Friday, July 31, 2015

ទម្លាប់​​​ប្រចាំ​ថ្ងៃ​ទាំង​​ ៥​របស់​សហគ្រិន ​កាន់តែ​អនុវត្ត​កាន់តែ​ជោគជ័យ

គេ​បាន​រក​ឃើញ​ថា នៅ​លើ​លោក​​នេះ ​មាន​មនុស្ស​៣​ប្រភេទ​ គឺ​ប្រភេទ​ទី១ ជា​មនុស្ស​ដែល​​ដេក​ចាំ​មើល​ពី​​​អ្វី​​កើត​​មាន​ឡើង​ ប្រភេទ​ទី​២​ ជា​មនុស្ស​ដែល​​ព្រួយ​បារម្ភ​​​​ពី​អ្វី​​​កើត​​មាន​ឡើង និង ប្រភេទ​ទី​៣​ ជា​មនុស្ស​ដែល​​អាច​​​​ធ្វើ​ឲ្យ​​អ្វី​ៗ​​កើត​មាន​ឡើង​បាន។​



ប្រិយមិត្ត ឬ សហគ្រិន​ទាំង​អស់​​ច្បាស់ជា​មិន​​ចង់​ក្លាយ​ខ្លួន​ជា​​​ប្រភេទ​មនុស្ស​ទី១​និង​ទី២​នោះ​ឡើយ​ ហើយ​បើ​ចង់​ឲ្យ​​ខ្លួនឯង​ជា​មនុស្ស​​ក្នុង​ប្រភេទ​ទី​៣​ ​វា​ក៏​​មិន​មែន​ជា​រឿង​មួយ​ងាយ​ស្រួល​នោះ​​ដែរ។ ទម្លាប់​ទាំង​៥​យ៉ាង​ខាងក្រោម​នេះ ​អាច​ជា​​ពន្លឺ​​មួយ​ជួយ​ត្រួសត្រាយ​ផ្លូវ​​ឲ្យ​ប្រិយមិត្ត​ក្លាយ​ជា​​សហគ្រិន​ជោគជ័យ​បាន ប្រសិន​បើ​​​លោក​អ្នក​អាច​អនុវត្ត​វា​​ប្រចាំ​ថ្ងៃ​​បាន​នោះ។​



​១) ស្វាគមន៍​បរាជ័យ


ភាព​ជា​សហគ្រិន​មិន​ត្រូវ​គេចវេស​ ឬ បោះបង់ចោល​យល់​ព្រម​ចុះចាញ់​ឧបសគ្គ​ចំពោះមុខ​នោះ​ឡើយ។ អ្នក​ត្រូវ​រឹងមាំហ៊ាន​ប្រឈមមុខ​នឹង​ភាពបរាជ័យ ហើយ​ចាប់​ផ្តើម​ងើប​ដើរ​ម្តង​ទៀត​ដោយ​ក្លៀវក្លា ត្បិតអី​​វា​នឹង​បង្រៀន​អ្នក​ឲ្យ​​​សិក្សា​ស្វែងយល់ និង មាន​បទពិសោធន៍​​កាន់តែ​ច្រើន​ជាង​មុន ​ធ្វើ​ល្អ​ជាង​មុន​ជៀសវាង​​ដើរ​លើ​ដាន​ផ្លូវ​ចាស់​។ អ្នក​ត្រូវ​ចាំ​ថា អ្នកដទៃ​ជា​​អ្នក​លើក​ស្ទួយ​កម្លាំង​ទឹកចិត្ត​ដល់​​អ្នក ព័ត៌មាន​ជា​អាហារ​របស់​អ្នក អនុវត្ដ​ជា​ថ្នល់​កៅស៊ូ​ជួយ​​​​​​ឲ្យ​អ្នក​​ដើរ​ឆ្ពោះ​ទៅ​​រក​គោលដៅ​ដោយ​ជោគជ័យ​។ ប៉ុន្តែ ទាំង​នេះ​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​​ហើយ។



២) ប្រឈមមុខ​​​វាយ​បំបាក់​ភាព​​ភ័យខ្លាច​


ភាព​ភ័យខ្លាច​​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ស្ថានភាព​៣​យ៉ាង​គឺ​​

​ភ័យខ្លាច​ទី១: ​កើត​មាន​នៅ​ឡើង​នៅ​ពេល​ដែល​អ្នក​ភ័យ​ខ្លាច​បាត់បង់​វត្ថុ ឬ របស់​​​មាន​តម្លៃ​ណា​មួយ​។ ភ័យខ្លាច​ទី២: នេះ​ជា​ដំណាក់​កាល​មួយ​​ដែល​​ភាព​ភ័យខ្លាច​បាន​ក្លាយ​ជា​ស្រមោល​អន្ទោលតាមប្រាណ​នៅ​រាល់​ពេល​​​ដែល​អ្នក​ព្យាយាម​ធ្វើ​កិច្ចការ​ថ្មីៗ​ដោយ​មិន​ទាន់​ដឹង​លទ្ធផល​។ ​ភ័យខ្លាច​ទី៣: កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​មិន​ព្រម​​ទទួល​យក​​លទ្ធផល​ ឬ ការពិត​ដែល​​ខ្លួន​​បាន​​សម្រេចចិត្ត។ ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​មិន​ខុស​អី​ពី​ការ​មិនដឹង​ថា​ខ្លួន​កំពុង​ឈរ​នៅ​កន្លែង​ណា​នោះ​ឡើយ​។ អ្នក​ត្រូវ​រៀន​ពី​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​​លុបបំបាត់​ភាព​ភ័យខ្លាច​នេះ​ចោល បើ​មិន​ដូច្នេះ​ទេ​អ្នក​គ្មាន​ថ្ងៃ​​ប្រកប​កិច្ចការ​ធំៗ​បាន​ឡើយ។

​៣) ដាក់​បទបញ្ជា​ខ្លួន​ឯង 

មនុស្ស​គ្រប់គ្នា​​ចង់​ឃើញ​​អនាគត​របស់​ខ្លួន​មាន​លទ្ធផល​ល្អ​​​ក្នុង​ផ្លូវ​មួយ​វិជ្ជមាន​ជានិច្ច។ ប៉ុន្តែ ​អ្វី​ដែល​ជា​​​គ្រោះថ្នាក់​ដ៏​ធំ​គឺ​ការដែល​មិន​បាន​ធ្វើ​​អ្វី​​មួយ​ឲ្យ​ល្អ​​ជា​ដុំកំភួន​សម្រាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ​។ ដូច្នេះ​កុំ​​ស្រមៃ​ថា អនាគត​របស់​អ្នក​រុងរឿង​ដូច​អ្វី​ដែល​អ្នក​បាន​គិត​ទាល់តែ​សោះ។ អ្នក​ត្រូវ​ដាក់​បទបញ្ជា​ខ្លួន​​ឯង​ថា តើ​​ត្រូវ​ហាត់ពត់លត់ដំ​ខ្លួន​ឯង​​ដល់​កម្រិត​ណា​​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​នោះ។ ​ឃ្លា​ដ៏​ខ្លី​មួយ​ដែល​អ្នក​អាច​ពិចារណា​បាន​នោះ​គឺ« បើ​អ្នក​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​នេះ អនាគត​នឹង​រៀបចំ​ឲ្យ​អ្នក»។

​​​​

៤) គេង​ឲ្យ​បាន​គ្រប់គ្រាន់


សហគ្រិន​មួយ​ចំនួន​តែង​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​លើ​កិច្ចការ​អាជីវកម្ម​របស់​ខ្លួន​រហូត​ដល់​ភ្លេច​បាយ​ភ្លេច​ទឹក​ក៏​មាន​។ តែ​​​សហគ្រិន​ជោគជ័យ ត្រូវ​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​លៃលក​ពេល​វេលា​​ចូលគេង​​ឲ្យ​បាន​គ្រប់គ្រាន់។ ទទួលទាន​ដំណេក​គ្រប់គ្រាន់​នឹង​ធ្វើ​​ឲ្យ​ខួរក្បាល​របស់​អ្នក​ដំណើរ​ការ​​បាន​ល្អ មិន​ភ្លេចមុខភ្លេចក្រោយ​ ជា​ពិសេស​ថាមពល​សម្រាប់​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​រលូន​​ទៅ​មុខ​បាន។



៥) ចែករំលែក​ទៅ​អ្នក​ដទៃ


យោង​តាម​ការ​ស្រាវជ្រាវ​​របស់​​លោក Grant ប្រធាន​មូលនិធិ Grant​ Foundationបាន​បង្ហាញ​ថា មនុស្ស​ជោគជ័យ​គឺ​ជា​ប្រភេទ​បុគ្គល​ដែល​​សំបូរ​ទៅ​ដោយ​វប្បធម៌​ចែក​រំលែក​ជា​ប្រចាំ​ចំពោះ​អ្នក​ដទៃ។ ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ពោរពេញ​ដោយ​បទពិសោធន៍​ខ្ពស់​​​មួយ​រូប​ លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ ចែក​រំលែក​ចំណេះដឹង​របស់​គាត់​ទៅ​និស្សិត​នានា។

លោក​បាន​បញ្ជាក់​ថា ការ​ចែក​រំលែក​របស់​លោក​បាន​ស្តែង​ចេញ​ជា​​លទ្ធផល​តបស្នង​​​ និង ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​​មកវិញ​ទោះបី​ជា​លោក​មិន​ចង់​​​គិត​ពី​ចំណុច​នេះ​ក៏ដោយ ដែល​នេះ​ជំរុញ​ឲ្យ​លោក​មាន​ទឹកចិត្ត និង​ឆន្ទៈ​បំពេញ​តួនាទី​របស់​លោក​កាន់តែ​ជោគជ័យ​​ឡើង៕

Wednesday, July 29, 2015

មេរៀន​​​​​​​​​​​ល្អៗ​​ពី​វីរបុរស​អាមេរិក ​៥រូប ដែល​សហគ្រិន​គួរ​​ស្វែងយល់​​សម្រាប់​ដឹកនាំ​អាជីវកម្ម​​​​

