំបាក
ប្រសិន​បើ​អ្នក​ចង់​បង្កើន​ទ្រព្យ​ បង្កើន​ជំនាញ បង្កើន​ចំណេះ​ដឹង ដើម្បី​ជោគជ័យ​ក្នុង​ជីវិត អ្នក​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​ណា ដែល​អ្នក​ធ្លាប់​គិត​ថា​វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក។ បុគ្គល​ជោគជ័យ​តែង​តែ​ដោះ​ស្រាយ​កិច្ចការ ណា​ដែល​លំបាកៗ​សម្រាប់​ខ្លួន ដោយ​ពួក​គេ​មិន​មែន​ក្លាយ​ជា​មហាសេដ្ឋី​ដោយ​ងាយ​ដូច​ដែល​យើង​គិត​នោះ​ទេ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ដោះ​ស្រាយ​រាល់​ឧបសគ្គ​នានា​ក្នុង​ជីវិត​របស់​ខ្លួន។

Sunday, December 13, 2015

គេហទំព័រ​ ឬ​ហៅ​ថា​ website ​មាន​ច្រើន​ណាស់​ ​ទាំង​ផ្នែក​ព័ត៌មាន​ ​កម្សាន្ត​ សេដ្ឋកិច្ច​ អប់រំ​ ​នយោបាយ​ និង​អប់រំ​ផ្នែក​ធុរកិច្ច​ជា​ដើម។ ​ខាង​ក្រោម​នេះ​ គឺ​ជា​គេហទំព័រ​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​​បញ្ហា​​ហិរញ្ញវត្ថុ​ និង​ផ្នែក​រក​ស៊ី​ ដើម្បី​បាន​ក្លាយ​ជា​អ្នក​មាន៖

១) The Motley Fool​៖ មាន​ប្រយោជន៍​សម្រាប់​គ្រប់​វិនិយោគិន​ទាំង​អស់​​ រាប់​ទាំង​អ្នក​រក​ស៊ី​អាជីវកម្ម​តូច​ៗ​ រហូត​ដល់​ម្ចាស់​សហគ្រាស​ធំ​ៗ។ ​វា​ជា​ប្រភព​ព័ត៌មាន​ និង​ចំណេះ​ដឹង​សម្រាប់​ធ្វើ​ផែនការ​គ្រប់​ហិរញ្ញវត្ថុ​លក្ខណៈ​បុគ្គល​​ ចង់​ដឹង​ពី​ទីផ្សារ​ភាគហ៊ុន​​ និង​ព័ត៌មាន​ដែល​ផ្ដល់​ពុទ្ធិ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​រក​ស៊ី​ជា​​ដើម។

២) Finance at Khan Academy៖ ​គឺ​ជា​គេហទំព័រ​ពហុ​មេឌៀ​ដែល​​មាន​វីដេអូ​ជា​ច្រើន​បង្ហាញ​ពី​ប្រធាន​បទ​ទាក់ទង​ទៅ​នឹង​វិស័យ​ហិរញ្ញវត្ថុ​​ដូច​ជា​ 401(k), Roth IRAs, IRA, ​ការប្រាក់ ​ភាគហ៊ុន​ សញ្ញាប័ណ្ណ​ ការ​វិនិយោគ​ផ្សេង​ៗ​ និង​កិច្ច​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។

៣) Morningstar៖ គឺ​ជា​ឈ្មោះ​ក្រុមហ៊ុន​ផ្នែក​ស្រាវជ្រាវ​ការ​វិនិយោគ​ និង​ការ​គ្រប់គ្រង​ការ​វិនិយោគ​ ដែល​អាច​ស្វែង​រក​ការ​ផ្ដល់​ការ​វិនិយោគ​ប្រមាណ​ ៥​សែន​ដូច​ជា​ភាគហ៊ុន​ និង​មូលនិធិ​សង្ឃហធន​ជា​ដើម។

៤) ​I Will Teach You to Be Rich៖ ​បង្កើត​ឡើង​ដោយ​អ្នក​និពន្ធ​សៀវភៅ​ហិរញ្ញវត្ថុ​ដ៏​ល្បី​គឺ​លោក​ Ramit Sethi។ គាត់​បាន​ដក​ស្រង់​ចំណុច​ល្អ​ៗ​​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ដូច​ឈ្មោះ​គេហទំព័រ​នេះ​តែ​ម្ដង។

៥) Rockstar Finance៖ ជា​គេហទំព័រ​ដែល​ផ្ដល់​នូវ​អត្ថបទ​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ជា​ច្រើន​ ដែល​ដក​ស្រង់​ចេញ​ពី​អ្នក​និពន្ធ​ និង​ម្ចាស់​ប្លុក​ដែល​​មាន​បទ​ពិសោធន៍​ខាង​គ្រប់គ្រង​ហិរញ្ញវត្ថុ។

៦) ​Credit.com៖ នឹង​ផ្ដល់​នូវ​សេវាកម្ម​មួយ​ដែល​អាច​ជួយ​លោក​អ្នក​​ឱ្យ​ចេះ​កត់​ត្រា​ពិន្ទុ​បំណុល​របស់​អ្នក។ ​វា​ជួយ​​ឱ្យ​អ្នក​ដឹង​ពី​ការ​គ្រប់គ្រង​ការ​ចំណាយ​​​ច្រើន​ពេក​​ និង​បំណុល​ច្រើន​ពេក​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន។

៧) Kiplinger៖ ក៏​ជា​គេហទំព័រ​ផ្ដល់​នូវ​អត្ថបទ​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ជា​ច្រើន​ផង​ដែរ។

៨) Investopedia៖ជា​គេហទំព័រ​ដ៏​ពេញ​និយម​ដែល​ផ្ដល់​នូវ​អត្ថន័យ​ និង​អត្ថបទ​អំពី​ប្រធានបទ​ជា​ច្រើន ទាំង​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ និង​បាន​ដើរ​តួ​ជា​វចនានុក្រម​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយម​បំផុត។

បើ​លោក​អ្នក​មិន​ចង់​ ឬ​មិន​អាច​អាន​ជា​ភាសា​អង់គ្លេស​នោះ​ទេ​ សូម​អាន​ Business Khmer ​នឹង​ផ្ដល់​នូវ​អត្ថបទ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​សហគ្រិន​ ហិរញ្ញវត្ថុ​ និង​​គន្លឹះ​នៃ​ការ​រកស៊ី​ជា​ដើម៕​

Monday, November 2, 2015

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

​នៅ​ពេល​មនុស្ស​ឈាន​ដល់​វ័យ​ខ្ទង់​២០​ឆ្នាំ​ ​​​​គឺ​ជា​ពេល​មួយ​ដែល​ពួកគេ​ត្រូវ​ស្វែងយល់​​ និង​ រៀន​សូត្រ​នូវ​រឿងរ៉ាវ​ច្រើន​ ថ្វីបើ​​អារម្មណ៍​របស់​ពួកគេ​នៅ​តែ​ចង់​បាន​ភាព​រីករាយ​​​ច្រើន​ក្តី​។ ​​​​សម្រាប់​អ្នក​ដែល​បាន​​រៀប​ចំ​ខ្លួន​បណ្ដើរៗ​​នៅ​ពេល​ឈាន​ដល់​វ័យ​ខ្ទង់​២០​​នេះ​ ពួកគេ​នឹង​អាច​បង្កើត​អនាគត​បាន​ល្អ​​នៅពេល​វ័យ​​ចាស់​បន្តិច​ ជាពិសេស​នៅ​ពេល​ឈាន​ដល់​អាយុ​ខ្ទង់​៣០​ ឡើង​ទៅ​។ ប៉ុន្តែ​បើ​អ្នក​ដែល​ឡេះឡោះ​ មិន​គិត​គូរ​រៀបចំខ្លួន​ និង បង្កើត​សមត្ថភាព ក៏ដូចជា​បទពិសោធន៍​ឲ្យ​បាន​ច្រើន​ទេ​ ​ពួកគេ​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​មិន​ខាន​។

​​​​​​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ​អ្នក​ត្រូវ​បង្កើត​ទម្លាប់​សំខាន់ៗ​ទាំង​នេះ​៖

១) ​​ទម្លាប់​រៀនសូត្រ​ឲ្យ​ច្រើន​៖
​ការ​រៀន​សូត្រ​ គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ។ រៀន​​សូត្រ​កាន់តែ​​ច្រើន​ នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចំណេះ​កាន់​តែ​ទូលាយ​ ដែល​មាន​ប្រយោជន៍​សម្រាប់​​ការប្រើប្រាស់​ក្នុង​ជីវិត​។ ដូច្នេះ​ហើយ​ ស្ថិត​ក្នុង​វ័យ​ខ្ទង់​២០ ​អ្នក​មិន​គួរ​អល់អែក​​ក្នុង​ការ​រៀនសូត្រ​នោះ​ទេ​ ព្រោះ​នេះ​គឺ​ជា​វ័យ​ដែល​ត្រូវ​តែ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​បំផុត។ បើ​មិន​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​ទេ​ នោះ​នៅ​ពេល​ឈាន​ដល់​វ័យ​ខ្ទង់​៣០ អ្នក​នឹង​ស្ដាយ​ក្រោយ​មិន​ខាន​ ព្រោះ​ពេល​វេលា​ដើរលឿន​ណាស់​។​​

២) សេពគប់​មនុស្ស​ទាំង​ឡាយ​ណា​​ដែល​អាច​អភិវឌ្ឍ​​ខ្លួន​អ្នក​៖
​​​មាន​មនុស្ស​ច្រើន​ជំពូក​ ដែល​​លោក​អ្នក​ត្រូវ​ពិចារណា​ មុន​ពេល​សម្រេច​ជ្រើសរើស​បង្កើត​ទំនាក់ទំនង​ជិត​ស្និត​។ ​បើ​អ្នក​រាប់អាន ​ឬ ដើរ​ជាមួយ​មនុស្ស​ដែល​ពូកែ​តែ​រឿង​ស្រី​ស្រា​ នោះ​តិច​ឬ​ច្រើន​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​បែបនេះ​ដែរ​ ប៉ុន្តែ​បើ​អ្នក​សេពគប់​ជាមួយ​ជន​ទាំងឡាយ​ណា​ ដែល​មាន​ចំណេះដឹង​ ឬ ​មាន​ភាព​ជោគជ័យ​ច្រើន​ក្នុង​ជីវិត​ ​នោះ​អ្នក​នឹង​ទទួល​បាន​ការអភិវឌ្ឍន៍​ខ្លួន​ ​ទៅតាម​នោះ​ដែរ​។

