Tuesday, May 31, 2016

គន្លឹះ​សំខាន់ៗ​ទាំង​៨​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ ​​សម្រាប់​សហគ្រិន​វ័យក្មេង​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត

សម្រាប់​សហគ្រិន​វ័យ​ក្មេង​ដែល​ពួក​គាត់​មាន​ការ​ច្នៃ​ប្រឌិត​ហើយ​ថែម​ទាំង​ការ​ចេះ​ដឹង​ខ្ពស់​ទៀត​នោះ​ក៏​ត្រូវ​ទាមទារ​ការ​យល់​ដឹង​ថា​ភាព​ជា​អ្នក​ដឹក​នាំ​គឺ​ជា​អ្វីដែរ។ នេះ​ជា​គំនិត​សំខាន់​ៗ​ទាំង៨ដែល​អ្នក​គួរ​ដឹង៖

១) ខិតខំ​អោយ​អស់​ពី​សមត្ថភាព៖ ​ការ​ជោគជ័យ​កើត​ឡើង​ដោយសារ​ហេតុផល​ពីរ​យ៉ាង​គឺ​សំណាង​និង​ការ​ខិតខំ​ប្រឹង​ប្រែង។​ តែ​អ្វី​ដែល​ត្រឹម​ត្រូវ​ជាង​គេ​នោះ​គឺ​ការ​ខិតខំ​អោយ​អស់​ពី​សមត្ថភាព ពី​ព្រោះ​អ្នក​ដឹក​នាំ​នានា​តែង​តែ​ដើរ​តាម​គន្លង​មួយ​នេះ​ហើយ​ភាគ​ច្រើន​ទទួល​បាន​ជោគជ័យ។​

២) ខិតខំ​ទទួល​យក​ជោគជ័យ​តែ​ក៏​ត្រូវ​បន្ទាប​ខ្លួនដែរ៖​ អ្នក​ជំនួញ​ក្មេង​ៗ​ភាគ​ច្រើន​ស្រែក​ឃ្លាន​ភាព​ជោគជ័យ​​ក៏​ដូច​ជា​ជ័យជម្នះ​។​​តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ចេះ​បន្ទាប​ខ្លួន​និង​ចេះ​ស្ដាប់​អ្នក​ដទៃ។

៣) អនុញ្ញាត​អោយ​គំនិត​ល្អ​ៗ​របស់​អ្នក​​ផ្លាស់​ប្ដូរ​​អ្វី​មួយ៖ ​ដំបូង​ឡើយ​គំនិត​ល្អ​ៗ​របស់​អ្នក​អាច​ថា​មិន​បាន​ផ្លែផ្កា។ ហើយ​គំនិត​បន្ទាប់​ទៀត​អាច​ថា​នូវ​មាន​ការ​ខ្វះ​ចន្លោះ។ តែ​ពេល​ដែល​​អ្នក​បាន​សិក្សា​យល់​ពី​កំហុស​ទាំង​នោះ​កាន់​តែ​ច្បាស់​អ្នក​នឹង​សម្រេច​បាន​ជោគជ័យ​។

៤) ទទួល​ស្គាល់​ពី​កំហុស​ខ្លួន៖​​អ្នក​គួរ​ចេះ​ទទួល​ស្គាល់​ពី​ភាព​ខ្សោយ​របស់​ខ្លួន​ហើយ​ព្យាយាម​សិក្សា​ពី​វា។ នេះ​ជា​វិធី​ដែល​អ្នក​ដឹក​នាំ​ជោគជ័យ​មួយ​ចំនួន​អនុវត្ត។​

៥) ជួល​បុគ្គលិក​ដែល​ត្រឹមត្រូវ៖ អ្នក​ត្រូវ​ចេះ​ស្វែងរក​បុគ្គលិក​ណា​ដែល​ពិសេស​​និង​មាន​ចំណេះដឹង​គ្រប់​គ្រាន់​សម្រាប់​ក្លាយ​ជា​អ្នក​ដែល​គួរ​អោយ​យក​តម្រាប់​តាម។​

៦) ត្រូវ​ស្វែងរក​ជំនួយពេល​អ្នក​ត្រូវ​ការ៖ ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ភាព​ក្មេង​ខ្ចី​ ​ថាមពល​របស់​អ្នក​ហាក់​នៅ​មាន​ព្រំ​ដែន​​ហើយ​គិត​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​តែ​ម្នាក់​ឯង​បាន​។​ តែ​វា​អាច​ជា​បញ្ហា​មួយ​ដែរ​នៅ​ពេល​អ្នក​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​សិស្ស​ច្បង​ដែល​មាន​បទពិសោធន៍​ក្នុង​ផ្នែក​នោះ។​

៧) កុំ​សន្យា​អ្វី​ដែល​អ្នក​​មិន​អាច​ធ្វើ៖ ពាក្យ​សម្ដី​របស់​មនុស្ស​គឺ​​​ជាង​អ្វី​ៗ​ទាំង​អស់។ ​តែ​នៅ​ពេល​អ្នក​មិន​អាច​សម្រេច​វា​បាន​អ្នក​​​អាច​ជួប​បញ្ហា​ដ៏​ធំ​ក៏​ថា​បាន។ ​ដូចនេះ​ត្រូវ​គិត​ថា​អ្វី​ខ្លះ​អ្នក​អាច​ធ្វើ​និង​អ្វី​ខ្លះ​អ្នក​មិន​អាច​ធ្វើ។

៨) ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង៖​ អ្នក​អាច​នឹង​មាន​អ្នក​ដទៃ​សរសើរ​ពី​អ្នក។​ តែ​ពេល​អ្នក​នៅ​ម្នាក់​ឯង​អ្នក​ក៏​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​និង​ជំរុញ​អោយ​ខ្លួន​ឯង​ចេះ​ដើរ​ទៅ​មុខ​ផង​ដែរ៕

​​អនុវត្ត​មូលដ្ឋាន​គ្រឹះ​ទាំង​៦​​នេះ​ ​ដើម្បី​​ក្លាយ​ជា​មនុស្ស​​​មាន​សិល្បៈ​ក្នុង​ការ​ចរចា​​ដ៏ជោគជ័យ​

​ការ​ចរចា​ជា ​​ចំណុច​សំខាន់​មួយ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​គ្នា​។ ​​មនុស្ស​ដែល​ពូកែ​ចរចា​ ជា​មនុស្ស​ដែល​ឆាប់​ជោគជ័យ​​ ​​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ការ​អ្វី​មួយ​ពី​នរណា​ម្នាក់​។ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចរចា​​អ្វី​មួយ ​គួរ​មាន​ចំណុច​សំខាន់ៗ​ទាំង​នេះ​៖​

