Tuesday, June 30, 2015

ព្យាយាម​​សួរ​ និង ឆ្លើយ​​សំនួរ​​ទាំង​១០​នេះ​​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ​គោលដៅ​អាជីវកម្ម​​ជោគជ័យ​បន្តិចម្តងៗ

នៅ​ក្នុង​​កិច្ចការ​អាជីវកម្ម​​ប្រចាំ​ថ្ងៃ ដរាបណា​​អ្នក​បាន​​រៀបចំ​គ្រោង​ជា​មុន​បាន​យ៉ាង​ត្រឹមត្រូវ លម្អិត និង ច្បាស់លាស់​ ដរាប​នោះ​អ្នក​អាច​អនុវត្ត​គម្រោង​របស់​​កាន់តែ​ងាយស្រួល និង កាន់តែ​រហ័ស​​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​អ្នក​គ្រោង​ទុក។ នៅ​ទី​​នេះ ប្រិយមិត្ត​​ជា​ពិសេស សហគ្រិន អាជីវករ​ទូទៅ​សាក​ព្យាយាម​សួរ​ខ្លួន​ឯង​ និង ឆ្លើយ​​​សំនួរ​ចំនួន​​ ១០​ នេះ​ ដែល​ជា​​គន្លឹះ​​​បង្កើត​គម្រោង​មួយ​សម្រាប់​​​បំពេញ​​ភាព​ខ្វះ​ចន្លោះ ឬ ចំណុច​ខ្សោយ​​ក្នុង​អាជីវកម្ម​របស់​អ្នក។ សំនួរ​ទាំង​១០ នេះ​រួមមាន៖

១) តើ​​ផលិតផល និង សេវាកម្ម​ពិត​ប្រាកដ​របស់​ខ្ញុំ​គឺ​ជា​អ្វី?ជា​ការ​ពិត​អ្នក​អាច​បង្កើត​អាជីវកម្ម​បាន​លុះត្រា​​តែ​អ្នក​មាន​ផលិតផល ឬ សេវាកម្ម​មួយ​​ផ្តល់​ឲ្យ​គេ។ បើ​ដូច្នេះ​មែន ​អ្នក​ត្រូវ​ប្រាកដ​ថា ​ផលិតផល ឬ​សេវាកម្ម​​របស់​អ្នក​ពិត​ជា​​មាន​ពិត​ប្រាកដ​មែន​សម្រាប់​ផ្តល់​ជូន​ទៅ​ឲ្យ​អតិថិជន​របស់​អ្នក​នៅ​​ក្នុង​ពេល​វេលា​មួយ​សមស្រប​​ ទីកន្លែង តម្លៃ គុណភាព និង ត្រឹមត្រូវ​តាម​ច្បាប់​​ពិត​ប្រាកដ​។

២) តើ​អ្នកណា​ខ្លះ​ជា​អតិថិជន​របស់​ខ្ញុំ?ងាក​មក​មើល​អតិថិជន​វិញ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ព្រោះ​ថា​អតិថិជន​មាន​ច្រើន​បែប​សណ្ឋាន។ ​ចាស់ ក្មេង ប្រុស ស្រី មាន​ ក្រ អ្នក​ទីក្រុង ឬ ជនបទ​ ទាំង​​នេះ​សុទ្ធតែ​អ្វី​ដែល​អ្នក​ត្រូវ​សិក្សា​​​ថា​ តើ​ផលិតផល ឬ សេវាកម្ម​របស់​ស្រប​នឹង​ការ​ចង់​​បាន​របស់​​​ក្រុម​មនុស្ស​ណា​មួយ​ក្នុង​ចំណោម​ប្រភេទ​មនុស្ស​​ខាងក្រោម​នេះ?

៣) ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ទិញ​ផលិតផល​របស់​ខ្ញុំ?នេះ​ជា​សំនួរ​ដ៏​សំខាន់​បំផុត​មួយ​​ព្រោះ​ថា​ អតិថិជន​​ជា​ច្រើន​​រត់​មក​រក​​អ្នក​​លុះត្រា​តែ សេវាកម្ម ឬ ​ផលិតផល​របស់​អ្នក​មាន​អ្វី​ម្យ៉ាង​ជា​ពិសេស​ផ្តល់​គុណ​តម្លៃ​ដល់​ពួកគេ។ គុណ​តម្លៃ​​ទាំង​នេះ មាន​ដូច​ជា ផលិតផល​មាន​គុណភាព​ល្អ លក់​ក្នុង​តម្លៃ​ប្រកួតប្រជែង​សមរម្យ​ ត្រឹមត្រូវ សេវាកម្ម​ល្អ និង មាន​គុណប្រយោជន៍​សម្រាប់​យក​ទៅ​ប្រើប្រាស់។ 

៤) តើ​អតិថិជន​របស់​ខ្ញុំ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី?ការ​ពិត​អតិថិជន​តែង​មាន​​ទស្សនៈ​ខុសគ្នា​ទៅ​លើ​សេវាកម្ម ឬ ផលិតផល​របស់​អ្នក។ អតិថិជន​មួយ​ចំនួន​ចង់​បាន​តម្លៃ​ទាប​​​តែ​មាន​គុណ​ភាព។​​ អតិថិជន​ខ្លះ​​​​ចង់​បាន​គុណភាព​ល្អ​តែ​មិន​សូវ​ខ្វះ​ពី​តម្លៃ​ប៉ុន្មាន​នោះ​ទេ។ ប៉ុន្តែ​ក៏​មាន​ដែរ​ដែល​​អតិថិជន​​មួយ​ចំនួន​ទៀត​​ដែល​គិត​គូរ​ពី​តម្លៃ​ជា​សំខាន់​មិន​សូវ​គិតគូរ​ពី​គុណភាព តែ​នេះ​មាន​តិចតួច​ណាស់។ ​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ស្ទាបស្ទង់​ចិត្តសាស្ត្រ​របស់​ពួកគេ​ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​មួយ​​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រលប់​ទៅ​វិញ​ដោយ​ដៃទទេ។ ​

​៥) តើ​អ្វី​ទៅ​អាច​ធ្វើ​ឲ្យ​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ​​​​យក​ឈ្នះ​ពី​គូប្រជែង​បាន?នេះ​ជា​កត្តា​សំខាន់ ​ព្រោះ​ថា​​បើ​អ្នក​គ្រាន់តែ​ដឹង​ថា អតិថិជន​ត្រូវ​ការ​​ផលិតផល​ ឬ សេវាកម្ម​ល្អ​មាន​គុណ​តម្លៃ​ពិតប្រាកដ​ចំពោះ​ពួកគេ តែ​អ្នក​មិន​បាន​ដឹង​ពី​​​គន្លឹះ​ផ្តល់​ជូន​ទាំង​នេះ​មាន​​ប្រសិទ្ធភាព វា​នៅ​តែ​គ្មាន​ប្រយោជន៍។ គេ​សង្កេត​ឃើញ​ថា ក្តៅ​ពី​គុណភាព តម្លៃ សេវាកម្ម​ ការ​ប្រកួតប្រជែង ការ​ជួយ​ស្វែង​រក​ដំណោះស្រាយ​រាល់​បញ្ហា​នានា​​របស់​អតិថិជន​គឺ​ជា​​កម្មវត្ថុ​ក្នុង​ចំណុច​នេះ​ដែរ។