នៅ​ពេល​បច្ចុប្បន្ន​នេះ​ មាន​ទ្រឹស្ដី​​​​​ច្រើនណាស់​​​ដែល​​បាន​លើក​​បង្ហាញ​ពី​យុទ្ធសាស្ត្រ​​​​​ធ្វើ​ឲ្យ​អាជីវកម្ម​​ទទួល​បាន​ជោគជ័យ​ដើម្បី​ឲ្យ​សហគ្រិន​រៀនសូត្រ​តាម។ ទោះ​ជា​យ៉ាងណាក្ដី មិនមែន​សហគ្រិន​ទាំងអស់​សុទ្ធតែ​ជោគជ័យ​នោះ​​ឡើយ ព្រោះ​ថា​ទ្រឹស្ដី​គ្រាន់តែ​ជា​ក្រដាស​បើ​ការ​អនុវត្ត​ជាក់ស្តែង​គ្មាន​ប្រសិទ្ធភាព។ ឥឡូវ​នេះ ​លោក​អ្នក​មាន​​មេរៀន​ថ្មី​មួយ​ទៀត​​​ពី​​វីរបុរស​ ​៥ រូប​​របស់​អាមេរិក​ដែល​​​​ទាំង​ទ្រឹស្ដី និង ការ​អនុវត្ត​​របស់​បុគ្គល​ឆ្នើមៗ​ទាំង​នេះ​បាន​បង្ហាញ​​ពិភពលោក​បាន​ដឹង​រួច​ទៅ​ហើយ​​។ វា​ជា​​ទ្រឹស្ដី​ប្រវត្តិសាស្ត្រ ​មិនមែន​ជា​ទ្រឹស្ដី​បច្ចុប្បន្ន​​​នោះ​ឡើយ តែ​នៅ​តែ​មាន​តម្លៃ​​ក្នុង​វិស័យ​អាជីវកម្ម​នៅ​យុគសម័យ​ទំនើប​នេះ។ ចង់​ដឹង​ថា អត្ថន័យ​ទាំង​នោះ​មាន​ខ្លឹមសារ​បែប​ណា​ សូម​ប្រិយមិត្ត​ស្វែង​យល់​ទាំងអស់​គ្នា​​ដូច​ខាងក្រោម​នេះ៖​​

១) លោក George Washington ប្រធានាធិបតី​ទី១​របស់​អាមេរិក (១៧៣២-១៧៩៩) មេរៀន​សម្រាប់​សហគ្រិន:-ផ្តល់​ទំនុកចិត្ត​ដល់​​​បុគ្គលិក​ស្នូល​នៅ​ក្នុង​ក្រុមហ៊ុន

ជា​​មេបញ្ជាការ​កងទ័ព​លើ​ទឹកដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​អាមេរិក​ខាងជើង​នា​សតវត្ស​ទី​១៨ កងទ័ព​របស់​មហាអំណាច​មួយ​នេះ​​មាន​ចំនួន​មិន​ដល់​ ៣៥​ ០០០​ នាក់​នោះ​ឡើយ ហើយ​លោក Washington ក៏​មិនដែល​គ្រប់គ្រង​បាន​រហូត​ដល់ ​​១ភាគ៣​នៃ​កងទ័ព​ទាំង​នេះ​ដែរ។ ប៉ុន្តែ ​​ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្លាតវៃ​របស់​លោក កងទ័ព​ទាំង​នេះ​អាច​វាយ​បំបាក់​​​​កងទ័ព​​​ជំនាញៗ​របស់​​ពួក​អាណានិគម​អង់គ្លេស​បាន​​ដោយ​ជោគជ័យ​​គ្រប់​សមរភូមិ​។

លក្ខណៈ​ពិសេស​នៃ​ការ​គ្រប់គ្រង​កងទ័ព​របស់​លោក បាន​ធ្វើ​ឲ្យ​គេ​ទាញ​យក​មក​អនុវត្ត​សម្រាប់​សហគ្រិន​នៅ​ពេល​បច្ចុប្បន្ន​ដោយ​លើកឡើង​ថា ដំណាក់​កាល​ដំបូង​សម្រាប់​​អាជីវកម្ម​​ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ជំហាន​ដ៏​តូច​មួយ។ ប៉ុន្តែ ​ភាព​ជឿជាក់​ទៅ​លើ​មនុស្ស​ស្នូល​​នៅ​ក្នុង​អាជីវកម្ម និង​ការ​បណ្តុះបណ្តាល​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​ប្រជែង​ឈ្នះ​នៅ​ក្នុង​សមរភូមិ​អាជីវកម្ម​បាន។ ប្រធានាធិបតី​រួប​នេះ​ បាន​លើក​ឡើង​ដូច្នេះ​ថា៖« ត្រូវ​​​​រាប់អាន​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​​ត្រូវ​ស្និទ្ធស្នាល​​​ជា​មួយ​​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​​បុគ្គល​នោះ​​​មាន​ការ​​ព្យាយាម​ជាមុន​សិន​ មុន​នឹង​ផ្តល់​ទំនុកចិត្ត​​ទៅកាន់​ពួកគេ»


២) លោក Robert E. Lee មេបញ្ជាការ​កងទ័ព​អាមេរិក​ (១៨០៧-១៨៧០) មេរៀន​សម្រាប់​សហគ្រិន:
ឲ្យ​តម្លៃ​ដល់​សមាជិក​ក្រុម​ការងារ

លោក Lee ត្រូវ​បាន​​គេ​ស្រលាញ់ និង​ គោរព​កោតសរសើរ​ជាទីបំផុត​​ពី​​កង​ទ័ព​របស់​លោក​។ ក្នុង​សមរភូមិ​សង្គ្រាម គេ​បាន​ទទួល​ស្គាល់​ថា លោក​ជា​​មេទ័ព​ម្នាក់​ដែល​មាន​​បេះដូង​ដែក ចរិត​មោះមុត​​ក្លាហាន​​ណាស់ និង ​គោរព​តួនាទី​របស់​​លោក​​បាន​យ៉ាង​​ខ្ជាប់ខ្ជួន​។ អ្វី​ដែល​ពិសេស​នោះ​គឺ​លោក ជា​មនុស្ស​ដែល​មាន​សន្ដានចិត្ត​ល្អ​យកចិត្ត​ទុកដាក់​​ចំពោះ​កូនចៅ និង ​ស្អប់​ភាព​អាត្មានិយម​​​ផង​ដែរ។ គេ​បាន​ដាក់​រហស្សនាម​លោក​​ថា ជា​​​មេទ័ព​ដ៏​អស្ចារ្យ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​អាមេរិក។​​​

លក្ខណៈ​ពិសេស​របស់​លោក​​​នៅ​ពេល​នោះ​ ត្រូវ​បាន​គេ​យក​សិក្សា​នៅ​​ក្នុង​វិស័យ​អាជីវកម្ម​ និង ជំនួញ​នៅ​ពេល​បច្ចុប្បន្ន​ថា នៅ​ពេល​ដែល​​ក្រុមហ៊ុន​​មួយ​គោរព​ និង ឲ្យ​តម្លៃ​បុគ្គលិក​របស់​​ខ្លួន​ នោះ​បុគ្គលិក​របស់​​ខ្លួន​​នឹង​ ឲ្យ​តម្លៃ​ដល់​ក្រុមហ៊ុន​នោះ​វិញ។ នេះ​បាន​បណ្ដុះ​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​​នៅ​ក្នុង​ក្រុម​ការងារ ហើយ​ក្រុម​ការងារ​ដែល​រីករាយ​ ជា​ក្រុម​ការងារ​ដែល​បង្កើត​សមិទ្ធផល​បាន​​កាន់តែ​ច្រើន​ឡើង។

បន្ថែម​លើ​នេះ កាលណា​បុគ្គលិក​ជឿជាក់​លើ​អ្នក​​គ្រប់គ្រង ពួកគេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​​អ្នក​គ្រប់គ្រង​នោះ។ ​​ មេបញ្ជាការ​​​​ខាងលើ​បាន​​មាន​ទស្សនៈ​ដូចនេះ​ថា៖« ភាព​អត់ធន់​​នៃ​ការ​ប្រើប្រាស់​អំណាច​​​របស់​​អ្នក​ដឹកនាំ​ទៅ​លើ​មនុស្ស​ក្រោម​បង្គាប់​ មិន​ត្រឹមតែ​ផ្តល់​នូវ​ស្នាម​ញញឹម​ដល់​មនុស្ស​គ្រប់គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​​​​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​​បាន​ទៀត​ផង»


៣) លោក Ulysses S. Grant ជា​ប្រធានាធិបតី​ទី១៨​ របស់​អាមេរិក (១៨២២-១៨៨៥) មេរៀន​សម្រាប់​សហគ្រិន: 
-កុំ​បោះបង់

ថ្វីត្បិត​តែ​ជា​ប្រធានាធិបតី​មួយ​រូប​ មុន​នឹង​កាន់​តំណែង​នេះ លោក Grant ធ្លាប់​បរាជ័យ និង​មាន​កំហុស​​ច្រើន​រាប់​មិន​អស់។ ប៉ុន្តែ អ្វី​ដែល​​សំខាន់​នោះ​គឺ​ថា លោក​នៅ​តែ​ព្យាយាម​ក្រោកឈរ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​មិន​បោះបង់​ជាដាច់ខាត និង រៀនសូត្រ​ពី​​វា​ជានិច្ច។ គោលការណ៍​គ្រឹះ​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​ ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​បាន​ធ្វើ​​ឲ្យ​លោក​​អាច​ឈោង​ចាប់​តំណែង​ខ្ពស់ៗ​ជា​បន្តបន្ទាប់។

លោក ប្រធានាធិបតី Abraham Lincoln ​​ដែល​ជា​ប្រធានាធិបតី​ទី​១៦​របស់​អាមេរិក​នៅ​ពេល​នោះ​បាន​តែងតាំង​លោក ជា​ឧត្តមសេនីយ៍ឯក ហើយ​បន្ទាប់​មក​បាន​ក្លាយ​ជា​អគ្គមេបញ្ជាការ​កងទ័ព​​តែម្តង។ ​​មិន​ខុស​អ្វី​ពី​លោក Grant សហគ្រិន​ទូទៅ​ក៏​មិនអាច​ជៀស​ផុត​ពី​កំហុស​នានា និង ​ការ​បរាជ័យ​មួយចំនួន​​នោះ​ឡើយ។ ប៉ុន្តែ អ្វី​ដែល​​​​សហគ្រិន​ត្រូវ​ដឹង​ នោះ​​គឺ​​ការ​រៀន​សូត្រ​ពី​បញ្ហា​ទាំងនេះ​ដើម្បី​កំណត់​ភាព​ជោគជ័យ​របស់​​ខ្លួន​បាន។

លោក Ulysses S. Grant ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« មួយ​ក្នុង​ចំណោម​ភាព​អស្ចារ្យ​​ជា​ច្រើន​ទៀត​របស់​ខ្ញុំ​នោះ​គឺ​ថា នៅ​ពេល​ដែល​ខ្ញុំ​ទៅ​កន្លែងណា​មួយ​ ឬ ធ្វើ​អ្វី​មួយ ​ខ្ញុំ​មិន​​បោះបង់​​ជាដាច់ខាត​ ​ ដរាបណា​ខ្ញុំ​មិន​បាន​ជោគជ័យ»