​១) ​​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​៖ ​​មុន​ពេល​ចាប់​ផ្ដើម​និយាយ​ ​ឬ​​ចរចា​អ្វី​មួយ​ជា​មួយ​នរណា​ម្នាក់ ​អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពី​វត្ថុបំណង​របស់​ខ្លួន​ជា​មុន​សិន ​​ព្រោះ​បើ​សូម្បី​តែ​ខ្លួន​ឯង​មិន​ច្បាស់​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ផង ​នោះ​​ធ្វើ​ឲ្យ​ដំណើរ​ការ​ជជែក ​និង ចរចា​នោះ​មិន​អាច​​ទៅ​មុខ​បាន​យ៉ាង​រលូន​នោះ​ទេ​។

​២) ​​​ដឹង​ច្បាស់​ពី​អ្វី​ដែល​​ភាគី​ម្ខាង​ទៀត​ចង់​បាន​៖ ​​​នៅ​ពេល​ដឹង​ថា ​ខ្លួន​អ្នក​ត្រូវ​ការ​អ្វី​ហើយ ​​វា​ជា​ពេល​ដែល​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ​ភាគី​ម្ខាង​ទៀត​គេ​ចង់​បាន​អ្វី​។ ​ការ​ដឹង​ច្បាស់​អំពី​បំណង​របស់​ភាគី​ម្ខាង​ទៀត​នេះ ​នាំ​ឲ្យ​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ចរចា​ និង សម្រុះសម្រួល​គ្នា​ ​និង ​ទាញ​ចូល​ចំណុច​រួម​បាន​យ៉ាង​រហ័ស​។

៣) ​ស្ដាប់​ឲ្យ​បាន​ច្រើន​​ក្នុង​ពេល​និយាយ​៖ ​​ក្នុង​ពេល​និយាយ​ និង ចរចា​ទល់​មុខ​គ្នា​នោះ ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ពេល​ភាគី​ម្ខាង​ទៀត​និយាយ ​ ​​ព្រោះ​ការ​ធ្វើ​បែបនេះ ​វា​ជួយ​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ពី​អ្វី​ដែល​​គេ​ចង់​បាន​ ​​​ហើយ​ម្យ៉ាង​វិញ​ទៀត​វា​ជា​ការ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​សីលធម៌​ និង ចេះ​គោរព​អ្នក​ដទៃ​ផង​ដែរ​។

៤) ​និយាយ​ភាសា​​ខ្លី​​តែ​ខ្លឹម​៖​ ​​​ត្រូវ​ចាំ​ថា ​រាល់​ពេល​សម្ដី​​ដែល​អ្នក​និយាយ ​មិន​គួរ​ប្រើ​ភាសា​ឡេះឡោះ​ច្រើន​ពេក​នោះ​ទេ​ ​ពោល​គឺ​គ្រប់​ពាក្យ​ត្រូវ​តែ​​មាន​ខ្លឹមសារ​ ​ដើម្បី​បង្ហាញ​ថា​ ​អ្នក​ជា​មនុស្ស​ដែល​ម៉ត់ចត់។

៥) ​ត្រូវ​បង្ហាញ​ពី​ភាព​ជឿជាក់​ និង ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖ ​រាល់​សកម្មភាព​ដែល​សម្ដែង​ចេញ​ក្នុង​ពេល​ ចរចា​គ្នា​នោះ ​គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​​រូប​ភាព​ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា ​អ្នក​​មាន​ភាព​ជឿជាក់​ ​និង មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង​។ ​បើ​មិន​ដូច្នោះ​ទេ​ ​នោះ​អ្នក​នឹង​បរាជ័យ​ក្នុង​ការ​ចរចា​មិន​ខាន​។

​៦​) ​មាន​ព័ត៌មាន​​​ឬ ​ទិន្នន័យ​ជុំវិញ​ប្រធាន​បទ​ឲ្យ​បាន​ច្រើន​៖ ​​ដើម្បី​​ឲ្យ​គេ​ពិបាក​ប្រកែក​ជាមួយ​អ្នក ​​គឺ​ទាល់​តែ​ការ​និយាយ​នោះ​អម​ជាមួយ​ដោយ​ឯកសារ​ និង ភស្តុតាង​ច្បាស់​លាស់​។ ដូច្នេះ​ហើយ ​មុន​ពេល​ទៅ​ចរចា​ អ្នក​ត្រូវ​តែ​ចំណាយ​ពេល​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់ ​និង ​ប្រមូល​រាល់​ព័ត៌មាន និង ទិន្នន័យ​ពាក់ព័ន្ធ​ទៅ​ជាមួយ​ ដើម្បី​ជា​សំអាង​៕

​ចំណុច​​​៤​យ៉ាង ​ដែល​បុគ្គល​ជោគជ័យ​​​ក្នុង​លោក​ ​មិន​និយាយ​ដាច់ខាត​!

​បុគ្គល​ដែល​ជោគជ័យ ​​ក្នុង​ជីវិត​ ជា​មនុស្ស​ដែល​មាន​ដោយ​កម្រ​នៅ​លើ​លោក​នេះ ​ ​ព្រោះ​ថា ​ការ​គិត ​និង សកម្មភាព​របស់​ពួកគេ​គឺ​ផ្ទុយ​ស្រលះ​ពី​មនុស្ស​ធម្មតា ​ជា​ហេតុ​នាំ​ឲ្យ​លទ្ធផល​របស់​ពួកគេ​គឺ​អស្ចារ្យ​ជាង​អ្នក​ដទៃ​អ៊ីចឹង​ដែរ​។

​ខាង​ក្រោម​នេះ ​គឺ​ជា​ចំណុច​​ដែល​បុគ្គលិក​ជោគជ័យ​មិន​ដែល​និយាយ​៖​

១) ​​​​វា​​មិន​មែន​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​៖ ​​បុគ្គលិក​ដែល​មាន​ទំនួល​ខុស​ត្រូវ​ ​​មិន​ប្រាកដ​ថា ​​ក្លាយ​ជា​​មនុស្ស​ជោគជ័យ​គ្រប់​រូប​​ ​ប៉ុន្តែ​បុគ្គល​ដែល​ជោគជ័យ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ ​ដូច្នេះ​ហើយ​​ ​ចង់​ក្លាយ​ជា​បុគ្គល​ដែល​ជោគជ័យ​​ ​គឺ​​មិន​អាច​គ្មាន​ទំនួល​ខុសត្រូវ​បាន​ឡើយ​ ​ហើយ​ឃ្លា​ដែល​លើក​ឡើង​ថា ​«វា​​មិន​មែន​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ»​ ​គឺ​ជា​​ការ​លើក​ឡើង​របស់​មនុស្ស​ទូទៅ​​ប៉ុណ្ណោះ​។

