Monday, July 6, 2015

​​​គន្លឹះ​សំខាន់ៗ​​៨​យ៉ាង​ អភិវឌ្ឍ​ខ្លួន​ពី​បុគ្គលិក​​ធ្វើ​ការងារ​ឲ្យ​គេ ​​​មក​ធ្វើ​ជា​ថៅកែ​បង្កើត​​អាជីវកម្ម​ខ្លួន​ឯង​វិញ​

​គ្មាន​នរណា​ម្នាក់​ចង់​ ធ្វើ​ការ​ឲ្យ​គេ​អស់​មួយ​ជីវិត​នោះ​ឡើយ​ ពោល​គឺ​ម្នាក់ៗ​សុទ្ធតែ​ចង់​ក្លាយ​ជា​ ថៅកែ​គេ​វិញ​នៅ​ថ្ងៃ​ណា​មួយ​។​ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ប៉ុន្តែ​​​ប្រសិនបើ​អ្នក​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​ទៅ​ជា​ ថៅកែ​គេ​វិញ​នៅ​ថ្ងៃ​ណាមួយ​នោះ ​មានន័យ​ថា​​វា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​​ក្នុង​ជីវិត​។​ ខាងក្រោម​នេះ គឺ​ជា​គន្លឹះ​សំខាន់ៗ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ពី​បុគ្គលិក​ធម្មតា​ មក​ជា​ថៅកែ​ម្នាក់៖​​

១) ​ត្រៀម​ខ្លួន​ដើម្បី​រៀនសូត្រ​គ្រប់យ៉ាង​
​​ក្នុង​ពេល​កំពុង​​បំពេញ​ការងារ​ក្នុង​តួនាទី​​ត្រឹម​ជា​បុគ្គលិក​ធម្មតា​នោះ ​អ្នក​ត្រូវ​តែ​ព្យាយាម​រៀន​សូត្រ​គ្រប់យ៉ាង​​ អំពី​ដំណើរការ​​នៃ​ ការងារ​ និង ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ការ​នោះ​។ ​ត្រូវ​ស្វែងយល់​ចំណុច​សំខាន់ៗ​ដែល​ នាំ​ឲ្យ​ក្រុមហ៊ុន​ទទួល​ជោគជ័យ​។

២) ​ដឹង​ឲ្យ​ច្បាស់​អំពី​ចំណុច​ខ្លាំង​ និង ចំណុច​ខ្សោយ​​ខ្លួន​ឯង​
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​ចំណុច​ខ្លាំង​ និង ចំណុច​ខ្សោយ​ផ្សេងៗ​ពី​គ្នា​ ដូច្នេះ​ដើម្បី​ធ្វើ​ជំនួញ​ដ៏​ជោគជ័យ​នៅ​ថ្ងៃ​ខាងមុខ​នោះ ​អ្នក​ត្រូវ​ព្យាយាម​ស្គាល់​អំពី​ចំណុច​ខ្លាំង​ និង ចំណុច​ខ្សោយ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​។ កាល​ណា​​ដឹង​ច្បាស់​ហើយ​នោះ ​អ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​ណាមួយ​ដែល​វា​​​ត្រូវនឹង​សមត្ថភាព​​​ខ្លួន​។​ ​ម្យ៉ាង​វិញ​ទៀត​ អ្នក​ក៏​អាច​​កែខៃ​​នូវ​ចំណុច​ខ្សោយ​ឲ្យ​ប្រសើរ​ឡើង​​ផង​ដែរ​។

៣) ​ព្យាយាម​​បង្កើត​ទំនាក់ទំនង​ជាមួយ​ជំនួញ​ជោគជ័យ​​​​​​​​​
​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ អ្នក​ត្រូវតែ​​ស្វែងយល់​អំពី​បុគ្គល​ជោគជ័យ​ផង​ដែរ​។​ ​ អ្នក​គួរតែ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ អ្នក​ជំនួញ​ដែល​ជោគជ័យ​ក្នុង​វិស័យ​ផ្សេង​ ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ បទពិសោធន៍​ ក៏​ដូច​ជា​ គំនិត​ល្អៗ​ពី​អ្នក​ទាំង​នោះ​ផង​ដែរ​។​​

​៤) ​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​លើ​ផ្នែក​លក់​​
​​គ្រប់​ក្រុមហ៊ុន​ ឬ អាជីវកម្ម​ទាំង​អស់​​គឺ​ពិត​ជា​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ផ្នែក​លក់​ ព្រោះ​​ពេល​ខ្លះ​ ​ទោះបី​ផលិតផល​របស់​អ្នក​ល្អ​​លើស​គេ​ក្តី​ ប៉ុន្តែ​បើ​ជំនាញ​លក់​នៅ​ខ្សោយ​ នោះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មិនអាច​ជោគជ័យ​បាន​ដែរ​។​​ ដូច្នេះ​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ ថៅកែ​គេ​នៅ​ថ្ងៃ​អនាគត​ អ្នក​ក៏​ត្រូវ​ស្វែងយល់​​ឲ្យ​បាន​ច្បាស់​ អំពី​គន្លឹះ​សំខាន់ៗ​នៃ​ផ្នែក​លក់​ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​។​