៤) លោក George S. Patton មេបញ្ជាការ​កងទ័ព​អាមេរិក ​(១៨៨៥-១៩៤៥) មេរៀន​​សម្រាប់​សហគ្រិន:
ជួយ​សមាជិក​ក្រុម​​ការងារ​ឲ្យ​បង្កើត​សមិទ្ធផល​កាន់តែ​ប្រសើរ​ឡើង

លោក Patton មាន​​កេរ្តិ៍ឈ្មោះ​ល្បី​​​ខាង​​ចិត្តសាស្ត្រ​យោធា ការ​លើក​ទឹកចិត្ត និង ការ​បញ្ចុះបញ្ចូល​ដ៏​ប៉ិនប្រសព្វ។ ក្នុង​​សមរភូមិ​ Bulge នា​​សង្គ្រាម​លោក​លើក​ទី២ នៅ​អំឡុង​ពេល​ដែល​កងទ័ព​អាល្លឺម៉ង់​​ហ៊ុមព័ទ្ធ​​ចង់​វាយកម្ទេច​​កងទ័ព​អាមេរិក​នៅ​តំបន់ Bastogne មេបញ្ជាការ​រួប​នេះ​​បាន​បញ្ចៀស​​​​ស្ថានការណ៍​​ប្រើ​យុទ្ធសាស្ត្រ​​រំដោះ​កងទ័ព​​របស់​លោក​ឲ្យ​រួចផុត​ពី​​​ក្រញាំ​កងទ័ព​​អាល្លឺម៉ង់ ទោះបី​ជា​ត្រូវ​ឆ្លងកាត់​ព្រិល​ និង ព្យុះ​ទឹកកក​យ៉ាងណា​ក៏ដោយ។ ​​​​​​​​​​​​​

នៅ​ក្នុង​វិស័យ​អាជីវកម្ម​ក្តី នយោបាយ​ក្តី អ្នក​ដឹកនាំ​ដែល​ល្អ គឺ​ជា​បុគ្គល​​​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​​របស់​ខ្លួន​ទទួល​បាន​សមិទ្ធផល​​ដ៏​អស្ចារ្យ​មួយ ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​តឹងតែង​ក៏ដោយ។ ចំណុច​នេះ មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ពួកគេ​សម្រេច​គោលដៅ​របស់​ខ្លួន​បាន និង ​អាច​ពង្រឹង​អាជីព​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង។

«កុំ​ប្រាប់​ពួកគេ​​ពី​របៀប​ធ្វើ​អ្វី​មួយ តែ​ត្រូវ​ប្រាប់​ពួកគេ​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ពួកគេ​នឹង​ភ្ញាក់ផ្អើល​​សមិទ្ធផល​របស់​ខ្លួន»។ នេះ​​ជា​ប្រសាសន៍​របស់​លោក George S. Patton។


៥) លោក Dwight D. Eisenhower ប្រធានាធិបតី​ទី​៣៤​របស់​អាមេរិក (១៨៩០-១៩៦៩) មេរៀន​សហគ្រិន:
បង្កើត​វប្បធម៌​សហការ​នៅ​ក្នុង​ក្រុមហ៊ុន

បើ​​យោង​តាម​ប្រភព​​ប្រវត្តិសាស្ត្រ​យោធា​អាមេរិក (U.S. Army of Military History) លោក Eisenhower គឺ​ជា​ប្រធានាធិបតី​មួយ​រួប​ដែល​មាន​ចិត្តសាស្ត្រ​រឹងមាំ និង ​បំផុស​ភាព​ជឿជាក់​ដល់​មនុស្ស​គ្រប់គ្នា។ គេ​បាន​ចាត់ទុក​​រួប​លោក​ថា ជា​​​ប្រធានាធិបតី​​ដែល​ពូកែ​ខាង​​សម្របសម្រួល​ក្នុង​ជម្លោះ​រវាង​គូបដិបក្ខ និង រៀបចំ​​​​យុទ្ធសាស្ត្រ​​ដ៏​រឹងមាំ​​​សម្រាប់​ខិតខំ​ប្រឹងប្រែង​លើ​ការ​សម្រេច​គោលដៅ​រួម។

ផ្អែក​លើ​សមត្ថភាព​​ដឹកនាំ​របស់​លោក Eisenhower គេ​អាច​យក​មក​សិក្សា​​​នៅ​ក្នុង​​វិស័យ​សហគ្រាស​​អាជីវកម្ម​​នៅ​ពេល​បច្ចុប្បន្ន​​បាន ​ដែល​នោះ​គឺ​ថា អាជីវកម្ម​មួយ​នឹង​ទទួល​បាន​សមិទ្ធផល​នៅ​ពេល​ដែល​មនុស្ស​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ពី​ទំព័រ​មួយ​ដូចគ្នា ពោល​គឺ​​ការ​សហការ​​​រួម​ដែល​គ្មាន​ទី​បញ្ចប់។ ​​​​​​​​​

លោក Eisenhower មាន​ប្រសាសន៍​ដូច្នេះ​ថា៖« ការ​ដឹកនាំ គឺ​ជា​សិល្បៈ​​​ធ្វើ​ឲ្យ​​អ្នក​ដទៃ​​​ធ្វើ​អ្វី​ដែល​​​​​​អ្នក​ដឹកនាំ​​ និង បុគ្គល​នោះ​ចង់​ធ្វើ ទើប​អាច​សម្រេច​គោលដៅ​​រួម​បាន»

សញ្ញាណ​​​​ចំនួន ១០ បញ្ជាក់​ថា អ្នក​ជា​មនុស្ស​​​ដើរ​តាម​​តែ​គេ​ មិន​មាន​​ជំហរ​​ជា​អ្នក​ដឹកនាំ

នៅ​ពេល​និយាយ​ពី​ប្រធានបទ​នេះ លោក​អ្នក​ច្បាស់​ជា​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា បច្ចុប្បន្ន​ លោក​អ្នក​ជា​មនុស្ស​ដឹកនាំ​គេ (Leader) ត្រូវ​បាន​គេ​ដឹកនាំ (Follower)។ បើ​លោក​អ្នក​នៅ​មាន​ភាព​ស្រពិចស្រពិល​លើ​បញ្ហា​នេះ សូម​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​នូវ​ចំណុច​ទាំង ១០ ខាងក្រោម​នេះ​​នឹង​ដឹង​ហើយ​ថា លោក​អ្នក​ជា​​បុគ្គល​ណាមួយ​​ក្នុង​ចំណោម​បុគ្គល​ចំនួន​ពី​រ​ប្រភេទ​នេះ។​

១) មិន​សូវ​ពូកែ​ស្ទាបស្ទង់​ចិត្ត​អ្នកដទៃ​
នេះ​ជា​សញ្ញាណ​ដំបូង​ដែល​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​​របស់​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​គេ​បាន។ អ្នក​ត្រូវ​ដឹង​ថា បើ​ចង់​ក្លាយ​ជា​បុគ្គល​ដឹក​នាំ​គេ អ្នក​ត្រូវ​តែ​យល់​ច្បាស់ និង អាច​វាយ​តម្លៃ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បាន​ដូច​ជា​ចំណុច​ខ្លាំង ឬ ចំណុច​ខ្សោយ​ជា​ដើម​របស់​​បុគ្គល​នោះ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​បំផុត​។ បើ​ពុំ​ដូច្នោះ​ទេ ​អ្នក​មិន​​អាច​ដឹកនាំ​ពួកគេ​ឲ្យ​​ឈាន​ទៅ​រក​ដំណាក់​កាល​មួយ​ល្អ​ប្រសើរ​បាន​ឡើយ។ ​​

២)​ងាយ​ទទួល​រង​​​ឥទ្ធិពល​ពី​គំនិត​អ្នកដទៃ​នៅ​ពេល​សម្រេច​ចិត្ត​អ្វី​មួយ
ការ​សម្រេចចិត្ត​គឺ​ជា​ភារកិច្ច​ចុងក្រោយ​របស់​អ្នកដឹកនាំ​ដែល​ត្រូវ​អារកាត់​គ្រប់​រឿង​ដោយ​មិន​ស្ទាក់ស្ទើរ និង មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ថា ការ​សម្រេចចិត្ត​នោះ​ពិត​ជា​ត្រឹមត្រូវ។ យ៉ាងណាមិញ​ក្នុង​កាលៈទេសៈ​នេះ ​គំនិត​របស់​អ្នក​ដែល​ថា ត្រូវ​សម្រេចចិត្ត​​ដឹកនាំ​ក្រុម​ការងារ​ដើរ​ទៅ​ផ្លូវ​ណា​មួយ​ហើយ​នោះ តែ​បែរ​ជា​ត្រូវ​ផ្លាស់ប្ដូរ​វិញ​ដោយ​សារ​តែ​​ឥទ្ធិពល​​គំនិត​របស់​អ្នកណា​ម្នាក់​ភ្លាមៗ នេះ​បញ្ជាក់​ថា អ្នក​មិន​ទាន់​មាន​សមត្ថភាព​ដឹកនាំ​គេ​នៅ​ឡើយ​ទេ។ ​​​

៣)​ អនុវត្ត​​អ្វីៗ​តាម​តែ​គេ​ប្រាប់​ឬ ​ការ​បញ្ជា​ មិន​មាន​គំនិត​ច្នៃប្រឌិត​ថ្មី
នៅ​ក្នុង​បរិបទ​អាជីវកម្ម​ក្តី ឬ កិច្ចការ​នយោបាយ​ក្តី គេ​សង្កេត​ឃើញ​ថា បុគ្គល​ដែល​ដើរ​តាម​គេ មិន​សូវ​ហ៊ាន​ធ្វើ​អ្វី​មួយ​ដែល​ដើរ​​ប្រាសចាក​ទៅ​នឹង​វិន័យ និង បទបញ្ជា​ដែល​​​អ្នកដឹកនាំ​របស់​ខ្លួន​ដាក់​ឲ្យ​​នោះ​ឡើយ។ នេះ​វា​ខុស​ពី​បុគ្គល​មួយ​ចំនួន​ដែល​មាន​ចរិត​ជា​អ្នក​ដឹកនាំ ចូលចិត្ត​​ស្រាវជ្រាវ​ ​ផ្លាស់ប្ដូរ​ទម្លាប់​បែប​បញ្ជា​ ឬ ការ​បង្ខិតបង្ខំ​ មក​ជា​ទម្លាប់​បង្កើត​គំនិត​​​​​ច្នៃប្រឌិត​ថ្មីៗ​​​នៅ​​ក្នុង​បរិយាកាស​ការងារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ជានិច្ច​​។ ​​