២) ​​ខ្ញុំ​ស្អប់​ការងារ​របស់​​ខ្ញុំ​ណាស់​៖ ​​​គ្មាន​នរណា​ម្នាក់​អាច​សម្រេច​លទ្ធផល​ ​ឬ​ ជោគជ័យ​ជា​ដុំកំភួន​បាន​ឡើយ ​ប្រសិនបើ​កំពុង​តែ​ស្អប់​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​។ ​ដូច្នេះ​ហើយ ​​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ ​​គឺ​ត្រូវ​ធ្វើ​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ហើយ​មិន​រាថយ​ដាច់​ខាត់​ ទោះ​មាន​ការ​លំបាក​ប៉ុណ្ណា​ក៏ដោយ​។

៣) ​​​មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​សោះ​៖ ​ក្នុង​ពិភពលោក​នេះ ​​គ្មាន​យុត្តិធម៌​១០០​ភាគរយ​នោះ​ទេ ​ដោយ​វា​តែងតែ​មាន​លើស​ ​និង ខ្វះ​ ​ដូច្នេះ​អ្វី​ដែល​សំខាន់​នោះ អ្នក​មិន​មែន​អង្គុយ​តែ​បន្ទោស ​និង ​រអ៊ូ​ថា ​អ្វីៗ​មិន​យុត្តិធម៌​សម្រាប់​អ្នក​នោះ​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​​គឺ​ខិតខំ​ កែប្រែ​ស្ថានភាព ​ដោយ​ព្យាយាម​ពង្រឹង​សមត្ថភាព ​និង ជំនាញ​ ​​ដើម្បី​សម្រេច​ជ័យ​ជម្នះ​ធំធេង​នៅ​ពេល​ខាង​មុខ​។

៤) ​​​មិន​អាច​ទៅ​រួច​ទេ​៖ ​ក្នុង​លោក​នេះ ​អ្វីៗ​គឺ​សុទ្ធតែ​មិន​អាច​ទៅ​រួច​ទាំង​អស់ ​​នៅ​ពេល​លទ្ធផល​មិន​ទាន់​ចេញ​មក​។ ​ដូច្នេះ​ហើយ ​សម្រាប់​បុគ្គល​ជោគជ័យ​ ​ពួកគេ​មិន​ដែល​គិត​អវិជ្ជមាន​នោះ​ឡើយ​ចំពោះ​ការងារ​អ្វី​ក៏​ដោយ​​ ​ព្រោះ​បើ​គិត​ថា ​មិន​អាច​ទៅ​រួច​ ​វា​ស្មើ​នឹង​​ចាញ់​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ទៅ​ហើយ​៕

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

ផ្នត់គំនិត ​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​​ព្រោះ​ថា ​​បើ​អ្នក​គិត​ថា​ ​ខ្លួន​អាច​ទៅ​រួច​​នោះ​ ​​លទ្ធផល​ក៏​ល្អ​តែ​ ​ប៉ុន្តែ​បើ​គិត​ថា​ ​​ទៅ​មិន​រួច​ទេ​ ​នោះ​លទ្ធផល​ប្រាកដ​ជា​អាក្រក់​មិន​ខាន​។ ​​មនុស្ស​ជាច្រើន​ ​ដោយសារ​តែ​គិត​លើ​ផ្លូវ​មិន​ល្អ​ច្រើន​ពេក​ ​ជា​​ហេតុ​នាំ​ឲ្យ​​ពួកគេ​ជួប​តែ​រឿង​មិន​ល្អ​ដែរ​។​ ​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​ជម្រុះ​គំនិត​ដែល​មិន​ល្អ​ចេញ​ ​​ហើយ​ព្យាយាម​បណ្ដុះ​ផ្នត់​គំនិត​ដែល​សំខាន់ៗ​ ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ដើរ​ទៅ​រក​ផ្លូវ​ជោគជ័យ​៖

១) ​​អតីតកាល​ជា​មេរៀន​ដ៏​សំខាន់​ ​ប៉ុន្តែ​មិន​មែន​ជា​អនាគត​​របស់​អ្នក​ទេ​៖ ​រាល់​អ្វី​ដែល​អ្នក​បាន​សាង​កន្លងមក​ ​ទោះ​បី​​លទ្ធផល​ល្អ​ក្តី​ ​មិន​ល្អ​ក្តី​គឺ​សុទ្ធតែ​ជា​មេរៀន​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នក​រៀន​​សូត្រ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ ​មិន​ត្រូវ​បណ្តោយ​ឲ្យ​អតីតកាល​របស់​អ្នក​ ​​មក​បំផ្លាញ​ជីវិត​របស់​អ្នក​ឡើយ​ ​ព្រោះ​អ្នក​មិន​អាច​ត្រលប់​ទៅ​វិញ​បាន​នោះ​ទេ​ ​ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​រៀបចំ​ផ្លូវ​ជីវិត​ឲ្យ​ល្អ​​ប្រសើរ​សម្រាប់​ថ្ងៃ​នេះ​​ ​និង ថ្ងៃ​ស្អែក​។

២) ​​ជោគជ័យ​ ​​អាស្រ័យ​លើ​កណ្តាប់​ដៃ​អ្នក​៖ ​ត្រូវ​ចាំ​ថា​ ​គ្មាន​នរណា​ម្នាក់​ដែល​អាច​​ផ្តល់​ភាព​ជោគជ័យ​ដល់​អ្នក​បាន​ឡើយ ​ពោល​គឺ​មាន​តែ​ខ្លួន​ឯង​ពឹង​លើ​សមត្ថភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​។ ការ​គិត​បែបនេះ ​នឹង​ជួយ​ឲ្យ​អ្នក​ហ៊ាន​សម្រេច​ជោគ​វាសនា​របស់​ខ្លួន​ ​តាម​រយៈ​ការ​សម្រេច​ចិត្ត​ដើរ​លើ​ផ្លូវ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ហើយ​ក៏​មិន​ដេក​ចាំ​ការ​ជួយ​ពី​អ្នក​ដទៃ​ដែរ​​។​

៣) ​គ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​បាន​​ទេ ​គឺ​គ្រាន់​តែ​មិន​ទាន់​ដល់​ពេល៖ ​បើ​អ្នក​គិតថា ​​ខ្លួន​អាច​ធ្វើ​បាន​នោះ ​​ទោះបីជា​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ​​អ្នក​នឹង​សម្រេច​គោលដៅ​មិន​ខាន​ ​គ្រាន់​តែ​​វា​ទាមទារ​ពេលវេលា​សមស្រប​ប៉ុណ្ណោះ​។ ​ការ​គិត​បែបនេះ អាច​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក ​អាច​បន្ត​ការងារ​ទៅ​បាន​ទៀត​ ​​ដោយ​មិន​បាក់ទឹកចិត្ត​ ​ជា​ពិសេស​ក្នុង​ពេល​កំពុង​ធ្វើ​កិច្ចការ​ដែល​មិន​ទាន់​មាន​លទ្ធផល​ល្អ​។