៦) តើ​​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​មិន​ទិញ​?ដូច​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ទី៤ អតិថិជន​ទាំងអស់​មិនមែន​សុទ្ធតែ​ទិញ​ផលិតផល​របស់​អ្នក​​នោះ​ឡើយ ហើយ​រមែង​មាន​បំណង​​ខុសៗគ្នា។ ហេតុ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​កំណត់​ពី​​ផលិតផល ឬ​សេវាកម្ម​ដែល​អតិថិជន​ចង់​​ទិញ និង មិន​ចង់​ទិញ ហើយ​អាច​រៀប​ចំ​យុទ្ធសាស្ត្រ​​​​​ជា​ច្រើន​​​ឲ្យ​មាន​ប្រសិទ្ធភាព​​ជាង​មុន​ចាក់​ចំ​បេះដូង​របស់​ពួកគេ​តែម្តង។

​៧) ហេតុ​អ្វី​បាន​ជា​​អតិថិជន​របស់​ខ្ញុំ​ត្រូវ​ទិញ​ផលិតផល​​ ឬ សេវាកម្ម​ពី​គូប្រជែង​របស់​ខ្ញុំ?វា​ជា​ចម្ងល់​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​យល់​​ពី​មូលហេតុ​ដែល​អតិថិជន​ជា​ច្រើន​​វេចបង្វេច​ពី​អ្នក​ទៅ​ជ្រកកោន​​ជា​មួយ​​គូប្រជែង​របស់​អ្នក។ ពេល​ខ្លះ​ទោះបី​ជា​អ្នក​មាន​ផលិតផល​​ ឬ សេវាកម្ម​មាន​គុណភាព ឬ មាន​​តម្លៃ​ថោក​ជាង​គូប្រជែង​របស់​អ្នក​តែ​មិន​ប្រាកដ​ថា វា​គ្រប់គ្រាន់​នោះ​​ឡើយ។ ការ​មិន​រាក់ទាក់ និង មិន​ផ្តល់​ភាព​កក់ក្តៅ​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់​ដល់​ពួកគេ ក៏​ជា​ចំណុច​ខ្សោយ​មួយ​ដែល​អ្នក​ចាញ់​គូប្រជែង​របស់​អ្នក​ដែរ។

​៨) តើ​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​​ត្រូវ​ទិញ​ពី​គូប្រជែង​របស់​ខ្ញុំ?តាម​ពិត​ទៅ​​នៅ​ក្នុង​ចំណុច​នេះ​ អតិថិជន​របស់​អ្នក​គ្មាន​អ្វី​ទិញ​ក្រៅ​ពី​ផលិតផល ឬ សេវាកម្ម​គូប្រជែង​របស់​អ្នក​នោះ​ឡើយ។ ប៉ុន្តែ​បើ​​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​មាន​ជាអាទិ៍​ផលិតផល ឬ សេវាកម្ម​របស់​គូប្រជែង​របស់​អ្នក​​អន់​គ្មាន​គុណភាព តម្លៃ​កប់​ពពក មិន​រាក់ទាក់​ ​បាត់បង់​ភាព​កក់ក្តៅ​​ និង​​ជំនឿ​ជាក់​ដល់​​អតិថិជន​ ​ផ្តល់​​ផលិតផល ឬ សេវាកម្ម​ដោយ​មិន​ស្មើភាព​ក្នុង​តម្លៃ​ឬ គុណភាព​ខុសគ្នា ​​ទាំង​នេះ​​ជា​ហេតុផល​នៅ​ពី​ក្រោយ​​​អាថ៌កំបាំង​​មួយ​នេះ។​​

៩) តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ឲ្យ​អតិថិជន​ទាំង​នោះ​​​ចាកចេញ​ពី​គូប្រជែង​របស់​ខ្ញុំ​មក​ទិញ​​ផលិតផល ឬ​សេវាកម្ម​របស់​ខ្ញុំ?នេះ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ព្រោះ​ថា​កាលដែល​អតិថិជន​​រកស៊ី​ជា​មួយ​គូប្រជែង​របស់​អ្នក​​ក៏​ដោយសារ​គូប្រជែង​របស់​អ្នក​​មាន​អ្វី​ជា​ពិសេស ខណៈ​ដែល​ពួកគេ​ក៏​បាន​កសាង​គ្រឹះ​ដ៏​រឹងមាំ​ជា​មួយ​គ្នា​ទៀត​​រួច​ទៅ​ហើយ​ផង​ដែរ។ យ៉ាងណាមិញ អ្នក​អាច​​ដោះស្រាយ​បាន​បញ្ហា​ដោយ​​​ត្រូវ​ឈរ​នៅ​​ជ្រុង​ម្ខាង​​នៃ​ដៃគូ​​ប្រជែង​របស់​អ្នក​ ឬ ក៏​តាម​រយៈ​ការ​​ចំណាយ​ប្រាក់​ទិញ​ទឹកចិត្ត​អតិថិជន​​របស់​ដៃគូ​ប្រជែង ធ្វើ​ឲ្យ​អតិថិជន​ដៃគូ​ប្រកួត​​ក្លាយ​ជា VIP ​របស់​អ្នក​ យុទ្ធ​សាស្ត្រ​ប្រើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ទៅ​កាន់​ពួកគេ និង រក្សា​ទំនាក់​ទំនង​កុំ​ឲ្យ​ដាច់​​ជា​ដើម។ 

១០) មាន​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទិញ​​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ តើ​នោះ​គឺ​ជា​អ្វី?ចម្លើយ​ដ៏​ខ្លី ហើយ​ប្រិយមិត្ត​អាច​​យល់​បាន​​នោះ​គឺ​ធ្វើ​ឲ្យ​​​ផលិតផល ឬ សេវាកម្ម​របស់​​អ្នក​ផ្តល់​ជូន​អតិថិជន​ឲ្យ​ខុស​ប្លែក​ពី​គូប្រជែង​របស់​អ្នក។​

នៅ​ពេល​ដែល​អ្នក​ព្យាយាម​​សួរ និង ឆ្លើយ​សំនួរ​ទាំង​នេះ ជំហាន​បន្ទាប់​​ដែល​​ជា​គម្រោង​របស់​អ្នក​គឺ​រៀបចំ​គោលដៅ​​ច្បាស់លាស់​មួយ​សម្រាប់​លក់ និង គម្រោង​បង្កើន​​ប្រាក់​ចំណូល។ អ្នក​ត្រូវ​កំណត់​ឲ្យ​ជាក់លាក់​ពី​​អតិថិជន​ដែល​ត្រូវ​​ទិញ ប្រាក់​ចំណូល ការ​ផ្សព្វផ្សាយ ​ការ​ស្វែង​រក​ទីផ្សារ ការ​ចែកចាយ ការ​គ្រប់គ្រង​​សេវាកម្ម​ ឬ ផលិតផល​អតិថិជន និង ទីតាំង​​ត្រឹមត្រូវ​ ​ដើម្បី​សម្រេច​គោលដៅ​របស់​​អ្នក៕

ឥរិយាបថ​មិន​ល្អ​៤​យ៉ាង​នេះ ​អាច​ធ្វើ​ឲ្យ​លោក​​អ្នក​ផុង​​ខ្លួន​​ងើប​មិន​រួច​ពី​​ភាព​បរាជ័យ​​​​!