៣) រៀន​សូត្រ​ពី​ការ​បរាជ័យ​ឲ្យ​បាន​ច្រើន​៖
​ថ្វីបើ​​គ្មាន​នរណា​ម្នាក់​ចង់​ទទួល​ការ​បរាជ័យ​ ប៉ុន្តែ​វា​ជា​រឿង​ជៀស​មិន​ផុត​នោះ​ឡើយ​ គ្រាន់​តែ​តិច​ហើយនិង​ច្រើន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បើ​អ្នក​ជួប​ការ​បរាជ័យ​ សូម​កុំ​តក់ស្លុត​​ហួសហេតុ​ពេក​ ​តែ​គួរតែ​​គិត​ថា អ្នក​នឹង​ទទួល​មេរៀន​ជីវិត​ថ្មី​ ដើម្បី​​ជា​ប្រយោជន៍​នៅ​ពេល​ខាង​មុខ​។

៤) ​រៀន​សន្សំ​លុយកាក់​៖
​ការ​សន្សំ​លុយកាក់​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​។ ​ចំពោះ​អ្នក​ដែល​មាន​វ័យ​ខ្ទង់​២០​ គឺ​គួរតែ​គិតគូរ​លើ​​ចំណុច​នេះ​ឲ្យ​បាន​ល្អិតល្អន់​បន្តិច​ ព្រោះ​ថា​បើ​ចេះតែ​ចាយ​ខ្ជះខ្ជាយ​នោះ​ ​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​ ប្រើប្រាស់​លុយកាក់​ដែល​រក​បាន​ឲ្យ​មាន​ប្រយោជន៍​ច្រើន​​សម្រាប់​​ជីវិត​នោះ​ទេ។​ បើ​មិន​ព្យាយាម​សន្សំ​ឲ្យ​បាន​ច្រើន​ទេ​ នោះ​ដល់​ពេល​វ័យ​ចាស់​បន្តិច​ អ្នក​នឹង​ដឹង​ថា ​ខ្លួន​ពិត​ជា​ខុស​។

៥) ​​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញចិត្ត៖
​ត្រូវ​ចាំ​ថា ​មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​ថា ពេញចិត្ត​អ្វី​ និង ចូលចិត្ត​អ្វី ​ហើយ​អ្នក​ដទៃ​មិន​ងាយ​អាច​តម្រូវ​ចិត្ត​អ្នក​១០០​ភាគរយ​ឡើយ​។ ដូច្នេះ​ហើយ​ អ្នក​មិន​គួរ​ធ្វើ​អ្វី​តាម​ការ​ចង់បាន​របស់​អ្នកដទៃ​នោះ​ឡើយ​ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា គ្មាន​ក្តី​សុខ​ក្នុង​ចិត្ត​ ហើយ​អ្វីៗ​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។ ​ផ្ទុយ​ទៅវិញ​ ប្រសិនបើ​អ្នក​​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​​​ អ្នក​នឹង​ធ្វើ​វា​យ៉ាង​អស់​ពី​ចិត្ត និង មាន​សេចក្តី​សុខ​ផង​ដែរ។​

​៦) ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ៖
​​សុខភាព​គឺ​ជា​រឿង​សំខាន់​បំផុត​ សម្រាប់​មនុស្ស​រាល់​គ្នា។ បើ​ទោះ​បី​ជា​មាន​លុយ​ច្រើន​ប៉ុណ្ណា​ តែ​បើ​សុខភាព​​មិន​ល្អ​​ ​នោះ​ជីវិត​របស់​អ្នក​គឺ​សឹង​តែ​គ្មាន​ន័យ​អ្វី​ដដែល​។​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ អ្នក​គួរតែ​ចេះ​យកចិត្ត​ទុកដាក់​ និង ថែរក្សា​ឲ្យ​បាន​ល្អ​បំផុត។ ​សម្រាប់​អ្នក​វ័យ​ខ្ទង់​២០​ មួយ​ចំនួន​ហាក់​ធ្វេសប្រហែស​ ព្រោះ​អាង​តែ​កម្លាំង​នៅ​មាន​​ ដោយ​ផឹកស៊ី​មិន​គិត​ ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ចុះ​ខ្សោយ​បន្តិច​ម្តងៗ៕

Sunday, September 6, 2015

កំហុស​​ធំៗ​ទាំង​៦ ​របស់​យុវជន​​នៅ​មុន​អាយុ​៣០

តើ​ប្រិយមិត្ត​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​មុន​អាយុ​៣០? តើ​លោក​អ្នក​មាន​ការ​ស្តាយក្រោយ​ដែរ​ឬ​ទេ​​ក្រោយ​​ពេល​ឆ្លង​ផុត​ពី​វ័យ​នេះ? ពិត​មែន​ហើយ​ទោះបី​ជា​ចម្លើយ​បែប​ណា​ក៏ដោយ ​ចម្លើយ​​តែ​មួយ​គត់​ដែល​​លោក​អ្នក​​ចង់​បាន គឺ​ជា​​សមិទ្ធផល​ដ៏​ល្អ​​ដែល​គ្មាន​ពាក្យ​ថា​ស្តាយក្រោយ។ ឥឡូវ​នេះ​ សម្រាប់​ប្រិយមិត្ត ដែល​​មិន​ទាន់​ឆ្លងកាត់​ក្តី កំពុង​ឆ្លងកាត់​ក្តី ឬ ឆ្លង​ផុត​វ័យ​នេះ​ហើយក្តី សូម​សាកល្បង​​ស្វែង​យល់​អំពី​ចំណុច​​ទាំង​៦យ៉ាងខាងក្រោម ​ទាំង​អស់​គ្នា​ ថាតើ​កំហុស​ភាគ​ច្រើន​របស់​យុវជន​នៅ​ក្រោម​អាយុ​៣០ ​មាន​អ្វី​ខ្លះ?

១) មើល​រំលង​ឱកាស​ពង្រឹង​អាជីព​ការងារ​​របស់​ខ្លួន

មនុស្ស​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ​ទៅ​ហើយ​ នៅ​ពេល​​ឈាន​ជើង​ចូល​ក្នុង​វ័យ​រាង​ជ្រេ​បន្តិច​ ​ហើយ​ពោល​ពាក្យ​ថា​ស្តាយក្រោយ​​ដែល​មិន​បាន​ស្វែង​រក​ធនធាន​អ្វី​ ឬ មូលដ្ឋាន​គ្រឹះ​នានា​មក​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​កាល​ពី​​អាយុ​ក្រោម​៣០។ ការពិត​នៃ​កំហុស​ដ៏​ធំ​របស់​មនុស្ស​នៅ​ក្នុង​វ័យ​នេះ គឺ​ការ​ឲ្យ​តម្លៃ​លើ​លុយ​ជាជាង​ស្វែងរក​​ការងារ​ណា​មួយ​ដែល​ត្រូវ​នឹង​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន។ ​​
ការងារ​បែប​នេះ​​ពិត​ជា​មិន​អាច​ឆ្លើយ​តប​តាម​មហិច្ឆតា​របស់​ខ្លួន​​នោះ​ឡើយ ​ហើយ​ទី​បំផុត​មាន​តែ​ពាក្យ​បរាជ័យ​ប៉ុណ្ណោះ។ បើ​សិន​ជា​អ្នក​ចង់​​បើក​អាជីវកម្ម ឬ គម្រោង​អ្វី​មួយ ​ក្នុង​ដំណាក់​កាល​​បន្ទាប់​ពី​នេះ​​ វា​ច្បាស់​ជា​កាន់តែ​ពិបាក​​​ ដោយហេតុ​ថា​​បាតគ្រឹះ​របស់​ខ្លួន​មិន​រឹងមាំ ប្រៀបបាន​នឹងអគារមួយ​ដែល​មិន​បាន​បុកគ្រឹះឲ្យ​រឹងមំា​ពីក្រោម​មក សួរថា​តើ​វា​អាច​ទ្រ​ទម្ងន់​អគារកម្ពស់​ច្រើន​ជាន់​ម្ដេចបាន? មនុស្ស​យើ​ង​ក៏ដូចគ្នា តែ​កាលណា​គ្មាន​បាតគ្រឹះ​រឹងមាំ​ពីក្រោម​មក ច្បាស់​ជា​មាន​គោល​ជំហរឃ្លេងឃ្លោង មិន​ដឹង​ចាប់អី ស្រវា​អីទេ ហើយ​រ៉ាប់រងបន្ទុក​ក៏​កាន់​តែ​ច្រើន​ឡើងៗ។ ដំណោះស្រាយ​ដ៏​ល្អ លោក​អ្នក​ត្រូវ​សម្លឹង​មើល​​ការងារ​ដែល​ខ្លួន​ស្រលាញ់ ជាជាង​​លើក​យក​ប្រាក់ខែ​ធ្វើ​ជា​ត្រី​មុខ និង ត្រូវ​ស្វះស្វែង​បង្កើន​​ធនធាន​នានា​​យក​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់​អាជីព​ការងារ​​របស់​ខ្លួន​​ឲ្យ​បាន​រឹងមាំ​​ជា​មុន ទើប​​​ជា​ការ​ប្រសើរ​។​​​​

២) ឲ្យ​តម្លៃ​ការងារ​ខ្ពស់​ ​មិន​យកចិត្ត​ទុកដាក់​​គ្រួសារ

ការ​ស្រលាញ់​ការងារ​​គឺ​ជា​រឿង​ល្អ តែ​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ​ប្រសិន​បើ​នៅ​ក្នុង​​អារម្មណ៍​របស់​អ្នក​ដក់​ជាប់​តែ​ការងារ មិន​​បាន​បែងចែក​ពេលវេលា​មួយ​ចំនួន​ មក​​យក​ចិត្ត​ទុកដាក់​ដល់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ អ្នក​ដែល​​មិន​ទាន់​មាន​គ្រួសារ​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ណា​​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​​គ្រួសារ​រួចហើយ​ ពិត​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុភមង្គល​របស់​ខ្លួន។
អ្នក​មិន​គួរ​ប្រកាន់​យក​ទស្សនៈ «ឲ្យ​តែ​មាន​លុយ​​ ទោះបី​អាយុចាស់​ប៉ុណ្ណា ក៏មាន​សេចក្ដី​សុខ​» ​នោះ​ឡើយ។ ដូច្នេះ​ សូម​មាន​ការ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់​​ពី​ស្ថានភាព​ការងារ និង គ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​សម្រេច​ចិត្ត​អនុវត្ត​ផែនការ​របស់​អ្នក ព្រោះ​មិន​ប្រាកដ​ថា​លុយ​តែ​មួយ​មុខ​អាច​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​មាន​សុភមង្គល​បាន​នោះ​ទេ។​​​

