Saturday, July 4, 2015

ផ្នត់គំនិតមុនក្លាយជាអ្នកដឹកនាំរបស់មហាសេដ្ឋីពាន់លានលោក Donald Trump

លោក Donald Trump ជាមហាសេដ្ឋីអចលនទ្រព្យដែលមានទឹកប្រាក់ប្រមាណជាង​ ៩ពាន់លានដុល្លារ​សហរដ្ឋអាមេរិក និងជាអ្នកនិយាយនៅលើវេទិកាសាធារណៈដ៏ល្បីល្បាញរបស់ NBC។ សម្រាប់ដំណើជីវិតបុគ្គលល្បីល្បាញរូបនេះលោក Doland Trump បានជួបបញ្ហាមិនចេះហត់ មិនចេះនឿយនៅក្នុងខ្សែជីវិត។ បើទោះជាមានបញ្ហាច្រើនយ៉ាងណាក្តី ក៏លោក Doland Trump នៅតែបន្តសម្រេចបានលទ្ធផលយ៉ាងត្រចេះត្រចង់ជានិច្ច។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជានឹងលើកយក ៣ចំណុចរបស់លោក Doland Trump មកធ្វើការបកស្រាយថា តើលោកបានដឹកនាំខ្លួនបែបណាខ្លះនៅក្នុងការដោះស្រាយបញ្ហា?
១. បើចាញ់ការច្បាំង ត្រូវរកផ្លូវឈ្នះលើសង្រ្គាម៖ ទោះបីជាលោកអ្នកទទួលការបរាជ័យច្រើនលើក ច្រើនសារយ៉ាងណាក្តី ក៏លោកអ្នកត្រូវតែងើបឡើង ដើម្បីតស៊ូម្តងហើយម្តងទៀតឲ្យបានជាដាខ់ខាត។ ព្រោះលោកអ្នកត្រូវដឹងថា លើលោកនេះគ្មានជីវិតណាមួយដែលមិនធ្លាប់ទទួលការបរាជ័យនោះទេ ម្លោះហើយ លោកអ្នកត្រូវតែចាត់ទុកការបរាជ័យជាមេរៀននៅក្នុងជីវិត។ ចង់ក្លាយជាអ្នកដឹកនាំម្នាក់ ដំបូង គឺលោកអ្នកត្រូវចេះស្វះស្វែងរកផ្លូវថ្មីអោយខ្លួនឯងដើរទៅមុខឲ្យបានជាមុនសិន។ ហើយលោកអ្នកក៏ត្រូវតែដឹងផងដែរថា ផ្លូវដែលលោកអ្នកចាប់ផ្តើមត្រួសត្រាយលើកដំបូងវាពិតជាមានឧបសគ្គច្រើនណាស់ ដែលងាយនឹងធ្វើឲ្យលោកអ្នកឆាប់ទទួលការចុះចាញ់ និងបោះបង់ក្តីសង្ឃឹមចោលទៅវិញ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺសេចក្តីក្លាហាន សេចក្តីអង់អាច និងទំនុកចិត្តរបស់លោកអ្នក វាត្រូវតែមានទំហំធំជាងសេចក្តីភ័យខ្លាច និងការបរាជ័យទាំងឡាយ ដែលលោកអ្នកធ្លាប់បានជួបប្រទះ។ តាំងខ្លួនជាអ្នកដឹកនាំម្នាក់ គឺលោកអ្នកត្រូវតែហ៊ានតស៊ូទៅមុខជានិច្ច ហើយត្រូវដឹងច្បាស់ថាខ្លួនកំពុងធ្វើអ្វី? ឈរនៅត្រង់ណា? ហើយត្រូវបាញ់ឆ្ពោះទៅណា? និងត្រូវប្រឈមមុខជាមួយបញ្ហាអ្វីខ្លះ? ពោលគឺមានន័យថា លោកអ្នកអាចចាញ់ការច្បាំងម្តងហើយម្តងទៀត ប៉ុន្តែ លោកអ្នកត្រូវតែច្បាស់ថា លទ្ធផលចុងក្រោយនៃការធ្វើសង្គ្រាម គឺលោកអ្នកត្រូវតែឈ្នះ។