​នៅ​ពេល​ដែល​ អ្នក​មិនអាច​ទទួល​បាន​ភាព​ជោគជ័យ​លើ​អ្វីមួយ​ ​បើ​ទោះបីជា​បាន​ប្រឹង​ប្រែង​​ខ្លាំង​ក្តី​នោះ ​គឺ​វា​ប្រាកដ​ជា​មាន​មូលហេតុ​របស់​វា​។ ​​​ឥរិយាបថ​មួយ​ចំនួន​ ​ពិត​ជា​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​​របស់​​អ្នក​យ៉ាង​ខ្លាំង​ ​ប៉ុន្តែ​ប្រហែល​ជា​មិន​ដឹង​គិតដល់​​ក៏​ថា​បាន​។ខាងក្រោម​នេះ គឺ​​ជា​ឥរិយាបថ​មួយ​ចំនួន​ដែល​រារាំង​ដល់​ភាព​ជោគជ័យ​របស់​អ្នក​៖

​​​​១) ច្រណែន​ឈ្នានីស​
​​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ច្រណែន​ឈ្នានីស​អ្នកដទៃ​គ្រប់យ៉ាង​ ជាពិសេស​នៅ​ពេល​នរណា​ម្នាក់​​ធ្វើ​រឿង​អ្វី​មួយ​បាន​ល្អ។ ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​ ដែល​អ្នក​ត្រូវ​ច្រណែន​ឈ្នានីស​គេ​ ​ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ពេញ​ចិត្ត​នឹង​ឫកពា​របស់​អ្នក​នោះ​ដែរ​។ ​​ដូច្នេះ​ហើយ​ អ្នក​មិន​គួរ​បន្ត​​ឥរិយាបថ​អាក្រក់​បែប​នេះ​ទៀត​ឡើយ​ ​ព្រោះ​​​ការ​ច្រណែន​គ្មាន​ជួយ​អ្វី​ទាំង​អស់​ ​ពោល​គឺ​បង្ក​តែ​បញ្ហា​ស្មុគស្មាញ​ថែម​ទៀត​ប៉ុណ្ណោះ​។

២) ​រស់នៅ​ក្នុង​អតីត​កាល
​​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​ជួបប្រទះ​នឹង​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ ក្នុង​ជីវិត​។​ ជាមួយ​គ្នា​នោះ​ ប្រសិន​បើ​អ្នក​​នៅ​តែ​​រស់នៅ​ក្នុង​អតីតកាល​ទៀត​ ​នោះ​​វា​នៅ​តែ​បង្ក​ភាព​ស្មុគស្មាញ​កាន់តែ​ខ្លាំង​ ហើយ​គ្មាន​ថ្ងៃ​អាច​រក​ឃើញ​​ភាព​ភ្លឺស្វាង​នោះ​ឡើយ​។​ ​​​អ្នក​មិន​គួរ​​បន្ត​រស់នៅ​ក្នុង​អតីត​កាល​ទៀត​នោះ​ទេ ពោល​គឺ​ព្យាយាម​រៀបចំ​ការងារ​ និង សកម្មភាព​ឲ្យ​បាន​ល្អ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​​ ដោយ​គ្រាន់តែ​យក​អតីតកាល​​ត្រឹម​ជា​បទ​ពិសោធន៍​ទៅ​បាន​ហើយ​។​​ ការ​ធ្វើ​ដូច​នេះ​ទើប​អាច​ រក​ឃើញ​ផ្លូវ​ជោគជ័យ​ទៅកាន់​អតីតកាល​។

៣) ​ពូកែ​និយាយ​មិនល្អ​ពី​អ្នកដទៃ​​គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​ ឬ មិនដែល​ខុស​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​​ ការ​ខិតខំ​ធ្វើ​ការងារ​ឲ្យ​សម្រេច​ ដោយ​ព្យាយាម​កាត់បន្ថយ​កំហុស​ឆ្គង​ទៅ​ គឺ​ល្អ​ហើយ​។ ​សម្រាប់​មនុស្ស​មួយ​ចំនួន​ មិន​សូវ​ពូកែ​ធ្វើ​នោះ​ទេ ប៉ុន្តែ​គឺ ពូកែ​ខាង​និយាយ​មិនល្អ​ពី​អ្នកដទៃ​​ ទោះបីជា​គេ​សាង​កំហុស​ដ៏​តូច​មួយ​​ក្តី​។​ ​មនុស្ស​ប្រភេទ​នេះ ​មិន​អាច​រក​ឃើញ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​បាន​ឡើយ​ ដោយសារតែ​​ឥរិយាបថ​ដ៏​អាក្រក់​នេះ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​អ្នក​មាន​ចំណុច​អាក្រក់​មួយ​នេះ​ដែរ ​គឺ​គួរ​តែ​ព្យាយាម​កែប្រែ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។

៤) ​​ឆាប់​បោះបង់​
​​រាល់​ការ​​​ធ្វើ​កិច្ចការ​ទាំងអស់​ គឺ​តែងតែ​ជួប​ការ​លំបាក​ជៀស​មិន​ផុត​។ ​​ក្នុង​ស្ថានភាព​នេះ​ ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​ឆាប់​បោះបង់​ចោល​​ការងារ​ នៅ​ពេល​ជួប​បញ្ហា​ផ្សេងៗ​នោះ វា​មាន​ន័យ​ថា​ អ្នក​គ្មាន​ថ្ងៃ​អាច​សម្រេច​ភាព​ជោគជ័យ​ធំធេង​នៅ​ពេល​អនាគត​បាន​ឡើយ​។​​ ​ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​ផ្លាស់ប្ដូរ​ឥរិយាបថ​​មិនល្អ​នេះ​ចេញ​ ដើម្បី​អាច​សាង​ភាព​ជោគជ័យ​នៅ​ពេល​អនាគត​ បើ​ទោះបីជា​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ​៕