៤)​ ជា​មនុស្ស​ដែល​ចូលចិត្ត​គេច​ចេញ​ពី​បញ្ហា​
អ្នក​ធ្លាប់​បាន​ដឹង​រួច​ហើយ​ថា ​អ្នក​ដឹក​នាំ​ឆ្នើម​​ជា​គំរូ​សម្រាប់​អ្នក​ដទៃ ត្រូវ​តែ​ជា​បុគ្គល​ដែល​មាន​ទំនួល​​​ខុសត្រូវ​ខ្ពស់​ ក្រាញ​ននៀល​មិន​ចុះចាញ់​បញ្ហា និង ស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជូន​មនុស្ស​គ្រាប់​គ្នា​។ បុគ្គល​ប្រភេទ​នេះ ស្វាគមន៍​ជានិច្ច​រាល់​បញ្ហា​នានា ជា​ពិសេស​​ការ​ទទួល​យក​ការ​រិះគន់ និង ភាព​បរាជ័យ​របស់​ខ្លួន​ដែល​វា​ខុស​ទៅ​នឹង​បុគ្គល​មួយ​ចំនួន​ដែល​​មិន​មាន​​អត្តចរិត​ជា​អ្នកដឹកនាំ បាន​ត្រឹមតែ​​ភ័យខ្លាច​​មិន​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​បញ្ហា ​ធ្វើ​អ្វី​តាម​តែ​គេ​ប្រាប់។

៥) ​មាន​បញ្ញា​អន់ មិន​សូវ​​បាន​បញ្ចេញ​មតិយោបល់​ក្នុង​ចំណោម​អ្នកដទៃ​​​​
មនុស្ស​ដែល​មាន​ទេពកោសល្យ​ខ្ពស់ គេ​ត្រូវ​ការ​ចាំបាច់​បំផុត​នៅ​ក្នុង​បរិយាការ​ការងារ​នូវ​អ្វី​ដែល​គេ​អាច​មើល​ឃើញ​ថា  អាច​ជួយ​ឲ្យ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​​ពេល​អនាគត​ដ៏​វែង​ឆ្ងាយ​មួយ។ ម្ល៉ោះហើយ​ បុគ្គល​ដែល​ជា​អ្នក​ដឹក​នាំ​ គេ​ជា​មនុស្ស​ដែល​​​ឆ្លាត​​មាន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​ និង មាន​ភាព​ទាក់ទាញ​ពី​អ្នកដទៃ​ច្រើន​ជាង​បុគ្គល​មួយ​ចំនួន​ទៀត។ ផ្ទុយទៅវិញ បុគ្គល​មួយ​ចំនួន​ចូលចិត្ត​ដើរ​តាម​អ្នកដទៃ​ មិន​សូវ​ពូកែ គំនិត​នៅ​មាន​កម្រិត ខ្វះ​ទំនុក​ចិត្ត​​ និង ស្ថិត​នៅ​ក្នុង​​ភាព​មិន​ប្រាកដប្រជា​មក​លើ​ខ្លួន​ឯង​នៅ​ពេល​ដែល​មាន​បុគ្គល​ឆ្លាតៗ​នៅ​ជុំវិញ​ខ្លួន។​​

៦) ទទួល​បាន​លទ្ធផល​មិន​សូវ​ប្រសើរ
​​បើ​អ្នក​បាន​បណ្ដាល​​ឲ្យ​គោលដៅ​​ក្រុម​ការងារ​របស់​​អ្នក​​មិន​ទទួល​បាន​ជោគជ័យ​ ហើយ​ត្រូវ​ដួល​នៅ​ពាក់​កណ្ដោល​ទី​ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់​។ ក្នុង​នាម​ជា​អ្នកដឹកនាំ​​ក្រៅ​ពី​ការ​ជំរុញ​លើក​ទឹកចិត្ត ដាក់​ផែនការ យុទ្ធសាស្ត្រ និង ដំណោះស្រាយ​ជូន​ក្រុម​ការងារ ត្រូវ​តែ​​ផ្ដោត​លើ​សមិទ្ធផល​ការងារ​ជា​​ធំ​បាញ់​ឆ្ពោះ​ទៅ​រក​គោលដៅ​នោះ​ជា​មួយ​នឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​ និង ការ​វាយតម្លៃ​ការងារ​មួយ​យ៉ាង​ជាក់លាក់​បំផុត។


៧) ខ្វះ​ជំនាញ​គ្រប់គ្រង​ពេលវេលា
តើ​អ្នក​​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ​ក្នុង​មួយ​ថ្ងៃ? តើ​អ្នក​​​បាន​ចំណាយ​ពេល​ប៉ុន្មាន​សម្រាប់​​ផែន​ការងារ? តើ​អ្នក​​ត្រូវ​ធ្វើ​អ្វី​មុន​គេ? ​តើ​អ្នក​ជា​អ្នក​កំណត់​ពេលវេលា​ដោយ​ខ្លួន​ឯង ឬ គេ​មក​កំណត់​ឲ្យ​អ្នក? ចម្លើយ​ទាំង​នេះ​បើ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ហើយ​នោះ បញ្ជាក់​ថា ​អ្នក​ស្ថិត​នៅ​កម្រិត​មួយ​អន់​បំផុត ​​ក្នុង​​ដែល​មិន​អាច​ក្លាយ​​ជា​អ្នកដឹកនាំ​​ដ៏​ល្អ​​​នៅ​ពេល​អនាគត​បាន​ឡើយ​។

៨) ខ្វះ​វិន័យ​​សម្រាប់​គ្រប់គ្រង​ខ្លួន​ឯង
យោង​តាម​​អ្នកនិពន្ធ​សៀវភៅ​​អាមេរិក​លោក​ Jim Rohn បាន​​​លើក​ឡើង​​ដូច្នេះ​ថា៖«  វិន័យ​ គឺ​ជា​ស្ពាន​​ផ្សារភ្ជាប់​រ​ទៅ​នឹង​​គោលដៅ និង សមិទ្ធផល​​»។ នេះ​ជា​ការពិត​ដោយ​ហេតុ​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់ ​អ្នក​ត្រូវ​មាន​វិន័យ​សម្រាប់​គ្រប់គ្រង​ខ្លួន​ឯង ហើយ​បើ​អ្នក​​​មាន​វិន័យ​​ល្អ​ មានន័យ​ថា​លទ្ធផល​របស់​អ្នក​ក៏​ទទួល​បាន​​​ជោគជ័យ​ដែរ​​។ ប៉ុន្តែ បើ​អ្នក​មិន​​មាន​វិន័យ​អាច​គ្រប់គ្រង​ខ្លួន​ឯង​​​បាន​ទេ​នោះ​ តើ​អាច​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ​គេ​ដូចម្ដេច​ទៅ? ​​


៩) មាន​ភាព​កម្សោយ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​
នៅ​ក្នុង​បរិយាការ​ការងារ​របស់​សព្វថ្ងៃ អ្នក​អាច​យល់​បាន​ពី​អ្នក​គ្រប់គ្រង​របស់​អ្នក​ជា​​មនុស្ស​ប្រភេទ​ណា។ អ្នក​គ្រប់គ្រង​ខ្លះ ​មាន​ចរិត​ឆេវឆាវ​មិន​សូវ​ស្ដាប់​ហេតុផល ឆាប់​ខឹង និង​មាន​ប្រតិកម្ម​ភ្លាមៗ ទៅ​កាន់​បុគ្គលិក​ក្រោម​បង្គាប់។ ប៉ុន្តែ​ក៏​មាន​អ្នក​គ្រប់គ្រង​ខ្លះ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ មាន​ភាព​អត់ធ្មត់​ ចេះ​ប្រើ​វិធី​ត្រជាក់​ជះ​មក​លើ​ភ្លើង​ដែល​កំពុង​ឆេះ ដែល​នេះ​ជា​គុណសម្បត្តិ​ពិសេស​មួយ​ដែល​អ្នក​ដឹកនាំ​ល្បីៗ​នៅ​លើ​ពិភពលោក​មាន។

១០) ខ្វះ​ចក្ខុវិស័យ​ច្បាស់​លាស់​ និង មិន​ស្ថិតស្ថេរ
ជា​ការ​ពិត អ្នកដឹកនាំ​ត្រូវ​ដឹង​ថា តើ​ខ្លួន​កំពុង​ធ្វើ​អ្វី? ចង់​ដឹកនាំ​មនុស្ស​ជា​ច្រើន​​​ទៅ​កន្លែង​ណា? នៅ​ពេល​ណា? ដោយ​មធ្យោបាយ​ណា? ចំណុច​ទាំង​នេះ អ្នក​ដឹក​នាំ​ត្រូវ​មាន​ភាព​ច្បាស់លាស់​លើ​ទស្សនវិស័យ​​រឹងមាំ និង ការ​​ប្រមើល​មើល​ដ៏​សុទិដ្ឋិនិយម​មួយ ពោល​គឺ​ការ​លះបង់​​សម្រាប់​ប្រយោជន៍​ទូទៅ​មួយ​នៅ​ថ្ងៃ​ខាងមុខ។ ចំណុច​​​នេះ បើ​អ្នក​មិន​ទាន់​មាន​ទេ​នោះ បញ្ជាក់​ថា អ្នក​បាន​ត្រឹមតែ​ធ្វើ​​​អ្វី​តាម​តែ​គំនិត​របស់​គេ​តែប៉ុណ្ណោះ៕

មុន​នឹង​លា​ឈប់​ពី​ការងារ ត្រូវ​សួរ​ខ្លួន​ឯង ១០​ សំនួរ​នេះ​សិន​​​​!

ជា​ទូទៅ​បុគ្គលិក​មួយ​ដែល​ចង់​លាឈប់​ពី​ការងារ​អាច​មាន​សុទិដ្ឋិនិយម​ច្រើន​លើ​កន្លែង​ការងារ​ថ្មី។ ក៏ប៉ុន្តែ​មាន​សំនួរ​មួយ​សួរ​ថា តើ​​ការ​ជ្រើសរើស​ការងារ​នៅ​កន្លែង​ថ្មី​ពិត​ជា​ដំណោះស្រាយ​ដ៏​ល្អ​១០០% ដែរ​ឬទេ? តើ​អ្នក​​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ​ដើម្បី​ស្វែង​រក​ការងារ​ថ្មី​មួយ ឬ ​ក៏​មាន​មហិច្ឆតា​ចង់​បើក​អាជីវកម្ម​មួយ​​ដោយ​ខ្លួន​ឯង?