៣) មិន​យក​ចិត្ត​ទុកដាក់​​ថែទាំ​សុខភាព

ក្នុង​វ័យ​នេះ​ យុវជន​​មួយ​​ចំនួន​ ​ចូលចិត្ត​ទំនាក់ទំនង​​ និង​ ជួបជុំ​ជា​មួយ​មិត្តភក្ដិ ឬ ចូលរួម​កម្មវិធី​សប្បាយៗ ជា​ច្រើន​ដែល​នេះ​​ជៀស​មិន​ផុត​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ដែរ​យុវជន​​ផ្សេង​ទៀត ប្រឹងធ្វើការមិន​ខ្លាចនឿយហត់ មិន​ថា​យប់ថ្ងៃ ធ្វើ​យ៉ាងដូចម្ដេងក៏​ដោយឲ្យ​តែ​បាន​លុយ ​​ដើម្បី​ឲ្យ​អនាគត​របស់​ខ្លួន​ល្អ​ប្រសើរ​ឡើង​ រហូត​ដល់​ភ្លេច​បាយ​​ភ្លេច​ទឹក ជា​ពិសេស​សុខភាព​របស់​ខ្លួន​តែម្តង។ មើលទៅ​ ប្រហែល​ជា​បុគ្គល​ទាំង​នេះ​យល់​ថា របស់​ទាំងអស់​​នេះ​សុទ្ធតែ​មាន​​តម្លៃ​ខ្លាំង​ណាស់​​ហើយ​សម្រាប់​ខ្លួន។
តាម​ការ​ពិត​ សុខភាព​ឯណេះ​ទេ ​ដែល​​​មាន​តម្លៃ​​ជាង​នេះ​ទៅទៀត ព្រោះ​ថា បើ​សុខភាព​របស់​អ្នក​មិន​ល្អ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​​បាន​ទៅ? ដូច្នេះ​ហើយ ទន្ទឹម​នឹង​ការងារ ឬ ទទួល​ទាន​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​​ គួរ​ពិចារណា​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​របស់​ខ្លួន​ផង​ដែរ​ ដូច​ជា​ធ្វើ​លំហាត់​ប្រាណ (physical exercise) លេង​កីឡា (sports) ឬ ជជែក​កម្សាន្ត​ជា​មួយ​មិត្តភក្ដិ ដើម្បី​កាត់​បន្ថយ​​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែល​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព។

៤) មិន​​សន្សំ​ប្រាក់​​សម្រាប់​អនាគត​របស់​ខ្លួន

ពិត​ណាស់​ដែល​ថា យុវជន​ភាគ​ច្រើន​នៅ​ក្នុង​វ័យ​​នេះ​ត្រូវ​ការ​ប្រាក់ ឬ ​រាង​ខ្ជះខ្ជាយ​ប្រាក់​ច្រើន​បន្តិច​ សម្រាប់​ចំណាយ​លើ​ការ​ស្លៀកពាក់ ស្នាក់​នៅ ហូបចុក ឬ ចូលរួម​​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជា​មួយ​មិត្តភក្ដិ​ជា​ដើម ហាក់​ដូច​ជា​មិន​សូវ​សល់​ប្រាក់​ច្រើន​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត វា​ជា​ដំណាក់​កាល​មួយ​ដែល​យុវជន​នៅ​មាន​បទពិសោធ​ស្តួចស្តើង​ ជា​ពិសេស​លើ​ជំនាញ​​​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ​តែម្តង​ សម្រាប់​​គម្រោង​នានា​​នៅ​ថ្ងៃ​ខាងមុខ។
ទោះបី​ជា​យ៉ាង​នេះ​ក្តី ការ​សន្សំ​ប្រាក់​​ទុក ​លោក​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ដាច់ខាត​ក្នុង​ពេល​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ព្រោះ​ថា​​ភាព​ធ្វេសប្រហែស​នេះ​នឹង​នាំ​ឲ្យ​លោកអ្នក​មាន​​ភាព​ស្តាយក្រោយ​មិន​ខាន ត្បិតអី​ជីវិត​នៅ​មាន​ដំណើរ​វែងឆ្ងាយ​ទៅ​មុខ​ទៀត។ ស្រប​ពេល​ដែល​ទំនូល​ខុសត្រូវ​របស់​អ្នក​កាន់តែ​​ធំ​ឡើង​ជា​លំដាប់​ លោក​អ្នក​នៅ​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ និង​​​ចំណាយ​​​​ដូច​ជា ការ​ពង្រីក​អាជីព មុខរបរ​របស់​ខ្លួន គ្រួសារ ឬ ស្ថានភាព​ផ្សេងៗ​ទៀត​ដែល​កើត​ឡើង​ជា​យថាហេតុ។

៥) មិន​ឲ្យ​តម្លៃ​ដល់​​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​

លោក​អ្នក​ច្បាស់​ជា​​ធ្លាប់​ឮ​​គេ​និយាយ​ថា “ក្មេង​ឈាម​រាវ​” ជា​ពិសេស​ពី​មនុស្ស​វ័យ​ចំណាស់ ដែល​យល់​ថា យុវជន​​ភាគ​ច្រើន​ធ្វើ​អ្វីៗ​ដោយ​​គ្មាន​ហេតុផល ឬ ឆាប់​ឆេវឆាវ​ ខ្វះ​ការ​ពិចារណា​ឲ្យបាន​ល្អិតល្អន់។ ​នេះ​ពិត​ជា​រឿង​ត្រឹមត្រូវ ហើយ​លោក​អ្នក​អាច​វាស់​ស្ទង់​​ចិត្តសាស្ត្រ​ខ្លួនឯង​បាន​ ពេល​​​ឆ្លងកាត់​ក្នុង​វ័យ​នេះ។ ​មាតា បិតា ឬ អាណាព្យាបាល ​គឺ​ជា​បុគ្គល​ដែល​រង​គ្រោះ​លើ​បញ្ហា​នេះ​​ជាងគេ ដែល​​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​​ល្អ​ប្រសើរ​ជាង​នេះ ត្បិតអី​យុវជន​ប្រព្រឹត្ត​​អំពើ​ឆ្គាំឆ្គង​ច្រើន​ក្នុង​វ័យ​នេះ។
ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា យុវជន​​គ្រប់រូប​អាច​ស្គាល់​ខ្លួន​ឯង​ និង យល់​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ដល់​កម្រិត​ណា?​ មាន​យុវជន​មិន​តិច​ទេ ​បាន​​បោះបង់​ និង មិន​ឲ្យ​តម្លៃ​គ្រួសារ ឬ មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​​ព្រោះ​ការ​សម្រេចចិត្ត​​ដ៏​គ្មាន​ហេតុផល​មួយ​ តែ​បាន​​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅ​ពេល​ដល់​វ័យ​កាន់តែ​ចាស់ ជា​ពិសេស​នៅ​ពេល​ដែល​ក្លាយ​ជា​ឪពុក​ម្តាយ​របស់​គេ។ រឿង​ដែល​ល្អ ​ជៀសវាង​បញ្ហា​នេះ លោកអ្នក​គ្រាន់តែ​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ហេតុផល​បន្តិច ពោល​គឺ​គិត​ឲ្យ​បាន​​ទូលំទូលាយ​មុន​នឹង​​សម្រេចចិត្ត​ធ្វើ​កិច្ចការ​នោះ​ ទើប​លទ្ធផល​​​អាច​ប្រសើរ​ឡើង​​ជាង​នេះ។​

៦) ធ្វើ​ឲ្យ​ជីវិត​​មាន​ភាព​ទុក្ខព្រួយ​ច្រើន

គ្មាន​អ្នកណា​ម្នាក់​នៅ​លើ​លោក​យើង​នេះ​ អាច​គេច​ផុត​ពី​ភាព​ទុក្ខសោក ឬ រឿងរ៉ាវ​លំបាកៗ​ជា​ច្រើន​នោះ​ឡើយ​​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។ ​បើ​មិន​លំបាក​ផ្លូវកាយ ក៏​លំបាក​ផ្លូវ​ចិត្ត​ដែរ។ ទោះបី​ជា​រឿង​​រ៉ាង​ទាំង​នោះ​​ធ្វើ​ឲ្យ​លោក​អ្នក​ខកចិត្ត​​មិន​អាច​​ដូច​ក្តី​ប្រាថ្នា​របស់​ខ្លួន​យ៉ាង​ណា​ក្តី អ្នក​ត្រូវ​មាន​ហេតុផល និង​ ក្តី​សង្ឃឹម​ដោយ​​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ថា អ្វីៗ​នឹង​មាន​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​​ចាកចេញ​ពី​កន្លែង​នេះ​បាន​។
ហេតុដូច្នេះ ចូរ​ញញឹម​ឡើង​ហើយ​​ប្រើ​ខ្សែជីវិត​របស់​អ្នក​ឲ្យ​សប្បាយ​រីករាយ​ឡើង កុំ​​ដាក់ខ្លួន​ឲ្យ​ស្ថិត​នៅ​​ក្រោម​ទាសករ​នៃភាព​ទុក្ខព្រួយ​ឲ្យ​សោះ។ ត្រូវ​​​ធ្វើ​ការងារ​ដែល​មាន​តម្លៃ ​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង បង្កើត​ភាព​សប្បាយៗ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ។ អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត និង ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​ថា​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​​អាច​ជួយ​ខ្លួន​ឯង​​បាន ហើយ​ត្រូវ​ខ្សឹប​ប្រាប់​ខ្លួនឯង​​ថា លទ្ធផល​វិជ្ជមាន​មួយ​នឹង​​កើត​ឡើង បើ​អ្នក​បាន​ប្ដេជ្ញា​ចិត្ត​​ថា​នឹង​ធ្វើ​វា​ឲ្យ​បាន​ជោគជ័យ​ហើយ​នោះ៕

Tuesday, September 1, 2015

គុណ​តម្លៃ១១យ៉ាង​ ដែល​​យុវជន​​ត្រូវ​មាន​​​​មុន​អាយុ​៣០!

