Tuesday, July 14, 2015

ស្ថាបនិក​រួម​​របស់​ ក្រុមហ៊ុន​ LinkedIn លោក Allen Blue៖ គ្មាន​បទពិសោធន៍​​ មិនមែន​ជា​ឧបសគ្គ​​ដល់​ការ​ផ្លាស់ប្ដូរ​អាជីព​ការងារ​នោះ​ទេ!​

នៅ​ពេល​ដែល​​ប្រិយមិត្ត​ចង់​ផ្លាស់ប្ដូរ​​​​​អាជីព​ការងារ​ លោក​អ្នក​នឹង​មាន​ការ​​បារម្ភ​បន្តិច​ថា តើ​ធ្វើ​របៀប​ណា​ដើម្បី​ឲ្យ​ការងារ​ថ្មី​របស់​លោក​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន? នេះ​អាច​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​ចាប់​ផ្តើម​គិត​ពី​ បទពិសោធន៍ រៀបចំ​ CV ឲ្យ​បាន​ល្អ ឬ នឹង​មាន​រឿង​រ៉ាវ​ស្មុគស្មាញ​ជាង​នេះ​ដែល​​លោក​អ្នក​បារម្ភ​ថា ខ្លាច​មិន​ល្អ​ដូច​​អាជីព​ចាស់​។

នេះ​គ្រាន់តែ​ការ​​​យល់​ឃើញ​របស់​លោក​អ្នក តែ​តាម​ទិដ្ឋភាព​ជាក់ស្តែង​ការ​ផ្លាស់ប្ដូរ​​​អាជីព​ការងារ​​ដែល​អ្នក​ធ្លាប់​ធ្វើ​រាប់​ឆ្នាំ​ក៏​ដោយ មិន​ប្រាកដ​ថា អាច​ធ្វើ​ឲ្យ​​លោក​អ្នក​បរាជ័យ​នោះ​ដែរ។ ប្រិយមិត្ត​​អាច​មាន​​ភាព​ស្ទាក់ស្ទើរ​ពី​បញ្ហា​នេះ តែ​សម្រាប់​​លោក Allen Blue  ដែល​ជា​អ្នក​ប្រឹក្សា​​ការងារ​​របស់​ក្រុមហ៊ុន  LinkedIn លោក​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការ​ផ្តល់​ចម្លើយ​ដ៏​សមស្រប​មួយ​ជា​ក្តី​សង្ឃឹម​ដល់​លោក​អ្នក​នៅ​ពេល​នេះ។

១) អ្នកដទៃ​អាច​ជា​កូនសោ​នៃ​ភាព​ជោគជ័យ​របស់​អ្នក​​នៅ​ពេល​ផ្លាស់ប្ដូរ​អាជីព​ការងារ
ជា​ចំណុច​ចាប់​ផ្តើម​លោក  Allen Blue  បាន​​ផ្តល់​ដំបូន្មាន​ថា៖ « ​ការ​​​ផ្លាស់​ប្តូរ​អាជីព​ការងារ​​មិនមែន​សុទ្ធតែ​ធ្វើ​ឲ្យ​អ្នក​ផុង​​ខ្លួន​តែ​​​​ម្នាក់​ឯង​​នោះ​ឡើយ​។ មនុស្ស​ថ្មីៗ​​មួយ​ចំនួន​អាច​ជួយ​​តម្រង់​ទិសដៅ​អ្នក​​បាន​ស្គាល់​មនុស្ស​ថ្មីៗ អាច​ជួយ​អ្នក​រៀន​សូត្រ​ពី​អ្វី​​ដែល​ថ្មី ស្វែង​រក​តំណែង​ការងារ​ថ្មី ឬ ផ្តល់​ការងារ​ដំបូង​មួយ​នៅ​កន្លែង​ថ្មី​ជា​ដើម។ ទាំង​នេះ​ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​អ្នក​ដែល​​នឹង​ល្អ​ជាង​​ការងារ​ចាស់​ដែល​​អ្នក​មិន​ធ្លាប់​គិត​ទៅ​ទៀត»