ការ​លាឈប់​ពី​ការងារ​គឺ​ជា​​ការ​សម្រេចចិត្ត​ដ៏​ធំ​មួយ និង មាន​ទិដ្ឋភាព​ជា​ច្រើន​ដែល​លោក​អ្នក​កួរ​ពិចារណា​​ឲ្យ​បាន​​គ្រប់ជ្រុងជ្រោយ​។ ទាំង​នេះ​ លោក​អ្នក​ត្រូវ​ស្វែង​រក​ចំណុច​វិជ្ជមាន និង អវិជ្ជមាន​ដែល​​​លោក​អ្នក​កំពុង​​ជួប​ក្នុង​កន្លែង​ការងារ​របស់​អ្នក​ ឬ អាច​ជួប​នៅ​កន្លែង​ការងារ​ថ្មី។

ហេតុដូច្នេះ​ហើយ​ នៅ​ទី​នេះ​ លោក​អ្នក​ត្រូវ​សាកសួរ​ខ្លួន​ឯង​នូវ​សំនួរ​សំខាន់ៗ​ចំនួន ១១ ខាងក្រោម​នេះ​​​ដើម្បី​ឲ្យ​ប្រាកដ​ថា លោក​អ្នក​ពិត​ជា​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការងារ​នៅ​កន្លែង​ផ្សេង។


១)​តើ​អ្វី​ទៅ​ជា​បញ្ហា​​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ការងារ​របស់​អ្នក​នៅ​ពេល​នេះ?

២) តើ​អ្នក​ចង់​បាន​អ្វី​សម្រាប់​អាជីព​ការងារ​របស់​អ្នក? តើ​អ្វី​ទៅ​ជា​គោលដៅ​ចុងក្រោយ​របស់​អ្នក?

៣) តើ​ការងារ​​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​បំផុត? តើ​អ្វី​ទៅ​ជា​មហិច្ឆតា​ពិតប្រាកដ​របស់​អ្នក?

៤) តើ​អ្នក​មាន​គម្រោង​ដើម្បី​ស្វែង​រក​ការងារ​ថ្មី​ហើយ​ឬ​នៅ? តើ​អ្នក​ចង់​បាន​ការងារ​អ្វី​នៅ​កន្លែង​ថ្មី?

៥) តើ​អ្នក​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ស្វែង​រក​ការងារ​ថ្មី? តើ​​នេះ​​ជា​ពេល​ដ៏​ល្អ​មួយ​​ដែរ​ឬ​ទេ​ដើម្បី​ស្វែង​រក​ការងារ​ថ្មី​​? តើ​អ្នក​អាច​រក​ប្រាក់​ចំណូល​ថ្មី​បាន​នៅ​​ពេល​ណា?​

៦) តើ​អ្នក​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ហើយ​ឬនៅ? តើ​អ្នក​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចាយវាយ​នៅ​ពេល​ដែល​អ្នក​កំពុង​ស្វែង​រក​ការងារ​ថ្មី​ដែរ​ឬទេ?

៧)តើ​រយៈ​ពេល​ប៉ុន្មាន​ហើយ​ដែល​អ្នក​បាន​ធ្វើ​ការ​នៅ​កន្លែង​​​ការងារ​បច្ចុប្បន្ន? តើ​អ្នក​ទទួល​​បាន​បទពិសោធន៍​ច្រើន​ដែរ​ឬទេ​ពី​ការងារ​នេះ? រវាង​ការងារ​​កំពុង​ធ្វើ​ និង ការងារ​​ថ្មី​ តើ​ណា​មួយ​ល្អ​ជាង?​

៨) តើ​ស្ថានភាព​ធ្វើ​ដំណើរ​ទៅ​កន្លែង​ការងារ​របស់​អ្នក​ល្អ​ដែរ​ឬទេ? ​​

៩) តើ​ការងារ​របស់​អ្នក​ការ​ប្រឈមមុខ​ខ្លាំង​ដែរ​​ឬទេ? មាន​ការ​ប្រកួតប្រជែង​ទេ?​

១០)  តើ​អ្នក​នឹង​មាន​ឱកាស​ទទួល​បាន​ការ​អភិវឌ្ឍ​អាជីព​របស់​អ្នក​ដែរ​ឬទេ​នៅ​​កន្លែង​ការងារ​បច្ចុប្បន្ន​?​តើ​ការងារ​របស់​អ្នក​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្តង់ដារ​ដែរ​ឬទេ?​

១១)  តើ​​ហេតុផល​នៃ​ការ​ចាកចេញ ឬ មិន​ចាកចេញ​របស់​អ្នក​ដោយសារ​រឿង​​មនោសញ្ចេតនា ឬ បញ្ហា​ការងារ​របស់​អ្នក?

មហាសេដ្ឋី Warren Buffett ​បង្ហើប​​​គន្លឹះ​ចំនួន ៩ ធ្វើ​ឲ្យ​ជីវិត​​របស់​អ្នក​រីករាយ និង ជោគជ័យ

គេ​នៅ​ចាំ​បាន​ថា ​កាល​​លោក  Warren Buffett មាន​អាយុ ២៥ ឆ្នាំ នៅ​គ្រា​នោះ​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ត្រឹមតែ​ ២ លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​​ពេល​បច្ចុប្បន្ន។ នៅ​ពេល​នោះ​ហើយ​ដែល​លោក​ចាប់​ផ្តើម​មាន​ភាព​ឯករាជ្យ​​លើ​ការ​គ្រប់គ្រង​ ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​សម្រេច​គោលដៅ​របស់​លោក។

ប៉ុន្តែ​នៅ​ពេល​នេះ លោក​មាន​អាយុ ៨៤ ឆ្នាំ​ហើយ ហើយ​លោក​គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ៧០ ពាន់​​លាន​ដុល្លារ និង បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​​លោក​ជា​វិនិយោគិន​ដ៏​​អស្ចារ្យ​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ (The Greatest Investor in History)។

ខាងក្រោម​នេះ ជា​ដំបូន្មាន​ចំនួន ៩ ចំណុច​ដែល​មហាសេដ្ឋី​​រូប​នេះ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​ឥតគណនា​ទៅ​កាន់​សិស្ស​និស្សិត​របស់​អាមេរិក​​ និង សាធារណជន​រាប់​​លាន​នៅ​ជុំវិញ​ពិភពលោក​អំពី​​របៀប​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង ជោគជ័យ។​​

១) វិយោគ​ពេលវេលា​សម្រាប់​ខ្លួន​​ឯង​មុន​អ្វីៗ​ទាំងអស់
«ការ​​ចំណាយ​ពេល​វិនិយោគ​មក​លើ​ខ្លួន​ឯង គឺ​ជា​​រឿង​ដែល​ល្អ​បំផុត​ដែល​​អ្នក​ត្រូវ​ធ្វើ​មុន​អ្វីៗ​ទាំងអស់​»។ នេះ​ជា​ការ​លោក​លើក​ឡើង​របស់​លោក Warren Buffett។ លោក​​បាន​ពន្យល់​ថា ការ​ចំណាយ​ពេល​របស់​អ្នក​ទៅ​លើ​ការ​​អប់រំ ការ​បណ្ដុះបណ្ដាល ​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន ការ​រៀន​សូត្រ​អ្វីៗ​ដែល​ថ្មី ឬ ក៏​ចាប់​ផ្តើម​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដោយ​ខ្លួន​ឯង​ ទាំងអស់​នេះ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​សំខាន់​ខ្លាំង​ណាស់។

២) ជម្រុះ​​ចោល​​ទម្លាប់​អាក្រក់​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​​​
លោក  Warren Buffett មាន​ប្រសាសន៍​​ថា៖«​ ទម្លាប់​​​អាច​ធ្វើ​ឲ្យ​​​យើង​ល្អ ឬ ​ទាញ​​​ទម្លាក់​​យើង​ឲ្យ​​​ចូល​​ក្នុង​ជ្រោះ​បាន ហើយ​​​​ការ​យក​ទម្លាប់​អាក្រក់​មក​ដាក់​ក្នុង​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​អន្តរាយ​តែ​ម្តង!»

តាម​​ដំបូន្មាន​​របស់​លោក​ បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ក្នុង​ខ្លួន​ហើយ​នោះ អ្នក​ត្រូវ​​ឆាប់​ចាប់​ផ្តើម​ជម្រុះ​វា​ចោល​ភ្លាមៗ​កុំ​ឲ្យ​វា​មក​យាយី​ជីវិត​របស់​អ្នក​តទៅ​ទៀត បាន​លឿន​កាលណា​ល្អ​​កាល​ហ្នឹង។ លោក​មាន​ហេតុផល​ថា បើ​​អ្នក​ទុក​ទម្លាប់​​អាក្រក់​នោះ​ឲ្យ​រីក​កាន់តែ​ធំ វា​នឹង​កាន់តែ​លំបាក​សម្រាប់​កម្ចាត់​វា​ចេញ​នៅ​ថ្ងៃ​ក្រោយ។ ​​


៣) ស្គាល់​ពី​ចំណុច​​ខ្លាំង និង ចំណុច​ខ្សោយ​របស់​ខ្លួន
នៅ​ទី​នេះ បើ​តាម​ទស្សនៈ​របស់​មហាសេដ្ឋី​មក​ពី​រដ្ឋ Nebraska រូប​នេះ​​ អ្នក​ត្រូវ​ប្រើ​ចំណេះដឹង​ដើម្បី​ស្រូប​យក​លុយ​ពី​​ការងារ​ដែល​​​ជា​ជំនាញ​របស់​អ្នក ពោល​គឺ​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ធ្វើ​ការងារ​ណា​មួយ​ដែល​​ជា​ចំណុច​ខ្សោយ​របស់​អ្នក​នោះ​ឡើយ។

« អ្នក​មិន​ចាំបាច់​​ធ្វើ​ជា​អ្នក​ជំនាញ​លើ​កិច្ចការ​សព្វបែបយ៉ាង​នោះ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​លើ​ជ្រុង​មួយ​ជា​ចំណុច​ខ្លាំង​ និង ​ចំណុច​ខ្សោយ​របស់​អ្នក​ ហើយ​ត្រូវ​ស្វែង​យល់​ពី​វា​ឲ្យ​បាន​ច្បាស់​ ព្រោះ​ទាំង​នេះ​សុទ្ធតែ​សំខាន់​ដូចគ្នា​ដើម្បី​​​បញ្ជាក់​ថា អ្នក​ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា​មួយ!»។ នេះ​ជា​ប្រសាសន៍​របស់​លោក  Warren Buffett។

៤) កុំ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​​ណា​ដែល​មិន​ចាំបាច់​សម្រាប់​អ្នក
នៅ​ទី​នេះ លោក​មិនមែន​ចង់​និយាយ​ថា ការ​គេច​ចេញ​ពី​បញ្ហា​គឺ​​សុទ្ធតែ​ជា​រឿង​ខុសឆ្គង​ទាំង​​អស់​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​​​ប្រឈម​មុខ​​ទៅ​នឹង​ឧបសគ្គ​​ណា​​មួយ​​ដែល​ចាំ​បាច់​បំផុត​សម្រាប់​​ខ្លួន​តែ​ប៉ុណ្ណោះ។ ​លោក​បាន​បន្ថែម​ថា ​លោក​បាន​ឃើញ​ក្រុមហ៊ុន និង បុគ្គល​គ្រប់​រូប​បាន​ព្យាយាម​​​ប្រឈមមុខ​​គ្រប់​បញ្ហា​ដោយសារ​តែ​​ការ​លោភលន់​របស់​ខ្លួន។

« ​អ្នក​គួរ​​​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​អ្វី​មួយ​ដែល​អ្នក​យល់​ថា​មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក តែ​បើ​​មិន​មាន​អ្វី​ជា​ចាំបាច់​ទេ​នោះ ​​ទុក​ឲ្យ​វា​រំលង​ហួស​ទៅ»។ លោក​​​បាន​បន្ថែម​ថា៖«​បើ​រឿង​នោះ​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ ទោះបី​ជា​​ភាគ​រយ​ជោគជ័យ​​មាន​ត្រឹមតែ ១ លើ ១ ០០០​ ក៏​ខ្ញុំ​ធ្វើ​​ដែរ​!»