​វិធីសាស្ត្រ​៣​យ៉ាង ដែល​អាច​ជួយ​កែខៃ​បុគ្គលិក​ដែល​មិនសូវ​សកម្ម​នឹង​ការងារ​​ ​ឲ្យ​​ធ្វើការងារ​ល្អ​ឡើង​វិញ​!​

ក្រុមហ៊ុន​នីមួយៗ​អាច​ដំណើរ​ការ​ទៅ​បាន​ លុះ​ត្រាតែ​មាន​​បុគ្គល​ឆ្នើមៗ​​ដែល​ខិតខំ​ធ្វើ​ការ​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ ការងារ​មាន​ការ​រីកចម្រើន​ទៅ​មុខ​។​ យ៉ាងណាក៏ដោយ​ ​​នៅ​ក្នុង​អង្គភាព​មួយ​ ឬ ក្រុម​មួយ​ គឺ​មិនអាច​មាន​បុគ្គលិក​ ឬ សមាជិក​​ឆ្នើម​ ឬ ​ខិតខំ​ធ្វើ​ការ​ខ្លាំង​ទាំង​អស់​​នោះ​ឡើយ​ ពោល​គឺ​​ប្រាកដ​ជា​មាន​មួយ​ចំនួន​ដែល​មិន​សូវ​សកម្ម​ក្នុង​ការងារ ឬ ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ​​ហើយ​ចាំតែ​បើក​ប្រាក់​ខែ​ប៉ុណ្ណោះ​។

​ប្រសិនបើ​អ្នក​ មាន​​បញ្ហា​នេះ​កើត​ឡើង​​ ក្នុង​នាម​អ្នក​ជា​ប្រធាន​ ឬ អ្នក​គ្រប់គ្រង​​គួរ​មាន​យុទ្ធសាស្ត្រ​ដើម្បី​អាច​ជំរុញ​ឲ្យ​ពួក​គេ​សកម្ម​ក្នុង​ការងារ​វិញ​៖

១) ​ផ្តល់​ដំបូន្មាន​ច្បាស់ៗ​
​​​​​​​​​​ពេល​ខ្លះ​ បុគ្គលិក​ ឬ សមាជិក​ក្រុម​មួយ​ចំនួន​ មិនសូវ​សកម្ម​នឹង​ការងារ​ គឺ​មិនមែន​ដោយសារតែ​ពួក​គេ​ខ្ជិលច្រអូស​នោះ​ទេ ប៉ុន្តែ​អាច​ដោយ​សារ​តែ​ពួកគេ​មិនសូវ​យល់​ច្បាស់​អំពី​​​ការងារ​។ ដូច្នេះ ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ ​គួរតែ​ចេះ​ណែនាំ​ និង ផ្តល់​ដំបូន្មាន​ច្បាស់ៗ​ដល់​ពួកគេ​ ថា​​គួរ​ធ្វើ​អ្វី​ និង​ ធ្វើ​យ៉ាងដូច​ម្តេច​។​ ការ​ធ្វើ​បែបនេះ​ អាច​​ជួយ​ឲ្យ​ពួកគេ​អាច​កែប្រែ​សកម្មភាព​របស់​ខ្លួន​ ​ដោយ​ខិតខំ​ធ្វើ​ការងារ​ឡើង​វិញ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ​គួរ​ជៀសវាង​ដាច់​ខាត់​ ការប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ ​ដាក់​ពួកគេ​។

២) ​ចេះ​ស្តាប់​យោបល់​របស់​ពួកគេ​
​​បុគ្គល​មួយ​ចំនួន​ ​អាច​ធ្វើការ​យ៉ាង​សកម្ម​បាន​ គឺ​ដោយសារតែ​ពួកគេ​​មាន​គំនិត និង ហេតុផល​​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ការ​ពិភាក្សា​គ្នា​។ ​​កាលណា​គំនិត​របស់​ពួកគេ​មិន​ត្រូវ​បាន​ថ្នាក់លើ​ ស្តាប់ ឬ គិតគូរ​ទេ ​នោះ​ធ្វើ​ឲ្យ​មាន​ការ​បាក់ទឹកចិត្ត​ ហើយ​​បណ្តាល​ឲ្យ​លែង​មាន​អារម្មណ៍​ធ្វើ​ការងារ​។​ ដូច្នេះ​ អ្នក​ (ប្រធាន​)​​ត្រូវ​ព្យាយាម​ស្តាប់​ហេតុផល​ ឬ គំនិត​របស់​អ្នក​ទាំង​នោះ ជុំវិញ​ការងារ​ដែល​កំពុង​ធ្វើ​ ដើម្បី​​ឲ្យ​បុគ្គលិក​​មាន​អារម្មណ៍​ថា ពួកគេ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរការ​ក្រុមហ៊ុន​ ឬ ការងារ​ទាំង​មូល​ផង​ដែរ​។​

៣) ​ចេះ​លើក​ទឹកចិត្ត​​
​ការ​លើក​ទឹកចិត្ត​ គឺ​ពិត​ជា​រឿង​សំខាន់​បំផុត​សម្រាប់​​ មនុស្ស​គ្រប់គ្នា​ ជាពិសេស​ការ​ធ្វើ​កិច្ចការ​ជា​ក្រុម។​ ​ក្នុង​ន័យ​នេះ​ ​នៅពេល​បុគ្គលិក​ណា​មាន​ស្នាដៃ​ ​អ្នក​(ប្រធាន)​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​តាមរយៈ​ការ សរសើរ​ ឬ ​ផ្តល់​ជា​រង្វាន់​(តិចតួច​ក៏បាន)​ជាដើម​។ ចំណុច​នេះ​ នឹង​ជួយ​ឲ្យ​បុគ្គលិក​កាន់តែ​ខិតខំ​ធ្វើ​ការងារ​ខ្លាំង​ជា​ង​មុន​ថែម​ទៀត​។ ​ចំពោះ​បុគ្គលិក​ដែល​​ធ្វើ​ការងារ​មិនសូវ​ល្អ ឬ ធ្វើ​ខុស​ ក៏​ត្រូវ​ចេះ​លើក​ទឹកចិត្ត​ដែរ​ ​ព្រោះ​គ្មាន​​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​ ឬ មិន​ចេះ​ខុស​នោះ​ទេ​។​ ដូច្នេះ​ហើយ​ ​ក្នុង​នាម​អ្នក​ជា​អ្នក​គ្រប់គ្រង​ គួរ​តែ​ព្យាយាម​លើក​ទឹកចិត្ត​ពួកគេ​ជាជាង​ការ​ស្ដីបន្ទោស​ ​ព្រោះ​ការ​ស្ដីបន្ទោស​អាច​នឹង​ ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​បាក់ទឹកចិត្ត​ខ្លាំង​ថែម​ទៀត​​៕