៤) ​គ្មាន​នរណា​ម្នាក់​ដែល​មិន​ត្រូវ​គេ​រិះគន់​ទេ​៖​ ​គ្រប់​មនុស្ស​​ទាំង​អស់​ ​សុទ្ធតែ​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​​ដោយ​ហេតុផល​ផ្សេងៗ​គ្នា​។ ការ​រិះគន់​នេះ​ ​តែងតែ​កើត​មាន​ជានិច្ច​ ​ព្រោះ​ថា​មនុស្ស​មាន​ចិត្ត​ខុស​គ្នា​​ ​ដូច្នេះ​ហើយ​ការ​យល់​ឃើញ​ក៏​ខុសគ្នា​ដែរ​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​​នោះ ​អ្នក​ត្រូវ​តែ​តាំង​ជំហរ​ឲ្យ​បាន​ល្អ​​ ​ដោយ​មិន​ត្រូវ​ទន់ជ្រាយ​​ទៅ​តាម​ពាក្យ​សម្ដី​មនុស្ស​ទាំង​អស់​នោះ​ឡើយ​ ​ហើយ​ត្រូវ​ព្យាយាម​ធ្វើ​វា​ឲ្យ​សម្រេច​ដើម្បី​បញ្ជាក់​ថា ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​ជា​រឿង​ត្រឹមត្រូវ​។

៥) ​រីករាយ​​ពេល​ឃើញ​អ្នកដទៃ​ជោគជ័យ​៖ ​អ្នក​មិន​ត្រូវ​មាន​ការ​ច្រណែន ​និង​ ​ផ្ចាញ់ផ្ចាល​​​​នៅ​ពេល​ឃើញ​​អ្នក​ដទៃ​ជោគជ័យ​នោះ​ឡើយ​ ​ព្រោះ​ថា​វា​គ្មានប្រយោជន៍​អ្វី​ឡើយ ​ក្រៅ​ពី​នាំ​រឿង​ដាក់​ខ្លួន​កាន់​តែ​ច្រើន​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ ​គឺ​បើក​ចិត្ត​ឲ្យ​ទូលាយ ​ហើយ​អបអរ​ចំពោះ​ជោគជ័យ​របស់​មនុស្ស​ទាំង​អស់​នោះ​ ​​ហើយ​ព្យាយាម​រៀនសូត្រ​ពី​ពួក​គេ​ ​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ដែរ​នៅ​ពេល​ខាង​មុខ​៕

​អាន​សម្រង់​សម្ដី​សំខាន់ៗ​ទាំង​៦​ឃ្លា​នេះ ​​ដើម្បី​ក្លាយ​ជា​អ្នក​លក់​ដ៏​ឆ្នើម​ម្នាក់​

១) «ឧបសគ្គ​ពិត​ជា​​សំខាន់​ណាស់​ ​សម្រាប់​ភាព​ជោគជ័យ ព្រោះ​​​ការ​លក់​ដ៏​​ជោគជ័យ ​អាច​កើត​ឡើង​បាន លុះត្រា​តែ​យើង​​អាច​យក​ឈ្នះ​ឧបសគ្គ​ដ៏​ច្រើន​រាប់​មិន​អស់​ទាំង​នោះ​សិន»។ — ដោយ​ Og Mandino

២) «៩០​​% ​នៃ​ការ​លក់​ដ៏​ជោគជ័យ​ ​គឺ​អាស្រ័យ​លើ​​ភាព​ជឿជាក់ ហើយ១០ ​%​ទៀត គឺ​​អាស្រ័យ​លើ​​ទេព​កោសល្យ​នៃ​​ការ​បញ្ចុះ​បញ្ចូល»។ — ដោយ​​Shiv Khera

​​៣) «ក្នុង​នាម​ជា អ្នក​លក់​ម្នាក់ វា​មិន​ខុស​អ្វី​ទៅ​នឹង​តារា​សម្ដែង​​នោះ​ទេ ​​គឺ​គ្មាន​នរណា​ម្នាក់​ចង់​ទិញ​ទំនិញ​អ្វី​​ពី​អ្នកលក់​ណា​​ដែល​មាន​មុខ​ស្អុយ​ឡើយ»​។ — ដោយ Dougray Scott​

៤) ​«​បើ​អ្នក​មិន​​យកចិត្ត​ទុក​ដាក់​លើ​អតិថិជន​ទេ ​នោះ​គូរ​ប្រជែង​របស់​អ្នក​នឹង​ឆក់ឱកាស​នេះ»។ — ដោយ Bob Hooey

៥) «បញ្ហា​របស់​មនុស្ស​គ្រប់គ្នា គឺ​មិនមែន​ដោយសារ​តែ គ្មាន​ពេលវេលា​គ្រប់គ្រាន់​នោះ​ទេ ប៉ុន្តែ​គឺ ដោយសារ​​ខ្វះ​ទិស​​ដៅ​ច្បាស់​លាស់ ព្រោះ​មនុស្ស​ទាំងអស់​មាន២៤ ម៉ោង​ដូចគ្នា»។ ​— ដោយZig Ziglar

៦) «ភាព​ភ័យ​ខ្លាច គឺជា អ្នក​បំផ្លាញ​សុបិន​របស់​អ្នក ហើយ​វា​ក៏​ជា​អ្នក​បំផ្លាញ មហិច្ឆតា​របស់​អ្នក​ផង​ដែរ»។ ​— ដោយJeffrey Benjamin - See more at: http://www.bizkhmer.com/entrepreneur/4681/#sthash.7PkM1bwj.dpuf

​ត្រូវ​ចងចាំ​គន្លឹះ​សំខាន់ៗ​ទាំង​​៥​នេះ បើ​អ្នក​ចង់​បង្កើត​ជំនួញ​​​មួយ​ ​ដែល​​​អាច​​ទាញ​យក​អតិថិជន​យ៉ាង​​លឿន​​​!​