៥) ​ធ្វើ​ការងារ​ដែល​អ្នក​ពេញចិត្ត​បំផុត​
នៅ​ទី​​នេះ​ លោក​បាន​ផ្តល់​​ដំបូន្មាន​​ដូច្នេះ​ថា៖ «ជំហាន​​ឆ្ពោះ​ទៅ​​រក​​បុគ្គល​ដែល​គ្មាន​ហានិភ័យ​ហិរញ្ញវត្ថុ គឺ​​អ្នក​​គួរ​តែ​ធ្វើ​​ការងារ​ដែល​អ្នក​ពេញ​ចិត្ត​បំផុត។ អ្នក​នឹង​ដឹង​ថា អ្នក​នឹង​សប្បាយ​ចិត្ត ចាប់​អារម្មណ៍ និង អាច​ក្រោក​ពី​គេង​ទាំង​ព្រឹកព្រលឹម​ជា​រៀងរាល់​ថ្ងៃ​ដោយ​មិន​ចាំបាច់​គេ​តឿន​នៅ​ពេល​អ្នក​ធ្វើ​ការងារ​ដែល​អ្នក​ស្រលាញ់»។ ​

លោក​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ស្វែង​រក​ការងារ​ដែល​អ្នក​ស្រលាញ់​ល្អ​ជាង​អ្វី​ៗ​ទាំង​អស់ ពីព្រោះ​ថា​​វា​ជា​ជំនាញ​របស់​អ្នក ហើយ​នៅ​ពេល​អ្នក​មាន​ជំនាញ​ច្បាស់លាស់ អ្នក​នឹង​អាច​មាន​​ទឹកមាត់ប្រៃ​ក្នុង​ការ​ចរចា​ប្រាក់​ខែ ឬ ក៏​រក​លុយ​បាន​ដោយ​សប្បាយ​ចិត្ត  និង មិន​សូវ​ទើសទាល់​ទៀត​ផង​​។


៦) ​រាប់អាន​បុគ្គល​ជោគជ័យ​មក​ធ្វើ​ជា​មិត្ត​ឲ្យ​បាន​ច្រើន​​​
ក្នុង​វ័យ ៨៤ ឆ្នាំ​ទៅ​​ហើយ​នោះ​មហាសេដ្ឋី​រូប​​នេះ​ជានិច្ចកាល​លើក​ឡើង​ពី​សារសំខាន់​​នៃ​ការ​ទំនាក់ទំនង​​ជា​មួយ​នឹង​បុគ្គល​ជោគជ័យ ឬ ​ការ​ជ្រើសរើស​បុគ្គល​ល្បីៗ​ណា​ម្នាក់​មក​ធ្វើ​ជា​គំរូ​របស់​​ខ្លួន​ហើយ​នេះ​ក៏​ជា​អ្វី​ដែល​លោក​ធ្លាប់​ជ្រើសរើស​សាស្ត្រាចារ្យ​សញ្ជាតិ​កូឡុំប៊ី​ម្នាក់​មក​ធ្វើ​ជា​បុគ្គល​គំរូ​របស់​លោក​ដែរ។

​​«នៅ​ថ្នាក់​វិទ្យាល័យ  អ្នក​គួរ​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​សរសើរ​បំផុត​មក​ធ្វើ​ជា​គំរូ  ឬ ក៏​ចាប់​ផ្តើម​បង្កើត​ទំនាក់ទំនង​ជា​មួយ​បុគ្គល​ដែល​ចេះដឹង និង ល្អ​ជាង​យើង ហើយ​ពេល​នោះ​​ហើយ​ដែរ​អ្នក​អាច​ឃើញ​ប្លង់​ជីវិត​មួយ​​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​អ្នក»។ នេះ​ជា​ទស្សនៈ​របស់​លោក Warren Buffett។

​​​៧) ច្រាន​​ចេញ​​ភាព​ភ័យខ្លាច​របស់​អ្នក​ឲ្យ​ទៅ​​ឆ្ងាយ​ពី​ខ្លួន
ដំបូន្មាន​របស់​លោក Buffett គឺ​ថា៖ «ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ សូម​កុំ​ឲ្យ​ភាព​ភ័យខ្លាច​របស់​អ្នក​​មក​បញ្ឈប់​​សកម្មភាព​របស់​អ្នក​​ ​អ្នក​ត្រូវ​កម្ចាត់​វា​ចោល មុន​ពេល​វា​មក​កម្ចាត់​អ្នក​ »

ចំណុច​នេះ​លោក​បាន​លើក​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ដែល​លោក​តែងតែ​ភ័យខ្លាច​មិន​សូវ​ហ៊ាន​ប្រឈម​មុខ​ឡើង​ថ្លែង​​ជា​សាធារណៈ។ ក្រោយ​មក​លោក​បាន​យក​មេរៀន​របស់​លោក​  Dale Carnegie  ​អ្នកនិពន្ធ​ល្បីល្បាញ​របស់​អាមេរិក​មក​ហ្វឹក​ហាត់​។ ​នៅ​ទី​បំផុត​លោក​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​មែន ហើយ​បាន​ក្លាយ​ជា​បុគ្គល​​ម្នាក់​ដែល​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​រាប់​ភ្លេច​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ​​នេះ​ហើយ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​​ធ្វើ​ដូចនេះ។

៨) ប្រើ​ប្រាស់​ពេលវេលា​ឲ្យ​មានតម្លៃ​ 
​មហាសេដ្ឋី Bill Gates ធ្លាប់​និយាយ​ថា ​ធ្វើ​​ជា​បុគ្គល​ដែល​ច្រណែន​នឹង​​ពេលវេលា​​​របស់​លោក គឺ​ជា​​មេរៀន​សំខាន់​បំផុត​មួយ​ដែល​លោក​បាន​រៀន​សូត្រ​ពី​លោក Buffett​ ​ពី​ឃ្លា​មួយ​ដែល​លោក Buffett ធ្លាប់​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖« ក្នុង​មួយ​ថ្ងៃ​យើង​មាន​ពេល​តែ ២៤ ម៉ោង​តែ​ប៉ុណ្ណោះ ហេតុដូច្នេះ​អ្នក​ត្រូវ​ចំណាយ​ពេល​​ទាំង​នេះ​ឲ្យ​មានតម្លៃ​បំផុត»។ ​​

បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ លោកBuffett  គឺ​ពិត​ជា​បុគ្គល​ដែល​ឲ្យ​តម្លៃ​ពេលវេលា​ខ្លាំង​ជាងគេ​បំផុត​មែន ត្បិតអី​រាល់​សកម្មភាព​របស់​លោក​ប្រចាំ​ថ្ងៃ​លោក​បាន​វិនិយោគ​វា​យ៉ាង​ធំធេង​លើ​ការងារ​របស់​លោក។​

៩) កុំ​មើល​រំលង​អាកាស​មាស​ដែល​ចូល​មក​ដល់
សូម​អ្នក​មាន​ការ​ប្រុងប្រយ័ត្ន​បន្តិច​ចំពោះ​ទស្សន​របស់​លោក​នៅ​ត្រង់​ចំណុច​នេះ។ ​មហាសេដ្ឋី​រូប​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​បុគ្គល​ដែល​ចូល​ចិត្ត​ឆក់​យក​ឱកាស​បំផុត​​​ជា​មួយ​នឹង​ដំបូន្មាន​ដ៏​មាន​​តម្លៃ​របស់​លោក​ដូច្នេះ​ថា៖« អាកាស​ធំ​នៅ​ក្នុង​ជីវិត ត្រូវ​តែ​ចាប់​​​យក​មក​ឲ្យ​បាន។ យើង​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ឱកាស​​​​​​ល្អ​ចូល​មក​ដល់​ហើយ​នោះ យើង​ត្រូវ​តែ​ឆក់​យក​វា​ឲ្យ​បាន​»។ ​​​

ដំបូន្មាន​របស់​លោក​​ដូច្នេះ​ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​ថា​ក្នុង​មួយ​ឆាក​ជីវិត​​របស់​អ្នក អ្នក​មិន​អាច​ជួប​ឱកាស​ល្អ​ដូចគ្នា​រហូត​ដល់ ៥០០​ ដង​នោះ​ឡើយ។ បើ​អ្នក​ឆក​យក​ឱកាស​បាន​ត្រឹមត្រូវ អ្នក​នឹង​ជោគជ័យ​ហើយ៕

មេរៀន​បី​យ៉ាង​​​ដែល​លោក​​​មហាសេដ្ឋី​ Bill Gates រៀនសូត្រ​​ពី​មហាសេដ្ឋី​ Warren Buffett!