Monday, June 29, 2015

មហាសេដ្ឋី លី កាសីុង៖ មាឌធំមិនសំខាន់ទេ សំខាន់គឺចិត្តធំ

លោក លី កាសីុង ជាមហាសេដ្ឋីទី១ វ័យ៨៦ឆ្នាំមួយរូប នៅប្រទេសហុងកុង និងលំដាប់លេខ ១៧ ក្នុងចំណោមមហាសេដ្ឋីក្នុងពិភពលោក។ ទន្ទឹមនឹងកិត្តិនាមដ៏មហិមា លោកលី មានទ្រព្យសម្បត្តិទាំងអស់ដល់ទៅ ៣៥,៣ ពាន់លានដុល្លារអាមេរិក​ ដោយយោងតាមទស្សនាវដ្ដី Forbes បានផ្សាយចេញកាលពីពេលថ្មីៗនេះ។
នាពេលលោកលី មានអាយុ១២ឆ្នាំ ខណះសង្គ្រាមរវាងចិន និងជប៉ុនបានផ្ទុះឡើង ពេលនោះគ្រួសាររបស់លោកបានផ្លាស់ប្ដូរលំនៅដ្ឋានទៅហុងកុង ប៉ុន្តែការចំណាកស្រុកនេះ មិនបានយ៉ូប៉ុន្មាន ឪពុកលោកលី កាសីុញ បានទទួលមរណភាព ដូច្នេះភារកិច្ចមើលថែទាំគ្រួសារទាំងប៉ុន្មានធ្លាក់មកលើរូបលោក។ កំឡុងពេលដែលលោកមានអាយុ ១២ឆ្នាំ លោកមិនទទួលបានការសិក្សាអ្វីទេ ព្រោះលោកត្រូវរកលុដើម្បីចិញ្ចឹមគ្រួសារ។
គ្រួសារលោកពីមួយថ្ងៃ ទៅមួយថ្ងៃ រស់ដោយសារនំបុ័ង។ លោកលី ខិតខំរកលុយដើម្បីទិញនំបុ័ងចិញ្ចឹមក្រពះ ដោយការដើរលក់ផ្កា នាឡិកាជ័រ និង ខ្សែក្រវ៉ាត់ជារៀងរាល់ថ្ងៃ។ នៅពេលអាយុ ១៥ឆ្នាំ លោកបានចូលធ្វើការជាអ្នកលក់ផ្លាស្ទិច ឲ្យក្រុមហ៊ុនមួយ នៅហុងកុង ដោយមួយថ្ងៃលោកធ្វើការ ១៦ម៉ោង និងធ្វើការអស់រយះពេល ៥ឆ្នាំ។
អំឡុងឆ្នាំ ១៩៥០ លោកលី ទទួលបានបទពិសោធច្រើនពីកន្លែងចាស់ លោកក៏បែកគំនិតបង្កើត រោងចក្រផ្លាស្ទិចមួយ ដែលជាក្រុមហ៊ុនទីមួយរបស់គាត់មានឈ្មោះថា Cheung Kong លោកគឺជាអគ្គនាយកគ្រប់គ្រងដោយផ្ទាល់។ ។ ប៉ុន្មានឆ្នាំក្រោយមកទៀត លោកលី ក៏បានក្ដោបក្ដាប់លើវិស័យធុរកិច្ច ផ្នែកសុខភាពនិង សម្រស់ រួមទាំងក្រុមហ៊ុនជាច្រើនទៀត។
ជីវិតនៃការតស៊ូរបស់ លោកលី កាសីុញ នេះពិតជាបានផ្ដល់គំរូ និងទស្សនះជាច្រើនដល់អ្នកជំនួញទូទាំងពិភពលោក។ ឃ្លាសំខាន់បំផុតមួយ ដែលលោកអ្នកគួររៀន ពីគាត់គឺថា មនុស្សគ្រប់គ្នា មិនថាមានទ្រព្យប៉ុនណា ឬមានខ្លាំង មានអំណាចប៉ុនណាទេ បើអ្នកមិនមាន បេះដូងធំ ពោលគឺចិត្តខ្លាំង តស៊ូគ្រប់ការលំបាក នោះអ្នកនឹងមិនជោគជ័យក្នុងជីវិតទេ។ លោកថាយ៉ាងខ្លីថា មាឌធំមិនសំខាន់ទេ សំខាន់គឺចិត្តធំ។