គ្មាន​អ្នកណា​ម្នាក់​អាច​មាន​​​អាយុ ​២០ ឆ្នាំ ឬ ៣០​ឆ្នាំ​ ពីរ​ដង​នោះ​ឡើយ ​​ក្នុង​មួយ​ឆាកជីវិត​របស់​​​មនុស្ស​ តែ​អ្វី​ដែល​សំខាន់​ត្រង់​ថា ​តើ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​វ័យ​នេះ? មនុស្ស​មួយចំនួន​បាន​ឆ្លងកាត់​វ័យ​នេះ​ទាំង​មិន​ដឹង​ខ្លួន ខណៈ​មនុស្ស​មួយចំនួន​ទៀត​បាន​ត្រៀម​ខ្លួន​​យ៉ាង​ល្អ​ខិតខំ​​​ក្រេប​យក​ចំណេះដឹង និងបទពិសោធន៍​ល្អៗ​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ផ្លែផ្កា​ត្រចះត្រចង់​នៅ​មជ្ឈិមវ័យ។

ឥឡូវ​នេះ​ សម្រាប់​ប្រិយមិត្ត ជា​ពិសេស​លោក​អ្នក​ដែល​មាន​អាយុ​ក្រោម ​៣០​ឆ្នាំ​ ដែល​ចង់​​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​​គុណភាព​ និង​រស់រវើក​​ជានិច្ច​ គួរ​ស្វែងយល់​​ចាប់​យក​គុណ​តម្លៃ​ទាំង​ ១១ យ៉ាង​ខាងក្រោម​​នេះ ​​​មក​អនុវត្ត​វិញ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ ដើម្បី​ជៀសវាង​ភាព​ស្តាយក្រោយ​​ដោយ​ប្រការ​ណា​មួយ។​​​​​​


១) ​ផ្ដោត​យកចិត្តទុកដាក់ (Focus)

«​ភាព​ស្ងប់ស្ងៀម​ គឺ​ជា​ពេលវេលា​ដ៏​សមគួរ​សម្រាប់​អ្នក​ដើម្បី​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​ផែនការ​អ្វី​មួយ»។ លោក Stephen Richards អ្នកនិពន្ធ​សៀវភៅ​អង់គ្លេស។​

ការ​ផ្ដោត​យក​ចិត្ត​ទុកដាក់ ​គឺ​ជា​គុណសម្បត្តិ​មួយ​ដែល​មនុស្ស​គ្រប់រូប ជា​ពិសេស​យុវជន​ត្រូវ​​​​មាន​​សម្រាប់​បណ្ដុះ​ប្រាជ្ញា​ស្មារតី​​ និង​ដាស់តឿន​ខ្លួនឯង​​ប្រមូល​ផ្តុំ​ធនធាន​ផ្សេងៗ​សម្រាប់​បាញ់​ឆ្ពោះទៅ​រក​គោលដៅ​​ដែល​បាន​​កំណត់។ ការ​​ស្ងប់ស្ងៀម គឺ​ជា​​​​ផ្លូវ​​ដែល​​​ល្អ​ប្រសើរ​​​ដើម្បី​​​ផ្ដោត​យក​ចិត្ត​ទុកដាក់​​ទៅ​​អ្វី​ដែល​អ្នក​​​ចង់​បាន ហើយ​​ត្រូវ​ធ្វើ​​​ជានិច្ច​ មិន​ថា​​នៅ​កាលៈទេសៈ​ណា​នោះ​ទេ ព្រោះ​ថា​ការ​យក​ចិត្ត​ទុកដាក់​កាន់តែ​ច្រើន ភាគរយ​នៃ​ភាព​ជោគជ័យ​​​លើ​សកម្មភាព​​មួយ​ក៏​​មាន​ច្រើន​ទៅ​តាម​​នោះ​ដែរ។


​​​​​​​២) ទេពកោសល្យ (Talent)

«មនុស្ស​គ្រប់គ្នា​មាន​ទេពកោសល្យ។ ​មនុស្ស​ដែល​ចេះ​ប្រើ​ទេពកោសល្យ​របស់​ខ្លួន នឹង​អាច​ហែល​ផុត​ពី​ភាព​ខ្មៅ​​ងងិត​បាន​យ៉ាង​ងាយស្រួល»។​ អ្នកស្រី Erica Jong អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក​​របស់​អាមេរិក។

ទេពកោសល្យ​ពិត​ជា​មាន​សារសំខាន់​ណាស់​ សម្រាប់​មនុស្ស​គ្រប់រូប។ បុគ្គល​ណា​ក៏ដោយ ដែល​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​បាន​​កាន់តែ​ច្រើន គឺ​កាន់តែ​មាន​ទំនុក​ចិត្ត និង​កាន់​តែ​ជោគជ័យ។ មនុស្ស​ម្នាក់ៗ ​មិន​ត្រូវ​មើល​រំលង​ចំណុច​​នេះ​ឡើយ ព្រោះ​ថា​ អ្នក​​ដែល​ចេះ​ប្រើ​ទេពកោសល្យ​​របស់​ខ្លួន​បាន គឺ​ជា​អ្នក​ដែល​ដឹង​​ពី​ភាព​ខ្លាំង និង ភាព​ខ្សោយ​ខ្លួនឯង។



៣) ការ​អត់ធ្មត់ (Patience)


«​ធ្វើ​ខ្លួន​ឲ្យ​ដូច​ទឹកទន្លេ​​តែ​​​ទឹកហូរ​យឺតៗ ​និង​​​ទៅមុខ​ជា​និច្ច»។ លោក A.A. Milne អ្នកនិពន្ធ​​​សៀវភៅ​របស់​អង់គ្លេស។

ការ​អត់ធ្មត់​គឺ​ជា​កាយវិការ​មួយ​ក្នុង​ការ​រង់ចាំ ឬ ការ​​បើក​ចិត្ត​ទទួល​យក​ស្ថានការណ៍​មួយ​យ៉ាង​ចំហ​ដោយ​មិន​ចេះ​តក់ក្រហល់។ ​មនុស្ស​ដែល​មាន​ការ​អត់ធ្មត់​ខ្ពស់ គឺ​ជា​មនុស្ស​ដែល​មាន​​ភាព​ជឿជាក់ ឲ្យ​តម្លៃ​លើ​​តថភាព​ (ភាព​ពិត) ដែល​នឹង​អាច​ទទួល​បាន​សមិទ្ធផល​​​ជា​វិជ្ជមាន​ទោះ​ក្នុង​ស្ថានការណ៍​ណា​ក៏ដោយ។ បើ​លោក​អ្នក​មិន​មាន​ការ​អត់ធ្មត់​ខ្ពស់ ​គួរ​រៀនសូត្រ​ចំណុច​នេះ​ឲ្យ​បាន​ច្រើន​ភ្លាម​ទៅ ព្រោះ​ថា វា​ជា​ដំណើរ​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត និង​ ផ្លូវកាយ​សម្រាប់​​ខ្លួន​ឯង និង អ្នក​ដទៃ។

៤) ភាព​វិជ្ជមាន (Positivity)

«ទោះជា​​ដុំ​ពពក​​​​​នាំ​ភ្លៀង ឬ ខ្យល់ព្យុះ​​​មក​ជាមួយ​ ​យ៉ាងហោចណាស់​វា​​ក៏​បាន​ជួយ​​បន្ថែម​ពណ៌​ឲ្យ​ផ្ទៃមេឃ​ដែរ»។ លោក Rabindranath Tagore អ្នក​អក្សរសាស្ត្រ​និយម​​​មក​ពី​តំបន់​បេងហ្គាល់​ (Bengal)​​

​អរគុណ​ដល់​លោក Tagore ​ដែល​បាន​ផ្តល់​ដំបូន្មាន​នេះ ព្រោះ​ថា​បើ​យោង​តាម​ស្ថានភាព​ជាក់ស្តែង ​មនុស្ស​​មួយចំនួន​​បាន​គិត​អវិជ្ជមាន​ចំពោះខ្លួន​ឯង​ដែរ​។ ដូច្នេះ​ហើយ ​វា​គួរតែ​មាន​អ្វី​ម្យ៉ាង​សម្រាប់​ឲ្យ​មនុស្ស​ប្រភេទ​នេះ​ស្វែង​យល់​ហើយ។

យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ​គួរណាស់តែ​មាន​គំនិត​​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង និង អ្វីៗ​ដែល​មាន​នៅ​ជុំវិញ​ខ្លួន។ បញ្ហា​​ គឺ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស តែ​អ្វី​ដែល​សំខាន់​ត្រូវ​មាន​​គំនិត​វិជ្ជមាន​ ផ្ដោត​លើ​ដំណោះស្រាយ​ជា​សំខាន់ ទើប​អ្នក​អាច​គេច​ផុត​ពី​ក្រញាំ​​​ទុក្ខព្រួយ​បាន​។​​​​​

…សិល្បៈ​ចាយ​លុយ​ ៤​ របៀប ចំណាយ​​លុយ​កាន់តែ​ច្រើន ​​​កាន់តែ​មាន​ចំណូល​…



៥)​ បទពិសោធន៍ (Experiences)


«បរាជ័យ​ គឺ​ជា​បទពិសោធន៍​​ផ្តល់​រសជាតិ​ជីវិត​​ឲ្យ​​មាន​ភាព​ជោគជ័យ»។ លោក Truman Capote អ្នក​និពន្ធ​​សៀវភៅ​​អាមេរិក។

បទពិសោធន៍​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ ដរាបណា​អ្នក​មិន​ទាន់​ស្លាប់។ ប៉ុន្តែ​ភាព​បរាជ័យ គឺ​ជា​បទពិសោធន៍​ដ៏​ល្អ​ផ្តល់​ទំនុកចិត្ត​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រឹងមាំ​បាន។ បើ​អ្នក​បរាជ័យ​​ ​អ្នក​មិន​ត្រូវ​បន្ទោស ឬ ដាក់​កំហុស​​ខ្លួនឯង​នោះ​ឡើយ​ព្រោះ​ថា វា​​ជួយ​បញ្ជាក់​ប្រាប់​អ្នក​ថា ​សមត្ថភាព​របស់​អ្នក​នៅ​មាន​កម្រិត។ ដូច្នេះ​ ត្រូវ​អរគុណ​ដល់​ភាព​បរាជ័យ ហើយ​​ព្យាយាម​បង្កើត​បទពិសោធន៍​ល្អៗ​​​ឲ្យ​បាន​កាន់តែ​ច្រើន មិន​ថា​ បទពិសោធន៍​​សិក្សា ​ការងារ ​ឬ សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នោះ​ទេ។

៦) មហិច្ឆតា (Ambition)

​​​​« ប្រាជ្ញា​ដែល​គ្មាន​មហិច្ឆតា ប្រៀប​ដូច​បក្សី​​​មាន​ស្លាប​ តែ​មិន​ចេះ​ហើរ​»។ លោក Salvador Dali វិចិត្រករ​អេស្ប៉ាញ។

​​មហិច្ឆតា គឺ​ជា​​សកម្មភាព​យ៉ាង​ស្វាហាប់​នៅ​ពេល​​ព្រឹកព្រលឹម​​ ផ្ដោត​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​អ្វី​មួយ​ដែល​នឹង​ត្រូវ​ធ្វើ​​​​ដោយ​​ក្តី​អន្ទះសា​។ នេះ​អាច​ជា​ការ​ ចាប់​អារម្មណ៍​ទៅ​​លើ​​ការ​សិក្សា ការ​ស្រាវជ្រាវ ការងារ ឬ ជា​​ការ​ប៉ុនប៉ង​បង្កើត​សមិទ្ធផល​មួយ​​ក្នុង​ពេល​​ខាងមុខ។