​បើ​​និយាយ​ពី​ភាព​ជោគជ័យ​វិញ​​គេ​សង្កេត​ឃើញ​ថា នៅ​អាមេរិក​មាន​បុគ្គល​​​​ជោគជ័យ​ជាង​​មហាសេដ្ឋី​​លោក​ Bill Gates ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ទៅ​ទៀត។ ​​ប្រាកដ​ណាស់​ថា​ មហា​សេដ្ឋី​វ័យ​ ​៥៨​ឆ្នាំ​រូប​នេះ​​បាន​ដឹង​អ្វី​ៗ​គ្រប់​​យ៉ាង​នោះ​​ឡើយ​​។ ​​កាល​ពី​ឆ្នាំ​២០១៣​ ​លោក​ Bill Gates ​បាន​ធ្វើ​ដំណើរ​ទៅ​ Omaha ដើម្បី​ចូលរួម​កម្មវិធី​ជួប​ជុំ​​​​ម្ចាស់​ភាគហ៊ុន​ប្រចាំ​ឆ្នាំ​មួយ។ ​

…​Forbes ​​​​ដាក់​ចំណាត់​ថ្នាក់​​លោក ​Bill Gates ​និង​​ភរិយា​ជា​ពល​រដ្ឋ​អាមេរិក​​បរិច្ចាគ​​ប្រាក់​ច្រើន​​ជាង​គេ​​​​…



លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ LinkedIn ​ក្រោយ​ពី​លោក​​បាន​ជួប​ជា​មួយ​លោក​ Warren Buffett ​ដូច្នេះ​ថា​ ៖«មាន​រឿង​សប្បាយ​ៗ​ជា​ច្រើន ហើយ​​មិន​មែន​ត្រឹម​តែ​ការ​លេង​ពីងប៉ុង​ ​និង​​លេង​ហ្គេម​បោះ​​ក្រដាស​កាសែត​​ជា​មួយ​លោក​  Warren Buffett នោះ​ទេ ​តែ​​សប្បាយ​​ព្រោះ​ខ្ញុំ​បាន​រៀន​សូត្រ​ពី​​លោក​ Warren Buffett ​និង​បាន​ដឹង​ថា​​ពី​របៀប​នៃ​ការ​គិត​របស់​លោក»។ ​



នេះ​ជា​គឺ​ជា​មេរៀន​ដែល​លោក​មហាសេដ្ឋី​ Bill Gates រៀន​ពី​​ Warren Buffett៖ ​


១) សម្លឹង​ឱ្យ​ឆ្ងាយ​ (look at the big picture)

នៅ​ពេល​ដែល​លោក​ Bill Gates ​បាន​​ជួប​លោក​ Warren Buffett ​ប្រតិកម្ម​បន្ទាន់​​របស់​លោក​គឺ​លោក​ផ្ដោត​ទៅ​លើ​​រូបភាព​នៃ​ជោគជ័យ​របស់​​លោក​ Warran Buffett នោះ​គឺ​ការ​ជ្រើស​រើស​ និង​​វិនិយោគ​នៅ​ក្នុង​​ទីផ្សារ​ភាគហ៊ុន។ ​អ្វី​ដែល​លោក​  Bill Gates បាន​រៀន​សូត្រ​ពី​ Buffett គឺ​​​ការ​សម្លឹង​ឱ្យ​ឆ្ងាយ​​នៃ​ទៅ​លើ​អាជីវកម្ម​មួយ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​ ៖ «គាត់​មាន​​​គម្រោង​​ក្ដោប​អាជីវកម្ម​ទាំង​មូល​​ដែល​ត្រូវ​គិត​នោះ​គឺ​ជា​អំណាច​ដ៏​ពិត​ប្រាកដ​មួយ»។



ដោយ​​មិន​​ផ្ដោត​ខ្លាំង​ពេក​​​ភាព​លម្អិត​នៃ​ទីផ្សារ​ លោក​ Buffett ​បាន​សម្លឹង​ទៅ​​មើល​កំណើន​ជា​ទូទៅ។

២) ​​ត្រូវ​តែ​ស្មោះ​ត្រង់​ជា​មួយ​​​ម្ចាស់​ភាគហ៊ុន (Be honest with shareholder)​

ជា​រៀង​រាល់​ឆ្នាំ​លោក​ Buffett ​បាន​ចំណាយ​ពេល​​មួយ​ចំនួន​ផ្ញើ​​លិខិត​ដល់​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​របស់​លោក។ នេះ​ជា​ទង្វើ​មួយ​ដែល​ជំរុញ​​ទឹក​ចិត្ត​ឱ្យ​លោក​  Bill Gates ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ដែរ។ ​​លិខិត​របស់​លោក​  Bill Gates គឺ​បង្ហាញ​​ពី​​ទស្សនៈ​វិស័យ​នៃ​ក្រុមហ៊ុន​ ក៏​ដូច​ជា​ការ​វិនិយោគ​​​របស់​ខ្លួន។ ​ លោក​ Bill Gates ​​​មាន​ជំនឿ​ថា​ ការ​ផ្ញើ​លិខិត​បែប​នេះ​នឹង​ធ្វើ​​ឱ្យ​ម្ចាស់​ភាគហ៊ុន​​​កាន់​តែ​មាន​ជំនឿ​ចិត្ត​ទៅវិញ​ទៅ​មក​។ ​លោក​ Gates ​បាន​បញ្ជាក់​​ថា​ ៖ «លោក​​មាន​ឆន្ទៈ​​និយាយ​ដោយ​ស្មោះត្រង់​ និង​រិះគន់​ទៅ​​ចំណុច​មិន​ល្អ​មួ​យ​ចំនួន​ត្រង់ៗ​​ពាក់​ព័ន្ធ​​​នឹង​ការ​វិនិយោគ​មាន​ដូច​​​ជា​​​ stock option ​ឬ​ financial derivatives ជា​ដើម”។  ​



៣) ឱ្យ​តម្លៃ​ទៅ​លើ​ពេល​វេលា​​ (Value your time)

​​​មហាសេដ្ឋី​​ Bill Gates ​​​បាន​​លើក​ឡើង​ថា​ ​​៖​ «មិន​ថា​អ្នក​មាន​លុយ​ប៉ុន្មាន​នោះ​ទេ ​អ្នក​មិន​អាច​ទិញ​ពេល​វេលា​បាន​ច្រើន​នោះ​ទេ»។  លោក​ថា​ ត្រង់​ចំណុច​នេះ​​​មហាសេដ្ឋី​ Warren Buffett បាន​ជ្រាប​ច្បាស់​ជាង​​អ្នក​ណា​ៗ​ទាំង​អស់។ ​លោក​ Buffett ​​​តែង​តែ​ចំណាយ​ពេល​វេលា​ជា​មួយ​ក្រុម​អ្នក​ប្រឹក្សា​យោបល់​របស់​លោក​ ​និង​ស្វែង​រក​ពេល​វេលា​​ដើម្បី​ឆ្លើយ​សំណួរ​​មួយ​ចំនួន​​ពី​អ្នក​ប្រឹក្សា​យោបល់​របស់​លោក។  លោក​ Bill Gates មាន​ប្រសាសន៍​​ថា​ ៖ «​គាត់​ចិត្ត​ល្អ​ណាស់​ក្នុង​ការ​ចំណាយ​ពេល​​​​វេលា​​ជា​​មួយ​មនុស្ស​ដែល​លោក​ទុក​ចិត្ត»។ ​



​​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ​លោក​ Buffett ​ដឹង​ថា​ពេល​វេលា​របស់​លោក​​មាន​តម្លៃ​ប៉ុណ្ណា ជា​ពិសេស​លោក​មិន​ចំណាយ​ពេល​​ឥត​ប្រយោជន៍​ក្នុង​ពេល​ប្រជុំ​ម្ដង​ៗ​នោះ​ទេ។ ពោល​គឺ​លោក​និយាយ​តែ​ពី​រឿង​បាន​សាច់​ការ​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Bill Gates៕

Thursday, July 23, 2015

មហាសេដ្ឋី Mark Cuban​ បង្ហាញ​​​​គន្លឹះ​សំខាន់​ចំនួន​២ ធ្វើ​ឲ្យ​លោក​អ្នក​​ក្លាយ​ជា​អ្នក​​មាន​នៅ​ពេល​អនាគត

មហាសេដ្ឋី​ Mark Cuban ​ដែល​គេ​ទទួល​ស្គាល់​ថា ​ជា​បុគ្គល​ដ៏​ជោគជ័យ​របស់​អាមេរិក បាន​លើក​​ឧទាហរណ៍ និង ផ្ដល់​ដំបូន្មាន​​​មួយ​ចំនួន​ដល់​ប្រិយមិត្ត​នៅ​ពេល​នេះ ពី​គន្លឹះ​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ​​​​​ចាំ​មើល​ ថា​តើ​មហាសេដ្ឋី​រូប​នេះ​មាន​រូបមន្ត​ដូច​ម្តេច​ដើម្បី​អាច​​ផ្តល់​សង្ឃឹម​ឲ្យ​លោក​អ្នក​​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

ធ្វើ​ដូចម្ដេច​ទៅ​ទើប​ក្លាយ​ជា​អ្នក​​មាន​បាន? នេះ​ជា​សំនួរ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ចង់​បាន​ចម្លើយ​បំផុត។ សម្រាប់​មហាសេដ្ឋី​វ័យ៥៦​ឆ្នាំ​ រូប​នេះ​​​បាន​លើក​ឡើង​ថា លោក​មិន​និយាយ​កុហក​នោះ​ឡើយ​​ពី​គន្លឹះ​នេះ ហើយ​ថា វា​ពិត​ជា​មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ប៉ុន្តែ ផ្លូវ​ទាំង​នោះ​មិន​អាច​​ក្លាយ​ជា​រូបមន្ត​​​សម្រាប់​មនុស្ស​គ្រប់គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​​បាននោះ​ឡើយ។

លោក Mark Cuban មាន​ប្រសាសន៍​បន្ត​ថា ការ​ពិត​ទៅ​ដើម្បី​ទៅ​ដល់​គោលដៅ​នោះ​បាន វា​ទាមទារ​​ឲ្យ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ឱកាស​ដែល​នឹង​ចូល​មក​ដល់​។ ការ​ផ្លាស់ប្ដូរ និង ភាព​មិន​ច្បាស់លាស់ បង្កើត​បាន​ជា​ឱកាស​ឲ្យ​កើត​ចេញ​មក ហើយ​​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គឺ​ជា​​​​ចំណុច​ចាប់​ផ្តើម​មួយ​​ក្នុង​ការ​កំណត់​ពី​ភាព​ជោគជ័យ​ ឬ បរាជ័យ​​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន។​​​​​


អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ!
ទស្សនៈ​ដំបូង​របស់​លោក Mark ​នៅ​ទី​នេះ​គឺ​ថា គ្មាន​ឡើយ​រូបមន្ត​ជោគជ័យ​នៅ​លើ​លោក​យើង​នេះ។   ដរាបណា​អ្នក​មាន​លុយ​តិច វិថី​ឆ្ពោះ​ទៅ​ជា​អ្នក​មាន​របស់​អ្នក​ក៏​​កាន់តែ​លំបាក​ទៅ​តាម​នោះ​ដែរ។  ភាព​ផុយ​ស្រួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ឬ ការ​ខ្ជះខ្ជាយ​ប្រាក់​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់ គឺ​​សញ្ញាណ​នៃ​ផ្លូវ​​បរាជ័យ​ក្លាយ​ទៅ​ជា​អ្នក​មាន។

