នៅក្នុងការបង្រៀនមួយដល់មនុស្សមួយក្រុម លោក Bill Gates សេដី្ឋប្រាក់ពាន់លានរបស់អាមេរិច បានដាស់សតិអារម្មណ៍ដល់និស្សិតជាច្រើន នៅពេលដែលលោកបានបកស្រាយថា ភាគជោគជ័យគឺកើតឡើងដោយការគ្រប់គ្រងពេលវេលាដែលអ្នកត្រូវចំនាយ មិនមែនអាស្រ័យលើទឹកប្រាក់ដែលអ្នកមាន នឹងរកបាននោះទេ។
ភាពជោគជ័យរបស់មនុស្សម្នាក់ៗ គឺការសំរេចបានទៅតាមគោលបំណងដែលពួកគេបានកំណត់ខុសៗពីគ្នា ហើយសំរាប់លោក Bill Gates វិញ ភាគជោគជ័យសំរាប់បុគ្គលគ្រប់រូបកើតមានឡើង ប្រសិនបើអ្នកសំរេចបានដោយធ្វើនូវអ្វីដែលអ្នកចង់ធ្វើ ហើយវាធ្វើអោយអ្នកសប្បាយចិត្ត នោះទើបជាជោគជ័យពិតប្រាកដ។
ដើម្បីទទួលបានភាគជោគជ័យក្នុងអាជីវកម្ម រឺការងារ លោក Bill Gates បានអោយជាសំនួរចំនួន ៣ សំរាប់បុគ្គលគ្រប់រូបសួរខ្លួនឯង មុននឹងធ្វើការសំរេចចិត្តចំនាយពេលវេលារបស់ខ្លួនអោយបានត្រឹមត្រូវ៖
១. តើអ្នកពិតជាស្រលាញ់ខ្លាំង នូវអ្វីដែលអ្នកកំពុងតែធ្វើដែររឺទេ?
២. តើមានចំនុចអ្វីខ្លះ អ្នកមានទេពកោសល្យអាចធ្វើបានខុសពីអ្នកដទៃ?
៣. តើការតបស្នងមកវិញ បានធ្វើអោយអ្នកស្កប់ចិត្ត រឺ នៅរួញរាចិត្ត?
មនុស្សភាគច្រើនតែងតែយល់ថា ភាគជោគជ័យគឺវាស់ស្ទង់លើទឹកប្រាក់ដែលអ្នកមាន និង ទឹកប្រាក់ដែលអ្នករកបាន ដោយទទួលបានប្រាក់ចំនេញខ្ពស់ជាងគេបំផុត រឺ ទទួលបានប្រាក់កំរៃច្រើនជាងគេបំផុតជារៀងរាល់ឆ្នាំ ប៉ុន្តែលោក Bill Gates មិនយល់ស្របចំពោះការសន្និដ្ឋាននេះឡើយ ហើយលោកជឿជាក់ថា គ្មាននរណាម្នាក់ជាបុគ្គលដ៏ជោគជ័យបំផុតក្នុងពិភពលោកទេ ព្រោះគេគិតតែព្យាយាមរកវិធីសាស្រ្តយ៉ាងណាដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ តែមិនបានចំនាយពេលសប្បាយជាមួយនឹងអ្វីដែលគេសំរេចបាននោះឡើយ។
លោក Bill Gates ជឿជាក់ថា ភាពជោគជ័យពិតនឹងកើតមាននៅពេលដែលអ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកកំពុងតែធ្វើ គឺអ្នកត្រូវតែស្រលាញ់ខ្លាំងនូវអ្វីដែលអ្នកកំពុងតែធ្វើ ពូកែនិងមានទេពកោសល្យខ្ពស់ជាងអ្នកដទៃ ហើយទទួលបានការតបស្នងដ៏សមស្របនិងវិជ្ជមាន។ ដូច្នោះហើយ អ្នកគប្បីគ្រប់គ្រងការចំនាយពេលវេលារបស់អ្នកអោយបានត្រឹមត្រូវ ដោយធ្វើនូវអ្វីដែលអ្នកសប្បាយចិត្តនិងចង់ធ្វើ ព្រោះបើអ្នកអាចសំរេចគោលបំណងបានហើយ ប្រាក់ជារឿងដែលនឹងកើតឡើងតាមក្រោយជាមួយភាគជោគជ័យរបស់អ្នកជានិច្ច៕
No comments:
Post a Comment