​ការ​ធ្វើ​អាជីវកម្ម​ ​​មិន​ស្រួល​ដូច​​ការ​គិត​នោះ​ទេ ​ព្រោះ​ការ​លំបាក​ជាក់​ស្តែង​វា​ខុស​ពី​ការ​គិត​ទុក​។ យ៉ាង​ណា​ក៏ដោយ ​បើ​អ្នក​ចេះ​តែ​ចង់​ធ្វើ​ ​តែ​ខ្លាច​បរាជ័យ​នោះ​​ ​វា​គ្មាន​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​បាន​ឡើយ។ ដូច្នេះ​​បើ​ចង់​រកស៊ី​​ ​ត្រូវ​តែ​តស៊ូ​ធ្វើ​វា​។ ​​តែ​បើ​ចង់​ជោគជ័យ​ក្នុង​ការ​រកស៊ី​ដំបូង​ ​ដោយ​​អាច​ទាញ​យក​អតិជន​បាន​យ៉ាង​លឿន​នោះ ​ត្រូវ​ចងចាំ​គន្លឹះ​សំខាន់ៗ​ខាង​ក្រោម​៖

​១) ​កំណត់​ទីផ្សារ​គោលដៅ​ឲ្យ​ច្បាស់​៖ ​មុន​ពេល​ចាប់​ផ្តើម​បង្កើត​អាជីវកម្ម​ណា​មួយ ​អ្នក​ត្រូវ​​​ដឹង​​ឲ្យ​ច្បាស់​ថា ​​តើ​នរណា​ជា​​ទីផ្សារ និង អតិថិជន​គោលដៅ​របស់​អ្នក​( ជា​យុវវ័យ ​អ្នក​សិក្សា ​​ក្រុមហ៊ុន​ ​ឬ​ ​​អ្នក​ម៉ៅការ​ដំណង) ​​​។ កាល​ណា​អ្នក​បាន​កំណត់​ជា​ស្រេច​​ហើយ ​នោះ​អ្នក​អាច​ចាប់​ផ្តើម​ដំណើរ​ការ​អាជីវកម្ម ​ដោយ​ដើរ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​ហើយ​។​​​​​

២) ផលិតផល ​ឬ សេវាកម្ម​ដែល​មាន​លក្ខណៈ​ពិសេស​​​​៖ ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​ថ្មី​របស់​អ្នក ​ឆាប់​ទាញ​យក​អតិថិជន​បាន​យ៉ាង​រហ័ស​នោះ ​​អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​ថា ​គួរ​​បង្កើត​ផលិតផល​ ​ឬ សេវា​កម្ម​បែប​ណា​ ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​។ ​កាល​ណា​អ្នក​ចម្លង​​តាម​តែ​អ្វី​ដែល​ក្រុមហ៊ុន​មុនៗ​ ​ធ្វើ​នោះ​គឺ​ប្រាកដ​​ណាស់​ថា មិន​ងាយ​នោះ​ឡើយ ​ព្រោះ​​ក្រុម​ហ៊ុន​របស់​អ្នក​​គឺ​មក​ក្រោយ​គេ​​នៅ​​ក្នុង​ទីផ្សារ​។

៣​) ​ត្រូវ​ផ្ដោត​លើ​គុណភាព៖ ​​​ការ​​បង្កើត​នូវ​ផលិតផល​ ​ឬ សេវាកម្ម​ថ្មី​អាច​នឹង​ឆាប់​ទាញ​យក​ចំណាប់​អារម្មណ៍​ ​របស់​មនុស្ស​ទូទៅ ​ប៉ុន្តែ​​វា​មិន​ស្ថិតស្ថេរ​ទេ បើ​គុណ​ភាព​មិន​ល្អ​។ ដូច្នេះ​ហើយ​​ ​ការ​ផ្ដោត​លើ​គុណ​ភាព​គឺ​ជា​រឿង​សំខាន់​ណាស់​ ​ព្រោះ​អតិថិជន​ ​គឺ​ជា​អ្នក​ទិញ​ ​ដូច្នេះ​គេ​ត្រូវ​តែ​ពិនិត្យ ​និង ស្វែងរក​អ្វី​ដែល​ល្អ​សម្រាប់​ការ​ប្រើប្រាស់​របស់​ពួកគេ​។

​៤​) ​តម្លៃ​​សមរម្យ​៖ ​ត្រូវ​ចាំ​ថា ​របស់​ថ្មី​មិន​ត្រូវ​ ​ដាក់​លក់​ក្នុង​តម្លៃ​​ស្មើ ​ឬ ថ្លៃ​ជាង​ផលិតផល​ចាស់ៗ​នោះ​ទេ ​ទោះបី​​គុណភាព​ល្អ​ប្រហាក់ប្រហែល​គ្នា​ក៏​ដោយ ​ព្រោះ​ថា ការ​ដាក់​តម្លៃ​ឲ្យ​ទាប​ជាង​គូរ​ប្រជែង​បន្តិច​នេះ គឺ​ជា​ការ​បើក​ផ្លូវ​មួយ​ក្នុង​ការ​ដើរ​ចូល​ក្នុង​ទីផ្សារ​​ឲ្យ​បាន​ឆាប់​រហ័ស​។ ​បើ​​មិន​​អាច​ប្រើ​តម្លៃ​ទាប​ជាង​គេ​ទេ អ្នក​អាច​ប្រើ​វិធី​ផ្សេងៗ​ទៀត​​ដើម្បី​ទាញ​យក​ការ​ចាប់​អារម្មណ៍ ​ដូច​ជា ​ការ​បញ្ចុះ​តម្លៃ​ក្នុង​រយៈពេល​ណា​មួយ ​ការ​បន្ថែម​ផលិតផល ឬ សេវាកម្ម​ក្នុង​រយៈពេល​កំណត់​ច្បាស់លាស់​ណា​មួយ​ជា​ដើម​។

៥) ​ត្រូវ​​ពង្រឹង​ផ្នែក​ទីផ្សារ​៖ ​​​​​​​​ទោះបីជា​ផលិតផល​របស់​អ្នក​ល្អ​ប៉ុណ្ណា​ក៏ដោយ ​ប៉ុន្តែ​​អតិថិជន​មិន​ងាយ​នឹង​ស្គាល់​​ឡើយ ​បើ​អ្នក​មិន​ផ្សព្វផ្សាយ​ឲ្យ​គេ​បាន​ដឹង​​យ៉ាង​ទូលំទូលាយ​ទេ​។​ ​​ការ​ធ្វើ​ទីផ្សារ​នេះ​ ​គឺ​សំខាន់​ខ្លាំង​ណាស់​ ​​អ៊ីចឹង​ហើយ​បាន​ជា​ក្រុមហ៊ុន​ធំៗ ​គេ​តែង​ជ្រើសរើស​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតផល​របស់​ពួកគេ​អាច​ទៅ​ដល់​​ភ្នែក​របស់​មនុស្ស​ភាគច្រើន​បាន​៕​

តើ​គួរ​ធ្វើ​យ៉ាង​ណា ​​នៅ​ពេល​​អ្នក ​មិន​សូវ​ជា​មាន​គំនិត​ក្នុង​ការ​និយាយ​ទាក់​ទង​នឹង​ប្រធាន​បទ​មួយ​ចំនួន?