២) គ្មាន​បទពិសោធន៍​​ មិនមែន​ជា​ឧបសគ្គ​​ដល់​ការ​ផ្លាស់ប្តូរ​អាជីព​ការងារ​នោះ​ទេ​

«គ្មាន​បទពិសោធន៍​​ មិនមែន​ជា​ឧបសគ្គ​​ដល់​ការ​ផ្លាស់ប្តូរ​អាជីព​ការងារ​នោះ​ទេ​! ជា​ការ​ពិត​បុគ្គលិក​របស់​ក្រុមហ៊ុន LinkedIn ជា​ច្រើន​ក៏​មិន​មាន​បទពិសោធន៍​​អ្វី​ដែរ​ពី​មុន​​មក​។ បណ្ដាញ​សង្គម​កាល​ពី​ឆ្នាំ ២០០២ ពិត​ជា​​មិន​ដូច​បណ្ដាញ​សង្គម​នៅ​ក្នុង​ឆ្នាំ ២០១៥​នេះ​នោះ​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​យើង​​រៀបចំ​បន្ទប់​មួយ​ដើម្បី​ធ្វើ​ការ​ពិសោធន៍ និង ស្វែង​រក​នូវ​អ្វី​ដែល​យើង​អាច​ដំណើរ​ការ​បាន​នៅ​ក្នុង​ក្រុមហ៊ុន​​នេះ»។​ នេះ​ជា​ប្រសាសន៍​របស់​លោក  Allen Blue។

លោក​បាន​បន្ត​​ទៀត​ថា ដូច្នេះ​បទពិសោធន៍​ចាស់ ពេល​ខ្លះ​ក៏​មិន​អាច​យក​មក​ទូទាត់​នៅ​កន្លែង​ថ្មី​នេះ​បាន​ដែរ អ្នក​ត្រូវ​មាន​គំនិត​ច្នៃប្រឌិត​ថ្មី និង​ធ្វើ​ការ​អភិវឌ្ឍ​​ជា​បន្តបន្ទាប់ នេះ​​ទើប​ជា​ជម្រើស​ល្អ​មាន​បច្ចុប្បន្នភាព​ជានិច្ច។

៣) ក្រុមហ៊ុន​ខ្លះ​​​កាន់​តែ​ទទួល​បាន​ប្រយោជន៍​​ទៅ​វិញ​ទេ ​នៅ​ពេល​​ជួល​បុគ្គលិក​​ថ្មី​ដែល​​ចំណេះដឹង​​ចេញ​ពី​ប្រភព​ផ្សេង​គ្នា
លោក  Allen Blue បាន​សង្កត់​ធ្ងន់​ថា៖ « វា​ជា​​រឿង​ខុស​ ១០០% បើ​អ្នក​និយាយ​ថា ​បុគ្គលិក​​​​មក​ពី​ស្ថាប័ន​ផ្សេងៗ ឬ មាន​បទពិសោធន៍​ខុស​ពី​ការងារ​ថ្មី​របស់​ខ្លួន​​នឹង​​មិន​​ផ្តល់​​ផលប្រយោជន៍​សម្រាប់​​ក្រុមហ៊ុន។ តាម​ពិត​ទៅ ​បុគ្គលិក​ដែល​មាន​បទពិសោធន៍​ផ្សេង​គ្នា​នេះ​ហើយ​ដែល​​អាច​មើល​ឃើញ​​គ្រប់​​ជ្រុងជ្រោយ​នូវ​បញ្ហា​​នានា​​ក្នុង​អាជីវកម្ម​របស់​ក្រុមហ៊ុន​​របស់​អ្នក​បាន​»។ 

នៅ​ទី​នេះ​លោក​បាន​លើក​ឧទាហរណ៍​មួយ​​ដ៏​ជាក់ស្តែង​របស់​លោក​​ពី​ការ​ស្ទាបស្ទង់​​លើ​បុគ្គលិក​មួយ​រូប​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន Google។ ជា​លទ្ធផល​បាន​បង្ហាញ​ថា កម្រិត​ GPA (ពិន្ទុ​នៅ​ថ្នាក់​មហាវិទ្យាល័យ) មិន​ពាក់ព័ន្ធ​នឹង​ភាព​ជោគជ័យ​របស់​​បុគ្គលិក​ម្នាក់​នោះ​ឡើយ ហើយ​​គ្មាន​បទពិសោធន៍​មិន​មិន​ចាត់​ទុក​ថា ខុស​ទាំង​ស្រុង​នោះ​ដែរ​។ តែ​តាម​ការពិត វា​អាស្រ័យ​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​​ខ្លួន​តែ​ប៉ុណ្ណោះ។​​

«​ក្រុមហ៊ុន​មួយ​ដែល​មាន​​មនុស្ស​ចូល​មក​ធ្វើ​ការ​​ចេញ​ពី​ប្រភព​ផ្សេងៗ​គ្នា គឺ​ពិត​អាច​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​​នោះ​មាន​តម្លៃ​ពិត​ប្រាកដ»។ ​នេះ​ជា​​យល់​ឃើញ​​ចុងក្រោយ​របស់​លោក  Allen Blue៕

No comments:

Post a Comment