វ័យ​ក្រោម​ ៣០ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​បង្កើត​មហិច្ឆតា​ឲ្យ​បាន​​ធំ​ទៅ​​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន ពីព្រោះ​ថា នៅ​ពេល​អនាគត វា​នឹង​ធ្វើ​ឲ្យ​​អ្នក​អាច​សម្រេច​បាន​គោលដៅ​នោះ​ដោយ​​មិន​សោកស្តាយ។ បើ​អ្នក​គ្មាន​មហិច្ឆតា​ទេ ត្រូវ​រក​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ជា​គោលដៅ​របស់​អ្នក ​ហើយ​បង្កើត​មហិច្ឆតា​ធ្វើ​សកម្មភាព​ឈោង​ចាប់​គោលដៅ​នោះ។



…បុគ្គល​គំរូ១០រូប ​​​​អភិវឌ្ឍ​​ខ្លួន​ពី​ជន​ក្រីក្រ​​​​​បំផុត​ទៅ​ជា​មហាសេដ្ឋី​ពិភពលោក…

៧) ស្គាល់​ខ្លួន​ឯង (Self-awareness)

«ជីវិត​ដែល​គ្មាន​ការ​ត្រួតពិនិត្យ គឺ​ជា​ជីវិត​ដែល​គ្មាន​តម្លៃ»។​ លោក Socrates ទស្សនវិទូ​​ក្រិក។

ការ​ស្គាល់​ខ្លួនឯង គឺ​ជា​រឿង​អាទិភាព​មុន​នឹង​អ្នក​ស្គាល់​អ្នក​ដទៃ។ អ្នក​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​ មានន័យ​ថា អ្នក​កាន់តែ​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​កាន់តែ​ច្រើន ហើយ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជួសជុល​ឡើងវិញ ឬ ត្រូវ​បំពេញ​បន្ថែម​ទើប​ជីវិត​របស់​អ្នក​មាន​តម្លៃ​​។ ដើម្បី​ស្គាល់​ខ្លួនឯង អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​រាល់​កាល​សម្រេចចិត្ត​របស់​ខ្លួន​ដោយ ​បញ្ចប់​វប្បធម៌​យកលេស​ដោយ​គ្មាន​ហេតុផល ហើយ​ត្រូវ​ស្វែង​គន្លឹះ​ជា​ដំណោះស្រាយ​វិញ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង។​​​

៨) ទំនុកចិត្ត​​ (Trustworthiness)

«ខ្ញុំ​មិន​អន់​ចិត្ត​នោះ​ទេ​ដែល​អ្នក​កុហក​ខ្ញុំ។ តែ​អ្វី​ដែល​ខ្ញុំ​អត់​ចិត្ត​គឺ​ថា ចាប់​ពី​ថ្ងៃ​នេះ​តទៅ​​អ្នក​លែង​បាន​​កុហក​ខ្ញុំ​តទៅ​ទៀតហើយ»។ លោក Friedrich Nietzsche ទស្សនវិទូ​អាល្លឺម៉ង់។

ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក​ក្នុង​សកម្មភាព​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ ពិត​ជា​សំខាន់ និង​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ពិភពលោក​ទាំងមូល។ អ្នក​ត្រូវ​កសាង​ទំនុកចិត្ត​នេះ​ឲ្យ​បាន​​កាន់តែ​ច្រើន​ពី​​​​​​អ្នក​ដទៃ​ចំពោះ​​អ្វី​ដែល​អ្នក​គិត​ថា ទំនាក់ទំនង​រវាង​អ្នក​នឹង​​មនុស្ស​ទាំងនោះ​នឹង​ផ្តល់​មក​​វិញ​ដែល​នោះ ​គឺ​គុណ​តម្លៃ​​ជីវិត។ រឿង​សាមញ្ញ​មួយ​​ចំនួន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ចំណុច​នេះ​ គឺ​កុំ​សន្យា​នូវ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន និង សូមទោស​ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​ទៅ​រួច ឬ មិន​ត្រូវ​ដាក់​មន្ទិល​សង្ស័យ​ខ្ពស់​ពេក​ទៅ​អ្នក​ដទៃ។ ពិនិត្យ​មើល​ឲ្យ​ច្បាស់ៗ និង​ មាន​ភាព​ប្រកដប្រជា ទើប​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។​​​​



​៩) ភាព​ជឿជាក់ (Confidence)

«សុទិដ្ឋិនិយម គឺ​ជា​ជំនឿ​ដែល​នាំទៅរក​ភាព​ជោគជ័យ។ គ្មាន​អ្វី​មួយ​អាច​សម្រេច​បាន​ដោយ​គ្មាន​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​នោះ​ឡើយ»។ អ្នកស្រី Hellen Keller សកម្មជន​នយោបាយ​អាមេរិក។

ក្រៅ​តែ​ពី​កម្លាំង​​កាយ ប្រាជ្ញ​ស្មារតី​​​​ភាព​ជឿជាក់ គឺ​ជា​លក្ខណសម្បត្តិ​ដ៏​ពិសេស​មួយ​ទៀត​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​ជា​ពិសេស​​យុវវ័យ។ វា​ជា​ជំនឿ​មួយ​បែប​ដែល​ប្រឆាំង​ទៅ​​ភាព​ទន់ខ្សោយ​ផ្លូវចិត្ត និង ទស្សនៈ​មួយ​ដែល​យល់​ថា ខ្លួន​ជា​ជនរងគ្រោះ​​បាត់បង់​ក្តី​សង្ឃឹម។ ការ​បណ្ដុះ​ឡើង​ភាព​ជឿជាក់​ក្នុង​​វ័យ​នេះ ​ជា​ពេល​ស័ក្តិសម​បំផុត​ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ការងារ​​សម្រាប់​ជីវិត​របស់​ខ្លួន។ ដូច្នេះ ត្រូវ​ចាប់​ផ្តើម​បង្កើត​ភាព​ជឿជាក់​សម្រាប់​ខ្លួន​ឯង និង ដាក់​តាម​ខ្លួន​ជានិច្ច​គ្រាប់​ជំហាន​ទាំងអស់ ទើប​អ្នក​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកដទៃ។


​​​១០) ទំនួលខុសត្រូវ (Responsibility) 

«សូម​ទុក​ពេល​ឲ្យ​គណបក្ស​សាធារណរដ្ឋ ឬ គណបក្សប្រជាធិបតេយ្យ​ឆ្លើយ​សំនួរ​នេះ ប៉ុន្តែ​ជា​សំនួរ​ដែល​ត្រឹមត្រូវ។ សូម​កុំ​ទុក​ពេល​ឲ្យ​ពួក​យើង​ជួស​​ជុល​កំហុស​អតីតកាល តែ​ត្រូវ​ទុក​ពេល​ឲ្យ​ពួក​យើង​ទទួលខុសត្រូវ​​នៅ​ពេល​អនាគត»។ លោក John F. Kennedy ​ប្រធានាធិបតី​ទី ​៣៥ ​របស់​អាមេរិក។

ទំនួលខុសត្រូវ​ គឺ​ជា​ទង្វើ​មួយ​ដែល​អ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​សម្រាប់​ខ្លួន​​ឯង ​ព្រម​ទទួល​ស្គាល់​លទ្ធផល​​មួយ​ដែល​​កើត​ចេញ​ពី​សកម្មភាព​របស់​ខ្លួន។ មិន​​ចំពោះ​ថា​ក្នុង​វ័យ​​ក្រោម ​៣០ នោះ​ឡើយ គឺ​មនុស្ស​គ្រប់រូប​ត្រូវ​​ទទួល​​ខុសត្រូវ​​រាល់​លទ្ធផល​ទាំងឡាយ​ណា​ដែល​កើត​ចេញ​ពី​សកម្មភាព​របស់​ខ្លួន​​នៅ​ពេល​កន្លង​មក​។ នេះ​ពិត​ជា​រឿង​​មួយ​សំខាន់​ទៅ​ហើយ តែ​អ្វី​ដែល​​កាន់តែ​មាន​សារសំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​​​ការ​រៀនសូត្រ​ពី​លទ្ធផល​នោះ​សម្រាប់​ជៀសវាង​នៅ​ពេល​អនាគត។

១១) ​ភាព​ច្នៃប្រឌិត (Creativity)

«ទោះជា​លំបាក​យ៉ាងណា​ក៏ដោយ យើង​ត្រូវតែ​បន្ត​​ឡើង​កាត់​​​ច្រាំង​ថ្ម​​ឱ្យ​ដល់​កំពូល​ភ្នំ ហើយ​ត្រូវ​​ដាក់​ស្លាប​ពេល​​ចុះ​មកវិញ»។ លោក Kurt Vonnegut អ្នកនិពន្ធ​សៀវភៅ​​អាមេរិក។

ភាព​ច្នៃប្រឌិត គឺ​ជា​សិល្បៈ​​មួយ​ដែល​នាំ​មក​​​ការ​បង្កើត​សមិទ្ធផល​​ថ្មី​ប្លែក​​ខុស​ពី​អ្នក​ដទៃ​ តាម​រយៈ​ការ​​ស្រាវជ្រាវ​ច្នៃ​ចេញ​ចំណេះដឹង​របស់​ខ្លួន​ពី​ប្រភព​ផ្សេង​គ្នា។​ ក្នុង​វ័យ​នេះ អ្នក​ត្រូវ​បង្កើត​ភាព​ច្នៃប្រឌិត​ឲ្យ​​​កាន់តែ​ច្រើន​ឡើង​ដូច​ជា​នៅ​​ក្នុង​​វិស័យ​ការងារ ទំនាក់ទំនង ឬ ការ​ស្រាវជ្រាវ​ជា​ដើម​ ព្រោះ​ថា​ វា​ជា​គុណសម្បត្តិ​មួយ​ដែល​ធ្វើឲ្យ​អ្នក​មាន​​ប្រៀប​​ជាង​អ្នក​ដទៃ ​និង​អាច​កែប្រែ​សកម្មភាព​ដ៏​សាមញ្ញ​មួយ​​ទៅ​ជា​ជីវិត​ដ៏​ភ្លឺស្វាង​បាន៕​​