មិនមែនមនុស្សតិចទេដែលមានបញ្ហាជាមួយនឹងរឿងមិនសូវមានគំនិតឬមានយោបល់ ដែលជាមូលហេតុធ្វើឲ្យពួកគេមានការលំបាកនៅពេលដែលពិភាក្សាពីរឿងអ្វីមួយជាមួយអ្នកដទៃ។ បើសិនជាអ្នកចង់ឲ្យខ្លួន អាចបណ្ដុះការយល់ដឹងឲ្យកាន់តែធំទូលាយជាងមុន អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖

១) បញ្ឈប់ការគិតអវិជ្ជមាន៖ ជាទូទៅនៅពេលដែលអ្នកមិនសូវមានចំណេះដឹងឬបទពិសោធន៍ពីអ្វីមួយ អ្នកតែងតែគិតថាវាមិនអាចទៅរួចនោះទេសម្រាប់អ្នក ឬគិតថាអ្នកនឹងត្រូវខ្មាសគេដោយសារតែអ្នកមិនដឹងថាត្រូវនិយាយអី។

២) ចាប់ផ្ដើមពីចំណុចតូចទៅមុន៖ មិនបាច់គិតថាគំនិតអ្នកអស្ចារ្យឬក៏មិនអស្ចារ្យអ្វីនោះទេ អ្វីដែលសំខាន់គឺអ្នកគួរតែបញ្ចេញគំនិតអ្នកឲ្យអ្នកដទៃបានដឹងសិន ហើយចាំស្ដាប់គំនិតរបស់ពួកគេវិញម្ដង ឬស្ដាប់ថាតើគេយល់យ៉ាងណាអំពីគំនិតរបស់អ្នក។

៣) ស្វែងរកព័ត៌មាននិងប្រភពរបស់វា៖ នៅពេលដែលអ្នកមិនសូវចេះពីអ្វីមួយ អ្នកគួរតែទៅអានអ្វីដែលទាក់ទងទៅនឹងអ្វីដែលអ្នកមិនដឹងនោះ ទើបអ្នកអាចយល់ពីវាបានច្រើនជាងមុន។

៤) អានហើយរៀនពេញមួយជីវិត៖ ការអានពិតជាដើរតួមួយដ៏សំខាន់ក្នុងការពង្រីកចំណេះដឹងរបស់អ្នក ព្រោះថានៅពេលដែលអ្នកអានបានច្រើនកាលណា នោះអ្នកក៏មានចំណេះដឹងកាន់តែទូលំទូលាយជាងមុនផងដែរ ហើយមិនមែនអានតែមួយរយៈពេលនោះទេ ដោយសារមានរឿងរ៉ាវច្រើនណាស់ដែលអ្នកត្រូវរៀនរាប់មិនអស់៕

​ទម្លាប់​គេង​ល្អ​ៗ​៦​យ៉ាង​ ដែល​បុគ្គល​ជោគជ័យ​តែង​អនុវត្ត​

យើងទាំងអស់គ្នាដឹងហើយថា ការគេងមិនគ្រប់គ្រាន់មានផលអាក្រក់ធ្ងន់ធ្ងរចំពោះសុខភាព។ ការគេងមានការប៉ះពាល់ដល់អារម្មណ៍ បង្កើនអត្រានៃការកើតស្រេ្តស (Stress) និងមិនសប្បាយចិត្ត។ អ្នកជំនួញមួយចំនួនបានគិតយ៉ាងដិតដល់ណាស់ចំពោះការគេងរបស់ពួកគេ ហើយតែងអនុវត្តគន្លឹះសំខាន់ៗខាងក្រោមនេះ៖

១) មិនទទួលទានគ្រឿងស្រវឹងមុនដំណេក៖ ខណៈពេលដែលគ្រឿងស្រវឹងអាចជួយអោយអ្នកឆាប់គេង ប៉ុន្តែវាមានការប៉ះពាល់ដល់ការគេងរបស់អ្នកដូចជា អ្នកមានអារម្មណ៍ឈឺក្បាល ហត់ និងមិនចង់ទៅធ្វើការជាដើម។ ម្យ៉ាងវិញទៀត គ្រឿងស្រវឹងក៏អាចធ្វើឲ្យអ្នកភ្ញាក់នៅពាក់កណ្ដាលយប់។ ហើយ ពួកគេមានការពិបាកក្នុងការគេងត្រឡប់ទៅវិញ។

២) បិទគ្រឿងអេឡិចត្រូនិកទាំងអស់មុនពេលគេង៖ ពន្លឺនៃភ្លើងពិតជា ធ្វើឲ្យអ្នកពិបាកគេង។ ជាងនេះទៅទៀត វាបញ្ជាអោយខួរក្បាលរបស់អ្នកធ្វើការជានិច្ច នៅពេលដែលខួរក្បាលរបស់អ្នកត្រូវការការសម្រាក។ មុនពេលគេងមួយម៉ោង អ្នកគួរតែធ្វើអ្វីដែលសប្បាយ និងមិនត្រូវធ្វើឲ្យខួរក្បាលបន្តការគិតនោះឡើយ។

៣) មិនគិតពីរឿងកង្វល់៖ បើអ្នកនៅនៅដល់លើគ្រែហើយនៅតែគិតពីបញ្ហាទៀតនោះ អ្នកគួរតែសរសេររឿងទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាមួយ។ តាមការសិក្សារកឃើញថា ការកត់ត្រា អាចជួយអ្នកឲ្យឈប់គិតពីរឿងដែលនាំឲ្យអ្នកពិបាកចិត្តចេញពីខួរក្បាលបាន។

៤) បង្កើតបរិយាកាសដ៏ល្អមួយសម្រាប់គេង៖ កន្លែងដែលល្អបំផុតសម្រាប់គេងគឺកន្លែងដែលស្ងាត់ ហើយងងឹត។ ការកាត់បន្ថយសំឡេង និង ពន្លឺ និងទូរស័ព្ទនៅក្រៅបន្ទប់ជួយអ្នកគេងបានស្ងប់។

៥) កុំទទួលទានអ្វីដែលមានជាតិផ្អែម៖ អ្នកគួរតែពិសាគ្រឿងដែលសំបូរដោយប្រូតេអ៊ីនជាជាងពិសាគ្រឿងដែលផ្អែម។ គ្រឿងដែលសំបូរដោយប្រូតេអ៊ីនផ្ដល់ថាមពលដល់អ្នកពេញមួយយប់។

៦) ភ្ញាក់ពីគេងហើយទទួលយកពន្លឺ៖ ការងើបពីគេងនៅពេលព្រឹកមានសារៈសំខាន់ណាស់។ អ្នកអាចទទួលទានកាហ្វេនៅកន្លែងដែលមានពន្លឺគ្រាប់គ្រាន់ ព្រោះវាជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។

Wednesday, May 25, 2016

​សញ្ញា​សំខាន់ៗ​៥​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​អ្នក​មាន​និស្ស័យ​​ធ្វើជំនួញ​​ពី​ធម្មជាតិ​!

ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ម្នាក់​ ​ក្នុង​វិស័យ​ជំនួញ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ​​ព្រោះ​វា​ទាមទារ​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន​។ ​ក្នុង​នោះ​ដែរ ​មនុស្ស​មួយ​ចំនួន​គ្មាន​និស្ស័យ​ក្នុង​ការ​រកស៊ី​នោះ​ឡើយ ​ដូច្នេះ​ទោះបីជា​មាន​ឱកាស​ល្អ​ ​និង ​មាន​ការ​លើក​ស្ទួយ​ពី​ក្រុម​គ្រួសារ​ប៉ុណ្ណា​ក៏ដោយ ​ក៏​មិន​អាច​ជោគជ័យ​ជា​ដុំកំភួន​នោះ​ដែរ​។ ​​ចំណែក​អ្នក​ខ្លះ​វិញ​ ​គឺ​មាន​ទេពកោសល្យ​ ​និង និស្ស័យ​ពី​ធម្មជាតិ​តែ​ម្តង​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​អាច​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​ ​ទោះបីជា​មាន​បញ្ហា​ជាច្រើន​កើត​ឡើង​ក៏​ដោយ​។

​​​​ខាងក្រោម​នេះ ជា​សញ្ញា​សំខាន់ៗ​ដែល​បញ្ជាក់​ថា អ្នក​កើត​​មក​មាន​និស្ស័យ​ខ្លាំង​ក្នុង​ការ​​ជំនួញ៖​​​​​​

១) ​​ចូលចិត្ត​ផ្តើម​គំនិត​៖ ​​អ្នក​រកស៊ី​ចំណាន​​ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​​មាន​គំនិត​ថ្មីៗ​ដែល​ខ្លួន​រក​ឃើញ ​និង មិន​ធ្វើ​​អ្វី​ដែល​ចម្លង​តាម​គេ​ទាំង​ស្រុង​នោះ​ឡើយ ​​​ព្រោះ​មនុស្ស​ទាំង​អស់​ត្រូវ​តែ​អ្វី​ដែល​ថ្មី​ ​និង ប្លែក​ ​ហើយ​មាន​​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​ជាក់ស្តែង​របស់​ពួកគេ​។ ​ដូច្នេះ​ហើយ​ ​បើ​អ្នក​ជា​មនុស្ស​ដែល​តែង​មាន​គំនិត​ថ្មីៗ​ ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​​មានន័យ​ថា ​អ្នក​មាន​និស្ស័យ​ក្នុង​ការ​រកស៊ី​ហើយ​។

២) ​មាន​​គោលដៅ​ច្បាស់លាស់​៖ ​​ក្នុង​ការ​ធ្វើ​ជំនួញ​ ​គឺ​ត្រូវ​តែ​មាន​គោលដៅ​ច្បាស់លាស់​ ​បើ​មិន​ដូច្នោះ​ទេ ​​អ្នក​នឹង​ត្រូវ​បរាជ័យ​មិន​ខាន​ ​ព្រោះ​មាន​ឧបសគ្គ​ជាច្រើន​ដែល​កើត​មាន​។ ​​​​​​​​​ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​ ​មាន​គោលដៅ​ច្បាស់លាស់​ ​និង មិន​ដែល​រារែក​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នោះ ​​វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ​អ្នក​សម​ជា​​បុគ្គល​ជោគជ័យ​ក្នុង​វិថី​ជំនួញ​។

៣) ​មាន​សិល្បៈ​ក្នុង​ការ​ដឹកនាំ​មនុស្ស​៖​ ​​ដើម្បី​ធ្វើ​ជំនួញ​ប្រកប​ដោយ​ជោគជ័យ​ ​​មិនមែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ​ព្រោះ​មនុស្ស​មិន​អាច​មាន​លទ្ធភាព​ធ្វើ​បែប​​នេះ​ឡើយ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​ ​គឺ​សិល្បៈ​ក្នុង​ការ​ដឹកនាំ​ ​និង ប្រើប្រាស់​មនុស្ស​។ ​​​​សិល្បៈ​​ដឹកនាំ​មនុស្ស​ជា​រឿង​សំខាន់​បំផុត ​ព្រោះ​ថា ​អ្នក​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​សមត្ថភាព​ជួយ​ធ្វើ​ការងារ​ឲ្យ​អ្នក​យ៉ាង​អស់​ពី​ចិត្ត​ ​​នាំ​ឲ្យ​ការងារ​រកស៊ី​រីកចម្រើន​ទៅ​មុខ​ជា​បន្តបន្ទាប់​។

៤) ​​ពូកែ​ទំនាក់ទំនង​៖ ​និយាយ​អំពី​ការ​រកស៊ី​ ​គឺ​មិន​អាច​មិន​និយាយ​អំពី​ការ​ទំនាក់ទំនង​​នោះ​ឡើយ ​​ព្រោះ​ពេលខ្លះ​មិន​មែន​ដោយសារ​តែ​ផលិតផល​ ​ឬ សេវាកម្ម​របស់​អ្នក​ល្អ​ជាង​គូប្រជែង​នោះ​ទេ ​ប៉ុន្តែ​ចំណុច​ពិសេស​នោះ ​គឺ​អ្នក​​ពូកែ​ទំនាក់ទំនង​​ដែល​នាំ​ឲ្យ​អតិថិជន​នឹក​ឃើញ​ដល់​អ្នក​មុន​គេ​។ ​

៥) មាន​ភាព​អត់ធ្មត់​ខ្ពស់​៖ ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​ ​មិនមែន​គ្រាន់​តែ​និយាយ​ ​និង ធ្វើ​​ធម្មតា​ ​អាច​​សម្រេច​នោះ​ឡើយ ​ពោល​គឺ​ទាល់តែ​មាន​ការ​ខិតខំ​ខ្លាំង​ ​ហើយ​ក៏​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ផង​ដែរ​។ ​ដូច្នេះ​ហើយ ​ការ​អត់ធ្មត់​ ​គឺ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​តែ​មាន​ ​ព្រោះ​មិន​មែន​គ្រប់យ៉ាង​អាច​កើត​ឡើង​តាម​ការ​ចង់​បាន​នោះ​ឡើយ​ ​ពោល​គឺ​ពេល​ខ្លះ​វា​ទាមទារ​ពេលវេលា​សមស្រប​៕

