Monday, July 6, 2015

ស្ដាប់​​​​​​​​យោបល់​មាស​​​​បិតា​ស្ថាបនិក​​​​​ល្បីៗ​របស់​អាមេរិក ​​ដើម្បី​ធ្វើ​កិច្ចការ​ជំនួញ​ឲ្យ​ជោគជ័យ

ដើម្បី​ទទួល​បាន​​ភាព​ជោគជ័យ​ ក្នុង​វិស័យ​ជំនួញ​ ​សហគ្រិន​គ្រប់រូប​មិនអាច​​នៅ​ស្ងៀម​ដោយ​មិន​ ​ព្យាយាម​​រៀនសូត្រ​អ្វី​ដែល​ថ្មី​នោះ​ឡើយ​។ ​ការ​រៀន​សូត្រ​​ ​​ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​នេះ នឹង​ជួយ​ឲ្យ​ពួកគេ​អាច​អភិវឌ្ឍ​កិច្ចការ​ជំនួញ​របស់​ខ្លួន​ឲ្យ​រីកចម្រើន​ទៅមុខ​ ស្របតាម​ស្ថានភាព​ជាក់ស្តែង​។​ ខាងក្រោម​នេះ ​គឺ​ជា​យោបល់​ល្អៗ​​​របស់​ បិតា​ស្ថាបនិក​​សហរដ្ឋអាមេរិក​ ដែល​អាច​ចាត់ទុកថា ​ជា​យោបល់​ដ៏​មាន​ប្រយោជន៍​បំផុត​សម្រាប់​ កិច្ចការ​ជំនួញ​របស់​អ្នក​៖​

១) ​ត្រូវ​មាន​សកម្មភាព​​ផុស​ចេញ​ឡើង​
​​​​​​​«​តើ​អ្នក​ចង់​ដឹង​ទេ​ថា ​ខ្លួន​​ឯង​ជា​នរ​ណា​​​​? ​សូមកុំ​សួរ​អី តែ​ត្រូវតែ​ចេញ​ជា​សកម្មភាព​។ សកម្មភាព​របស់​អ្នក​នឹង​ កំណត់​ថា​អ្នក​គឺ​ជា​នរណា​»។ ​​នេះ​គឺជា​ការ​លើកឡើង​របស់​លោក​Thomas Jefferson បិតា​ស្ថាបនិក​អាមេរិក​។

ឃ្លា​ខាង​លើ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​​​ព្រោះ​បើ​គ្រាន់តែ​ប្រើ​ពាក្យ​សំដី​ចោល​ ហើយ​គ្មាន​សកម្មភាព​អ្វី​ទាំងអស់​នោះ ​អ្នក​នឹង​មិនអាច​សម្រេច​​គោលដៅ​របស់​ខ្លួន​បាន​ជា​ដាច់ខាត​។​ ដូច្នេះ​ហើយ​ ​​ក្នុង​វិស័យ​ជំនួញ​អ្នក​មិន​ចាំ​បាច់​អង្គុយ​សួរ​សំនួរ​ច្រើន​ពេក​ទេ​ ​​ព្រោះ​បើ​អង្គុយ​តែ​បង្កើត​សំនួរ​តែ​គ្មាន​ចេញ​សកម្មភាព​អ្វី​ទាំង​អស់​នោះ​អ្នក​នឹង​​មិនអាច​សម្រេច​អ្វី​ទាំងអស់​។ ប៉ុន្តែ​ត្រូវ​ចេញ​ជា​សកម្មភាព​វិញ​ ​ទើប​អាច​ស្វែងរក​ភាព​ជោគជ័យ​បាន។

​​២) ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការ​ជំនួញ​
​​លោក Benjamin Franklin បិតា​ស្ថាបនិក​អាមេរិក​​បាន​មាន​ប្រសាសន៍​​ថា៖ ​«​ ​ត្រូវ​យកចិត្តទុកដាក់​​ហាង​របស់​អ្នក​ ព្រោះ​ហាង​របស់​អ្នក​នឹង​ផ្តល់​ផ្លែផ្កា​ចំពោះ​អ្នក​វិញ​»។ ​​​​

​មុន​ពេល​ក្លាយជា​បិតា​ស្ថាបនិក​របស់​អាមេរិក​ លោក Benjamin Franklin​​ ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​និពន្ធ​ និង​ ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ផង​ដែរ​។​ លោក​យល់​ឃើញ​ថា ​ដើម្បី​​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ ​អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការជំនួញ​​ឲ្យ​បាន​សមស្រប​បំផុត​​ ពោល​គឺ​ បើ​ព្រងើយកន្តើយ​ ឬ មិន​យកចិត្ត​ទុកដាក់​ប្រាកដ​ជា​បរាជ័យ​​មិនខាន​ ហើយ​អ្នក​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ធំ​ផង​ដែរ​។​ ​

៣) ​ត្រូវ​រៀន​ជា​ប្រចាំ
​​លោក​ John Adams​​​ បាន​លើកឡើង​ថា៖​« ​គំនិត​ចាស់ៗ​ គឺ​ប្រៀប​ដូចជា​ សេះ​ចាស់​ដែរ​។ ដូច្នេះ​ហើយ អ្នក​ត្រូវ​បង្វឹក​​ខួរក្បាល​ជាប្រចាំ​ ដើម្បី​ឲ្យ​ដំណើរ​ការ​​ទៅ​យ៉ាង​រៀបរយ»។

តាម​រយៈ​ឃ្លា​ខាងលើ​នេះ​ លោក​ John Adams​ ការ​រៀនសូត្រ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ ព្រោះ​គ្មាន​នរណា​ម្នាក់​ចេះ​អ្វីៗ​គ្រប់យ៉ាង​នោះ​ឡើយ​ ដូច្នេះ​ហើយ​ត្រូវ​តែ​បង្កើន​ការ​រៀនសូត្រ​​ស្វែងរក​អ្វី​ដែល​ថ្មី​ ដើម្បី​ដើរ​ឲ្យ​ទាន់​ស្ថានការណ៍​ជាក់ស្តែង​។​​​
​​
៤) ​ជ្រើសរើស​ក្រុមហ៊ុន​ដែល​​ឆ្លាតវៃ​
«​ស៊ូ​នៅ​តែ​ម្នាក់ឯង ជាជាង​ចូលរួម​ជាមួយ​នឹង​ក្រុមហ៊ុន​មិន​ល្អ​​»។​ នេះ​ជា​ការ​លើកឡើង​របស់​​​​លោក​ George Washington​​ បិតា​ស្ថាបនិក​​អាមេរិក​ និង ជា​ប្រធានាធិបតី​ទី​១ ​របស់​​អាមេរិក។

តាមរយៈ​ឃ្លា​ខាង​លើ​នេះ​​ លោក​ចង់​បញ្ជាក់​ថា ​​ការ​ជ្រើសរើស​ប្រភេទ​ជំនួញ​ និង​​ក្រុមហ៊ុន​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ជាពិសេស​ការ​រកស៊ី​ជាមួយ​នឹង​មនុស្ស​ច្រើន​គ្នា ​គឺ​ត្រូវតែ​គិត​គូរ​ឲ្យ​បាន​ច្បាស់​ ​ព្រោះ​បើកាលណា​ឈានជើង​ចូល​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ទុច្ចរិត ឬ មិន​ល្អ​​នោះ ​អ្នក​នឹង​ជួប​បញ្ហា​​ជា​​មិន​ខាន​៕

No comments:

Post a Comment