Jack Ma ជាសហគ្រិនដ៏អស្ចារ្យម្នាក់ ដែលបង្កើតក្រុមហ៊ុន Ali Group ដែលនៅក្នុងនោះមានក្រុមហ៊ុនជាច្រើនទៀត ដូចជាAlibaba និង Alipay ជាដើម។ គាត់ចាប់ផ្តើមពីអាជីពជាគ្រូបង្រៀនម្នាក់ រហូតបានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសចិន។ ខ្ញុំនៅចាំកាលនោះ គឺខែកុម្ភៈ ឆ្នាំ២០១៤ ខ្ញុំទើបតែចូលធ្វើការនៅ F.U.G.I គឺជាពេលដែល Alibaba ប្រកាសត្រៀមខ្លួនហក់ចូលទីផ្សារភាគហ៊ុនរបស់ New York ។ ខ្ញុំក៏ចាប់អារម្មណ៍ ហើយតាមដានពត៌មាននេះរហូត ទើបខ្ញុំស្គាល់ឈ្មោះគាត់រហូតដល់សព្វថ្ងៃ។ Jack Ma ប្រើទស្សនក្នុងការធ្វើជំនួញដ៏ល្អបំផុត ដោយផ្តោតសំខាន់លើអតិថិជនមុនទើបគិតគូររឿងលុយតាមក្រោយ។ នេះក៏ប្រហែលជាចំណុចចាប់ផ្តើមនៃការរីកធំធាត់របស់ក្រុមហុ៊ននេះដែរ។ ថ្ងៃនេះ ខ្ញុំនឹងដកស្រង់យកពាក្យសម្តីខ្លះដែលគាត់បាននិយាយ មកបង្ហាញដើម្បីងាយស្រួលក្នុងការអាន និងស្វែងយល់ពី Jack Ma
- កុំបោះបង់ចោល ថ្ងៃនេះពិបាក ថ្ងៃស្អែកកាន់តែពិបាក ប៉ុន្តែខានស្អែកអាចនឹងល្អប្រសើរ។ មនុស្សភាគច្រើនដួលនៅពេលល្ងាចថ្ងៃស្អែក ហើយគ្មានឱកាសបានឃើញពន្លឺថ្ងៃរះទេ។
- អ្នកគួរតែរៀនពីដៃគូប្រជែងរបស់អ្នក ប៉ុន្តែកុំចម្លងតាម ។ ចម្លងតាម អ្នកនឹងចាញ់។
- ខ្ញុំព្យាយាមធ្វើឱ្យខ្លួនខ្ញុំរីករាយ ព្រោះខ្ញុំដឹងថា បើខ្ញុំមិនរីករាយ បុគ្គលិកខ្ញុំក៏មិនរីករាយ ម្ចាស់ភាគហ៊ុនខ្ញុំក៏មិនរីករាយ ហើយអតិថិជនក៏មិនរីករាយ។
- ខ្ញុំមិនត្រូវការគេចូលចិត្តទេ ខ្ញុំចង់បានការគោរព។
- នៅពេលដែលអ្នកមានលុយ១លានដុលា្លរ អ្នកជាមនុស្សសំណាង។ នៅពេលអ្នកមានលុយ១០លានដុល្លារ អ្នកនឹងមានបញ្ហាឈឺក្បាលច្រើន។ នៅពេលអ្នកមានលុយ១ពាន់លានដុល្លារ អ្នកត្រូវមានទំនួលខុសត្រូវ នោះជាការទុកចិត្តពីអ្នកដទៃ ព្រោះពួកគេជឿថាអ្នកអាចប្រើលុយទាំងនោះបានល្អជាងពួកគេ។
- ខ្ញុំសង្ឃឹមថា ១៥ឆ្នាំក្រោយ មនុស្សនឹងភ្លេចពី E-Commerce ព្រោះពួកគេគិតថាវាដូចជាអគ្គីសនីដែរ។
- នៅពេល KFC មកបើកនៅប្រទេសចិន មនុស្ស២៤អ្នកបានទៅដាក់ពាក្យធ្វើការ។ មនុស្ស២៣នាក់បានជាប់ ហើយម្នាក់ទៀតគឺជាខ្ញុំ។
- ខ្ញុំគិតថាឆ្កួតជារឿងល្អ ។ ពួកយើងឆ្កួតមែន តែមិនមែនភ្លើទេ។
- បើសិនជាអ្នកមិនធ្វើ គ្មានអ្វីដែលអាចទៅរួចទេ។
- បើសិនជាយើងចង់ផ្លាស់ប្តូរពិភពលោក យើងប្តូរខ្លួនឯងមុនសិន។ ការផ្លាស់ប្តូរពិភពលោក ប្រហែលជាការងាររបស់ Obama ទេ។