7 ចំនុចដើម្បីជោគជ័យពីសេដ្ឋីអាមេរិក លោក Warren Buffet

ពាក្យថា ជោគជ័យបើយើងអានទៅវាពិតជាពីរោះណាស់ តែការធ្វើដើម្បីជោគជ័យក្នុងជីវិត និង អាជីវកម្មគឺមិនងាយស្រួលទេ។ តែយ៉ាងណា បើយើងព្យាយាមឲ្យអស់លទ្ធភាពនោះធ្វើអ្វីក៏បានសម្រេចដែរ។ លោក Warren Buffet ដែលធ្លាប់ ជាសេដ្ឋីមានបំផុតទី២ក្នុងលោកបន្ទាប់ពីលោក Bill Gates ជាមនុស្សដែលឆ្លាតវ័យបំផុតក្នុងការបង្កើតជោគជ័យក្នុងការរកសីុ ដែលពណិជ្ជកម្មកម្ពុជា សូមណែនាំនូវគំនិតគាត់មួយចំនួនដូចខាងក្រោម៖
១. អានសៀវភៅឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
លោក Warren Buffet មហាសេដ្ឋីលំដាប់ពិភពលោករបស់សហរដ្ឋអាមេរិករូបនេះបានចាប់ផ្តើមស្រលាញ់ និងអានសៀវភៅតាំងតែពីលោកទើបតែមានអាយុ ៧ឆ្នាំមកម្លេះ។ ចាប់ពីអាយុ៧ឆ្នាំ ដល់អាយុ១២ឆ្នាំ គឺលោក Warren Buffet បានអានសៀវភៅដែលមានចំណោះដឹងទូទៅ និងចាប់ពីអាយុ១២ឆ្នាំទៅគឺលោកចាប់ផ្តើមអានសៀវភៅទាក់ទងទៅនឹងគំនិតអាជីវកម្ម របាយការណ៍ប្រចាំឆ្នាំ ជីវប្រវត្តិបុគ្គលល្បីៗ ទស្សនាវដ្តី និងការសែតជាប្រចាំថ្ងៃទៀតផង។
សូមបញ្ជាក់ថា មួយថ្ងៃលោក Warren Buffet ចំណាយពេលអានអស់ចាប់ពី៥ ទៅ៦ម៉ោង។ មូលហេតុនៃការអានច្រើនបែបនេះ ព្រោះលោកយល់ឃើញថា "មានតែការអាន និងការស្វែងរកគំនិតឱ្យបានច្រើនតែប៉ុណ្ណោះ ទើបអាចរស់នៅជាមួយនឹងការដោះស្រាយបញ្ហាបាន"
២. ធ្វើនូវអ្វីដែលខ្លួនស្រលាញ់
បើគេធ្វើបាន ហេតុអ្វីយើងធ្វើមិនបាន? ជោគជ័យ ឬបរាជ័យមិនមែនអ្នកផ្សេងជាអ្នកកំណត់ឲ្យអ្នកនោះទេ គឺអ្នកខ្លួនឯងជាអ្នកកំណត់ដោយខ្លួនឯងផ្ទាល់។ ហើយបើសិនជា អ្នកចង់ជោគជ័យយ៉ាងពិតប្រាកដមែន គឺត្រូវធ្វើនូវអ្វីដែលខ្លួនស្រលាញ់យ៉ាងពិតប្រាកដដែរ។ បើសិនជាអ្នកបានធ្វើអ្វីមួយដែលអ្នកស្រលាញ់នោះ អ្នកនឹងខិតខំព្យាយាមធ្វើវាដោយគ្មានភាពហត់នឿយឡើយ។ ព្រោះថា ការធ្វើអ្វីមួយដែលពោពេញទៅដោយក្តីស្រលាញ់ វាប្រៀបដូចជាការយកនុយទៅដាក់នឹងមាត់សត្វលាអីញ្ចឹង ដើម្បីប្រើឲ្យសត្វលាមួយដើរទៅមុខបានលឿនលុះត្រាតែយើងចងចំណីធ្វើជានុយដាក់នៅនឹងមុខរបស់វា ទើបវាប្រឹងឈ្មួសឈ្មុលដើរទៅរកចំណីនោះបានលឿន។ មនុស្សយើង ក៏ដូចគ្នាដែរ នៅពេលបានធ្វើអ្វីមួយដែលខ្លួនស្រលាញ់ហើយនោះ ទោះបីមានឧបសគ្គធំប៉ុណ្ណាក៏មិនខ្លាចដែរ។ ស្របគ្នានឹងការលើកឡើងនេះ លោក Stev Job ធ្លាប់បាននិយាយថា "មានមធ្យោបាយតែមួយប៉ុណ្ណោះ ដែលអាចធ្វើឱ្យអ្នកធ្វើការទទួលបានជោគជ័យ គឺត្រូវធ្វើការងារដែលអ្នកស្រលាញ់"
បង្កើនទំនាក់ទំនងក្នុងសង្គម និងការងារ
បើមិនស្គាល់គេម្នាក់ផងឲ្យជោគជ័យម្តេចនឹងកើត? ទំនាក់ទំនង គឺជាចំណុចដ៏សំខាន់បំផុតដែលបុគ្គលជោគជ័យតែងតែធ្វើ។ បើសិនជាអ្នកគ្មានទំនាក់ទំនង និងមិនធ្លាប់និយាយទៅកាន់អ្នកដទៃទេ ដើម្បីឲ្យគេបានយល់ពីគំនិតរបស់លោកអ្នកបានទេ នោះលោកអ្នកនឹងបាត់បង់ពីសក្តានុពលរបស់ខ្លួន។ តើលោកអ្នកដឹងទេថា លោក Warren គឺមនុស្សដែលខ្លាចបំផុតចំពោះការនិយាយទៅកាន់ទីសាធារណៈ?ដើម្បីគ្រប់គ្រងភាពភ័យខ្លាចបាន លោក Warren ក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនវគ្គខ្លីមួយ។ ចុងក្រោយលោក ក៏បានក្លាយជាអ្នកដែលមានទំនាក់ទំនងយ៉ាងល្អបំផុតជាមួយដៃគូរអាជីវកម្មផ្សេងៗ។ នៅទីបំផុតទើបលោកបានយល់ថា មេរៀនដែលលោករៀនបានច្រើនជាងអ្វីទាំងអស់ គឺការរៀនពីដៃគូរនៃការធ្វើទំនាក់ទំនង។ នេះមិនខុសទៅនឹងការលើកឡើងរបស់លោក ឌឹ​ន សុមេធា​រិ​ទ្ធ នាយក​ប្រតិបត្តិ​សណ្ឋាគារ FRANGIPANI VILLA បានលើកឡើងថា "ចេះឯងធំប៉ុនទន្លេ តែបើចេះពីគេធំប៉ុនសមុទ្រ"។ មានន័យថា ការធ្វើទំនាក់ទំនងមិនមែនត្រឹមតែជាការចាប់ដៃគូរធ្វើអាជដីវកម្មតែម្យ៉ាងនោះទេ គឺធ្វើឡើង ដើម្បីរៀនសូត្រពីគ្នាក្នុងការពង្រីកសក្តានុពលរបស់ខ្លួន។
ជ្រើសរើសដៃគូអាជីវកម្មប្រកបដោយគតិបណ្ឌិត
សម័យបុរាណ្យគេធ្វើសង្រ្គាមដោយប្រើដាវ សម័យបន្ទាប់គេធ្វើសង្រ្គាមដោយប្រើកាំភ្លើង តែសម័យកាលបច្ចុប្បន្ននេះ គេធ្វើសង្គ្រាមដោយការចាប់ដៃគ្នា។ ជ្រើសរើសដៃគូដែលមានអាកប្បកិរិយាល្អជាងអ្នក នោះពួកគេនឹងនាំអ្នកឈានទៅដល់គោលដៅ ពួកគេអាចដៅពីចំណុចជោគជ័យ និងស្គាល់មនុស្សដែលមានទេពកោសល្យ ព្រមទាំងប្រើប្រាស់ជំនាញក្នុងការបង្កើតទំនាក់ទំទងជាបណ្ដាញ ដើម្បីរក្សាទំនាក់ទំនង ហើយប្រើប្រាស់ភាពជោគជ័យដើម្បីបណ្ដុះគំនិតរបស់ខ្លួន។ ប្រសិនបើអ្នកសហការជាមួយដៃគូដែលមានសមត្ថភាពបង្គួរ ពួកគេនឹងមិនអាចបណ្ដុះទឹកចិត្តអ្នកឲ្យធ្វើអ្វីល្អៗ និងសម្រេចគោលបំណងខ្ពស់បានឡើយ។
 ៥ចេះជ្រើសរើសបុគ្គលិក
ជ្រើសរើសជួលបុគ្គលិកបានល្អនោះអ្នកនឹងមិនលំបាកក្នុងការគ្រប់គ្រងទេ។ លោក Warren Buffet ជឿជាក់យ៉ាងមុតមាំថា អ្នកដឹកនាំល្អចាំបាច់ត្រូវតែមានមនុស្សដែលមានទេពកោសល្យធ្វើការជាមួយ។ ក្រោយគាត់ជ្រើសរើសមនុស្សមានសមត្ថភាពហើយ គាត់បណ្ដោយឲ្យពួកគេប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ហើយគាត់កម្រនឹងលូកដៃចូលការងាររបស់ពួកគេណាស់។ នេះហើយដែលធ្វើឲ្យលោក Buffet មានពេលច្រើនគិតពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន។
៦. ភាពអត់ធ្មត់គឺជាគុណសម្បតិ្ដដ៏វិសេស
មិនថាអ្នកមានទេពកោសល្យ ឬសមត្ថភាពយ៉ាងណា ហើយពូកែដោះស្រាយបញ្ហាយ៉ាងណាទេ បញ្ហាខ្លះត្រូវការពេលវេលា។ តាមលោក Buffet អ្នកដឹកនាំដ៏អស្ចារ្យត្រូវយកឈ្នះលើសម្ពាធឲ្យបាន ហើយត្រូវតស៊ូដើម្បីបន្តដំណើការគម្រោងអាជីវកម្មរបស់ខ្លួនដល់ទីបញ្ចប់ ប្រកបដោយភាពអត់ធ្មត់។
៧. ទិញនៅពេលដែលអ្នកឯទៀតកំពុងចង់លក់ ហើយលក់នៅពេលដែលអ្នកឯទៀតកំពុងចង់ទិញ។ នេះជាយុទ្ធសាស្រ្តដែលពេញនិយមបំផុតរបស់លោក Buffet។ លោកតែងតែប្រើយុទ្ធសាស្រ្តនេះក្នុងការវិនិយោគទិញក្រុមហ៊ុនណាដែល មនុស្សឯទៀតគិតថានឹងមិនមានអនាគតទេ។ លោកអ្នកក៏អាចប្រើយុទ្ធសាស្រ្តនេះជាមួយវិស័យដីធ្លីផងដែរនៅកម្ពុជា ពោលនៅពេលមានវិបតិ្តគឺជាពេលដែលលោកអ្នកត្រូវទិញ ហើយពេលដែលទីផ្សារកំពុងទ្បើងដល់កំពូលនោះជាពេលដែលលោកអ្នកត្រូវលក់ចេញ៕