២. បើជ្រុលតែគិត ត្រូវគិតអោយបានធំ៖ អ្នកដឹកនាំចាំបាច់ត្រូវតែចេះនិយាយអ្វីដែលអាចចាក់ដល់ក្រអៅបេះដូងរបស់មនុស្សនៅជុំវិញខ្លួន។ មុនក្លាយជាអ្នកដឹកនាំម្នាក់ លោកអ្នកត្រូវតែមានការគិតឲ្យបានធំ និងធ្វើឲ្យបានធំ គឺគិតយ៉ាងណាអោយបេះដូងរបស់មនុស្សនៅជុំវិញខ្លួនចង់ដឹង ចង់ធ្វើ ចង់បាន និងចង់ដើរតាមស្តាប់សម្តីដ៏អស្ចារ្យរបស់លោកអ្នកជានិច្ច។ ព្រោះបើលោកអ្នកមានឳកាសបានធ្វើជាអ្នកដឹកនាំតែមានមហិច្ឆិតាតូចតាច នោះច្បាស់ណាស់ថា គ្មាននរណាម្នាក់អាចមានអារម្មណ៍ពុះកញ្ជ្រោលដោយសារសម្តីរបស់លោកអ្នកបានឡើយ។ ពោល​ គឺមានន័យថា បើលោកអ្នកគិតឲ្យបានធំ និងធ្វើឲ្យបានធំ ទោះបីលោកអ្នកបានមកវិញតូច ក៏វាតូចក្នុងចំណោមធំដែរ។
៣. បើលោកអ្នកគ្មានថាមពល គ្មានមហិច្ឆិតា នោះលោកអ្នកនឹងគ្មានអ្វីៗទាំងអស់៖ នៅពេលដែលលោកអ្នកមានកំលាំង ឬថាមពលគ្រប់គ្រាន់ហើយ នោះលោកអ្នកនឹងចាប់ផ្តើមមានមហិច្ឆិតាចង់បានអំណាចលើការដឹកនាំ។ ព្រោះថា មុនក្លាយជាអ្នកដឹកនាំល្អម្នាក់បាន លុះត្រាតែលោកអ្នកមានមហិច្ឆិតាធ្វើជាយាន្តជំនិះនាំមុខគេជានិច្ច និងដឹកនាំធ្វើនូវរឿងរ៉ាវដ៏អស្ចារ្យ ដែលអ្នកដទៃស្ទើរតែមិនជឿថាវាអាចនឹងកើតឡើងទៅបានជាមុនសិន។ អ្នកដឹកនាំត្រូវតែចេះបញ្ចូលថាមពល និងមហិច្ឆិតាទៅក្នុងអារម្មណ៍របស់មនុស្សនៅជុំវិញខ្លួន ហើយចេះលើកទឹកចិត្តពួកគេអោយហ៊ានធ្វើនូវរឿងរ៉ាវដ៏អស្ចារ្យបានដូចគ្នាៗផងដែរ។ ប៉ុន្តែ បើចង់ឲ្យមនុស្សនៅជុំវិញខ្លួនទទួលបាននូវភាពជោគជ័យ នោះអ្នកដឹកនាំក៏ត្រូវតែដឹងពីមហិច្ឆតារបស់ពួកគេទាំងអស់ជាមុនសិនផងដែរ ព្រោះដើម្បីធ្វើយ៉ាងបំពេញចំណង់ឲ្យពួកគេទាំងអស់នោះបានទៅតាមដំណាក់កាលៗ រហូតសមេ្រចតាមគោលបំណងរបស់ពួកគេម្នាក់៕

No comments:

Post a Comment