- កត្តាជោគជ័យមួយដែលធ្វើឱ្យ Alibaba ទទួលបានជោគជ័យ គឺ ពួកយើងមានស្ត្រីធ្វើការច្រើន។
- ប្រសិនបើយើងមានក្រុមការងារល្អ ហើយដឹងថាអ្វីដែលយើងចង់ធ្វើនោះ យើងម្នាក់អាចយកឈ្នះមនុស្ស១០នាក់។
- វាគ្មានបញ្ហាទេ បើយើងបរាជ័យ ព្រោះយើងបានផ្តល់តម្រុយដល់អ្នកជំនាន់ក្រោយដែរ ទោះបីយើងមិនទទួលជោគជ័យ ក៏មានអ្នកដទៃអាចធ្វើបានដែរ។
- បើអ្នកចង់ពង្រីកខ្លួន អ្នកត្រូវស្វែងរកឱកាសល្អមួយ។ សព្វថ្ងៃនេះ បើអ្នកចង់មានក្រុមហ៊ុនអស្ចារ្យមួយ អ្នកត្រូវគិតពីបញ្ហារបស់សង្គមដែលត្រូវដោះស្រាយ។
- មនុស្សពូកែ ត្រូវការមនុស្សល្ងង់ដើម្បីដឹកនាំពួកគេ។
- នៅពេលដែលអ្នកដទៃបែរខ្នងដាក់អ្នក អ្នកត្រូវរៀនយកដៃស្តាំចាប់ដៃឆ្វេងអ្នកឱ្យជាប់។
- ស្នេហាដំបូង ជារឿងផ្អែមល្អែមបំផុត ដូចគ្នានឹងការបើកអាជីវកម្មដំបូងដែរ។
- ទស្សនក្នុងការវិនិយោគរបស់ខ្ញុំគឺ មិនខាតបង់លុយ។
- បំភ្លេចពីដៃគូប្រជែងរបស់អ្នកទៅ ផ្តោតសំខាន់លើតែអតិថិជនអ្នកបានហើយ។
- រឿងមួយដែលអ្នកត្រូវមានជាចាំបាច់ គឺ ការអត់ធ្មត់។
- Ebay ប្រៀបដូចជាត្រីឆ្លាមក្នុងមហាសមុទ្រ ហើយពួកយើងប្រៀបដូចជាក្រពើនៅក្នុងទន្លេយ៉ាងចឺ ។ បើយើងទៅប្រយុទ្ធក្នុងសមុទ្រ យើងច្បាស់ជាចាញ់ តែបើយើងប្រយុទ្ធក្នុងទន្លេ យើងនឹងឈ្នះ។
- ប្រសិនបើមានទន្សាយ៩ក្បាលនៅមុខអ្នក ហើយអ្នកចង់ចាប់១ក្បាល នោះអ្នកត្រូវតែផ្តោតលើតែ១ក្បាលប៉ុណ្ណោះ។
- នៅពេលដែលអ្នកនៅតូច អ្នកត្រូវតែផ្តោតលើអ្វីមួយ ហើយពឹងលើខួរក្បាលរបស់អ្នក មិនមែនពឹងលើកម្លាំងនោះទេ។
- បើសិនជា Alibaba មិនអាចក្លាយជា Microsoft ឬ Wal-Mart បាន ខ្ញុំនឹងស្តាយក្រោយអស់មួយជីវិត។
- មនុស្សជាច្រើនតែងតែត្អុញត្អែរពីរឿងម្សិលមិញ ។ ពួកយើងគ្មានលទ្ធភាពទៅផ្លាស់ប្តូររឿងម្សិលមិញទេ តែថ្ងៃនេះ និង៣០ឆ្នាំទៅមុខ ជាអ្វីដែលយើងអាចគ្រប់គ្រង និងសម្រេចចិត្តបាន។
- ព្យាយាមស្វែងរកមនុស្សដែលស្រលាញ់ការងារ កុំស្វែងរកមនុស្សដែលពូកែ។
តាមពិតនៅមានគំនិតល្អជាច្រើនទៀតដែលគាត់បានចែករំលែក។ នៅក្នុង Youtube មានវីដេអូជាច្រើនអំពីការសម្ភាសន៍ ការឡើងនិយាយរបស់គាត់។ បើទំនេរអាចអង្គុយមើលបន្តិចទៅ ព្រោះអ្វីដែលគាត់និយាយអាចនឹងប្រើការបាននៅស្រុកយើង។ ប្រទេសចិន និងខ្មែរ អាចនិយាយថាស្រដៀងគ្នា ព្រោះការគិតរបស់ប្រជាជនប្រហាក់ប្រហែលគ្នា។ ខ្ញុំសង្ឃឹមថាអត្ថបទនេះមានប្រយោជន៍ដល់អ្នកទាំងអស់គ្នា។ អរគុណសម្រាប់ការអាន!
No comments:
Post a Comment