Tuesday, May 31, 2016

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

ផ្នត់គំនិត ​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​​ព្រោះ​ថា ​​បើ​អ្នក​គិត​ថា​ ​ខ្លួន​អាច​ទៅ​រួច​​នោះ​ ​​លទ្ធផល​ក៏​ល្អ​តែ​ ​ប៉ុន្តែ​បើ​គិត​ថា​ ​​ទៅ​មិន​រួច​ទេ​ ​នោះ​លទ្ធផល​ប្រាកដ​ជា​អាក្រក់​មិន​ខាន​។ ​​មនុស្ស​ជាច្រើន​ ​ដោយសារ​តែ​គិត​លើ​ផ្លូវ​មិន​ល្អ​ច្រើន​ពេក​ ​ជា​​ហេតុ​នាំ​ឲ្យ​​ពួកគេ​ជួប​តែ​រឿង​មិន​ល្អ​ដែរ​។​ ​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​ជម្រុះ​គំនិត​ដែល​មិន​ល្អ​ចេញ​ ​​ហើយ​ព្យាយាម​បណ្ដុះ​ផ្នត់​គំនិត​ដែល​សំខាន់ៗ​ ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ដើរ​ទៅ​រក​ផ្លូវ​ជោគជ័យ​៖

១) ​​អតីតកាល​ជា​មេរៀន​ដ៏​សំខាន់​ ​ប៉ុន្តែ​មិន​មែន​ជា​អនាគត​​របស់​អ្នក​ទេ​៖ ​រាល់​អ្វី​ដែល​អ្នក​បាន​សាង​កន្លងមក​ ​ទោះ​បី​​លទ្ធផល​ល្អ​ក្តី​ ​មិន​ល្អ​ក្តី​គឺ​សុទ្ធតែ​ជា​មេរៀន​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នក​រៀន​​សូត្រ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ ​មិន​ត្រូវ​បណ្តោយ​ឲ្យ​អតីតកាល​របស់​អ្នក​ ​​មក​បំផ្លាញ​ជីវិត​របស់​អ្នក​ឡើយ​ ​ព្រោះ​អ្នក​មិន​អាច​ត្រលប់​ទៅ​វិញ​បាន​នោះ​ទេ​ ​ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​រៀបចំ​ផ្លូវ​ជីវិត​ឲ្យ​ល្អ​​ប្រសើរ​សម្រាប់​ថ្ងៃ​នេះ​​ ​និង ថ្ងៃ​ស្អែក​។

២) ​​ជោគជ័យ​ ​​អាស្រ័យ​លើ​កណ្តាប់​ដៃ​អ្នក​៖ ​ត្រូវ​ចាំ​ថា​ ​គ្មាន​នរណា​ម្នាក់​ដែល​អាច​​ផ្តល់​ភាព​ជោគជ័យ​ដល់​អ្នក​បាន​ឡើយ ​ពោល​គឺ​មាន​តែ​ខ្លួន​ឯង​ពឹង​លើ​សមត្ថភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​។ ការ​គិត​បែបនេះ ​នឹង​ជួយ​ឲ្យ​អ្នក​ហ៊ាន​សម្រេច​ជោគ​វាសនា​របស់​ខ្លួន​ ​តាម​រយៈ​ការ​សម្រេច​ចិត្ត​ដើរ​លើ​ផ្លូវ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ហើយ​ក៏​មិន​ដេក​ចាំ​ការ​ជួយ​ពី​អ្នក​ដទៃ​ដែរ​​។​

៣) ​គ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​បាន​​ទេ ​គឺ​គ្រាន់​តែ​មិន​ទាន់​ដល់​ពេល៖ ​បើ​អ្នក​គិតថា ​​ខ្លួន​អាច​ធ្វើ​បាន​នោះ ​​ទោះបីជា​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ​​អ្នក​នឹង​សម្រេច​គោលដៅ​មិន​ខាន​ ​គ្រាន់​តែ​​វា​ទាមទារ​ពេលវេលា​សមស្រប​ប៉ុណ្ណោះ​។ ​ការ​គិត​បែបនេះ អាច​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក ​អាច​បន្ត​ការងារ​ទៅ​បាន​ទៀត​ ​​ដោយ​មិន​បាក់ទឹកចិត្ត​ ​ជា​ពិសេស​ក្នុង​ពេល​កំពុង​ធ្វើ​កិច្ចការ​ដែល​មិន​ទាន់​មាន​លទ្ធផល​ល្អ​។

៤) ​គ្មាន​នរណា​ម្នាក់​ដែល​មិន​ត្រូវ​គេ​រិះគន់​ទេ​៖​ ​គ្រប់​មនុស្ស​​ទាំង​អស់​ ​សុទ្ធតែ​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​​ដោយ​ហេតុផល​ផ្សេងៗ​គ្នា​។ ការ​រិះគន់​នេះ​ ​តែងតែ​កើត​មាន​ជានិច្ច​ ​ព្រោះ​ថា​មនុស្ស​មាន​ចិត្ត​ខុស​គ្នា​​ ​ដូច្នេះ​ហើយ​ការ​យល់​ឃើញ​ក៏​ខុសគ្នា​ដែរ​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​​នោះ ​អ្នក​ត្រូវ​តែ​តាំង​ជំហរ​ឲ្យ​បាន​ល្អ​​ ​ដោយ​មិន​ត្រូវ​ទន់ជ្រាយ​​ទៅ​តាម​ពាក្យ​សម្ដី​មនុស្ស​ទាំង​អស់​នោះ​ឡើយ​ ​ហើយ​ត្រូវ​ព្យាយាម​ធ្វើ​វា​ឲ្យ​សម្រេច​ដើម្បី​បញ្ជាក់​ថា ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​ជា​រឿង​ត្រឹមត្រូវ​។

៥) ​រីករាយ​​ពេល​ឃើញ​អ្នកដទៃ​ជោគជ័យ​៖ ​អ្នក​មិន​ត្រូវ​មាន​ការ​ច្រណែន ​និង​ ​ផ្ចាញ់ផ្ចាល​​​​នៅ​ពេល​ឃើញ​​អ្នក​ដទៃ​ជោគជ័យ​នោះ​ឡើយ​ ​ព្រោះ​ថា​វា​គ្មានប្រយោជន៍​អ្វី​ឡើយ ​ក្រៅ​ពី​នាំ​រឿង​ដាក់​ខ្លួន​កាន់​តែ​ច្រើន​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ ​គឺ​បើក​ចិត្ត​ឲ្យ​ទូលាយ ​ហើយ​អបអរ​ចំពោះ​ជោគជ័យ​របស់​មនុស្ស​ទាំង​អស់​នោះ​ ​​ហើយ​ព្យាយាម​រៀនសូត្រ​ពី​ពួក​គេ​ ​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ដែរ​នៅ​ពេល​ខាង​មុខ​៕

No comments:

Post a Comment