លុយ រឺ ពេលវេលាជាអ្នកកំណត់ភាពជោគជ័យរបស់អ្នក?

នៅក្នុងការបង្រៀនមួយដល់មនុស្សមួយក្រុម លោក Bill Gates សេដី្ឋប្រាក់ពាន់លានរបស់អាមេរិច បានដាស់សតិអារម្មណ៍ដល់និស្សិតជាច្រើន នៅពេលដែលលោកបានបកស្រាយថា ភាគជោគជ័យគឺកើតឡើងដោយការគ្រប់គ្រងពេលវេលាដែលអ្នកត្រូវចំនាយ មិនមែនអាស្រ័យលើទឹកប្រាក់ដែលអ្នកមាន នឹងរកបាននោះទេ។
ភាពជោគជ័យរបស់មនុស្សម្នាក់ៗ គឺការសំរេចបានទៅតាមគោលបំណង​ដែលពួកគេបានកំណត់ខុសៗពីគ្នា ហើយសំរាប់លោក Bill Gates វិញ ភាគជោគជ័យសំរាប់បុគ្គលគ្រប់រូបកើតមានឡើង ប្រសិនបើអ្នកសំរេចបានដោយធ្វើនូវអ្វីដែលអ្នកចង់ធ្វើ ហើយវាធ្វើអោយអ្នកសប្បាយចិត្ត នោះទើបជាជោគជ័យពិតប្រាកដ។
ដើម្បីទទួលបានភាគជោគជ័យក្នុងអាជីវកម្ម រឺការងារ លោក Bill Gates បានអោយជាសំនួរចំនួន ៣ សំរាប់បុគ្គលគ្រប់រូបសួរខ្លួនឯង មុននឹងធ្វើការសំរេចចិត្តចំនាយពេលវេលារបស់ខ្លួនអោយបានត្រឹមត្រូវ៖
១. តើអ្នកពិតជាស្រលាញ់ខ្លាំង នូវអ្វីដែលអ្នកកំពុងតែធ្វើដែររឺទេ?
២. តើមានចំនុចអ្វីខ្លះ អ្នកមានទេពកោសល្យអាចធ្វើបានខុសពីអ្នកដទៃ?
៣. តើការតបស្នងមកវិញ បានធ្វើអោយអ្នកស្កប់ចិត្ត រឺ នៅរួញរាចិត្ត?
មនុស្សភាគច្រើនតែងតែយល់ថា ភាគជោគជ័យគឺវាស់ស្ទង់លើទឹកប្រាក់ដែលអ្នកមាន និង ទឹកប្រាក់ដែលអ្នករកបាន ដោយទទួលបានប្រាក់ចំនេញខ្ពស់ជាងគេបំផុត រឺ ទទួលបានប្រាក់កំរៃច្រើនជាងគេបំផុតជារៀងរាល់ឆ្នាំ ប៉ុន្តែលោក Bill Gates មិនយល់ស្របចំពោះការសន្និដ្ឋាននេះឡើយ ហើយលោក​ជឿជាក់ថា គ្មាននរណាម្នាក់ជាបុគ្គលដ៏ជោគជ័យបំផុតក្នុងពិភពលោកទេ ព្រោះគេគិតតែព្យាយាមរក​វិធីសាស្រ្តយ៉ាងណាដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ តែមិនបានចំនាយពេលសប្បាយជាមួយនឹងអ្វី​ដែលគេសំរេចបាននោះឡើយ។
លោក Bill Gates ជឿជាក់ថា ភាពជោគជ័យពិតនឹងកើតមាននៅពេលដែលអ្នកសប្បាយចិត្តនឹងអ្វីដែលអ្នក​កំពុងតែធ្វើ គឺអ្នកត្រូវតែស្រលាញ់ខ្លាំងនូវអ្វីដែលអ្នកកំពុងតែធ្វើ ពូកែនិងមានទេពកោសល្យខ្ពស់ជាងអ្នកដទៃ ហើយទទួលបានការតបស្នងដ៏សមស្របនិងវិជ្ជមាន។ ដូច្នោះហើយ អ្នកគប្បីគ្រប់គ្រងការចំនាយពេលវេលារបស់អ្នកអោយបានត្រឹមត្រូវ ដោយធ្វើនូវអ្វីដែលអ្នកសប្បាយចិត្តនិងចង់ធ្វើ ព្រោះបើអ្នកអាចសំរេចគោលបំណងបានហើយ ប្រាក់ជារឿងដែលនឹងកើតឡើងតាមក្រោយជាមួយភាគជោគជ័យរបស់អ្នកជានិច្ច៕

