Tuesday, June 30, 2015

​វិធីសាស្ត្រ​៣​យ៉ាង ដែល​អាច​ជួយ​កែខៃ​បុគ្គលិក​ដែល​មិនសូវ​សកម្ម​នឹង​ការងារ​​ ​ឲ្យ​​ធ្វើការងារ​ល្អ​ឡើង​វិញ​!​

ក្រុមហ៊ុន​នីមួយៗ​អាច​ដំណើរ​ការ​ទៅ​បាន​ លុះ​ត្រាតែ​មាន​​បុគ្គល​ឆ្នើមៗ​​ដែល​ខិតខំ​ធ្វើ​ការ​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ ការងារ​មាន​ការ​រីកចម្រើន​ទៅ​មុខ​។​ យ៉ាងណាក៏ដោយ​ ​​នៅ​ក្នុង​អង្គភាព​មួយ​ ឬ ក្រុម​មួយ​ គឺ​មិនអាច​មាន​បុគ្គលិក​ ឬ សមាជិក​​ឆ្នើម​ ឬ ​ខិតខំ​ធ្វើ​ការ​ខ្លាំង​ទាំង​អស់​​នោះ​ឡើយ​ ពោល​គឺ​​ប្រាកដ​ជា​មាន​មួយ​ចំនួន​ដែល​មិន​សូវ​សកម្ម​ក្នុង​ការងារ ឬ ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ​​ហើយ​ចាំតែ​បើក​ប្រាក់​ខែ​ប៉ុណ្ណោះ​។

​ប្រសិនបើ​អ្នក​ មាន​​បញ្ហា​នេះ​កើត​ឡើង​​ ក្នុង​នាម​អ្នក​ជា​ប្រធាន​ ឬ អ្នក​គ្រប់គ្រង​​គួរ​មាន​យុទ្ធសាស្ត្រ​ដើម្បី​អាច​ជំរុញ​ឲ្យ​ពួក​គេ​សកម្ម​ក្នុង​ការងារ​វិញ​៖

១) ​ផ្តល់​ដំបូន្មាន​ច្បាស់ៗ​
​​​​​​​​​​ពេល​ខ្លះ​ បុគ្គលិក​ ឬ សមាជិក​ក្រុម​មួយ​ចំនួន​ មិនសូវ​សកម្ម​នឹង​ការងារ​ គឺ​មិនមែន​ដោយសារតែ​ពួក​គេ​ខ្ជិលច្រអូស​នោះ​ទេ ប៉ុន្តែ​អាច​ដោយ​សារ​តែ​ពួកគេ​មិនសូវ​យល់​ច្បាស់​អំពី​​​ការងារ​។ ដូច្នេះ ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ ​គួរតែ​ចេះ​ណែនាំ​ និង ផ្តល់​ដំបូន្មាន​ច្បាស់ៗ​ដល់​ពួកគេ​ ថា​​គួរ​ធ្វើ​អ្វី​ និង​ ធ្វើ​យ៉ាងដូច​ម្តេច​។​ ការ​ធ្វើ​បែបនេះ​ អាច​​ជួយ​ឲ្យ​ពួកគេ​អាច​កែប្រែ​សកម្មភាព​របស់​ខ្លួន​ ​ដោយ​ខិតខំ​ធ្វើ​ការងារ​ឡើង​វិញ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ​គួរ​ជៀសវាង​ដាច់​ខាត់​ ការប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ ​ដាក់​ពួកគេ​។

២) ​ចេះ​ស្តាប់​យោបល់​របស់​ពួកគេ​
​​បុគ្គល​មួយ​ចំនួន​ ​អាច​ធ្វើការ​យ៉ាង​សកម្ម​បាន​ គឺ​ដោយសារតែ​ពួកគេ​​មាន​គំនិត និង ហេតុផល​​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ការ​ពិភាក្សា​គ្នា​។ ​​កាលណា​គំនិត​របស់​ពួកគេ​មិន​ត្រូវ​បាន​ថ្នាក់លើ​ ស្តាប់ ឬ គិតគូរ​ទេ ​នោះ​ធ្វើ​ឲ្យ​មាន​ការ​បាក់ទឹកចិត្ត​ ហើយ​​បណ្តាល​ឲ្យ​លែង​មាន​អារម្មណ៍​ធ្វើ​ការងារ​។​ ដូច្នេះ​ អ្នក​ (ប្រធាន​)​​ត្រូវ​ព្យាយាម​ស្តាប់​ហេតុផល​ ឬ គំនិត​របស់​អ្នក​ទាំង​នោះ ជុំវិញ​ការងារ​ដែល​កំពុង​ធ្វើ​ ដើម្បី​​ឲ្យ​បុគ្គលិក​​មាន​អារម្មណ៍​ថា ពួកគេ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរការ​ក្រុមហ៊ុន​ ឬ ការងារ​ទាំង​មូល​ផង​ដែរ​។​

៣) ​ចេះ​លើក​ទឹកចិត្ត​​
​ការ​លើក​ទឹកចិត្ត​ គឺ​ពិត​ជា​រឿង​សំខាន់​បំផុត​សម្រាប់​​ មនុស្ស​គ្រប់គ្នា​ ជាពិសេស​ការ​ធ្វើ​កិច្ចការ​ជា​ក្រុម។​ ​ក្នុង​ន័យ​នេះ​ ​នៅពេល​បុគ្គលិក​ណា​មាន​ស្នាដៃ​ ​អ្នក​(ប្រធាន)​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​តាមរយៈ​ការ សរសើរ​ ឬ ​ផ្តល់​ជា​រង្វាន់​(តិចតួច​ក៏បាន)​ជាដើម​។ ចំណុច​នេះ​ នឹង​ជួយ​ឲ្យ​បុគ្គលិក​កាន់តែ​ខិតខំ​ធ្វើ​ការងារ​ខ្លាំង​ជា​ង​មុន​ថែម​ទៀត​។ ​ចំពោះ​បុគ្គលិក​ដែល​​ធ្វើ​ការងារ​មិនសូវ​ល្អ ឬ ធ្វើ​ខុស​ ក៏​ត្រូវ​ចេះ​លើក​ទឹកចិត្ត​ដែរ​ ​ព្រោះ​គ្មាន​​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​ ឬ មិន​ចេះ​ខុស​នោះ​ទេ​។​ ដូច្នេះ​ហើយ​ ​ក្នុង​នាម​អ្នក​ជា​អ្នក​គ្រប់គ្រង​ គួរ​តែ​ព្យាយាម​លើក​ទឹកចិត្ត​ពួកគេ​ជាជាង​ការ​ស្ដីបន្ទោស​ ​ព្រោះ​ការ​ស្ដីបន្ទោស​អាច​នឹង​ ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​បាក់ទឹកចិត្ត​ខ្លាំង​ថែម​ទៀត​​៕

No comments:

Post a Comment