Monday, August 10, 2015

៥ មូលហេតុដែលបុគ្គលិក ត្រូវបញ្ឈប់ពីការងារ

To all our youths - you are the ones who dare to try, who make a difference, who help shape a better tomorrow. We celebrate your spirit, vitality and diverse talents. Happy Youth Day! 
We held our appreciation dinner last night for the major sponsors, partners and stakeholders involved in SEA GAMES 2015. Thank you everyone for walking this journey with us, and making this a truly extraordinary Jubilee Games!
ការធ្វើអាជីវកម្ម ប្រៀបដូចជា ការលេងល្បែង នៅពេលដែល និយោជក ចាប់ផ្ដើម ជ្រើសរើសបុគ្គលិក ថ្មីមកធ្វើការ។ ទោះបីជា មានគម្រោងការណ៍ ដ៏ត្រឹមត្រូវក្នុង ការជ្រើសរើសបុគ្គលិក, ពេលសំភាសន៍, ឬពេលកំពុងតែ បង្វឹកហាត់ការងារបុគ្គលិកនោះទេ ក្រុមហ៊ុននៅតែអាច ពើបប្រទះថា បុគ្គលិកថ្មីទាំងនេះ មិនសាកសមនឹង ការងារមួយនេះ។ 
ខាងក្រោមនេះ គឺជាមូលហេតុដ៏ចំបង ដែលនិយោជក តែងតែបញ្ឈប់បុគ្គលិក ខណៈដែល បុគ្គលិក ដែលទទួល ការបញ្ឈប់ពី ក្រុមហ៊ុន គួរតែ យល់ដឹងដូចគ្នា នេះបើតាម ការដកស្រង់ពី គេហទំព័របរទេស៖
  • គ្មានក្រមសីលធម៌៖ សម្រាប់ពាក្យមួយនេះ ពិតជាមានន័យ ទូលំទូលាយ ជាពិសេស សង្កត់ធ្ងន់ទៅលើ អត្តចរិក បូករួមនឹង គ្មានភាពស្មោះត្រង់, ការលួចបន្លំ, ចោរ ...។ល។  សកម្មភាពទាំងនេះ អាចជះនូវ ផលអាក្រក់ជាច្រើនពីខាងក្រៅ ដល់កេរ្ដិ៍ឈ្មោះរបស់ ក្រុមហ៊ុន និងផ្ទៃក្នុងនៃ ក្រុមហ៊ុនវិញ អាច បំផ្លាញដល់ វប្បធម៌ និងការរីកចម្រើន របស់ក្រុមហ៊ុនផងដែរ។
  • កាតព្វកិច្ចលើការងារ៖ ការងារ គឺជាកិច្ចព្រមព្រៀងមួយ ដែល បុគ្គលិក ត្រូវធ្វើការសន្យាថានឹង ផ្ដល់​នូវលទ្ធផល ល្អមកកាន់ ក្រុមហ៊ុន ជាមួយនឹង ការត្រលប់ទៅវិញ នូវ ប្រាក់កម្រៃឬ រង្វាន់ ដែលផ្ដល់ដោយ និយោជក។ ប្រសិនជា បុគ្គលិកទាំងឡាយ មិនអាច ធ្វើការបានជោគជ័យ ទៅតាម កាតព្វកិច្ច ដែលខ្លួនត្រូវអនុវត្ដន៍ តើពិតជាសាកសម នឹងទទួល ប្រាក់កម្រៃមកវិញ មែនទេ? សម្រាប់អាវជីកម្មតូចៗ មិនអាចមាន សមត្ថភាព ក្នុងការ បង់ប្រាក់កម្រៃទៅ កាន់បុគ្គលិក ដែលមិនអាចធ្វើការងារ ទៅតាមតួនាទីខ្លួន ជាពិសេស ក្រោយពី បុគ្គលិកទាំងនេះ តែងតែបរាជ័យ បន្ទាប់ពី ធ្វើការហ្វឹកហាត់ ជាច្រើនដង និងជាច្រើនសារ។
  • ខកខាន មិនមកធ្វើការ៖ ការខកខាន មិនមកធ្វើការ ជាញឹកញាប់ គឺជាហេតុផលដ៏ធំបំផុត ក្នុងការបញ្ឈប់ពី ការងារ ដែលនេះជាផ្នែក មួយនៃ កិច្ចព្រមព្រៀង ក្នុងការធ្វើការងារ។ ការខកខានមិនមកធ្វើការ គឺអាចបះពាល់ ទៅដល់ទិន្នផល ឬចង្វាក់នៃ ការផលិតរបស់ក្រុមហ៊ុន និង ប៉ះពាល់​ដល់បុគ្គលិក ដទៃទៀត។ 
  • មិនអាចអនុវត្ដន៍ទៅតាមគោលការណ៍៖ មុខងារ ប្រៀបដូចជា ម៉ាស៊ីនដែលប្រើប្រេង ដែលព្យាយាម បង្កើនទិន្នផលយ៉ាងណា ឲ្យកាន់តែធំ កាន់តែល្អ ដែលនេះគឺជាការ បង្កើនប្រសិទ្ធិភាព ក្នុងផ្នែកប្រតិបត្ដិការ ក៏ដូចជា ក្រុមហ៊ុន ពឹងផ្អែកទៅលើ បុគ្គលិកថា នឹងអាច អនុវត្ដន៍ការងារទៅតាម គោលនយោបាយ របស់ក្រុមហ៊ុន និងដំបូន្មានរបស់ អ្នកគ្រប់គ្រង។
  • បញ្ហាផ្ទាល់ខ្លួន៖ ជាបញ្ហា ដែលកើតចេញពី បុគ្គលដោយខ្លួនឯង ដូចជា ខ្វះភាពទាក់ទង ជាមួយនឹង មិត្ដរួមការងារ, មិនចុះសម្រុង, រឹងរូស ដែលទាំងនេះ អាចបំផ្លាញ ដល់ផលប្រយោជន៍ របស់ក្រុមហ៊ុនជាខ្លាំង៕

Friday, July 31, 2015

ទម្លាប់​​​ប្រចាំ​ថ្ងៃ​ទាំង​​ ៥​របស់​សហគ្រិន ​កាន់តែ​អនុវត្ត​កាន់តែ​ជោគជ័យ

គេ​បាន​រក​ឃើញ​ថា នៅ​លើ​លោក​​នេះ ​មាន​មនុស្ស​៣​ប្រភេទ​ គឺ​ប្រភេទ​ទី១ ជា​មនុស្ស​ដែល​​ដេក​ចាំ​មើល​ពី​​​អ្វី​​កើត​​មាន​ឡើង​ ប្រភេទ​ទី​២​ ជា​មនុស្ស​ដែល​​ព្រួយ​បារម្ភ​​​​ពី​អ្វី​​​កើត​​មាន​ឡើង និង ប្រភេទ​ទី​៣​ ជា​មនុស្ស​ដែល​​អាច​​​​ធ្វើ​ឲ្យ​​អ្វី​ៗ​​កើត​មាន​ឡើង​បាន។​



ប្រិយមិត្ត ឬ សហគ្រិន​ទាំង​អស់​​ច្បាស់ជា​មិន​​ចង់​ក្លាយ​ខ្លួន​ជា​​​ប្រភេទ​មនុស្ស​ទី១​និង​ទី២​នោះ​ឡើយ​ ហើយ​បើ​ចង់​ឲ្យ​​ខ្លួនឯង​ជា​មនុស្ស​​ក្នុង​ប្រភេទ​ទី​៣​ ​វា​ក៏​​មិន​មែន​ជា​រឿង​មួយ​ងាយ​ស្រួល​នោះ​​ដែរ។ ទម្លាប់​ទាំង​៥​យ៉ាង​ខាងក្រោម​នេះ ​អាច​ជា​​ពន្លឺ​​មួយ​ជួយ​ត្រួសត្រាយ​ផ្លូវ​​ឲ្យ​ប្រិយមិត្ត​ក្លាយ​ជា​​សហគ្រិន​ជោគជ័យ​បាន ប្រសិន​បើ​​​លោក​អ្នក​អាច​អនុវត្ត​វា​​ប្រចាំ​ថ្ងៃ​​បាន​នោះ។​



​១) ស្វាគមន៍​បរាជ័យ


ភាព​ជា​សហគ្រិន​មិន​ត្រូវ​គេចវេស​ ឬ បោះបង់ចោល​យល់​ព្រម​ចុះចាញ់​ឧបសគ្គ​ចំពោះមុខ​នោះ​ឡើយ។ អ្នក​ត្រូវ​រឹងមាំហ៊ាន​ប្រឈមមុខ​នឹង​ភាពបរាជ័យ ហើយ​ចាប់​ផ្តើម​ងើប​ដើរ​ម្តង​ទៀត​ដោយ​ក្លៀវក្លា ត្បិតអី​​វា​នឹង​បង្រៀន​អ្នក​ឲ្យ​​​សិក្សា​ស្វែងយល់ និង មាន​បទពិសោធន៍​​កាន់តែ​ច្រើន​ជាង​មុន ​ធ្វើ​ល្អ​ជាង​មុន​ជៀសវាង​​ដើរ​លើ​ដាន​ផ្លូវ​ចាស់​។ អ្នក​ត្រូវ​ចាំ​ថា អ្នកដទៃ​ជា​​អ្នក​លើក​ស្ទួយ​កម្លាំង​ទឹកចិត្ត​ដល់​​អ្នក ព័ត៌មាន​ជា​អាហារ​របស់​អ្នក អនុវត្ដ​ជា​ថ្នល់​កៅស៊ូ​ជួយ​​​​​​ឲ្យ​អ្នក​​ដើរ​ឆ្ពោះ​ទៅ​​រក​គោលដៅ​ដោយ​ជោគជ័យ​។ ប៉ុន្តែ ទាំង​នេះ​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​​ហើយ។



២) ប្រឈមមុខ​​​វាយ​បំបាក់​ភាព​​ភ័យខ្លាច​


ភាព​ភ័យខ្លាច​​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ស្ថានភាព​៣​យ៉ាង​គឺ​​

​ភ័យខ្លាច​ទី១: ​កើត​មាន​នៅ​ឡើង​នៅ​ពេល​ដែល​អ្នក​ភ័យ​ខ្លាច​បាត់បង់​វត្ថុ ឬ របស់​​​មាន​តម្លៃ​ណា​មួយ​។ ភ័យខ្លាច​ទី២: នេះ​ជា​ដំណាក់​កាល​មួយ​​ដែល​​ភាព​ភ័យខ្លាច​បាន​ក្លាយ​ជា​ស្រមោល​អន្ទោលតាមប្រាណ​នៅ​រាល់​ពេល​​​ដែល​អ្នក​ព្យាយាម​ធ្វើ​កិច្ចការ​ថ្មីៗ​ដោយ​មិន​ទាន់​ដឹង​លទ្ធផល​។ ​ភ័យខ្លាច​ទី៣: កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​មិន​ព្រម​​ទទួល​យក​​លទ្ធផល​ ឬ ការពិត​ដែល​​ខ្លួន​​បាន​​សម្រេចចិត្ត។ ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​មិន​ខុស​អី​ពី​ការ​មិនដឹង​ថា​ខ្លួន​កំពុង​ឈរ​នៅ​កន្លែង​ណា​នោះ​ឡើយ​។ អ្នក​ត្រូវ​រៀន​ពី​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​​លុបបំបាត់​ភាព​ភ័យខ្លាច​នេះ​ចោល បើ​មិន​ដូច្នេះ​ទេ​អ្នក​គ្មាន​ថ្ងៃ​​ប្រកប​កិច្ចការ​ធំៗ​បាន​ឡើយ។