​៥) ចាប់ផ្តើម​​បើក​គណនី​ធនាគារ​​សម្រាប់​​អាជីវកម្ម​របស់​អ្នក​ 
បន្ទាប់​ពី​បាន​ឆ្លងកាត់​ដំណាក់កាល​រៀនសូត្រ និង ស្វែងយល់​អស់​ជាច្រើន​ហើយ​ នៅ​ពេល​នេះ​គឺ​ជា​ពេល​ដែល​អ្នក​​​​ត្រូវ​សម្រេច​ចិត្ត ​ជ្រើសរើស​យក​​ប្រភេទ​អាជីវកម្ម​ ឬ ក្រុមហ៊ុន​មួយ​ណា​ដែល​ពេញចិត្ត​ដើម្បី​ដំណើរ​ការ​។​ ​​ជាមួយ​គ្នា​នោះ​ អ្នក​ត្រូវ​តែ​​​មាន​ការប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ដោយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ច្រឡូកច្រឡំ​ជាមួយ​នឹង​លុយ​​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​ ​ជម្រើស​ដ៏​ល្អ​បំផុត​ អ្នក​គួរ​តែ​ចាប់ផ្តើម​បើក​ គណនី​ធនាគារ​​​មួយ​សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​អ្នក​ឲ្យ​បាន​ល្អ​។

​៦)​ ​រៀបចំ​ដើម​ទុន​​​​
​គ្មាន​អាជីវកម្ម​ ឬ ក្រុមហ៊ុន​ណាមួយ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​គ្មាន​ដើមទុន​ (លុយ)​នោះ​ទេ​។ ​ដូច្នេះ​ហើយ​​ មុន​ពេល​ដំណើរ​ការ​ក្រុមហ៊ុន​អ្នក​ត្រូវ​រៀបចំ​ និង ប្រមូល​ដើម​ទុន​ឲ្យ​បាន​ច្រើន​ តាម​លទ្ធភាព​ និង ទំហំ​អាជីវកម្ម​របស់​អ្នក​ ជាពិសេស​នោះ​គឺ​ត្រៀម​ប្រាក់​ដើម្បី​ ទប់ទល់​នឹង​រយៈពេល​ប៉ុន្មាន​ខែ​មុនដំបូង​ដែល​ ក្រុមហ៊ុន​មិន​ទាន់​អាច​រកចំណូល​បាន​។

៧) ​បង្កើត​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​
​ដំណាក់កាល​បន្ទាប់​ គឺ​ជា​ការ​បង្កើត​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​​។ ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ពិត​ជា​ មាន​សារសំខាន់​ខ្លាំង​ណាស់​ ​​ព្រោះ​ដើម្បី​កំណត់​ថា នរណា​នឹង​ទទួល​ខុសត្រូវ​លើ​ផ្នែក​អ្វី​ខ្លះ​។ ​កាលណា​​ក្រុមហ៊ុន​របស់​អ្នក​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ ​​​វា​នឹង​នាំ​ឲ្យ​ការងារ​នឹង​ដំណើរការ​ទៅ​មុខ​​រហ័ស​ និង ប្រកប​ដោយ​ប្រសិទ្ធភាព​។

៨) ​ជួល​បុគ្គលិក​ជា​ដំណាក់កាលៗ​
​​​​​​​​​​​​​​ក្រុមហ៊ុន​មួយ​មិនអាច​ដំណើរ​ការ​ទៅ​បាន​ ដោយ​មនុស្ស​ ម្នាក់​ ឬ ២​នាក់​បាន​ឡើយ​ ពោល​គឺ​វា​ទាម​ទារ​ឲ្យ​មាន​​​​ការចូលរួម​ពី​មនុស្ស​​មួយ​ចំនួន​ទៀត​។ ដូច្នេះ​អ្នក ត្រូវ​តែ​គិតគូរ​អំពី​ការជួល​បុគ្គលិក​ទៅតាម​លទ្ធភាព​ និង ទំហំ​ការងារ​ជាក់ស្តែង។ ​ការជួល​បុគ្គល​មក​បំពេញ​ការងារ​នេះ ត្រូវ​ធ្វើឡើង​​មួយ​​ដំណាក់កាល​ម្តងៗ ​ពោល​គឺ​មិន​លឿន​ពេក​ ហើយ​ក៏​មិនយឺត​ពេក​ដែរ​ ព្រោះ​បើ​ជួល​បុគ្គលិក​មក​ច្រើន​ប៉ុន្តែ​ទំហំ​ការងារ​តូច​ ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​តិចតួច​នោះ វា​នាំ​ឲ្យ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​៕​

No comments:

Post a Comment