ដំបូន្មានទាំង៦ របស់ Mark Cuban ដើម្បីក្លាយជាមហាសេដ្ឋី

ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងសាច់ប្រាក់ជាកត្តាចំបងនៅពីក្រោយនៃភាពជោគជ័យរបស់មហាសេដ្ឋីពាន់លាន លោក Mark Cuban ដែលជាម្ចាស់នៃក្រុមបាល់បោះ Dallas Mavericks និងជា​តារាដ៏ល្បីល្បាញនៅក្នុងកម្មវិធី Shark Tank របស់សហរដ្ឋអាមេរិក។ មហាសេដ្ឋីរូបនេះ មិនដែលលាក់លៀម​ក្នុងការចែករំលែកពីគំនិតទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់របស់គាត់នោះទេ ហើយក៏បានផ្តល់ជាដំបូន្មានមួយចំនួន សំរាប់ការពិចារណាផងដែរ ទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់ប្រចាំថ្ងៃរបស់លោក ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖
១. រស់នៅដោយការសន្សំសំចៃ ដើម្បីប្រើប្រាស់ធនធានចាប់យកឳកាសៈ កុំខ្វល់ថាអ្នករស់នៅដោយរបៀបណា បើកឡានអ្វី ស្លៀកពាក់អ្វី ព្រោះប្រសិនបើអ្នកដាក់សម្ពាធលើការចំនាយរបស់អ្នក​កាន់តែខ្លាំង នោះអ្នកនឹងពិបាកផ្តោតអារម្មណ៍លើគោលដៅរបស់អ្នកក៏កាន់តែខ្លាំងដែរ។ ប៉ុន្តែ បើសិនជាលោកអ្នករស់នៅដោយមានការសន្សំសំចៃវិញ នោះលោកអ្នកនឹងមានជំរើសកាន់តែច្រើន សម្រាប់ចាប់យកឪកាស។
២. អោយអាទិភាពដល់ការសងបំណុល ដែលមានចំណេញពិតប្រាកដៈ ព្យាយាមសងបំណុលដែលកើតឡើងពីការវិនិយោគ ហើយប្រើឥណទានអោយបានត្រឹមត្រូវ ជៀសវាងធ្វើការវិនិយោគសំរាប់ប្រាក់ចំណេញច្រើន ព្រោះការសន្សំយកការប្រាក់ដោយគ្មានជាប់បំណុល គឺប្រសើរជាងប្រាក់ចំណេញ ដែលទទួលបាន​មកពីការវិនិយោគក្នុងទីផ្សារមូលធន។
៣. ប្រើការងារបច្ចុប្បន្ន ដើម្បីចាប់យកការងារដែលអ្នកប្រាថ្នានាពេលអនាគតៈ ត្រូវរៀនពីការងារទាំងអស់ដែលអ្នកបានធ្វើ យកមកអភិវឌ្ឍន៍ជំនាញថ្មីៗ និងសិក្សាពីអង្គភាពថ្មីៗ ដើម្បីធ្វើយ៉ាងណាទាញយកបទពិសោធន៍ និងចំណេះដឹងពីការងារឲ្យបាន សម្រាប់ការប្រើប្រាស់លើអាជីពនាពេលអនាគត។
៤. ប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកដឹង នៅពេលធ្វើការវិនិយោគៈ ព្យាយាមសន្សំប្រាក់ និងបណ្តាក់ទុនទៅលើអ្វីដែលអ្នកដឹងច្បាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ លើការយល់ដឹងពត៌មាន អំពីលំហូសាច់ប្រាក់ និងយុទ្ធសាស្ត្រនៃការប្រើប្រាស់ហិរញ្ញវត្ថុ។ ព្រោះការផ្តល់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុទាំងស្រុងទៅនរណាម្នាក់ ឬការយល់ស្របទៅលើយុទ្ធសាស្រ្តនៃការប្រើប្រាស់ហិរញ្ញវត្ថុណាមួយ ដោយភាពទុកចិត្តទាំងងងឹតងងល់វាអាចនឹង​អោយអ្នកទទួលបានផលចំណេញច្រើនបំផុត តែក៏អាចឲ្យអ្នកខាតបង់យ៉ាងច្រើនបំផុតបានផងដែរ។
៥. បណ្តុះទ្រព្យសម្បត្តិសំរាប់ខ្លួនឯង និងអ្នកដទៃៈ អ្នកមានទ្រព្យសម្បត្តិ គឺជាមនុស្សដែលមានឥទ្ធិពលបំផុត ទាំងឥទ្ធិពលនៅលើគ្រួសារ និងឥទ្ធិពលនៅលើខ្លួនឯង។ ប៉ុន្តែលោកអ្នកក៏ត្រូវគិតពីអ្នកដទៃផងដែរ ព្រោះអ្នកដទៃក៏អាចមានឥទ្ធិពល ដើម្បីជួយជំរុញកំនើនប្រាក់ចំណូលរបស់លោកអ្នកឲ្យបានកាន់ខ្ពស់ជាងមុន និងបង្ហាញពីយុទ្ធសាស្រ្តវិនិយោគ ឬផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុផ្សេងៗតាមរយៈបញ្ហានៃការប្រើប្រាស់សាច់ប្រាក់ ។
៦. ប្រើលុយជាឧបករណ៍មួយ ដើម្បីសំម្រេចគោលដៅរបស់អ្នកៈ ភាពជោគជ័យមិនអាស្រ័យលើសាច់ប្រាក់ដែលអ្នកមាននោះទេ ហើយអ្នកគួរតែប្រើលុយ ដើម្បីជួយសំម្រេចគោលដៅរបស់លោកអ្នក មិនមែនយកលុយមកធ្វើជាគោលដៅនោះទេ។ ហេតុនេះអ្នកត្រូវតែព្យាយាមធ្វើការ និងអនុវត្តន៍ភ្លាមៗជាមួយនឹងអ្វីដែលលោកអ្នកមានស្រាប់ និងអ្វីដែលលោកអ្នកអាចធ្វើទៅបាន។ រួចហើយលោកអ្នកយកវាទៅប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ទាំងសាច់ប្រាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោកអ្នក។ ដូច្នេះដើម្បីសម្រេចទៅបាន គឺលោកអ្នកត្រូវក្រាបលូន ធ្វើថោកធ្វើទាប និងលុបចោលឲ្យអស់នូវភាពអៀនខ្មាស់។
សរុបមកឃើញថា ការពិតមនុស្សទាំងឡាយប្រៀបដូចជាទេវតាអីញ្ចឹងផងដែរ ព្រោះមនុស្សមានភ្នែកទិព្វអាចមើលបានឆ្ងាយ មានត្រចៀកទិព្វអាចស្តាប់បានរឿងរ៉ាវស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក មានមាត់ទិព្វអាចនិយាយឭដល់គ្រប់ទិសទី។ ប៉ុន្តែកំហុសធំបំផុតរបស់មនុស្ស បែជាមិនបានដឹងឲ្យច្បាស់អំពីសក្តានុពលរបស់ខ្លួន៕