គន្លឹះ​ទី១៖ សន្សំ​លុយ​ទុក​
មហាសេដ្ឋី​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​​ដូច្នេះ​ថា៖« សន្សំ​លុយ​ទៅ! សន្សំ​លុយ​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អ្នក​​អាច​ធ្វើ​បាន ជាជាង​ទៅ​ផឹក​កាហ្វេ ទៅ McDonalds ទៅ​ហាង​ទំនើបៗ​​ទិញ​អាហារ​ឆ្ងាញ់ៗ ​ទៅ​ជួបជុំ​ក្នុង​ពិធី​​សប្បាយៗ​ឥតប្រយោជន៍​។ ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ច្រើន​ទៅ! កុំ​ទៅ​វាយ​វាយ​លើ​អ្វី​ដែល​ឥតប្រយោជន៍​»

លោក​បាន​បន្ត​ថា៖« បើ​អ្នក​មិន​កាត់​បន្ថយ​ការ​ចំណាយ​ទេ​នោះ អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​បាន​ទេ។​ អ្នក​ត្រូវ​ចាំ​ថា បើ​ចង់​ក្លាយ​ជា​អ្នក​មាន ទាមទារ​ឲ្យ​​​មាន​ច្បាប់​ចាយ​លុយ​មួយ​​ដាក់​កំហិត​មក​លើ​​ខ្លួន​ឯង​។ បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​តែ​រក​ច្បាប់​ចាយ​លុយ​នោះ​​​ឲ្យ​ឃើញ! តើ​អ្នក​អាច​រក​ឃើញ​ទេ?»

​​លោក​បាន​ពន្យល់​ទៀត​ថា បើ​អ្នក​អាច​រក​វា​ឃើញ នោះ​អ្នក​នឹង​បាន​ដឹង​ថា ប្រាក់​សន្សំ​របស់​អ្នក​នឹង​កើន​ឡើង​​ហើយ។ អ្នក​មិន​គួរ​រ៉ាប់រង​លើ​បន្ទុក​គ្រួសារ​តែ​ម្នាក់​ឯង​​​នោះ​ឡើយ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​​អ្នក​អាច​​រក​លុយ​បាន​ដូច​អ្នក។ នេះ​ជា​ការ​ពិត​ដែល​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់ ព្រោះ​វា​អាច​ជួយ​រក​ចំណូល​បន្ថែម​ទៀត​ឲ្យ​អ្នក។

បន្ទាប់​មក​ប្រាប់​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​ចេះ​សន្សំ សន្សំ​ហើយ​សន្សំ​ទៀត​​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ហើយ​ក្រោយ​មក​យក​ប្រាក់​​នោះ​ទៅ​សន្សំ​ទុក​នៅ​ធនាគារ​សិន។ សម្រាប់​ឪពុកម្ដាយ​របស់​អ្នក ការ​សន្សំ​​គួរ​តែ​ទុក​សម្រាប់​ពេល​ចូល​និវត្តន៍​ តែ​សម្រាប់​អ្នក អ្នក​គួរ​សន្សំ​​លុយ​ទុក​សម្រាប់​​ទុក​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត។

​មហាសេដ្ឋី​រូប​នេះ​បន្ត​ទៀត​ថា អ្នក​ត្រូវ​​ចេះ​ចាយ​លុយ​ឲ្យ​ឆ្លាត​បន្តិច។ ការ​យក​លុយ​ទៅ​ទុក​ធនាគារ ទោះបី​ជា​អ្នក​ដេក​យប់​ក៏​វា​រក​​លុយ​ឲ្យ​អ្នក​ដែរ ហើយ​លុយ​របស់​អ្នក​​នៅ​ថ្ងៃ​ស្អែក​នឹង​កើន​ឡើង​ជាង​ថ្ងៃ​នេះ។ លោក​បញ្ជាក់​ទៀ​តថា កុំ​ធ្វើ​ជា​អ្នក​ពូកែ​ចាយ​លុយ ​ឬ ក្តាប់​លុយ​នឹង​ដៃ​យ៉ាង​ស្អិត​​មិន​ធ្វើ​អ្វី​សោះ។ បុគ្គល​ដែល​​ប្រើប្រាស់​ទម្លាប់​នេះ មិន​ងាយ​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ។


គន្លឹះ​ទី២៖ ​វិនិយោគ
សម្រាប់​គន្លឹះ​ទី២ លោក Mark បាន​បង្ហើប​ដូច្នេះ​​ថា៖« វិនិយោគ​ពេលវេលា​​​ឲ្យ​​បាន​ច្រើន​សម្រាប់​ខ្លួន​​ឯង និង ត្រូវ​​ដឹង​ពី​របៀប​ធ្វើ​​អាជីវកម្ម​ ឬ បង្កើត​មុខរបរ​ដែល​អ្នក​ស្រលាញ់​បំផុត។ វា​មិន​សំខាន់​ថា ​មុខរបរ​ ឬ អាជីវកម្ម​នោះ​ជា​អ្វី​នោះ​ទេ ឲ្យ​តែ​អ្នក​ស្រលាញ់ ពេញចិត្ត ចាប់​អារម្មណ៍ អ្នក​​ចាប់​ផ្តើម​ធ្វើ​វា​ទៅ​​បើ​អ្នក​មាន​លុយ​ធ្វើ​ដើម​ទុន​ហើយ​នោះ ហើយ​បើ​អ្នក​គ្មាន​បទពិសោធន៍​ សាកល្បង​ធ្វើ​ការងារ​នោះ​​ និង រៀន​ពី​គេ​សិន​ទៅ!»

មហាសេដ្ឋី​​រូប​នេះ​លើក​ឡើង​ដូច្នេះ​ទៀត​ថា៖« មិន​ថា ​ធ្វើ​ជា​​អ្នក​លក់ ឬ អ្វី​ផ្សេង​​នោះ​ទេ អ្នក​អាច​រៀន​ពី​កន្លែង​ណា​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ជៀសវាង​ទៅ​​រៀន​នៅ​សាលា​ណា​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​បង់​លុយ​ដើម្បី​រៀន​ជំនាញ​ ឬ វគ្គ​ខ្លីៗ​ទាំង​នោះ។ ការងារ​នោះ​អាច​មិន​ល្អ​សម្រាប់​អ្នក តែ​ត្រូវ​ចាំ​ថា គ្មាន​ផ្លូវ​ណា​ល្អ​បំផុត​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​នោះ​​ឡើយ​!»

ផ្អែក​លើ​ដំបូន្មាន​របស់​មហាសេដ្ឋី​ដដែល​នេះ​បាន​​ណែនាំ​ទៀត​ថា នៅ​មុន ឬ ក្រោយ​ពេល​ធ្វើ​ការ ឬ នៅ​ចុង​សប្តាហ៍ អ្នក​​គួរ​តែ​អាន​សៀវភៅ​ពី​របៀប​ធ្វើ​ជំនួញ​ឲ្យ​បាន​ច្រើន​ ដូច​ជា​ទស្សនាវដ្ដី​ជំនួញ ​សំណេះសំណាល និង ទាក់ទង​អ្នក​រក​ស៊ី​ដែល​​អ្នក​បាន​ស្គាល់​ឲ្យ​បាន​ច្រើន និង ​​អ្នក​រកស៊ី​ជា​មួយ​បុគ្គល​នោះ។

យ៉ាងណាមិញ លោក Mark បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖« ​នេះ​វា​មិន​​មែន​ជា​វិធី​សាស្រ្ត​​ដែល​អ្នក​​ត្រូវ​ជោគជ័យ​ក្នុង​រយៈ​ពេល​​ត្រឹម​ប៉ុន្មាន​ថ្ងៃ ឬ ប៉ុន្មាន​ខែ​នោះ​ទេ តែ​​ជា​​​​​ជោគជ័យ​មួយ​​ដែល​អ្នក​រំពឹង​ទុក​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត និង អាច​ដល់​ទសវត្ស​ទៀត​ក៏​មាន។ ខ្ញុំ​មិន​បាន​និយាយ​ថា វា​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់រហ័ស​នោះ​ឡើយ តែ​វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ឲ្យ​អ្នក​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគត»


តាម​រូបមន្ត​របស់​មហាសេដ្ឋី​នេះ ឥឡូវ​នេះ​ភាព​មិន​ប្រាកដប្រជា និង ការ​ផ្លាស់ប្ដូរ​នឹង​កើត​មាន​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ​​​ចង់​ឬ មិន​ចង់ ចំណុច​ពីរ​នេះ ​នឹង​កើត​មាន​ជា​មិន​ខាន ហើយ​អាច​ថា មក​ឆាប់ៗ​ទាំង​អ្នក​មិន​បាន​ត្រៀម​ទុក​មុន ឬ រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មាន។ ​តែ​​បើ​អ្នក​ឆ្លាត​ អ្នក​នឹង​​ដឹង​ថា ​​អ្នក​គួរ​ឆក់​យក​ឱកាស​ដែល​ចូល​មក​ដល់​ដែរ​ទេ? ចម្លើយ​នោះ​គឺ​ថា បើ​អ្នក​បាន​ត្រៀម​ខ្លួន​បាន​ហើយ​នោះ អ្នក​ច្បាស់​ជា​ឆក់​ចាប់​វា​​ជា​មិន​ខាន។

មក​ដល់​ចំណុច​នេះ លោក Mark ​បាន​លើក​ឧទាហរណ៍​ឡើង​ ពី​វិស័យ​អចលនទ្រព្យ។ ​ការ​ផ្លាស់ប្ដូរ  និង ភាព​មិន​ច្បាស់លាស់​​មាន​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​មាន​ការ​ប្រែប្រួល តែ​ជា​ទូទៅ​​តម្លៃ​ទីផ្សារ​របស់​វា​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្នក​ដែល​រកស៊ី​លើ​វិស័យ​នេះ បើ​ចេះ​សន្សំ​លុយ​ទុក​ផង វិនិយោគ​ផង នោះ​ចំណូល​កើន​ឡើង​ដោយ​ឯកឯង​តែ​ម្តង។ ​​​​

ហេតុ​ដូច្នេះ​ហើយ លោក Mark ​​​​បាន​បង្ហាញ​​រូបមន្ត​រួម​ថា នៅ​ពេល​ដែល​ការ​សន្សំ និង ការ​ផ្លាស់ប្ដូរ ឬ ភាព​មិន​ប្រាកដប្រជា​កើត​ឡើង​ជួន​ប្រសព្វ​គ្នា នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​​ឱកាស​។ ឱកាស​នេះ​​ហើយ​ដែល​ជា​សំណាង​របស់​អ្នក។ សំណាង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន៕