​៣) ដាក់​បទបញ្ជា​ខ្លួន​ឯង 

មនុស្ស​គ្រប់គ្នា​​ចង់​ឃើញ​​អនាគត​របស់​ខ្លួន​មាន​លទ្ធផល​ល្អ​​​ក្នុង​ផ្លូវ​មួយ​វិជ្ជមាន​ជានិច្ច។ ប៉ុន្តែ ​អ្វី​ដែល​ជា​​​គ្រោះថ្នាក់​ដ៏​ធំ​គឺ​ការដែល​មិន​បាន​ធ្វើ​​អ្វី​​មួយ​ឲ្យ​ល្អ​​ជា​ដុំកំភួន​សម្រាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ​។ ដូច្នេះ​កុំ​​ស្រមៃ​ថា អនាគត​របស់​អ្នក​រុងរឿង​ដូច​អ្វី​ដែល​អ្នក​បាន​គិត​ទាល់តែ​សោះ។ អ្នក​ត្រូវ​ដាក់​បទបញ្ជា​ខ្លួន​​ឯង​ថា តើ​​ត្រូវ​ហាត់ពត់លត់ដំ​ខ្លួន​ឯង​​ដល់​កម្រិត​ណា​​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​នោះ។ ​ឃ្លា​ដ៏​ខ្លី​មួយ​ដែល​អ្នក​អាច​ពិចារណា​បាន​នោះ​គឺ« បើ​អ្នក​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​នេះ អនាគត​នឹង​រៀបចំ​ឲ្យ​អ្នក»។

​​​​

៤) គេង​ឲ្យ​បាន​គ្រប់គ្រាន់


សហគ្រិន​មួយ​ចំនួន​តែង​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​លើ​កិច្ចការ​អាជីវកម្ម​របស់​ខ្លួន​រហូត​ដល់​ភ្លេច​បាយ​ភ្លេច​ទឹក​ក៏​មាន​។ តែ​​​សហគ្រិន​ជោគជ័យ ត្រូវ​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​លៃលក​ពេល​វេលា​​ចូលគេង​​ឲ្យ​បាន​គ្រប់គ្រាន់។ ទទួលទាន​ដំណេក​គ្រប់គ្រាន់​នឹង​ធ្វើ​​ឲ្យ​ខួរក្បាល​របស់​អ្នក​ដំណើរ​ការ​​បាន​ល្អ មិន​ភ្លេចមុខភ្លេចក្រោយ​ ជា​ពិសេស​ថាមពល​សម្រាប់​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​រលូន​​ទៅ​មុខ​បាន។



៥) ចែករំលែក​ទៅ​អ្នក​ដទៃ


យោង​តាម​ការ​ស្រាវជ្រាវ​​របស់​​លោក Grant ប្រធាន​មូលនិធិ Grant​ Foundationបាន​បង្ហាញ​ថា មនុស្ស​ជោគជ័យ​គឺ​ជា​ប្រភេទ​បុគ្គល​ដែល​​សំបូរ​ទៅ​ដោយ​វប្បធម៌​ចែក​រំលែក​ជា​ប្រចាំ​ចំពោះ​អ្នក​ដទៃ។ ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ពោរពេញ​ដោយ​បទពិសោធន៍​ខ្ពស់​​​មួយ​រូប​ លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ ចែក​រំលែក​ចំណេះដឹង​របស់​គាត់​ទៅ​និស្សិត​នានា។

លោក​បាន​បញ្ជាក់​ថា ការ​ចែក​រំលែក​របស់​លោក​បាន​ស្តែង​ចេញ​ជា​​លទ្ធផល​តបស្នង​​​ និង ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​​មកវិញ​ទោះបី​ជា​លោក​មិន​ចង់​​​គិត​ពី​ចំណុច​នេះ​ក៏ដោយ ដែល​នេះ​ជំរុញ​ឲ្យ​លោក​មាន​ទឹកចិត្ត និង​ឆន្ទៈ​បំពេញ​តួនាទី​របស់​លោក​កាន់តែ​ជោគជ័យ​​ឡើង៕

Wednesday, July 29, 2015

មេរៀន​​​​​​​​​​​ល្អៗ​​ពី​វីរបុរស​អាមេរិក ​៥រូប ដែល​សហគ្រិន​គួរ​​ស្វែងយល់​​សម្រាប់​ដឹកនាំ​អាជីវកម្ម​​​​

នៅ​ពេល​បច្ចុប្បន្ន​នេះ​ មាន​ទ្រឹស្ដី​​​​​ច្រើនណាស់​​​ដែល​​បាន​លើក​​បង្ហាញ​ពី​យុទ្ធសាស្ត្រ​​​​​ធ្វើ​ឲ្យ​អាជីវកម្ម​​ទទួល​បាន​ជោគជ័យ​ដើម្បី​ឲ្យ​សហគ្រិន​រៀនសូត្រ​តាម។ ទោះ​ជា​យ៉ាងណាក្ដី មិនមែន​សហគ្រិន​ទាំងអស់​សុទ្ធតែ​ជោគជ័យ​នោះ​​ឡើយ ព្រោះ​ថា​ទ្រឹស្ដី​គ្រាន់តែ​ជា​ក្រដាស​បើ​ការ​អនុវត្ត​ជាក់ស្តែង​គ្មាន​ប្រសិទ្ធភាព។ ឥឡូវ​នេះ ​លោក​អ្នក​មាន​​មេរៀន​ថ្មី​មួយ​ទៀត​​​ពី​​វីរបុរស​ ​៥ រូប​​របស់​អាមេរិក​ដែល​​​​ទាំង​ទ្រឹស្ដី និង ការ​អនុវត្ត​​របស់​បុគ្គល​ឆ្នើមៗ​ទាំង​នេះ​បាន​បង្ហាញ​​ពិភពលោក​បាន​ដឹង​រួច​ទៅ​ហើយ​​។ វា​ជា​​ទ្រឹស្ដី​ប្រវត្តិសាស្ត្រ ​មិនមែន​ជា​ទ្រឹស្ដី​បច្ចុប្បន្ន​​​នោះ​ឡើយ តែ​នៅ​តែ​មាន​តម្លៃ​​ក្នុង​វិស័យ​អាជីវកម្ម​នៅ​យុគសម័យ​ទំនើប​នេះ។ ចង់​ដឹង​ថា អត្ថន័យ​ទាំង​នោះ​មាន​ខ្លឹមសារ​បែប​ណា​ សូម​ប្រិយមិត្ត​ស្វែង​យល់​ទាំងអស់​គ្នា​​ដូច​ខាងក្រោម​នេះ៖​​

១) លោក George Washington ប្រធានាធិបតី​ទី១​របស់​អាមេរិក (១៧៣២-១៧៩៩) មេរៀន​សម្រាប់​សហគ្រិន:-ផ្តល់​ទំនុកចិត្ត​ដល់​​​បុគ្គលិក​ស្នូល​នៅ​ក្នុង​ក្រុមហ៊ុន

ជា​​មេបញ្ជាការ​កងទ័ព​លើ​ទឹកដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​អាមេរិក​ខាងជើង​នា​សតវត្ស​ទី​១៨ កងទ័ព​របស់​មហាអំណាច​មួយ​នេះ​​មាន​ចំនួន​មិន​ដល់​ ៣៥​ ០០០​ នាក់​នោះ​ឡើយ ហើយ​លោក Washington ក៏​មិនដែល​គ្រប់គ្រង​បាន​រហូត​ដល់ ​​១ភាគ៣​នៃ​កងទ័ព​ទាំង​នេះ​ដែរ។ ប៉ុន្តែ ​​ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្លាតវៃ​របស់​លោក កងទ័ព​ទាំង​នេះ​អាច​វាយ​បំបាក់​​​​កងទ័ព​​​ជំនាញៗ​របស់​​ពួក​អាណានិគម​អង់គ្លេស​បាន​​ដោយ​ជោគជ័យ​​គ្រប់​សមរភូមិ​។

លក្ខណៈ​ពិសេស​នៃ​ការ​គ្រប់គ្រង​កងទ័ព​របស់​លោក បាន​ធ្វើ​ឲ្យ​គេ​ទាញ​យក​មក​អនុវត្ត​សម្រាប់​សហគ្រិន​នៅ​ពេល​បច្ចុប្បន្ន​ដោយ​លើកឡើង​ថា ដំណាក់​កាល​ដំបូង​សម្រាប់​​អាជីវកម្ម​​ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ជំហាន​ដ៏​តូច​មួយ។ ប៉ុន្តែ ​ភាព​ជឿជាក់​ទៅ​លើ​មនុស្ស​ស្នូល​​នៅ​ក្នុង​អាជីវកម្ម និង​ការ​បណ្តុះបណ្តាល​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​ប្រជែង​ឈ្នះ​នៅ​ក្នុង​សមរភូមិ​អាជីវកម្ម​បាន។ ប្រធានាធិបតី​រួប​នេះ​ បាន​លើក​ឡើង​ដូច្នេះ​ថា៖« ត្រូវ​​​​រាប់អាន​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​​ត្រូវ​ស្និទ្ធស្នាល​​​ជា​មួយ​​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​​បុគ្គល​នោះ​​​មាន​ការ​​ព្យាយាម​ជាមុន​សិន​ មុន​នឹង​ផ្តល់​ទំនុកចិត្ត​​ទៅកាន់​ពួកគេ»


២) លោក Robert E. Lee មេបញ្ជាការ​កងទ័ព​អាមេរិក​ (១៨០៧-១៨៧០) មេរៀន​សម្រាប់​សហគ្រិន:
ឲ្យ​តម្លៃ​ដល់​សមាជិក​ក្រុម​ការងារ

លោក Lee ត្រូវ​បាន​​គេ​ស្រលាញ់ និង​ គោរព​កោតសរសើរ​ជាទីបំផុត​​ពី​​កង​ទ័ព​របស់​លោក​។ ក្នុង​សមរភូមិ​សង្គ្រាម គេ​បាន​ទទួល​ស្គាល់​ថា លោក​ជា​​មេទ័ព​ម្នាក់​ដែល​មាន​​បេះដូង​ដែក ចរិត​មោះមុត​​ក្លាហាន​​ណាស់ និង ​គោរព​តួនាទី​របស់​​លោក​​បាន​យ៉ាង​​ខ្ជាប់ខ្ជួន​។ អ្វី​ដែល​ពិសេស​នោះ​គឺ​លោក ជា​មនុស្ស​ដែល​មាន​សន្ដានចិត្ត​ល្អ​យកចិត្ត​ទុកដាក់​​ចំពោះ​កូនចៅ និង ​ស្អប់​ភាព​អាត្មានិយម​​​ផង​ដែរ។ គេ​បាន​ដាក់​រហស្សនាម​លោក​​ថា ជា​​​មេទ័ព​ដ៏​អស្ចារ្យ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​អាមេរិក។​​​