​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

ការ​ទំនាក់ទំនង​​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​​ ​មិន​ថា​ធ្វើការ​​ ​រកស៊ី​ ​ឬ​ ​សិក្សា​នោះ​ឡើយ​ ​ព្រោះ​វា​ជា​ស្ពាន​មួយ​ដែល​ឲ្យ​អ្នក​ដើរ​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​។ ​មិន​ថា​ ​​​អ្នក​ជា​មនុស្ស​ឆ្លាត​ ​ឬ​ ​ពូកែ​ប៉ុណ្ណា​ទេ​ ​ប៉ុន្តែ​​បើ​ខ្សោយ​ការ​ទំនាក់ទំនង​ហើយ​ ​នោះ​​​នឹង​ធ្វើ​ឲ្យ​អ្នក​​មិន​អាច​ជោគជ័យ​ក្នុង​ជីវិត​ដោយ​ងាយ​នោះ​ឡើយ​។ ​ ​​បើ​មាន​បញ្ហា​ខ្សោយ​ផ្នែក​ទំនាក់ទំនង​​ ​អ្នក​គួរ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ពង្រឹង​វា​ឲ្យ​​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។

ខាងក្រោម​នេះ​​ ​ជា​គន្លឹះ​សំខាន់ៗ​ដែល​អាច​ជួយ​អ្នក​បាន​៖

១) ​ជឿជាក់​លើ​​ខ្លួន​ឯង​៖​ ​​គ្មាន​នរណា​ម្នាក់​អាច​ជឿជាក់​លើ​អ្នក​ឡើយ​ ​ប្រសិនបើ​​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ជឿជាក់​ផង​នោះ​ ​មានន័យថា ​វា​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ខ្លួន​អ្នក​ជា​មុន​សិន​។ ​អ្នក​ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ ​សមត្ថភាព​របស់​ខ្លួន​ ​ដោយ​ព្យាយាម​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព​ ​ហើយ​ចាត់ទុក​កំហុស​ឆ្គង់​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​អ្នក​​​ទៅ​ថ្ងៃ​ក្រោយ​។ ​ដូច្នេះ​កុំ​ស្ទាក់ស្ទើរ​តទៅ​ទៀត​ ​ពោល​គឺ​ត្រូវ​តែ​មាន​ស្មារតី​ក្នុង​ការ​​ធ្វើ​អ្វី​ដែល​ចង់​ធ្វើ​។

២) ​​ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន​៖ ​ក្នុង​ពេល​សន្ទនា​ ​ឬ​ ​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ ​គឺ​​ត្រូវ​​ប្រាកដ​ថា ​អ្នក​មាន​គោលដៅ​ច្បាស់​លាស់​ ​ថា​ខ្លួន​ចង់​​បាន​អ្វី​ឲ្យ​ប្រាកដ​​ ​​ដើម្បី​ប្រើប្រាស់​ភាសា​សំដៅ​ទៅ​លើ​គោលដៅ​នោះ​។ ​បើ​កាល​ណា​អ្នក​ ​មិន​បាន​កំណត់​ឲ្យ​ច្បាស់​នោះ​ទេ​ ​វា​នឹង​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង ​ឬ ​ការ​សន្ទនា​​របស់​អ្នក​​ហាក់​ដូច​ជា​គ្មាន​ន័យ​ ​ហើយ​ភាគី​ម្ខាង​ទៀត​ក៏​មិន​ចង់​មាន​ទំនាក់ទំនង​វែងឆ្ងាយ​អ្វី​ទៀត​ដែរ​។

៣) ​និយាយ​​ឲ្យ​ខ្លី​តែ​ខ្លឹម​៖​ ​ក្នុង​ពេល​សន្ទនា​គ្នា ​គឺ​ត្រូវ​តែ​ប្រាកដ​ថា ​អ្វី​ដែល​អ្នក​និយាយ​នោះ​​ ​គឺ​​មិន​ច្រើន​ពេក​​​​ ​តែ​​ច្បាស់ៗ​។ ​​មានន័យ​ថា ​មិន​ត្រូវ​និយាយ​ច្រើន​ពេក​ទេ​ ​ព្រោះ​ថា​ពេល​ខ្លះ​និយាយ​កាន់តែ​ច្រើន​ ​គឺ​អត់ប្រយោជន៍​កាន់​តែ​ច្រើន​ ​ហើយ​អាច​បង្ក​បញ្ហា​ទៀត​ក៏​មាន​។ ដូច្នេះ​ហើយ​ ​ត្រូវ​ព្យាយាម​​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​ ​ឲ្យ​ភាគី​ម្ខាង​ទៀត​​មិន​មាន​ការ​ធុញទ្រាន់។

៤) ​ស្តាប់​អ្នកដទៃ​៖​ ​ក្នុង​ពេល​ទំនាក់ទំនង​ ​​គឺ​ត្រូវ​ស្ដាប់គ្នា​ទៅវិញ​ទៅមក​ ​ហើយ​ក៏​ត្រូវ​និយាយ​ម្តង​ម្នាក់​ដែរ​។ ​មនុស្ស​មួយ​ចំនួន​ពូកែ​ខាង​និយាយ​ ​ប៉ុន្តែ​មិន​ពូកែ​ស្តាប់​នោះ​ឡើយ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​។​ ​ម្យ៉ាង​វិញ​ទៀត​ ​នៅ​ពេល​អ្នក​មិនព្រម​ស្តាប់​គេ​ឲ្យ​បាន​ច្រើន​ ​អ្នក​ក៏​មិន​អាច​យល់​ពី​ជម្រៅ​ចិត្ត​​ ​ឬ​ ​បំណង​របស់​គេ​នោះ​ឡើយ​។

៥) ​ញញឹម​ឲ្យ​បាន​ច្រើន​៖​​ ​​ក្នុង​ការ​ទំនាក់ទំនង​ល្អ​ ​វា​ត្រូវ​តែ​ចាប់ផ្តើម​ចេញ​ពី​ស្នាម​ញញឹម​​របស់​មនុស្ស​ម្នាក់ៗ​ជា​មុន​សិន​ ​ព្រោះ ​គ្មាន​នរណា​ចង់​និយាយ​ ​ឬ​ ​​ពិភាក្សា​អ្វី​ឡើយ​​បើ​​មុខ​របស់​អ្នក​ស្អុយ​រហូត​នោះ​។ ​ដូច្នេះ​ហើយ​ ​ដើម្បី​​​មាន​ទំនាក់ទំនង​ល្អ​​ ​អ្នក​​មិន​គួរ​កំណាញ់​ស្នាម​ញញឹម​នោះ​ឡើយ​ ​មានន័យ​ថា ​ញញឹម​កាន់​តែ​ច្រើន​ ​គឺ​កាន់​តែ​​ល្អ​៕