នៅក្នុងកម្មវិធី Ted Talks ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក លោក Bill Gross ដែលជាអ្នកវិនិយោគដ៏ឆ្នើមលើទីផ្សារភាគហ៊ុន និងជាប្រធាននៃក្រុមហ៊ុន Idealab បានចូលមកចែករំលែកបទពិសោធន៍តាមរយៈការស្រាវជ្រាវរកមូលហេតុចំបង ដែលធ្វើអោយអាជីវកម្មថ្មីថ្មោងទទួលបានភាពជោគជ័យ។ លោក Bill Gross បានលើកយក ៥ចំណុចដែលសុទ្ធតែជាកត្តាសំខាន់សំរាប់ការចាប់ផ្តើមអាជីវកម្មយកមកវិភាគថា តើកត្តាមួយណាមានសារៈសំខាន់ជាងគេបំផុត ដើម្បីទទួលបានជោគជ័យលើការចាប់ផ្តើមអាជីវកម្ម?
១. គំនិត៖ អ្នកអាចជឿជាក់ថាគំនិតរបស់លោកអ្នកពិតជាអស្ចារ្យ និងមានភាពច្នៃប្រឌិត ហើយមានគំនិត គឺមានអ្វីៗគ្រប់យ៉ាង តែលោកអ្នកត្រូវចងចាំថាអ្នកណាក៏មានគំនិតដែរ ហើយអ្នកមិនអាចប្រាកដក្នុងចិត្តថា គំនិតរបស់លោកអ្នកពិតជាខុសពីអ្នកដទៃនោះទេ។
២. ក្រុមការងារ៖ ប្រហែលជាលោកអ្នកគិតថាមានក្រុមការងារដ៏ល្អ នោះការប្រតិបត្តិការ ការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យហើយ តែលោកអ្នកត្រូវចាំថា បើក្រុមការងារដល់អស្ចារ្យរបស់លោកអ្នកមិនចេះបត់បែបតាមស្ថានការទេ នោះលោកអ្នកក៏អាចជួបបញ្ហាបរាជ័យបានផងដែរ។
៣. គំរូអាជីវកម្ម៖ តើលោកអ្នកប្រាកដក្នុងចិត្តទេថា លោកអ្នកអាចប្រើគំរូមួយជាផ្លូវច្បាស់លាស់ដែលលោកអ្នកបានធ្វើ វាអាចទាញយកប្រាក់ចំណេញពីអតិថិជនបាន? តាមពិតទៅលោកអ្នកអាចចាប់ផ្តើមអាជីវកម្មមួយដោយមិនប្រើគំរូបាន គឺលោកអ្នកអាចបង្កើតវាដោយខ្លួនឯង និងបង្កើតអ្វីដែលមនុស្សកំពុងតែពុះកញ្ជ្រោលចង់បានខ្លាំង។
៤. ដើមទុន៖ មានមនុស្សមួយចំនួនតែងគិតថា អោយតែមានដើមទុនច្រើនចាប់ផ្តើមធ្វើទៅដឹងតែទទួលបានជោគជ័យហើយ ប៉ុន្តែពួកគេមិនបានគិត និងសិក្សាអោយបានលម្អិតឡើង ថា តើអ្វីទៅជាដំណើរការអាជីវកម្មតាមសម័យកាល ឬតាមបែបសម័យបច្ចេកវិទ្យា? ដោយសារតែការអំនួតជាមួយនឹងទំហំទុនដែលខ្លួនមាននេះហើយ ទើបធ្វើឲ្យអាជីវកម្មមួយចំនួនត្រូវប្រើពាក្យថា“សេងហាង”។
៥. ពេលវេលា៖ លោកអ្នកគួរតែសួរខ្លួនឯងថា នៅពេលដែលអាជីវកម្មរបស់អ្នកឈានជើងចូលទីផ្សារ តើវាលឿនពេកទេ ដែលមនុស្សគ្រប់គ្នាមិនទាន់បានស្គាល់ និងមិនទាន់អាចទទួលយកបាន? ឬវាយឺតពេកទេ ដែលធ្វើអោយអាជីវកម្មរបស់លោកអ្នកមានការប្រកួតប្រជែងច្រើន? ឬអាជីវកម្មរបស់លោកអ្នកមកដល់ចំពេលល្មម?
តាមគំនិតរបស់លោក Bill Gross បានបញ្ជាក់ថាគ្រប់កត្តាទាំងអស់ខាងលើសុទ្ធតែមានសារៈសំខាន់ដូចៗគ្នា តែកត្តាដែលសំខាន់ជាងគេបំផុតនោះគឺ “ពេលវេលា” ព្រោះតាមការរកឃើញរបស់គាត់បានបង្ហាញថា ការប្រៀបធៀបពីភាពខុសគ្នានៃអាជីវកម្មជោគជ័យ និងអាជីវកម្មបរាជ័យ គឺកត្តាពេលវេលានេះឯងដែលមានរហូតដល់ ៤២% នៃកត្តាទាំងប្រាំខាងលើនេះ។ ទាក់ទងនឹងគំនិតអាជីវកម្ម វាមិនមែនមានន័យ ថាមានគំនិតមិនសំខាន់នោះទេ តែអ្វីដែលសំខាន់ជាងនេះទៀតគឺ ការដាក់ពេលវេលាឲ្យត្រូវទៅតាមតម្រូវការរបស់អតិថិជន។ ព្រោះនៅពេលអាជីវកម្មរបស់អ្នកចាប់ផ្តើមឈានជើងចូលទីផ្សារជាលើកដំបូង គឺវាត្រូវតែស្របពេលជាមួយនឹងតំរូវការរបស់អតិថិជនផងដែរ នោះទើបអាជីវកម្មថ្មីថ្មោងរបស់លោកអ្នកអាចទទួលបានជោគជ័យយ៉ាងពិតប្រាកដ។
ឧទាហរណ៍ ដូចជាហាងកាហ្វេ Brown អីញ្ចឹងផងដែរ ដែលអាជីវកម្មមួយនេះបានចាប់ផ្តើមបើកលក់ ស្របពេលប្រទេសកំពុងមានដំណើរការរីកចំរើនល្អ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់សេវាកម្មលផិតផលមួយនេះ ទើបជាមូលហេតុអាចឲ្យ Brown ទទួលបានជោគជ័យ និងរក្សាបាននូវតម្លៃខ្ពស់ដដែល។ ក្រៅពីនេះទៀតមានដូចជាប្រភេទអាជីវកម្ម KOI និង Eight Boat Noodle ដែលចាប់ផ្តើមវាយលុកនៅលើទីផ្សារកម្ពុជាបានយ៉ាងជោគជ័យខ្លាំងខ្លា ស្របពេលដែលកម្ពុជាកំពុងពេញនិយមលើការប្រើប្រាស់បណ្តាញសង្គម Facebook ដែលធ្វើឲ្យអតិថិជនចូលរួមផ្សព្វផ្សាយជាបន្តបន្ទាប់ ក្រោយពេលពួកគេបានប្រើប្រាស់សេវាកម្មនេះ ហើយថែមទាំងធ្វើឲ្យអាជីវកម្មកាន់តែមាន Brand ល្បីខ្លាំងឡើងៗ តាមរយៈការបុស្តិ៍រូបរបស់ពួកគេផងដែរ៕
No comments:
Post a Comment