លក្ខណៈ​ពិសេស​របស់​លោក​​​នៅ​ពេល​នោះ​ ត្រូវ​បាន​គេ​យក​សិក្សា​នៅ​​ក្នុង​វិស័យ​អាជីវកម្ម​ និង ជំនួញ​នៅ​ពេល​បច្ចុប្បន្ន​ថា នៅ​ពេល​ដែល​​ក្រុមហ៊ុន​​មួយ​គោរព​ និង ឲ្យ​តម្លៃ​បុគ្គលិក​របស់​​ខ្លួន​ នោះ​បុគ្គលិក​របស់​​ខ្លួន​​នឹង​ ឲ្យ​តម្លៃ​ដល់​ក្រុមហ៊ុន​នោះ​វិញ។ នេះ​បាន​បណ្ដុះ​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​​នៅ​ក្នុង​ក្រុម​ការងារ ហើយ​ក្រុម​ការងារ​ដែល​រីករាយ​ ជា​ក្រុម​ការងារ​ដែល​បង្កើត​សមិទ្ធផល​បាន​​កាន់តែ​ច្រើន​ឡើង។

បន្ថែម​លើ​នេះ កាលណា​បុគ្គលិក​ជឿជាក់​លើ​អ្នក​​គ្រប់គ្រង ពួកគេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​​អ្នក​គ្រប់គ្រង​នោះ។ ​​ មេបញ្ជាការ​​​​ខាងលើ​បាន​​មាន​ទស្សនៈ​ដូចនេះ​ថា៖« ភាព​អត់ធន់​​នៃ​ការ​ប្រើប្រាស់​អំណាច​​​របស់​​អ្នក​ដឹកនាំ​ទៅ​លើ​មនុស្ស​ក្រោម​បង្គាប់​ មិន​ត្រឹមតែ​ផ្តល់​នូវ​ស្នាម​ញញឹម​ដល់​មនុស្ស​គ្រប់គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​​​​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​​បាន​ទៀត​ផង»


៣) លោក Ulysses S. Grant ជា​ប្រធានាធិបតី​ទី១៨​ របស់​អាមេរិក (១៨២២-១៨៨៥) មេរៀន​សម្រាប់​សហគ្រិន: 
-កុំ​បោះបង់

ថ្វីត្បិត​តែ​ជា​ប្រធានាធិបតី​មួយ​រូប​ មុន​នឹង​កាន់​តំណែង​នេះ លោក Grant ធ្លាប់​បរាជ័យ និង​មាន​កំហុស​​ច្រើន​រាប់​មិន​អស់។ ប៉ុន្តែ អ្វី​ដែល​​សំខាន់​នោះ​គឺ​ថា លោក​នៅ​តែ​ព្យាយាម​ក្រោកឈរ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​មិន​បោះបង់​ជាដាច់ខាត និង រៀនសូត្រ​ពី​​វា​ជានិច្ច។ គោលការណ៍​គ្រឹះ​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​ ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​បាន​ធ្វើ​​ឲ្យ​លោក​​អាច​ឈោង​ចាប់​តំណែង​ខ្ពស់ៗ​ជា​បន្តបន្ទាប់។

លោក ប្រធានាធិបតី Abraham Lincoln ​​ដែល​ជា​ប្រធានាធិបតី​ទី​១៦​របស់​អាមេរិក​នៅ​ពេល​នោះ​បាន​តែងតាំង​លោក ជា​ឧត្តមសេនីយ៍ឯក ហើយ​បន្ទាប់​មក​បាន​ក្លាយ​ជា​អគ្គមេបញ្ជាការ​កងទ័ព​​តែម្តង។ ​​មិន​ខុស​អ្វី​ពី​លោក Grant សហគ្រិន​ទូទៅ​ក៏​មិនអាច​ជៀស​ផុត​ពី​កំហុស​នានា និង ​ការ​បរាជ័យ​មួយចំនួន​​នោះ​ឡើយ។ ប៉ុន្តែ អ្វី​ដែល​​​​សហគ្រិន​ត្រូវ​ដឹង​ នោះ​​គឺ​​ការ​រៀន​សូត្រ​ពី​បញ្ហា​ទាំងនេះ​ដើម្បី​កំណត់​ភាព​ជោគជ័យ​របស់​​ខ្លួន​បាន។

លោក Ulysses S. Grant ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« មួយ​ក្នុង​ចំណោម​ភាព​អស្ចារ្យ​​ជា​ច្រើន​ទៀត​របស់​ខ្ញុំ​នោះ​គឺ​ថា នៅ​ពេល​ដែល​ខ្ញុំ​ទៅ​កន្លែងណា​មួយ​ ឬ ធ្វើ​អ្វី​មួយ ​ខ្ញុំ​មិន​​បោះបង់​​ជាដាច់ខាត​ ​ ដរាបណា​ខ្ញុំ​មិន​បាន​ជោគជ័យ»


៤) លោក George S. Patton មេបញ្ជាការ​កងទ័ព​អាមេរិក ​(១៨៨៥-១៩៤៥) មេរៀន​​សម្រាប់​សហគ្រិន:
ជួយ​សមាជិក​ក្រុម​​ការងារ​ឲ្យ​បង្កើត​សមិទ្ធផល​កាន់តែ​ប្រសើរ​ឡើង

លោក Patton មាន​​កេរ្តិ៍ឈ្មោះ​ល្បី​​​ខាង​​ចិត្តសាស្ត្រ​យោធា ការ​លើក​ទឹកចិត្ត និង ការ​បញ្ចុះបញ្ចូល​ដ៏​ប៉ិនប្រសព្វ។ ក្នុង​​សមរភូមិ​ Bulge នា​​សង្គ្រាម​លោក​លើក​ទី២ នៅ​អំឡុង​ពេល​ដែល​កងទ័ព​អាល្លឺម៉ង់​​ហ៊ុមព័ទ្ធ​​ចង់​វាយកម្ទេច​​កងទ័ព​អាមេរិក​នៅ​តំបន់ Bastogne មេបញ្ជាការ​រួប​នេះ​​បាន​បញ្ចៀស​​​​ស្ថានការណ៍​​ប្រើ​យុទ្ធសាស្ត្រ​​រំដោះ​កងទ័ព​​របស់​លោក​ឲ្យ​រួចផុត​ពី​​​ក្រញាំ​កងទ័ព​​អាល្លឺម៉ង់ ទោះបី​ជា​ត្រូវ​ឆ្លងកាត់​ព្រិល​ និង ព្យុះ​ទឹកកក​យ៉ាងណា​ក៏ដោយ។ ​​​​​​​​​​​​​

នៅ​ក្នុង​វិស័យ​អាជីវកម្ម​ក្តី នយោបាយ​ក្តី អ្នក​ដឹកនាំ​ដែល​ល្អ គឺ​ជា​បុគ្គល​​​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​​របស់​ខ្លួន​ទទួល​បាន​សមិទ្ធផល​​ដ៏​អស្ចារ្យ​មួយ ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​តឹងតែង​ក៏ដោយ។ ចំណុច​នេះ មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ពួកគេ​សម្រេច​គោលដៅ​របស់​ខ្លួន​បាន និង ​អាច​ពង្រឹង​អាជីព​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង។

«កុំ​ប្រាប់​ពួកគេ​​ពី​របៀប​ធ្វើ​អ្វី​មួយ តែ​ត្រូវ​ប្រាប់​ពួកគេ​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ពួកគេ​នឹង​ភ្ញាក់ផ្អើល​​សមិទ្ធផល​របស់​ខ្លួន»។ នេះ​​ជា​ប្រសាសន៍​របស់​លោក George S. Patton។


៥) លោក Dwight D. Eisenhower ប្រធានាធិបតី​ទី​៣៤​របស់​អាមេរិក (១៨៩០-១៩៦៩) មេរៀន​សហគ្រិន:
បង្កើត​វប្បធម៌​សហការ​នៅ​ក្នុង​ក្រុមហ៊ុន

បើ​​យោង​តាម​ប្រភព​​ប្រវត្តិសាស្ត្រ​យោធា​អាមេរិក (U.S. Army of Military History) លោក Eisenhower គឺ​ជា​ប្រធានាធិបតី​មួយ​រួប​ដែល​មាន​ចិត្តសាស្ត្រ​រឹងមាំ និង ​បំផុស​ភាព​ជឿជាក់​ដល់​មនុស្ស​គ្រប់គ្នា។ គេ​បាន​ចាត់ទុក​​រួប​លោក​ថា ជា​​​ប្រធានាធិបតី​​ដែល​ពូកែ​ខាង​​សម្របសម្រួល​ក្នុង​ជម្លោះ​រវាង​គូបដិបក្ខ និង រៀបចំ​​​​យុទ្ធសាស្ត្រ​​ដ៏​រឹងមាំ​​​សម្រាប់​ខិតខំ​ប្រឹងប្រែង​លើ​ការ​សម្រេច​គោលដៅ​រួម។

ផ្អែក​លើ​សមត្ថភាព​​ដឹកនាំ​របស់​លោក Eisenhower គេ​អាច​យក​មក​សិក្សា​​​នៅ​ក្នុង​​វិស័យ​សហគ្រាស​​អាជីវកម្ម​​នៅ​ពេល​បច្ចុប្បន្ន​​បាន ​ដែល​នោះ​គឺ​ថា អាជីវកម្ម​មួយ​នឹង​ទទួល​បាន​សមិទ្ធផល​នៅ​ពេល​ដែល​មនុស្ស​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ពី​ទំព័រ​មួយ​ដូចគ្នា ពោល​គឺ​​ការ​សហការ​​​រួម​ដែល​គ្មាន​ទី​បញ្ចប់។ ​​​​​​​​​

លោក Eisenhower មាន​ប្រសាសន៍​ដូច្នេះ​ថា៖« ការ​ដឹកនាំ គឺ​ជា​សិល្បៈ​​​ធ្វើ​ឲ្យ​​អ្នក​ដទៃ​​​ធ្វើ​អ្វី​ដែល​​​​​​អ្នក​ដឹកនាំ​​ និង បុគ្គល​នោះ​ចង់​ធ្វើ ទើប​អាច​សម្រេច​គោលដៅ​​រួម​បាន»