ប្រវត្តិតស៊ូដ៏ជូរចត់របស់លោក Goh Cheng Liang គឺចាប់ផ្តើមពីបាតដៃទទេរហូតក្លាយជាមហាសេដ្ឋីសិង្ហបុរីដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ ៨.២ពាន់លានដុល្លារអាមេរិកក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ជាប្រធានក្រុមហ៊ុន Nippon Paint South East Asia Group ផងដែរ។ ពាណិជ្ជកម្ម កម្ពុជា នឹងលើកយកខ្សែជីវិតរបស់លោក Goh Cheng Liang មកចែករំលែកជាគំនិត និងទុកជាបទពិសោធន៍សម្រាប់ធ្វើការពិចារណា៖
លោក Goh Cheng Liang ធ្លាប់បានរស់នៅក្នុងបន្ទប់ជួល ដែលមានតម្លៃត្រឹម ៣ដុល្លារប៉ុណ្ណោះក្នុងមួយខែ និងបានរស់នៅជុំគ្នាជាគ្រួសារ។ លោក Goh Cheng Liang បានចាប់ផ្តើមអាជីវកម្មដំបូងបំផុត ជាអ្នកលក់សំណាញ់បង់ត្រី ស្របពេលសង្រ្គាមលោកលើកទី ២កំពុងតែកើតឡើង។ នៅពេលសង្រ្គាមបានបញ្ចប់ លោក Goh Cheng Liang បានចាប់ផ្តើមផ្លាស់ប្តូរអាជីវកម្មទៅជាអ្នកលក់ទឹកសូដាវិញម្តង ប៉ុន្តែអាជីវកម្មមួយនេះត្រូវបានបរាជ័យទៅវិញ។ ដោយសារតែអាជីវកម្មទទួលការបរាជ័យ ទើបលោក Goh Cheng Liang សំរេចចិត្តប្តូរទៅធ្វើការនៅក្នុងហាងលក់គ្រឿងដែក ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ដល់ការរស់នៅរបស់គ្រួសារ។ រហូតដល់ឆ្នាំ ១៩៤៩ លោកបានទិញថ្នាំលាបពីកងទ័ពអង់គ្លេសដែលមានក្លិនស្អុយ យកមកលាយពណ៌ និងជាតិគីមី ហើយបង្កើតបានជាថ្នាំលាបដែលមានឈ្មោះ Pigeon ដែលអាជីវកម្មរបស់លោកផ្ទុះឡើងខ្លាំងដោយសារតែរដ្ឋាភិបាលសិង្ហបុរីរឹតបន្តឹងលើការនាំចូល នៅពេលសង្រ្គាមនៅកូរ៉េកើតឡើង ។ រហូតដល់ឆ្នាំ ១៩៥៩ លោកក៏បានបង្កើតហាងលក់ និងចែកចាយថ្នាំលាប Nippon Paint ដែលសហការជាមួយប្រទេសជប៉ុន និងប្រែក្លាយជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេបំផុតនៅតំបន់អាស៊ីនាពេលបច្ចុប្បន្ន។
អ្វីដែលយើងអាចរៀនពីមេរៀនជីវិតរបស់លោក Goh Cheng Liang គឺ៖
កុំបោះបង់ចោលការតស៊ូ នៅពេលទីទាល់ក្រ៖ បើទោះជាមានជីវភាពក្រីក្រតោកយ៉ាក និងឆ្លងកាត់សង្គ្រាមម្តងហើយម្តងទៀតយ៉ាងណាក្តី ក៏លោក Goh Cheng Liang មិនដែលបោះបង់ចោលនូវការតស៊ូក្នុងការសំរេចក្តីសុបិនរបស់លោកម្តងណាឡើយ។
កុំបាក់ទឹកចិត្តដោយសារបរាជ័យ៖ បើទោះបីអាជីវកម្មរបស់លោកដួលរលំម្តងជាពីរដងទៅហើយក៏ពិតមែន ប៉ុន្តែលោក Goh Cheng Liang មិនបានបាក់ទឹកចិត្ត ឬអស់ក្តីសង្ឃឹមនោះទេ តែផ្ទយទៅវិញលោកបែជាបន្តបោះជំហ៊ានទៅមុខដោយគ្មានភាពរួញរាឡើយ។ ពោលមានន័យថា លោក Goh Cheng Liang នៅតែបន្តបោះជំហ៊ានទៅមុខ ដើម្បីស្វែងរកពីភាពខ្វះចន្លោះរបស់ខ្លួនជានិច្ច។ ហើយអ្វីដែលជាការជម្រុញឲ្យលោកមានការតស៊ូទៀតនោះ គឺលោកចង់ស្រាយចង្ងល់នៅក្នុងចិត្តរបស់លោកថា តើហេតុអ្វីបានជាអាជីវកម្មរបស់លោកមិនទទួលបានជោគជ័យម្តងហើយម្តងទៀតបែបនេះ? នៅពេលដែលលោក Goh Cheng Liang ស្រាយចង្ងល់នេះបាន ក៏ជាពេលដែលលោកបានទទួលបាននូវភាពជោគជ័យផងដែរ។
ជំនាញ និងការឆ្នៃប្រឌិតនឹងផ្លាស់ប្តូរជោគវាសនាមនុស្ស៖ អ្វីដែលជាលក្ខណៈពិសេសរបស់លោក Goh Cheng Liang គឺលោកបានរៀនចប់ត្រឹមថ្នាក់បឋមសិក្សានៅសាលាចិនមួយតែប៉ុណ្ណោះ តែអ្វីដែលលោកបានរៀនពិតប្រាកដនោះ គឺជំនាញលក់ និងការចេះកែឆ្នៃថ្នាំដែលមានក្លិនស្អុយ យកមកលាយពណ៌ និងជាតិគីមី ដើម្បីធ្វើជាផលិតផលរបស់ខ្លួន ដែលជំនាញបូករួមជាមួយនឹងភាពឆ្នៃប្រឌិតនេះហើយ បានផ្លាស់ប្តូរជោគវាសនារបស់លោកអោយក្លាយជាមហាសេដ្ឋីមានជាងគេបំផុតរបស់សិង្ហបុរីដល់ពេលបច្ចុប្បន្ននេះ៕
No comments:
Post a Comment